ជនជាតិ​ដើម​ភាគ​តិច​ខែត្រ​ព្រះវិហារ​ថា សមត្ថកិច្ច​គំរាម​ពលរដ្ឋ​ដែល​ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

ដោយ​ សេក បណ្ឌិត
2018-05-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

១៤-មីនា-២០១៤៖ ជនជាតិ​ភាគ​តិច​កួយ ធ្វើ​ពិធី​បួង​សួង និង​ដាក់​បណ្ដាសា​ក្រុមហ៊ុន​ចិន ឡាន ហ្វេង និង​អាជ្ញាធរ នា​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។ RFA/Tep Soravy
១៤-មីនា-២០១៤៖ ជនជាតិ​ភាគ​តិច​កួយ ធ្វើ​ពិធី​បួង​សួង និង​ដាក់​បណ្ដាសា​ក្រុមហ៊ុន​ចិន ឡាន ហ្វេង និង​អាជ្ញាធរ នា​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។ RFA/Tep Soravy


ជនជាតិ​ដើម​ភាគតិច​កួយ​រស់​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ និង ឃុំ​ម្លូ​ព្រៃ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ត្អូញ​ពី​ការ​ថយ​ចុះ​ផ្ទៃ​ដី​កសិកម្ម ដែល​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ហេង ហ្វូ ឈូស​ឆាយ​រំលោភ​យក​ជា​បន្ត​បន្ទាប់។ អ្នក​ភូមិ​ថា ក្រុមហ៊ុន​នេះ បាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​ស្រែ​ពួក​គាត់​ជាង ៤០​ហិកតារ​ថ្មី​ទៀត កាល​ពី​ពេល​ថ្មីៗ នេះ។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ ឧសភា​ថា អ្នក​ភូមិ​ពុំ​ទាន់​អាច​ស្វែង​រក​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ។

អ្នកភូមិ​ថា​ពួក​គាត់ បាន​ត្រឹម​ឱប​ដៃ​ឈរ​មើល​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​ដី​ស្រែ​តាម​អំពើ​ចិត្ត ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ គ្មាន​ឆន្ទៈ​ដោះ​ស្រាយ​នោះ​ទេ បាន​ត្រឹម​តែ​សន្យា​ខ្យល់ និង​ធ្វើ​របាយការណ៍​ភូតភរ។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ រៀបរាប់​ថា គ្រួសារ​របស់​លោក​មាន​ដី​កសិកម្ម ១៤​ហិកតារ​ជា​ដី​កេរ​ដូន​តា ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក​អស់ ១០​ហិកតារ កាល​ពី​សប្តាហ៍​មុន។ លោក​ថា អ្នក​ភូមិ​កំពុង​ស្វែង​រក​វិធីសាស្ត្រ​តវ៉ា រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ខណៈ​អាជ្ញាធរ​រឹតត្បិត​សិទ្ធិ​សេរីភាព​សព្វ​បែប​យ៉ាង មិន​ឲ្យ​ពួក​គាត់​ជួប​ប្រជុំ​ពិភាក្សា​ក្នុង​សហគមន៍ ថែម​ទាំង​ដាក់​កម្លាំង​ឃ្លាំមើល​ទៀត​ផង៖ «»

ពលរដ្ឋម្នាក់​ទៀត រស់នៅ​ភូមិ​ប្រើស​ក្អក ឃុំ​ម្លូ​ព្រៃ​ពីរ ស្រុក​ឆែប ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​ឲ្យ​ដឹង​ថា កន្លង​ទៅ​អ្នក​ភូមិ​រាប់​រយ​នាក់ បាន​មូល​មតិ​គ្នា​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ជាតិ សុំ​ឲ្យ​មាន​វិធានការ​លើ​ក្រុមហ៊ុន ដែល​ឈូស​ឆាយ​ព្រៃ​ស្រោង លប់​ទឹក​បឹង និង​អូរ​ធម្មជាតិ បង្ក​ឲ្យ​ពលរដ្ឋ​បាត់បង់​កន្លែង​អាស្រ័យ​ផល។ ចំណែក​អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ​ទេ បែរ​ជា​ប្រើ​តុលាការ និង​សមត្ថកិច្ច​គំរាម​កំហែង​ពលរដ្ឋ​ណា ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ខ្លាច​រអា៖«»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤​ម៉ឺន​ហិកតារ (៤២.០០០) តាំង​ពី​ឆ្នាំ​២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ។ ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន ៥​ទៀត ដូចជា ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រួយ និង​ក្រុមហ៊ុន ហេង យូ។

មេ​ឃុំ​ប្រមេរ លោក ធាន ហេង ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ចិន​បាន​ឈូស​ឆាយ​ដី​កសិកម្ម​របស់​ពលរដ្ឋ តែ​អាជ្ញាធរ​កំពុង​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​បណ្ដើរៗ ហើយ។ លោក​ថា ដំណោះ​ស្រាយ​ដីធ្លី​ខ្លះ​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ លោក​បាន​រុញ​ករណី​នេះ​ទៅ​ថ្នាក់​លើ។ លោក​បដិសេធ​ថា អាជ្ញាធរ​មិន​បាន​គំរាម​កំហែង​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​នោះ​ទេ៖ «»

មន្ត្រីផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ សង្កេត​ឃើញ​ថា ពលរដ្ឋ​កំពុង​ភ័យ​ខ្លាច​សកម្មភាព​ទាមទារ​ស្វែង​រក​ដំណោះ​ស្រាយ​ដីធ្លី​របស់​ខ្លួន ខណៈ​ដំណោះ​ស្រាយ​របស់​អាជ្ញាធរ​នៅ​តែ​អូស​បន្លាយ ហើយ​ក្រុមហ៊ុន​នៅ​តែ​មាន​ឱកាស​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី។ លោក​ថា ពលរដ្ឋ​ហាក់​មិន​ស្ងប់​ចិត្ត​ចំពោះ​វិវាទ​ដីធ្លី​នេះ​ទេ និង​មិន​ដឹង​ថា តើ​ស្ថាប័ន​ណា​មួយ​មាន​សមត្ថភាព​ដោះ​ស្រាយ​ដីធ្លី​ជូន​ពួក​គាត់​បាន ត្បិត​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់​ជា​ច្រើន ដែល​សុំ​កិច្ច​អន្តរាគមន៍​ស្ទើរ​តែ​គ្រប់​ស្ថាប័ន គឺ​គ្មាន​លទ្ធផល៖ «»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខែត្រ​ព្រះវិហារ លោក ឡោ ចាន់ រក​ឃើញ​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ហេង ហ្វូ បំពាន​បទ​បញ្ជា ០០១ របស់​របប​ក្រុងភ្នំពេញ​ ដែល​មិន​បាន​អនុវត្ត​រួប​មន្ត​ស្បែក​ខ្លា និង​បាន​ឈូស​ឆាយ​ខឿន​ប្រាសាទ​បូរាណ លុប​បឹង អូរ និង​ព្រៃ​ជំនឿ​របស់​ជន​ជាតិ​ដើម​ភាគ​តិច។ លោក​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ធ្លាប់​ជូន​ដំណឹង​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ​សិន រង់ចាំ​ដំណោះ​ស្រាយ​សិន តែ​ក្រុមហ៊ុន​មិន​អនុវត្ត​តាម«»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ចាត់​ទុក​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន គឺ​ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ធ្ងន់ធ្ងរ។ លោក​ថា អាជ្ញាធរ​ហាក់​មិន​មាន​វិធានការ​ម៉ឹង​ម៉ាត់​ណា​មួយ បង្ក្រាប​ក្រុមហ៊ុន​ចិន ដែល​ល្មើស​កិច្ចសន្យា​វិនិយោគ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles