ប.ស.ស ​ព្រ​មាន​ប្តឹង​លោក​ រ៉ុង​ ឈុន​ ទៅ​តុលា​ការ​

ដោយ អ៊ឹង ប៊ុនថន
20/05/2018
RFI

media
@សហការី


បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ ហៅកាត់​ថា ​ប.ស.ស​ កាល​ពីម្សិល​មិញ ​បាន​ប្រកាស​ប្តឹង​ លោក​ រ៉ុង​ ឈុន​ ទៅ​តុលាការ​ បន្ទាប់​ពី​ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ ​​ចេញ​​សេច​ក្តី​​ថ្លែង​ការណ៍មួយ​មាន​​ខ្លឹម​សារ​​ថា​ ប.ស.ស​ គេច​វេសមិន​ទទួល​ខុស​ត្រូវ​ ចំ​ពោះ​កម្មករ​ និ​យោជិត​ ដែល​ជួប​គ្រោះ​ថ្នាក់​ការងារ​តទៅទៀត​។​ ប៉ុន្តែ​លោក​ រ៉ុង​ ឈុន​ ​អះ​អាង​ថា​​ អ្វី​​ដែល​​លោក​​បាន​លើក​ឡើង​ គឺ​គ្រាន់​តែ​ជាការ​បញ្ចេញ​មតិ​បង្ហាញ​ពី​កង្វល់​​ដើម្បី​​ការ​ពារ​​ផល​​ប្រយោជន៍​កម្មករ​​តែ​ប៉ុណ្ណោះ​​។​

នៅក្នុងលិខិត​បដិសេធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បាន​អះអាងថា ខ្លួននៅតែរក្សាជំហរទទួលខុសត្រូវចំពោះកម្មករ និយោជិត តែព្រមានប្តឹង លោក រ៉ុង ឈុន ទៅ​កាន់​តុលាការ​ដើម្បី​ចាត់​វិធានការតាមច្បាប់។

បើតាម ប.ស.ស ករណីកម្មករ និយោជិត ដែលមានបញ្ហាសុខភាព សន្លប់ជាបុគ្គល (ម្នាក់ ឬពីរនាក់) និងសន្លប់ជាសមូហភាព (ច្រើននាក់) ទោះបញ្ហាសន្លប់នោះ ពាក់ព័ន្ធនឹង​ការ​ងារ ឬមិនពាក់ព័ន្ធនឹងការងារក្តី ក៏កម្មករ និយោជិត អាចទទួលសេវាព្យាបាល និង​ថែទាំង​វេជ្ជសាស្រ្តនៅគ្រប់មជ្ឈដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយ​​ឥតបង់ថ្លៃ។

ប្រតិកម្មតបភ្លាមៗរបស់ ប.ស.ស នៅថ្ងៃតែមួយបែបនេះ គឺបន្ទាប់ពី លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៩​ខែឧសភា ដោយសម្តែងការ​សោក​ស្តាយ​ចំពោះសេចក្តីជូនដំណឹងរបស់ ប.ស.ស កាលពីថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធនឹងការ​បែងចែក​ការ​ទទួលខុស​ត្រូវលើកម្មករដួលសន្លប់។ បើតាម លោក រ៉ុង​ ឈុន សេចក្តីជូនដំណឹងរបស់ ប.ស.ស នេះ ជាការគេចវេសមិនទទួលខុសត្រូវចំពោះកម្មករ និយោជិត ដែលមានបញ្ហានៅកន្លែងធ្វើការ ឬម៉ោងធ្វើការ និងផ្ទុយពីអ្វីដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាន និងកំពុងចុះជួបកម្មករ និយោជិត។

យ៉ាងណាក៏ដោយ បេឡាជាតិរបបសន្តិសុខសង្គម បានចាត់ទុក​សេចក្តី​ថ្លែងការណ៍របស់ លោក រ៉ុង ឈុន ថាមានខ្លឹមសារផ្ទុយទាំងស្រុងពីសេចក្តីជូនដំណឹង​របស់ ប.ស.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។ ជាសេចក្តីជូនដំណឹងដែល​ ប.ស.ស បាន​បែង​ចែក​ការទទួល​ខុស​ត្រូវជាពីរករណី។ ករណីទី១ កម្មករ និយោជិត សន្លប់ជាបុគ្គល​នៅ​កន្លែងការងារ​ឬ​ម៉ោង​ធ្វើ​ការ​គឺត្រូវទទួល​បានការ​ព្យាបាលក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាពវិញ។ ករណីទី២ ការសន្លប់​ច្រើនតៗគ្នា ក្នុង​សហគ្រាស​ដែល​បណ្តាល​មកពី​បរិយាកាសការងារ គឺកម្មករ និយោជិតត្រូវទទួល​បានការ​ព្យាបាល ក្រោម​របប​សន្តិសុខ​សង្គម​ ផ្នែកហានិភ័យការងារ។

ចំពោះករណីដែល ប.ស.ស ព្រមានប្តឹងទៅតុលាការនោះ លោក រ៉ុង ឈុន ​អះអាងថា​អ្វី​ដែល​លោក​បានលើកឡើងគឺគ្រាន់តែជាការបញ្ចេញមតិបង្ហាញពីកង្វល់​ដើម្បី​ការពារ​ផល​ប្រយោជន៍កម្មករ​តែប៉ុណ្ណោះ​៕

What Next?

Recent Articles

One Response to "ប.ស.ស ​ព្រ​មាន​ប្តឹង​លោក​ រ៉ុង​ ឈុន​ ទៅ​តុលា​ការ​"

  1. Free Cambodia says:

    Don’t take him to the street but take him to court to sort out the problem. This is democracy. People have the right to express their opinions.