ពលរដ្ឋនៅ​ស្រុក​វើនសៃ ខេត្ត​រតនគីរី កើត​កន្ទួល​រមាស់​លើ​ច្រវែប​ដៃ និង​ដង​ខ្លួន ក្រោយ​បូម​ទឹក​ទន្លេ​មក​ប្រើ

ដោយ ហេង សកល
2018-05-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ចំនួន ៤នាក់ ដែល​រស់​នៅ​ភូមិ​វើនសៃ និង​ភូមិ​កាឡាន់ ស្រុក​វើនសៃ ខេត្ត​រតនគីរី បាន​កើតជំងឺ​រមាស់​ស្បែក ​នៅ​តាម​ច្រវែប​ដៃ និង​ដង​ខ្លួន ក្រោយ​ពេល​ពួក​គាត់​បូម​ទឹក​ទន្លេ​យក​មក​ប្រើ​ប្រាស់ កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា។ អភិបាល​ស្រុក​វើនសៃ លោក ហេង សាវឿន បាន​រៀប​រាប់​​តាម​លិខិត​​ប្រាប់​អភិបាល​ខេត្ត​រតនគិរី​ថា ក្រោយ​ពេល​ពលរដ្ឋ​នៅ​ស្រុក​វើនសៃ បូប​ទឹក​ពី​ទន្លេ​មក​ប្រើ​ប្រាស់​ដូច​សព្វថ្ងៃ ស្រាប់​តែ​មាន​សភាព​កើត​រមាស់​ពេញ​ខ្លួន និង​តាម​ច្រវែប​ដៃ​ចេញ​កន្ទួល​រមាស់​ក្រហម។ លោក ហេង សាវឿន បន្ត​ថា នៅ​ពេល​រមាស់​​បែប​នេះ ពលរដ្ឋ​បាន​យក​ផ្លែ​ក្រូច​ឆ្មារ​មក​ដុះ​លាប​កន្លែង​រមាស់​​ទាំង​នោះ និង​បាន​ធូរ​ស្រាល​លែង​រមាស់​ទៀត​ហើយ។

អភិបាល​ស្រុក​វើនសៃ បន្ត​ថា ក្រុម​ការងារ​នៅ​ថ្នាក់​ស្រុក​មិនទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា កន្ទួល​រមាស់​កើត​លើ​រូប​រាង​កាយ​របស់​ពលរដ្ឋ​ទាំង​នោះ ដោយសារ​ទឹក​ទន្លេ​ឬ​យ៉ាង​ណា​ទេ ដោយ​រង់ចាំ​របាយ​ការណ៍​​ជាក់លាក់ ពី​ការ​ពិសោធន៍​របស់​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត​ជា​មុន​សិន។

ការ​កើត​កន្ទួល​រមាស់​ធ្ងន់ធ្ងរ​នៅ​ស្រុក​វើនសៃ ខេត្ត​រតនគិរី​នេះ នៅ​ដំណាល​នឹង​រដ្ឋមន្ត្រី​ក្រសួង​សិប្ប​កម្ម និង ឧស្សាហ៍​កម្ម លោក ចម ប្រសិទ្ធិ បាន​រក​ឃើញ​ថា ការ​ពុល​ទឹក​របស់​ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​ក្រចេះ នា​ពេល​ថ្មីៗ នេះ កើត​ឡើង​ដោយសារ​តែ​ការ​ប្រើ​ប្រាស់​ជាតិ​គីមី នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ នៅ​តំបន់​នោះ។ លោក ចម ប្រសិទ្ធ ថា ជាតិ​ពុល​ពី​ការ​រុក​រក​រ៉ែ​នោះ បាន​ហូរ​តាម​ព្រែក​ទេរ នៅ​ខេត្ត​ក្រចេះ ចាក់​ចូល​ទៅ​ទន្លេ​មេគង្គ។ ប៉ុន្តែ​ដោយសារ​តែ​ផ្ទៃ​ទន្លេ​ធំ និង​មាន​ទឹក​ហូរ​ជា​ប្រចាំ ជាតិ​ពុល​បាន​សាប​ក្នុង​ទឹក​ទន្លេ និង​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​រង​គ្រោះ​ទេ។

ករណី​ពលរដ្ឋ​កើត​កន្ទួល​រមាស់​ពេញ​ខ្លួន​នៅ​ខេត្ត​រតនគិរី អភិបាល​ស្រុក​វើនសៃ លោក ហេង សា​វឿន ថា មន្ត្រី​ការិយាល័យ​បរិស្ថាន​ស្រុក បាន​យក​សំណាក​ទឹក​ទន្លេ និង​ទឹក​នៅ​អូអាឡៃ ទៅ​ឡាបូ​ពិសោធន៍​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​លទ្ធផល​ទេ ហើយ​មេឃុំ និង​មេប៉ុស្ដិ៍​ទាំង​៩ នៃ​ស្រុក​វើនសៃ បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​ឲ្យ​ផ្អាក​ការ​ប្រើប្រាស់​ទឹក​ទន្លេ​ជា​បណ្ដោះអាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles