ពលរដ្ឋ​​នៅ​តំបន់​បឹង​ទន្លេសាប ខេត្ត​បាត់ដំបង​រិះគន់​អាជ្ញាធរ​ថា បណ្ដោយ​ឲ្យ​​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​ខុស​ច្បាប់​​​

RFA
2018-05-20

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឧបករណ៍​នេសាទ​មង​ក្រឡា​ញឹក នៅ​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥ (Photo Provided)
ឧបករណ៍​នេសាទ​មង​ក្រឡា​ញឹក នៅ​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥ (Photo Provided)


ប្រជា​នេសាទ​នៅ​​បឹងទន្លេសាប​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ថា​មិន​ទប់ស្កាត់​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​បឹងទន្លេសាប។ ពលរដ្ឋ​លើកឡើង​​ថា​ ការ​​នេសាទ​ខុស​ច្បាប់​នេះ​ បាន​ប៉ះពាល់​ដល់​ពួកគាត់​ដែល​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មិន​អាច​រក​ត្រី​បាន​ដូច​ពេល​មុន​ៗ។ ប៉ុន្តែ​អនុ​ប្រធាន​ភូមិ​ក្បាល​តោល​អះអាង​ថា​ អាជ្ញាធរ​បាន​ដាក់​កម្លាំង​យាម​ការពារ​នៅ​តំបន់​អភិរក្ស​ជា​ប្រចាំ ហើយ​ជនជាតិ​វៀតណាម​ក៏​មិន​អាច​​ធ្វើ​នេសាទ​បាន​ដោយ​ងាយ​ស្រួល​ដែរ​។

​​​​​​​ប្រជា​នេសាទ​នៅ​ភូមិ​ក្បាល​តោល​ ឃុំ​កោះជីវាំង​ ស្រុក​ឯកភ្នំ​ លោក យ៉េន សុខុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨​ឧសភា​ថា ត្រី​នៅ​តំបន់​បឹង​ទន្លេសាប​កាន់​តែ​ខ្សត់​ទៅៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយសារ​តែ​ជនជាតិ​វៀតណាម​នេសាទ​ត្រី​ខុស​ច្បាប់។លោក យ៉េន សុខុន អះអាង​ថា សព្វ​ថ្ងៃ​ជនជាតិ​វៀតណាម​កំពុង​ប្រើ​កាណូត​ធំៗ​ជា​ច្រើន​គ្រឿង​​អូស​អួន​ចាប់​ត្រី​នៅ​តំបន់​ហាមឃាត់​​កណ្ដាល​បឹងទន្លេសាប​ ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នោះ​ទេ«បើ​និយាយ​ថា​បំផ្លាញ​វា​លឿន​ជាង​ខ្មែរ​ឆ្ងាយ​ណាស់ ហើយ​អ្នក​ខ្លះ​បង្រៀន​ឲ្យ​ខ្មែរ​ចេះ​ធ្វើ​នេសាទ​ខុសច្បាប់​ទៀត​។ មូលហេតុ​ដែល​ខ្ញុំ​ហ៊ាន​ថា​ជនជាតិ​វៀតណាម​ ព្រោះ​ខ្ញុំ​សំគាល់​ទៅ​លើ​ការ​និយាយ និង​រូបរាង​ និង​ការ​រស់​នៅ​ខុស​ពី​ពលរដ្ឋ​ខ្មែរ»

ចំណែក​ប្រជា​នេសាទ​នៅ​ឃុំ​កោះជីវាំង​ម្នាក់​ទៀត ថ្លែង​ថា សព្វ​ថ្ងៃ​ពួកគាត់​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ដូច​ពេល​មុន​ៗ​ទេ​ ដោយសារ​តែ​សំបូរ​ជន​ជាតិ​វៀតណាម​ធ្វើ​នេសាទ​ខុស​ច្បាប់។ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា កន្លង​មក​សមត្ថកិច្ច​ចាប់​តែ​ទូក​អ្នក​នេសាទ​ខ្មែរ​ ចំណែក​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​បាន​ដោយសេរី«មិន​មែន​មាន​តែ​នៅ​ក្នុង​ភូមិ​ក្បាល​តោល​មួយ​ទេ ដែល​គេ​រក​ត្រី​ខុស​ច្បាប់​ គឺ​មាន​នៅ​ជុំវិញ​​បឹងទន្លេសាប​​តែម្ដង។ចំណែក​ពលរដ្ឋ​ខ្មែរ​មិន​មាន​អី​ខុស​ច្បាប់​ទេ ដោយ​គ្រាន់​តែ​ចូក​កំពឹស​ ដាក់​មង និង​ចង​សន្ទូច​បន្តិចបន្តួច​គ្រាន់​បាន​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ប៉ុណ្ណោះ​ គ្មាន​ឧបករណ៍​អី​ទំនើប​ទេ»

អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​នាយ​សង្កាត់​រដ្ឋបាល​ភូមិ​ក្បាល​តោល​ លោក តោ ធារី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៨​ឧសភា ដោយ​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​អនុប្រធាន​ភូមិ​ក្បាល​តោល លោក ឡេង ខេង អះអាង​ថា កាល​ពី​ ២ឆ្នាំ​កន្លង​ទៅ​មាន​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​ច្រើន​ប្រាកដ​មែន ប៉ុន្តែ​សព្វ​ថ្ងៃ​​ពុំ​មាន​ទេ ព្រោះ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​យាម​ការពារ​នៅ​តំបន់​អភិរក្ស​ក្នុង​បឹង​ទន្លេសាប​យ៉ាង​តឹងរ៉ឹង ម្យ៉ាង​ទៀត​ជនជាតិ​វៀតណាម​មួយ​ចំនួន​បាន​ត្រឡប់​ស្រុក​កំណើត​វិញ៖ «ឥឡូវ​រដ្ឋាភិបាល​រឹត​បន្តឹង​រឿង​អន្តោប្រវេសន្ត​ផង​ និង​ចាប់​អ្នក​ធ្វើ​នេសាទ​សុខ​ច្បាប់​ផង ហើយ​ដល់​តែ​ជនជាតិ​វៀតណាម​នឹង​គេ​រក​ត្រី​មិន​បាន​ផង​ ក៏​នាំ​គ្នា​ទៅ​ស្រុក​ទៅ​អី​អស់​ច្រើន​ទៅ»

ប្រជា​នេសាទ​ភូមិ​ក្បាល​តោល​ ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​ជនជាតិ​វៀតណាម​រស់​នៅ​ភូមិ​មួយ​នេះ​មាន​ជាង​២០០​គ្រួសារ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ ហើយ​នៅ​ជុំវិញ​តំបន់​បឹងទន្លេសាប​ក្នុង​ស្រុក​ឯកភ្នំ និង​នៅ​ភូមិ​​ចុងឃ្នៀស ក្នុង​ខេត្ត​សៀមរាប​ផង​ មាន​ជាង ១ពាន់​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles