លោក​ រ៉ុង ឈុន អះអាង​ថា លោក​មិន​ខ្លាច​ការ​ប្ដឹង​ផ្ដល់​ពី​ ប.ស.ស ឡើយ​ ព្រោះ​អ្វី​ដែល​លោក​ទាម​ទារ​ គឺ​ដើម្បី​ប្រយោជន៍​កម្មករ

ដោយ មាន ឫទ្ធិ
2018-05-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ុង ឈុន ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន នៅ​មុខ​តុលាការ​ខេត្ត​កណ្ដាល បន្ទាប់​ពី​ចូល​បំភ្លឺ​រួច កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Vann Vicha
លោក រ៉ុង ឈុន ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន នៅ​មុខ​តុលាការ​ខេត្ត​កណ្ដាល បន្ទាប់​ពី​ចូល​បំភ្លឺ​រួច កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Vann Vicha


លោក​ រ៉ុង ឈុន អះអាង​ថា លោក​មិន​មាន​ការ​បារម្ភ​អំពី​គម្រោង​ប្តឹង​រូប​លោក​ពី​សំណាក់​បេឡាជាតិ​របប​សន្តិ​សុខ​សង្គម​នេះ​ឡើយ​ ព្រោះ​លោក​យល់​ថា អ្វីដែលលោក​បាន​លើក​ឡើង​នោះ គឺ​ជា​ការ​​បញ្ចេញ​មតិ និង​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ប៉ុណ្ណោះ​​។ លោកលើក​ឡើង​​បែប​នេះ បន្ទាប់​ពី​​បេឡាជាតិ​របប​សន្តិ​សុខ​​​សង្គម (..)​ បាន​ព្រមាន​ប្រើ​ប្រាស់​តុលាការ​ដើម្បី​ចាត់ការ​រូប​លោក ទាក់ទងនឹង​ការ​រិះគន់​ថា ស្ថាប័ន​មួយ​​នេះ​គេចវេះ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ​និយោជិត​ ដែល​មាន​បញ្ហាសុខភាព​​នៅ​កន្លែងការងារ​​​​​។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ប្រាប់​អាស៊ីសេរី​នៅថ្ងៃទី ២០ ឧសភា​ថា ប្រសិន​បើ​មាន​​បណ្តឹង​ប្រឆាំង​រូប​លោក​មែន​នោះ លោក​មិន​ខ្លាច​នឹង​តតាំង​រឿង​ក្តីនេះ​នៅ​តុលាការ​ឡើយ​ ព្រោះ​លោក​យល់ថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​​អ្វីនោះ​​ឡើយ​។ លោក​នៅ​តែ​ប្រកាន់​ជំហរ​ទាម​ទារ​ឱ្យ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​លុប​ចោល​សេច​ក្តី​​ជូន​ដំណឹង​របស់​ខ្លួន​ដដែល​ ព្រោះ​សេចក្តី​ជូន​ដំណឹង​នោះ​ ជា​ការ​រំលោភ​ច្បាប់​​ស្ដីពី​ការងារ​ក្នុង​ជំពូក​ទី ៩ ​ត្រង់​មាត្រា ២៤៨ ដែល​​មិន​បាន​បែង​ចែក​ឡើយ​ ឱ្យ​តែ​គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​ដោយ​ធ្វើ​ការ​ ឬ​ក្នុង​ពេល​ធ្វើ​ការ​ ទោះ​ដោយ​ហេតុ​ផល​ណា​ក៏​ដោយ ត្រូវ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ការងារ៖ «គ្រាន់​តែ​និយាយ​ការពារ​ប្រយោជន៍​កម្មករ ហា​ឡើង​ប្តឹងៗ ហើយ​អត់​មាន​យក​អ្វី​ដែល​ខាង​សហជីព​បាន​លើក​ឡើង យក​ទៅ​ពិនិត្យ​ពិចារណា យើង​ហាក់​បីដូច​ជា​អស់​សំណើច ហើយ​មិន​ដឹង​ថា​នឹង​ត្រូវ​និយាយ​បែប​ម៉េច។ ក្នុង​សង្គម​មួយ​ដែល​យើង​ហៅ​ថា ជា​សង្គម​ប្រជាធិបតេយ្យ​ មាន​សេរីភាព ប៉ុន្តែ​នៅ​ពេល​គ្រាន់​តែ​លើក​ឡើង​សម្ដែង​ការ​ការពារ​ផល​ប្រយោជន៍​កម្មករ​ បែរ​ជា​ហា​ឡើង​រក​តែ​ប្តឹង​។”

បេឡា​ជាតិរបបសន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ បាន​ព្រមាន​​ប្តឹង​​លោក​ រ៉ុង ឈុន ទៅតុលាការ តាមរយៈ​លិខិត​​មួយ​ច្បាប់ចេញ​ផ្សាយ​កាល​ពីយប់​​ថ្ងៃ ១៩ ឧសភា​​​​។ ស្ថាប័ន​នេះ​​ចោទ​លោក​ រ៉ុង ឈុន ថា បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​​​សិទ្ធិ​ និង​អត្ថប្រយោជន៍​របស់​កម្មករ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​។ ប៉ុន្តែ លោក រ៉ុង ឈុន​ បដិសេធ​ថា សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នេះ ​ធ្វើឡើង​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ប៉ុណ្ណោះ ព្រោះ​លោកយល់​ឃើញ​ថា កម្មករ​នឹង​បាត់​បង់​ប្រយោជន៍​សំខាន់ៗ​មួយ​ចំនួន​ ក្នុង​ករណី​ពួក​គាត់​មាន​បញ្ហា​​សុខភាព​បណ្តាល​មក​ពី​គ្រោះថ្នាក់​ការងារ ហើយ​ត្រូវ​បាន​បេឡាជាតិ​របបសន្តិសុខ​សង្គម​ចាត់​ទុក​ថា ជា​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​នោះ៖ «ឧទាហរណ៍​កម្មករ​ម្នាក់​ គាត់​ទទួល​រង​គ្រោះ​សន្លប់​នៅ​រោង​ចក្រ​ជា​លក្ខណៈ​បុគ្គល​ ប៉ុន្តែ​គេ​មិន​រាប់​បញ្ចូល​នៅ​ក្នុងគ្រោះ​ថ្នាក់​ការងារ​ អាហ្នឹង​វា​ធ្វើ​ឱ្យ​គាត់​​បាត់​ប្រយោជន៍​​ ពេល​ដែល​សាច់​ញាតិ​គាត់​ទៅ​ថែទាំ​គាត់​។ អ្នក​ដែល​ថែទាំហ្នឹង​អត់​បាន​ទទួល​ផល​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នោះ​ទេ​ ប៉ុន្តែ​កន្លងទៅ​ អ្ន​ក​ដែល​ទៅ​ថែរក្សា​គាត់​ ត្រូវ​បាន​ផល​ប្រយោជន៍​។ ទីពីរ​នៅ​ពេល​កម្មករ​គ្រោះ​ថ្នាក់​ដល់​ជីវិត ប..ស ត្រូវ​ទទួល​ខុស​ត្រូវ​ដល់​កូន​ក្នុង​បន្ទុក​ ត្រូវ​ចិញ្ចឹម​កូន​ដល់​រយៈពេល​​ឆ្នាំ​កំណត់​ណាមួយ ប៉ុន្តែ​បើ​ទាត់​គាត់​ចោល​ ទៅ​ជា​លក្ខណៈគ្រោះ​ថ្នាក់​បុគ្គល​វិញ ពេល​នោះផល​ប្រយោជន៍​ទាំងអស់​នេះ​នឹង​ត្រូវ​បាត់​បង់​ហើយ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ទាម​ទារឱ្យ​ចាត់​ទុក​ជា​គ្រោះ​ថ្នាក់​ការងារ​។”​

កាល​ពី​ថ្ងៃ​ទី ១៧ ឧសភា កន្លងទៅ ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (..)​ នៃ​ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដល់​និយោជក ឬ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន និង​កម្មករ​និយោជិក​ថា រាល់​ស្ថានភាព​របស់​កម្មករ​និយោជិក​ដែល​មាន​អាការៈ​ខ្សោយ​ វិល​មុខ ទន់​ដៃ​ទន់​ជើង ញ័រទ្រូង ពិបាក​ដកដង្ហើម និង​ថប់​អារម្មណ៍​ ដែល​បណ្ដាល​មក​ពី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​ខ្វះ​សារធាតុ​អ៊ីយ៉ុង​ក្នុង​ឈាម​ មាន​ដូច​ជា កាល់​ស្យូម សូដ្យូម ជាដើម​នោះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (..)​ ចាត់​ទុក​ថា ជា​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ មិន​មែន​បណ្ដាល​មក​ពី​ការងារ​ ឬ​បរិយាកាស​កន្លែង​ធ្វើ​ការ​នោះ​ទេ។ ហេតុ​ដូចនេះ កម្មករ​និយោជិក​ទាំង​អស់ ត្រូវ​ទទួលការ​ព្យាបាល​ និង​ថែទាំ​វេជ្ជសាស្ត្រ​ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​វិញ​។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (..)​ ចាត់​ទុក​ថា ជា​គ្រោះ​ថ្នាក់​ការងារ​ លុះ​ត្រា​តែ​ក្នុង​ករណី​មាន​កម្មករ​និយោជិក​ សន្លប់​ច្រើន​នាក់ ឬ​សន្លប់​តៗ​គ្នា នៅ​ក្នុង​សហគ្រាស ​​​​គ្រឹះស្ថាន ដែល​​បណ្ដាល​មក​ពី​បរិយាកាស​ខាងក្នុង​ និង​ខាងក្រៅ​ ឬ​ការ​តាន​តឹង​អារម្មណ៍​ ភ័យ​ស្លន់​ស្លោរ​ តៗ​គ្នា ជា​ដើម​។

បេឡាជាតិ​របប​សន្តិសុខ​សង្គម​ (..)​ បំភ្លឺ​ដោយ​អះអាង​ថា សេចក្ដី​ជូន​ដំណឹង​នេះ មាន​គោល​បំណង​ធ្វើ​ឱ្យ​កាន់​តែ​ងាយ​ស្រួល​​ចំពោះ​កម្មករ​និយោជិក​ ពេល​មាន​បញ្ហា​សុខភាព​ក្នុង​ការ​ទទួល​សេវា​ព្យាបាល​ និង​ថែទាំ​សុខ​ភាព​ ដោយ​​​​ពុំ​ចាំបាច់​ជូន​ដំណឹង​អំពី​ហានិភ័យ​ការងារ​ឡើយ​។ ស្ថាប័ន​នេះ​បញ្ជាក់​ជា​ថ្មី​ទៀត​ថា កម្មករ​និយោជិក​ដែល​​មាន​បញ្ហា​សុខ​ភាព​ សន្លប់​ជា​បុគ្គល​ និង​សន្លប់​ច្រើន​នាក់ ទោះជា​ពាក់​ព័ន្ធ​នឹង​ការងារ ឬ​មិន​ពាក់​​ព័ន្ធ​នឹង​ការ​ងារ​​ក្ដី​ ក៏​ពួក​គេ​នៅ​តែ​ទទួល​សេវា​ព្យាបាល​ និង​ថែទាំង​វេជ្ជសាស្ត្រ​ដោយ​ឥត​បង់​ថ្លៃ​ពី​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដដែល។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សហភាព​ការងារ លោក​ អាត់​ ធន់​ យល់ឃើញ​ថា អ្វី​ដែល​លោក​ រ៉ុង ឈុន បាន​លើក​​ឡើង​ គឺ​ជា​ការ​បញ្ចេញ​មតិ​ ដើម្បី​ផល​ប្រយោជន៍​កម្មករ​ មិនមែន​ជា​រឿង​​ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ត្រូវ​ប្ដឹង​ផ្ដល់​ទៅ​តុលា​ការ​​នោះ​ទេ។ លោក​ថា​បញ្ហា​សំខាន់​នៃ​រឿង​នេះ គឺ​ការ​យល់​ឃើញ​ផ្សេង​គ្នា​ទាក់​ទង​​​នឹង​ខ្លឹមសារ​ច្បាប់​ស្ដីពី​ការងារ ដូច្នេះ​ភាគី​ទាំងពីរ​គួរ​តែ​ជួ​ប​ជជែក​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ មិន​មែន​ជា​តតាំង​​គ្នា​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ដោយ​សារ​​ភាគី​ទាំង​សង​ខាង​ សុទ្ធតែ​ជា​អ្នក​គិត​គូរ​ពី​ប្រយោជន៍​កម្មករ​ដូច​គ្នា​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​ អាត់ ធន់​ ក៏​យល់​ឃើញស្រដៀង​លោក​ រ៉ុង ឈុន ដែរ​​ថា នៅ​ក្នុង​ករណី​​កម្មករ​រង​គ្រោះ​​​ធ្ងន់ធ្ងរ​ពី​​គ្រោះថ្នាក់​ការងារ​ ហើយ​បែរ​ជា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​នោះ ពួក​គាត់​នឹង​​បាត់​បង់​នូវ​ផល​ប្រយោជន៍​​សំខាន់ៗ​​​ ដែល​ខ្លួន​ត្រូវ​ទទួល​បាន​ស្រប​តាម​ច្បាប់៖ «នៅ​ក្នុង​ការ​បកស្រាយ​អំពី​គ្រោះថ្នាក់​ការងារ​របស់​លោក​គ្រូ រ៉ុង ឈុន ខ្ញុំ​គិត​ថា មិន​មាន​អ្វី​ដល់​ថ្នាក់​មាន​​ការ​ប្តឹង​ផ្តល់​នោះ​ទេ​។ ភាគី​ ប..ស អាច​បកស្រាយ​ទៅលើ​សេវាកម្ម​ដែល​គេ​ផ្តល់​ឱ្យ​ហើយ​ទៅ​កម្មករដើម្បី​សម្រួល​អញ្ចឹង​ទៅ​ ប៉ុន្តែ​ភាគី​គ្រូ ឈុន ថា ការ​ទាញ​ទៅ​ប្រភេទ​ជំងឺ​ទូទៅ​វា​ខាត​អញ្ចឹងទៅ ដូច្នេះ​ខ្ញុំ​យល់ថា នេះ​ជា​ការ​យល់ឃើញ​ផ្សេង​ៗ​គ្នា​។ ប៉ុន្តែ​ចំពោះ​ខ្ញុំ​ផ្ទាល់​ ក៏​ខ្ញុំ​យល់ឃើញ​ថា មិន​គួរ (..) ធ្វើ​ការ​សម្រេច​​ភ្លាមទេ​។ ប្រសិន​បើ​មាន​វិវាទ​នេះ​កើត​ឡើង គួរ​តែ​ជជែក​គ្នា ដោយ​មាន​ការ​ពិភាក្សា​ឱ្យ​បាន​ច្បាស់​លាស់​។“​

របាយការណ៍​របស់​បេឡាជាតិរបបសន្តិសុខ​សង្គម​បង្ហាញ​ថា ចំនួនគ្រោះថ្នាក់​ការងារនេះ​​ មាន​ការ​កើន​ឡើង​ជា​​រៀង​រាល់​ឆ្នាំ ដោយ​ចាប់​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៧ កម្មករ​ កម្មការិនី​ ដែលជួប​គ្រោះថ្នាក់​​ការងារ​មាន​ចំនួន​ជាង ១៨ ម៉ឺននាក់ (១៨៤,២១៩) ក្នុង​នោះ​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើការ​មាន​ចំនួន​ជាង ១៣ ម៉ឺននាក់ (១៣៥,៣០៥) និងគ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​មាន​ចំនួន​ជិត ៥ ម៉ឺននាក់ (៤៨,៨៦០)​​។ ដោយ​ឡែក​ កម្មករ​នយោ​​ជិត​ដែល​បាន​ដួល​សន្លប់​វិញ មាន​ចំនួន​ជាង ១ ម៉ឺននាក់ (១០,៨៥៧) គិត​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៧​។ មូលហេតុ​នៃ​ការ​សន្លប​នេះ ​ដោយសារ​មក​ពី​បញ្ហា​ក្លិន​គីមី​នៅ​ក្នុង​រោងចក្រ ទីតាំង​រោងចក្រ​មិន​មាន​បរិយា​កាស​​ល្អ ចង្អៀត ផ្នែក​ចិត្តសាស្ត្រ​សង្គម ករណី​កម្មករ​ស្លុត​ដួល​តាម​គ្នា បញ្ហា​មេកានិច ស្រប​ពេល​សុខភាព​កម្មករ​មាន​សភាព​ទន់​ខ្សោយ​ដោយសារ​ការ​សម្រាក​មិន​គ្រប់គ្រាន់ ការ​ហូប​អាហារ​​មិន​ទៀងទាត់ និង​គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles