លោក អាត់ ធន់ មិន​យល់ស្រប​តាម​ ប.ស.ស ដែល​ថា កម្មករ​សន្លប់​ មិន​មែន​ជា​គ្រោះថ្នាក់​ការងារ

ដោយ មួង ណារ៉េត
2018-05-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាង​សហជីព​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Phann Yasy
តំណាង​សហជីព​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Phann Yasy


ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មិន​យល់ស្រប​តាម​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) ដែល​ថា កម្មករ​ដួល​សន្លប់ នៅ​កន្លែង​ធ្វើការ​​ មិន​មែន​ជា​គ្រោះថ្នាក់​ការងារ។ លោក​អំពាវនាវ ឲ្យ​អាជ្ញាធរ និង​ជាពិសេស​ថៅកែ​រោងចក្រ ជួយ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ដល់​ជីវភាព​របស់​កម្មករ ដើម្បី​កាត់​បន្ថយ​ការ​ដួល​សន្លប់​បែប​នេះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ យល់ថា ឲ្យ​​តែ​គ្រោះថ្នាក់​កើតឡើង​នៅ​កន្លែង​ការងារ រួម​មាន​ទាំង​ការ​ខ្សោយ​សុខភាព និង​អាការៈ​ដួល​សន្លប់​ផង គឺ​សុទ្ធតែ​ត្រូវ​តែ​ចាត់​ទុក​ថា ជា​គ្រោះថ្នាក់​ការងារ៖ «ការ​ដួល​សន្លប់​របស់​កម្មករ ដោយសារ​តែ​គាត់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន ហើយ​នៅ​ក្នុង​អំឡុង​ពេល​ដួល​នោះ គឺ​ដោយសារ​តែ​មូលហេតុ​ចេញ​ពី​ក្រុមហ៊ុន ឧទាហរណ៍​ថា ការ​សន្លប់​ដោយសារ​ថ្នាំ ការ​សន្លប់​ដោយ​សារភាព​អត់​អុកស៊ីហ្សែន ការ​សន្លប់​ដោយ​មាន​សារជាតិ​គីមី ឬ​ការ​សន្លប់​ដោយ​សារ​តែ​កន្លែង​នោះ មាន​ធូលី ឬ កម្ដៅ ឬ ពន្លឺ​អត់​គ្រប់គ្រាន់ អា​ហ្នឹង​សុទ្ធតែ​គ្រោះថ្នាក់​ការងារ​ទេ»

ការ​លើកឡើង​បែបនេះ ធ្វើឡើង​ក្រោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ ..ដែល​ជា​ស្ថាប័ន​រដ្ឋ ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី១៧ ខែឧសភា មិន​ទទួល​ស្គាល់​ស្ថានភាព​ខ្សោយ​សុខភាព​របស់​កម្មករ​នៅ​កន្លែង​ធ្វើការ​ថា ជា​គ្រោះថ្នាក់​ការងារ​នោះ​ឡើយ។ សេចក្ដី​ជូន​ដំណឹង​ដដែល បន្ថែម​ថា “រាល់​សកម្មភាព​របស់​កម្មករ និយោជិក ដែល​មាន​អាការៈ​វិលមុខ ទន់ដៃទន់ជើង ញ័រ​ទ្រូង ពិបាក​ដក​ដង្ហើម និង​ថប់​អារម្មណ៍ គឺ​បណ្ដាល​មកពី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ឬ ខ្វះ​សារធាតុ​អ៊ីយ៉ុង​ក្នុង​ឈាម ដូច​ជា​ខ្វះ​កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាដើម” ..បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០១៨ ត​ទៅ រាល់​ស្ថានភាព​បែប​នេះ ..ចាត់​ទុក​ថា ជា​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល មិន​មែន​បណ្ដាល​មក​ពី​ការងារ ឬ​បរិយាកាស​កន្លែង​ធ្វើការ​នោះ​ទេ។

លោក អាត់​ ធន់ មិន​ឯកភាព​ទៅ​លើ​ការ​បកស្រាយ​បែប​នេះ​ឡើយ ព្រោះ​ការ​សន្លប់​នៅ​តាម​រោងចក្រ សហគ្រាស​កន្លង​មក គឺ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ការងារ​ទាំងអស់៖ «ការ​សន្លប់​ទាំង​អស់​ មិន​ដែល​មាន​ការ​សន្លប់​ណា​មួយ រក​ឃើញ​ថា មិន​មាន​អភូតហេតុ ឬក៏​មិន​មាន​អី​ដែល​កើត​ឡើង​ពី​ខាង​ក្រៅ​នោះ​ទេ គឺ​តែងតែ​មាន​ការ​កើត​ឡើង​ពី​ខាង​ក្រៅ​ទាំង​អស់។ ដូច្នេះ ទាំង​នោះ​គឺ​ជា​គ្រោះថ្នាក់​ការងារ​ហើយ មិន​មែន​ជា​កំហុស​ខ្លួន​ឯង​ទេ ព្រោះ​ការ​សន្លប់​នៅ សុទ្ធតែ​កើត​មក​ពី​មូលហេតុ​ផ្សេងៗ នៅ​កន្លែង​ការងារ​របស់​គាត់»

តាម​ច្បាប់​ការងារ​កម្ពុជា ឆ្នាំ១៩៩៧ ត្រង់​ជំពូក​ទី៩ មាត្រា ២៤៨ ចែង​ច្បាស់​អំពី​គ្រោះថ្នាក់​ការងារ ដោយ​កំណត់​ថា ត្រូវ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ការងារ​ ក្នុង​ករណី​ដែល​គ្រោះថ្នាក់​នោះ កើត​ឡើង​ដោយ​ធ្វើការ ឬ​ក្នុង​ពេល​ធ្វើការ ទោះ​ដោយ​ហេតុ​យ៉ាង​ណា​ក៏​ដោយ ហើយ​ទោះ​មាន​កំហុស​មក​ពី​កម្មករ​និយោជិក ឬ​ក៏​គ្មាន​ក៏​ដោយ។ ច្បាប់​ការងារ​នេះ បញ្ចូល​គ្រោះថ្នាក់​ការងារ មិន​ត្រឹមតែ​គ្រោះថ្នាក់ ដែល​កើត​នៅ​កន្លែង​ធ្វើការ​នោះ​ទេ គឺ​រាប់​ទាំង​គ្រោះថ្នាក់ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ផង​ដែរ។ ក្នុង​ករណី​គ្រោះថ្នាក់​ការងារ​នេះ ច្បាប់​ចែង​តម្រូវ​ឲ្យ​ ជន​រង​គ្រោះ​ទទួល​ការ​ជួសជុល​សំណង​ដើម្បី​រ៉ាប់រង​ថ្លៃ​ព្យាបាល សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​គាត់​ជា​សះ​ស្បើយ បើ​និយោជិក​នោះ មិន​អាច​ធ្វើការ​បាន សិទ្ធិ​ទទួល​បាន​សំណង​សម្រាប់​ថ្លៃ​ព្យាបាល ហើយ​បូក​បន្ថែម​នឹង​ប្រាក់​បំណាច់​សម្រាប់​ការ​បាត់បង់​សមត្ថភាព​ការងារ​ជា​អចិន្ត្រៃយ៍​ទៀត បើ​និយោជិក ជា​ជន​រងគ្រោះ ត្រូវ​បាត់បង់​សមត្ថភាព​ធ្វើការ​ជា​អចិន្ត្រៃយ៍ ដោយ​សារ​តែ​គ្រោះថ្នាក់​ការងារ​នោះ និង​ក្នុង​ករណី​គ្រោះថ្នាក់​ដល់​ជីវិត ត្រូវ​មាន​ជួយ​សោហ៊ុយ​សម្រាប់​បូជា​សព ហើយ​សិទ្ធិវន្ត​របស់​គាត់ ដូច​ជា​ប្តីប្រពន្ធ ឬ​កូន ឬ​ក៏​ម្ដាយឪពុក ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បំណាច់​ជា​ដើម។

ទោះជា​យ៉ាង​នេះ​ក្តី​ បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ ..នេះ និយោជិក​ដែល​រង​គ្រោះ នឹង​បាត់​បង់​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​អស់​នេះ លើក​លែង​តែ​ការ​ព្យាបាល​ និង​ថែទាំ​វេជ្ជសាស្រ្ត ក្រោម​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ ក្នុង​ករណី​មាន​កម្មករ និយោជិក សន្លប់​ច្រើន​នាក់ ឬ​សន្លប់​តៗ គ្នា នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន ដែល​បណ្ដាល​មក​ពី​បរិយាកាស​ក្នុង​ និង​ក្រៅ​សហគ្រាស​គ្រឹះស្ថាន ឬ​តាន​តឹង​អារម្មណ៍​ភ័យ​ស្លន់ស្លោ តៗគ្នា​ជា​ដើម​នោះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ចាត់​ទុក​គ្រោះថ្នាក់​បែប​នេះ​ថា ជា​គ្រោះថ្នាក់​ការងារ និង​ទទួល​បាន​ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ក្រោម​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ។

របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​បន្ត​ឆ្នាំ​២០១៨ របស់​ក្រុម​ការងារ​ទប់ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម កាល​ពី​ខែកុម្ភៈ​កន្លង​ទៅ​នេះ ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ យ៉ាង​ហោច​ណាស់​មាន​កម្ម​ករ​ចំនួន​ជាង ១.៦០០នាក់ នៅ​តាម​រោងចក្រ​ចំនួន ២២ បាន​ដួល​សន្លប់។ ចំនួន​នេះ​មានការ​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​កម្មករ​ដួល​សន្លប់​ចំនួន​ជាង ១.១០០នាក់ នៅ​តាម​រោងចក្រ​ចំនួន ១៨។ ​

ទោះបី​​បេឡា​ជាតិ​សន្តិសុខ​សង្គម អះអាង​ថា ការ​ដួល​សន្លប់​របស់​កម្មករ កម្មការិនី គឺ​ផ្ដើម​ចេញ ពី​បញ្ហា​សុខភាព​របស់​កម្មករ​និយោជិក​ម្នាក់ ឬ​ពីរ​នាក់​ដំបូង​តែ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​កម្មករ​ដទៃ​ឃើញ​មាន​ការ​ភិតភ័យ ទន់​ដៃ​ទន់​ជើង ហើយ​សន្លប់​តៗ គ្នា​ក៏​ដោយ ក៏​លោក អាត់ ធន់ អះអាង​ផ្ទុយ​ពី​នេះ ដោយ​លោក​មើល​ឃើញ​ថា ការ​ដួល​សន្លប់​របស់​កម្មករ គឺ​ដោយសារ​ប្រាក់​ខែ​មិន​គ្រប់​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​កម្មករ ដែល​ធ្វើ​ឲ្យ​ពួក​គាត់ ត្រូវ​បង្ខំចិត្ត​ធ្វើការ​ច្រើន​ម៉ោង និង​គ្មាន​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​ទិញ​ម្ហូប​អាហារ​ ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់ និង​ត្រឹមត្រូវ​ដូច​ជា​បន្លែ​ត្រី​សាច់​នោះ​ទេ ពោល​គឺ កម្មករ​មាន​លទ្ធភាព​ត្រឹម​ទិញ​អាហារ​ ដែល​ធូរ​ថ្លៃ ប៉ុន្តែ​មិន​សូវ​មាន​កាឡូរី ដូចជា​លៀស​ហាល និង​ត្រសក់​ត្រាំ​ជា​ដើម​នោះ។

លោក អាត់​ ធន់ ស្នើសុំ​ឲ្យ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង​លើ​សុខុមាល​ភាព​របស់​កម្មករ ធ្វើ​យ៉ាង​ណា​ជួយ​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ ​ដំឡើង​ប្រាក់​ឈ្នួល ឲ្យ​បាន​សមរម្យ​លើស​សព្វ​ថ្ងៃ និង​ត្រូវ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​ខុសត្រូវ​បង់​លុយ​អាហារ​ថ្ងៃត្រង់​ឲ្យ​កម្មករ និង​ជួល​ក្រុមហ៊ុន​ណា​មួយ ឬ​អ្នក​ធ្វើ​ម្ហូប​ដែល​មាន​គុណភាព និង​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​អាហារ​ល្អ ដើម្បី​ធានា​សុខភាព​កម្មករ។ លោក​អះអាង​ថា ថៅកែ​រោងចក្រ ពិតជា​មាន​លទ្ធភាព​ធ្វើ​ដូច្នេះ​បាន​ ដោយ​មិន​ពិបាក​នោះ​ទេ ព្រោះ​មិន​អស់​ប៉ុន្មាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក អាត់ ធន់ មិន​យល់ស្រប​តាម​ ប.ស.ស ដែល​ថា កម្មករ​សន្លប់​ មិន​មែន​ជា​គ្រោះថ្នាក់​ការងារ"

  1. Free Cambodia says:

    Mr. Thorn should not “call” or “ask” the state for assistance.. Mr. Thorn must take action to form an investigation group to find the real cause at all factories and solve the problem immediately. He cannot just keep talking until the moon falls from the sky. If he is unable to take action now, I demand that Mr. Thorn to resign forthwith.

  2. so socheath says:

    ពុទ្ធ ! អាឡប់​ អាត់ធន មិនទាំងស្គាល់ស្អី ដែលហៅថាគ្រោះថ្នាក់ការងារពិតប្រាកដផងហ្នឹង ?
    ដួលសន្លប់ពេលកំពុងធ្វើការងារ គេហៅថាគ្រោះថ្នាក់ការងារដែរ ?
    ច្បាប់បានចែងយ៉ាងច្បាស់ស្តីពីអ្វោះទៅដែលហៅថាគ្រោះថ្នាក់ការងារ ។
    អានេះ ! ម៉េចបានឡប់អញ្ចឹង វ៉ី ?