សហភាព​សហជីព​កម្ពុជា​ថា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បំពាន​ច្បាប់​ការងារ ទាក់ទង​រឿង​ចាត់​ទុក​បញ្ហា​សុខភាព​​កម្មករ ​ជា​រឿង​បុគ្គល

ដោយ យន់ សាមៀន
2018-05-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០១៥។ RFA/Morm Moniroth
សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០១៥។ RFA/Morm Moniroth


សហភាព​សហជីព​កម្ពុជា នៅ​ថ្ងៃ​ទី១៩ ឧសភា ចេញ​សេចក្ដី​ថ្លែង​ការណ៍​សម្ដែង​ការ​សោក​ស្ដាយ​ខ្លាំង​ចំពោះ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) ដែល​បាន​ចាត់​ទុក​កម្មករ​និយោជិក​មាន​ស្ថានភាព​​​សន្លប់​ជា​បុគ្គល ក្នុង​កន្លែង​ធ្វើ​ការ ឬ​ម៉ោង​ធ្វើ​ការ​ថា ជា​បញ្ហា​ផ្ទាល់​ខ្លួន មិន​មែន​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​ការងារ។ សហភាព​សហជីព​កម្ពុជា​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា ជា​ការ​រំលោភ​ច្បាប់ និង​ទាម​ទារ​ឱ្យ​លុប​ចោល​សេចក្ដី​ជូន​ដំណឹង​នេះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់​ឃើញ​ថា សេចក្ដី​ជូន​ដំណឹង​របស់​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ (..)​ ជា​ការ​គេច​វេះ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ​និយោជិក​ ដែល​មាន​បញ្ហា​សុខភាព​នៅ​កន្លែង​ការងារ និង​ផ្ទុយ​ពី​សកម្មភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​កំពុង​ចុះ​ជួប​កម្មករ និង​បាន​សន្យា​ជួយ​កម្មករ​ជា​បន្ត​បន្ទាប់​នោះ។ លោក​អំពាវនាវ​ដល់​របប​ក្រុង​ភ្នំពេញ​ ឱ្យ​លុប​ចោល​សេចក្ដី​ជូន​ដំណឹង​​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ដែល​លោក​អះអាង​ថា បាន​ដាក់​បន្ទុក​លើ​កម្មករ​និយោជិក និង​ខុស​​ច្បាប់​ស្ដីពី​ការ​ងារ៖ «កម្មករ​បច្ចុប្បន្ន​មាន​ការ​ខ្សោយ​ពិត​មែន ដោយ​សារ​តែ​បៀវត្ស​តិចតួច ហើយ​នៅ​តាម​ក្រុមហ៊ុន​ភាគ​ច្រើន​ក៏​បាន​ដាក់​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ​ច្រើន ហើយ​គាត់​ហូប​ចុក​អត់​មាន​វីតាមីន​គ្រប់​គ្រាន់​សម្រាប់​សរីរាង្គ​កាយ​​របស់​ពួក​គាត់​ទេ។ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​គាត់​ខ្សោយ​ នេះ​​ក៏​យើង​ចាត់​ទុក​ជា​ជំងឺ​​វិជ្ជាជីវៈ​ដែរ​ ហើយ​គេ​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​គ្រោះ​ថ្នាក់​ការ​ងារ​ហើយ»

កាល​ពី​ថ្ងៃ​ទី ១៧ ឧសភា កន្លងទៅ ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) នៃ​ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដល់​និយោជក ឬ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន និង​កម្មករ​និយោជិក​ថា រាល់​ស្ថានភាព​របស់​កម្មករ​និយោជិក​ដែល​មាន​អាការៈ​ខ្សោយ​ វិល​មុខ ទន់​ដៃ​ទន់​ជើង ញ័រ​ទ្រូង ពិបាក​ដកដង្ហើម និង​ថប់​អារម្មណ៍​ ដែល​បណ្ដាល​មក​ពី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​ខ្វះ​សារធាតុ​អ៊ីយ៉ុង​ក្នុង​ឈាម​ មាន​ដូច​ជា កាល់ស្យូម សូដ្យូម ជា​ដើម​នោះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) ចាត់​ទុក​ថា ជា​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ មិន​មែន​បណ្ដាល​មក​ពី​ការងារ​ ឬ​បរិយាកាស​កន្លែង​ធ្វើ​ការ​នោះ​ទេ។ ហេតុ​ដូចនេះ កម្មករ​និយោជិក​ទាំងអស់ ត្រូវ​ទទួលការ​ព្យាបាល​ និង​ថែទាំ​វេជ្ជសាស្ត្រ​ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​វិញ។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (..)​ ចាត់​ទុក​ថា ជា​គ្រោះ​ថ្នាក់​ការងារ​ លុះ​ត្រា​តែ​ក្នុង​ករណី​មាន​កម្មករ​និយោជិក​ សន្លប់​ច្រើន​នាក់ ឬ​សន្លប់​តៗ​គ្នា នៅ​ក្នុង​សហគ្រាស ​​​​គ្រឹះស្ថាន ដែល​​បណ្ដាល​មក​ពី​បរិយាកាស​ខាងក្នុង​ និង​ខាងក្រៅ​ ឬ​ការ​តាន​តឹង​អារម្មណ៍​ ភ័យ​ស្លន់ស្លោ​តៗ​គ្នា ជា​ដើម។

របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១៧ កម្មករ កម្មការិនី ដែល​ជួប​គ្រោះថ្នាក់​ការងារ​មាន​ចំនួន​ជាង ១៨ម៉ឺន​នាក់។ ដោយ​ឡែក​ កម្មករ​និយោជិក ដែល​បាន​ដួល​សន្លប់​វិញ មាន​ចំនួន​ជាង ១ម៉ឺន​នាក់ (១០.៨៥៧) គិត​ពី​ឆ្នាំ២០១១ ដល់​ឆ្នាំ២០១៧។ មូលហេតុ​នៃ​ការ​សន្លប់​របស់​កម្មករ​និយោជិក​នេះ ​ដោយសារ​មក​ពី​បញ្ហា​ក្លិន​គីមី​នៅ​ក្នុង​រោងចក្រ ទីតាំង​រោងចក្រ​មិន​មាន​បរិយាកាស​ល្អ ចង្អៀត ផ្នែក​ចិត្តសាស្ត្រ​សង្គម ករណី​កម្មករ​ស្លុត​ដួល​តាម​គ្នា បញ្ហា​មេកានិច ស្រប​ពេល​សុខភាព​កម្មករ​មាន​សភាព​ទន់​ខ្សោយ​ដោយសារ​ការ​សម្រាក​មិន​គ្រប់គ្រាន់ ការ​ហូប​អាហារ​មិន​ទៀងទាត់ និង​គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់។

បន្ទាប់​ពី​មាន​ការ​រិះគន់​ច្រើន​ពី​រឿង​នេះ នៅ​ថ្ងៃ​ទី១៨ ឧសភា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (..)​ បាន​ចេញ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​បំភ្លឺ​ថា សេចក្ដី​ជូន​ដំណឹង​នេះ មាន​គោល​បំណង​ធ្វើ​ឱ្យ​កាន់​តែ​ងាយ​ស្រួល​ ចំពោះ​កម្មករ​និយោជិក​ ពេល​មាន​បញ្ហា​សុខភាព​ក្នុង​ការ​ទទួល​សេវា​ព្យាបាល​ និង​ថែទាំ​សុខ​ភាព​ ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​អំពី​ហានិភ័យ​ការងារ​ឡើយ។ ស្ថាប័ន​នេះ​សង្កត់​ធ្ងន់​ថា​ គ្រប់​ពេល​ដែល​កម្មករ​និយោជិក​មាន​បញ្ហា​សុខភាព ទោះ​ជា​ពាក់​ព័ន្ធ​នឹង​ការងារ ឬ​មិន​ពាក់​ព័ន្ធ​នឹង​ការងារ​ក្តី​ ក៏​ពួក​គេ​នៅ​តែ​ទទួល​សេវា​ព្យាបាល​ និង​ថែទាំ​វេជ្ជសាស្ត្រ​ដោយ​ឥត​បង់​ថ្លៃ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដដែល។

ទោះ​ជា​យ៉ាងណា លោក រ៉ុង ឈុន អះអាង​ថា ការ​ជូន​ដំណឹង​នេះ ជា​ការ​រំលោភ​ច្បាប់​ស្ដីពី​ការងារ​ក្នុង​ជំពូក​ទី​៩ ត្រង់​មាត្រា ២៤៨ និង ២៥៦ ដោយ​ច្បាប់​មិន​បាន​បែង​ចែក​ឡើយ​ ឱ្យ​តែ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ធ្វើ​ការ​ ឬ​ក្នុង​ពេល​ធ្វើ​ការ​ ទោះ​ដោយ​ហេតុ​ផល​ណា​ក៏​ដោយ ត្រូវ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ការងារ៖ «ការ​បំភ្លឺ​នេះ ​គ្រាន់​តែ​ជា​ការ​លាង​ខ្លួន​ទេ​​ ហើយ​មិន​​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​សេចក្ដី​ជូន​ដំ​ណឹង​របស់​ខ្លួន​ទេ​ ហើយ​សហភាព​សហជីព​​កម្ពុជា​ស្នើ​ឱ្យ​ប្រកាស​លុប​ចោល​ទាំង​ស្រុង​តែ​ម្ដង​ ត្រូវ​តែ​គោរព​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​ងារ​។ រដ្ឋាភិបាល​ និង​​និយោជក​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​បញ្ហា​​សុខ​ភាព​ សុខុមាល​​ភាព​របស់​បងប្អូន​កម្មករ​ កម្មការិនី​ ជា​ពិសេស​ត្រូវ​តែ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​ពួក​គាត់​ឱ្យ​មាន​តុល្យភាព​​​ទៅ​នឹង​តម្លៃ​ទី​ផ្សារ​នៅ​ក្នុង​​ស្រុក​ខ្មែរ​យើង​នេះ»

ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់ ធន់​ វិញ ក៏​អះអាង​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​សង្កត់​ធ្ងន់​ថា ការ​លើក​ឡើង​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នោះ​ មិន​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែ​គឺ​ជា​បុរេ​វិនិច្ឆ័យ​ទៅវិញ។ លោក​ថា ការ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​របស់​​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នោះ នឹង​ធ្វើ​ឱ្យ​បាត់​​​បង់​ប្រយោជន៍​កម្មករ ជាពិសេស ក្នុង​ករណី​កម្មករ​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​គ្រោះថ្នាក់​ណា​មួយ​នោះ បើ​ទោះ​ជា​កម្មករ​ទទួល​បាន​សេវា​ព្យាបាល និង​​ថែទាំ​សុខភាព​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​យ៉ាង​​ណា​​ក៏​ដោយ​ចុះ៖ «នៅ​ក្នុង​របប​ថែទាំ​សុខភាព ​គឺ​ព្យាបាល​​អត់​យក​លុយ​ក្នុង​ករណី​​បូជា​សព គេ​ឱ្យ​លុយ​បូជា​សព។ ប៉ុន្តែ​លាភការ​ទៅ​ដល់​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ ឬក៏​សិទ្ធិវន្ត​ គឺ​អត់​បាន​ទេ​ បានន័យ​ថា​ ​គាត់​បាន​តែ​ប៉ុណ្ណឹង​ទេ។ ចំពោះ​​​ការ​ព្យាបាល​​​ប្រចាំ​ថ្ងៃ​វិញ ​គឺ​គេ​ឱ្យ​គាត់​​​តែ ​៧០ ភាគ​រយ​ទេ​ ចំពោះ​​លុយ​ប្រចាំថ្ងៃ​ដែល​គេ​ត្រូវ​​ផ្ដល់​ជូន​នោះ។​​ បើ​គាត់​សន្លប់​មួយ​ភ្លែត​ រួច​​​​ទៅ​ព្យាបាល​ធម្មតា ហើយ​​ត្រឡប់​មកវិញ​ទេ​ នោះ​​​វា​មិន​អី​​ទេ​ វា​ដូច​គ្នា ព្រោះ​គេ​ព្យាបាល​។ ការ​ព្យាបាល​នេះ វា​ដូច​តែ​គ្នា​ទេ។ ដូច្នេះ​​​ចំណុច​នេះ​មិន​អី​ទេ ប៉ុន្តែ​សំណង​ទៅ​ដល់​អ្នក​នៅ​ក្នុង​បន្ទុក​ ឬ​ក៏​បើ​យើង​ពិការ​ភាព​ដោយ​​សារ​តែ​យើង​សន្លប់​ហ្នឹង គឺ​មាន​ន័យ​ថា យើង​អត់​បាន​ទេ ដូច្នេះ​វា​ខាត​​បង់ប្រយោជន៍​ធំៗ ទាំង​នោះ​វិញ»

ប្រធាន​សហជីព​រូប​នេះ យល់ឃើញ​ថា​ បញ្ហា​សុខភាព​របស់​កម្មករ​ដូច​មាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នោះ​​ ក៏​ត្រូវ​រាប់​បញ្ចូល​ជា​គ្រោះថ្នាក់​ការងារ​ដែរ ព្រោះ​ដោយសារ​ប្រាក់​ខែ​តិច​ ធ្វើ​ឱ្យ​ពួក​គាត់​ត្រូវ​បង្ខំ​ចិត្ត​ត្បិត​ត្បៀត​ការ​ចំណាយ​ ជាពិសេស ការ​ចំណាយ​ទៅលើ​ម្ហូប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ ស្រប​ពេល​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​ការងារ​ច្រើន​ម៉ោង នៅ​ក្នុង​កន្លែង​ការងារ​ដែល​មាន​បរិយាកាស​មិន​សូវ​ល្អ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles