ដោយ វ៉ែន សុមេធ
2018-05-20
RFA
លោក ហង្ស វិទូ (ឆ្វេង) ប្រធានក្រុមអ្នកវិភាគវ័យក្មេង និងលោក កន សាវាង្ស មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់របស់អង្គការ ខុមហ្រែល (COMFREL)។ រូបពីហ្វេសប៊ុកលោក ហង្សវិទូ និងលោក កន សាវាង្ស
ប្រជាពលរដ្ឋ និងអ្នកវិភាគយល់ថា ការអំពាវនាវរបស់ គ.ជ.ប ឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសត្រឡប់ទៅបោះឆ្នោតនោះ គឺមិនមានប្រសិទ្ធភាពនោះទេ ព្រោះគ្មានគណបក្សប្រឆាំងចូលរួម ហើយ គ.ជ.ប ក៏បានបាត់បង់ឯករាជ្យដែរ។
ប្រជាពលរដ្ឋ និងអ្នកវិភាគ សម្ដែងការខកចិត្ត និងអស់សំណើចនៅពេល គ.ជ.ប ចេញលិខិតអំពាវនាវឲ្យពលរដ្ឋនៅក្រៅប្រទេសវិលត្រឡប់ទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ បន្ទាប់ពីកន្លងមក គ.ជ.ប មិនដែលខ្វាយខ្វល់អំពីសិទ្ធិចុះឈ្មោះ និងបោះឆ្នោតរបស់ពលករនៅក្រៅប្រទេស ទោះបីជាមានការសំណូមពរជាបន្តបន្ទាប់ពីសង្គមស៊ីវិល និងបក្សប្រឆាំងក្តី។
ពលករខ្មែរនៅប្រទេសម៉ាឡេស៊ីម្នាក់ លោក ថា រ៉ុង ប្រាប់អាស៊ីសេរីថា រូបគាត់ និងភរិយា មិនវិលត្រឡប់ទៅបោះឆ្នោតវិញនោះទេ ទោះបីជួលពួកគាត់ក៏ដោយ។ លោកមើលឃើញថា គ.ជ.ប បាត់បង់ឯករាជ្យ និងចង់ផ្ដល់ភាពស្របច្បាប់ដល់របបទីក្រុងភ្នំពេញ ដែលកំពុងដឹកនាំតាមបែបផ្ដាច់ការ។ លើសពីនេះ លោកមើលថា ការបោះឆ្នោតអាណត្តិទី៦ នេះ គ្មានតម្លៃឡើយ ព្រោះរបបលោក ហ៊ុន សែន បានហាមឃាត់គណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមប្រកួតប្រជែង៖ «បើខ្ញុំ ១០០ភាគរយ គឺអត់ទៅតែម្ដង ទោះបីយកអត្តសញ្ញាណប័ណ្ណខ្ញុំទៅធ្វើត្រាសើមត្រាស្ងួត ហើយអត់ឲ្យកូនខ្ញុំធ្វើការងាររដ្ឋក៏មិនតូចចិត្តដែរ។ នេះគ្រាន់តែជាក្រឡាអុករបស់គណបក្សកាន់អំណាចទេ ព្រោះអាណត្តិមុនម៉េចមិនឲ្យពលរដ្ឋទៅបោះឆ្នោតដូចពេលនេះផង»។
គ.ជ.ប បានចេញលិខិតអំពាវនាវឲ្យពលរដ្ឋខ្មែរកំពុងបំពេញបេសកកម្ម ឬរស់នៅនិងធ្វើការនៅក្រៅប្រទេស ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ត្រឡប់ទៅ បោះឆ្នោតជាតិនៅថ្ងៃទី២៩កក្កដាខាងមុខ។ គ.ជ.ប ក៏បានស្នើឲ្យស្ថានទូតរបស់របបលោក ហ៊ុន សែន ដែលប្រចាំនៅបណ្ដាប្រទេសនានា ជួយចូលរួមសហការ និងផ្សព្វផ្សាយសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យបានទូលំទូលាយ។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃក៏បានព្រមានថា នឹងប្ដឹងរឹបអូសទ្រព្យសម្បត្តិអ្នកដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត បន្ទាប់ពីមានការស្នើសុំពី គ.ជ.ប។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មានប្រសាសន៍ថា ការអំពាវនាវនេះ គឺជាតួនាទីរបស់ គ.ជ.ប ប៉ុន្តែការអំពាវនាវនេះ គឺគ្មានប្រសិទ្ធភាពនោះទេ ឬអាចនិយាយបានថា ពលរដ្ឋដែលមានចិត្ត ចង់ត្រឡប់មកបោះឆ្នោតខ្លះ អាចប្រែចិត្តមិនមកបោះឆ្នោតវិញតែងម្ដង ដោយសារប្រជាពលរដ្ឋកាន់ តែបាត់បង់ទំនុកចិត្តលើ គ.ជ.ប៖ «ជារួម គឺការអំពាវនាវរបស់ គ.ជ.ប នេះ គឺដូចជា មិនមានប្រសិទ្ធភាពអីនោះទេ សម្រាប់ការសម្រេចចិត្តថា ទៅបោះ ឬមិនទោះបោះឆ្នោត។ យើងគិតទៅមើលថា ពីមុនមានគណបក្សប្រឆាំងចូលរួមដ៏ធំផង នៅតែពួកគាត់មួយចំនួន អត់មកចូលរួមបោះឆ្នោត ចុះទម្រាំតែពេលនេះទៀត គឺអត់មានបក្សប្រឆាំងដ៏ធំ និងពលរដ្ឋមិនសូវទុកចិត្តលើ គ.ជ.ប ទៀត»។
កន្លងមកគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល និងពលករនៅបរទេស តែងតែចេញសេចក្តីអំពាវនាវ តវ៉ា និងជំរុញឲ្យ គ.ជ.ប កែសម្រួលនីតិវិធីសម្រាប់អ្នកមានសិទ្ធិបោះឆ្នោតដែលកំពុងនៅបរទេស អាចចូលរួមក្នុងការបោះឆ្នោតបាន។ ប៉ុន្តែទោះយ៉ាងណាក្តី របបលោក ហ៊ុន សែន និង គ. ជ.ប មិនដែលអើពើចំពោះការទាមទារទាំងនោះឡើយ និងលើកហេតុផលថា គ្មានច្បាប់អនុញ្ញាត ខណៈមានការស្ទង់មតិថា ពលរដ្ឋ និងពលករខ្មែរនៅបរទេសភាគច្រើន នឹងបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។
មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់របស់អង្គការ ខុមហ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា វាជារឿងល្អដែល គ.ជ.ប ព្យាយាមលើកទឹកចិត្តពលរដ្ឋឲ្យបានសម្តែងសិទ្ធិ និងឆន្ទៈរបស់ខ្លួន ប៉ុន្តែការអំពាវនាវនៅពេលនេះ គឺហាក់ដូចជាមានការបញ្ច្រាសគ្នា ព្រោះការអំពាវនាវរបស់សង្គមស៊ីវិល និងបក្សប្រឆាំងកន្លងមក មិនត្រូវបាន គ.ជ.ប និងរបបលោក ហ៊ុន សែន គិតគូរនោះទេ ដោយលើកពីបញ្ហាផ្សេងៗ៖ «មកដល់ពេលនេះ គ.ជ.ប បានលើកឲ្យប្រជាពលរដ្ឋត្រឡប់ទៅបោះឆ្នោតវិញថា តើត្រឡប់ទៅរបៀបម៉េច ពោះពលរដ្ឋមួយចំនួនអត់មានសិទ្ធិផងហ្នឹង ព្រោះពួកគាត់អត់បានចុះឈ្មោះបោះឆ្នោត ដូច្នេះទៅបោះឆ្នោតរបៀបម៉េច។ នេះគឺជាទទួលខុសត្រូវមួយរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន គ.ជ.ប។ យើងឃើញថា ការអំពាវនាវនេះ គឺហាក់ដូចជាបញ្ច្រាសគ្នាក្នុងសកម្មភាព ដែលខ្លួនបានធ្វើកន្លងមក»។
លោក កន សាវាង្ស បន្ថែមថា គ.ជ.ប ត្រូវតែខិតខំបង្ហាញពីឯករាជ្យ និងអព្យាក្រឹត្យរបស់ខ្លួនបន្ថែម ទៀត ខណៈមានមតិជាច្រើន បានរិះគន់ គ.ជ.ប ថា បំពេញការងារមិនត្រឹមត្រូវ។ជាពិសេសលោកថា ស្ថាប័ន គ.ជ.ប គួរតែព្រមានចំពោះគណបក្សនយោបាយ ស្ថាប័នមួយចំនួន ឬអ្នកណាដែលបំភិតបំភ័យធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដូចជា មានស្ថាប័នខ្លះថា បើមិនទៅបោះឆ្នោត ត្រូវបញ្ឈប់ពីការងារ មិនឲ្យធ្វើការរដ្ឋ និងគាំទ្ររបបផ្ដាច់ការជាដើម។ ទន្ទឹមគ្នានេះ លោកអំពាវនាវឲ្យ គ.ជ.ប ជួយធានាការចូលរួមរបស់ប្រជាពលរដ្ឋឲ្យបានស្មើភាពគ្នា និងធានាការពារឆន្ទៈម្ចាស់ឆ្នោត ដែលជ្រើសតាំងតំណាងរបស់ពួកគេ កុំឲ្យមានការបាត់បង់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Ineffective or not is up to the voter. The authority has the duty to inform all of us the date, time, and location, etc.
CNRP is out, leave the voting responsibility to us.
Without participation of CNRP, the 2018 is meaningless.
Hun Sen will sit on the top without free and fair election. who will accept the result???????????
Only Hun’s families & allies……………..????????………??????⚡️???????????