មន្ត្រី​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​នៅ​មណ្ឌលគិរី​ក្រោយ​ពលរដ្ឋ​ពុល​ទឹក​ស្លាប់​ជាង​១០​នាក់

ដោយ អាស៊ីសេរី
2018-05-21

ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ (Social Media)
ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ (Social Media)


អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​មួយ​ចំនួន ឋិត​ក្នុងស្រុក​កែវស៊ីម៉ា ខេត្ត​មណ្ឌលគិរី។

មន្ត្រី​ឃ្លាំមើល​បរិស្ថាន​នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ដែល​តាមដាន​បញ្ហា​នេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ ឧសភា ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​អាជីវកម្ម​រ៉ែ​មាស​មួយ​ចំនួន នៅ​ឃុំ​ស្រែឈូក និង​ឃុំ​ចុងផ្លាស់ ស្រុក​កែវស៊ីម៉ា ជាប់​ព្រំប្រទល់ ស្រុក​ស្នូល ខេត្ត​ក្រចេះ។ លោក​បន្ថែម​ថា ចំណុច​ដែល​អាជ្ញាធរ​ចុះ​អង្កេត​នោះ​ជា​តំបន់​ដែល​សំបូរ​ដោយ​អាជីវកម្ម​រុករក​រ៉ែ​មាស រួម​ទាំង​មាន​អាជីវកម្ម​លក្ខណៈ​សហគមន៍​ផង ឋិត​ឃុំ​ចុងផ្លាស់ និង​ឃុំ​ស្រែឈូក ស្រុក​កែវស៊ីម៉ា៖ «ក្រសួង​ជំនាញ​ហ្នឹង​ត្រូវតែ​ធ្វើ​របាយការណ៍​ដាក់​ជូន​រដ្ឋាភិបាល ដើម្បី​មាន​វិធានការ​មាន​វិធានការ​ផ្លូវច្បាប់ ដោយសារតែ​ករណី​ហ្នឹង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​សង្ស័យ​មាន​សារធាតុពុល។ បើ​ធ្វើ​កោសល្យវិច័យ​រក​ឃើញ មាន​ជាតិពុល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់ ត្រូវ​បញ្ជូន​សុំរឿង​ទៅ​តុលាការ»

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌលគិរី លោក សាន់ ដារឹទ្ធ បាន​ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក​ថា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល រួម​ទាំង​អាជ្ញាធរ​ខេត្ត​មណ្ឌលគីរី បាន​ចុះ​ពិនិត្យ​ករណី​នេះ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ក៏ប៉ុន្តែ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ ទើប​ត្រឡប់​មក​វិញ និង​ដាក់​ផែនការ​ចុះទៅ​ម្ដងទៀត​នៅ​ថ្ងៃ​ទី២១ ឧសភា។ លោក​ថា ក្រសួង​នឹង​ចាត់វិធានការ​ច្បាប់​ដល់​ក្រុមហ៊ុន​ណា ដែល​ប្រើ​សារធាតុ​គីមី​ចូល​ព្រែក និង​អូរ បង្ក​ប៉ះពាល់​អាយុ​ជីវិត និង​សុខភាព​ពលរដ្ឋ។

មន្ត្រី​សង្គម​ស៊ីវិល​បង្ហើប​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ សង្ស័យ​លើ​អាជីវកម្ម​ក្រុមហ៊ុន​រុករក​រ៉ែ​មាស ឈ្មោះ រ៉ុង ឆេង ដែល​ប្រើ​សារធាតុ ហ្សី.អា.នីដ(Cyanide) ចម្រាញ់​មាស បង្ហូរ​កាកសំណល់​ចូល​ទឹក បង្ក​ឲ្យ​កម្រិត​ទឹក​មាន​ជាតិ​ពុល​ខ្ពស់​បំផុត អាច​សម្លាប់​ជីវិត​មនុស្ស​ភ្លាមៗ។ ក្រៅ​ពី​នេះ​ក្រុមហ៊ុន រ៉ុង ឆេង មាន​ទីតាំង​អាជីវកម្ម​ជាប់​ទឹកអូរ​ធម្មជាតិ​នៅ​តំបន់​នោះ។

ការ​ចុះ​ស៊ើបអង្កេត​បាតុភាព​នេះ ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម លោក ចម ប្រសិទ្ធិ ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ធាតុ​ពិត​ដែល​នៅ​ពីក្រោយ ករណី​ស្លាប់​នៅ​ក្រចេះ និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ បណ្ដាល​មក​ពី​ការប្រើប្រាស់​ថ្នាំ​គីមី​មាន​ឈ្មោះថា ក្រូម (Chromium) និង ហ្សី.អា.នីដ ដែល​គេ​ប្រើ​សម្រាប់​ចម្រាញ់​រ៉ែ​មាស។ លោក​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​ក្នុង​ពេល​ឆាប់ៗ ចំពោះ​អាជីវកម្ម​រ៉ែ ដែល​ប្រើ​សារធាតុ​លាង​មាស​មិន​ត្រឹមត្រូវ ធ្វើ​អោយ​ពលរដ្ឋ​ខេត្ត​ក្រចេះ និង​មណ្ឌលគិរី ពុល និង​ស្លាប់​ជាច្រើន​នាក់។

កាលពីដើម​ខែ​ឧសភា ពលរដ្ឋ​រស់នៅ​ឃុំ​កន្ទួតស្រុក​ចិត្របុរី ស្លាប់ ១៨​នាក់ និង​ជាង ៣​រយ​នាក់​ធ្លាក់ខ្លួន​ឈឺ ក្រោយពី​ប្រើ​ទឹក​ព្រែកទេរ មាន​សារធាតុពុល។ រីឯ​ពលរដ្ឋ​នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មាន​អាការៈ​ខុស​ប្រក្រតី​ជាង ៨០នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្ត្រី​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​នៅ​មណ្ឌលគិរី​ក្រោយ​ពលរដ្ឋ​ពុល​ទឹក​ស្លាប់​ជាង​១០​នាក់"

  1. Người bạn Khmer says:

    Extortions, land transfers to strangers to punt democracy Hun Sen and his clans are never satisfied to punish this Khmer people Now it is slowly dwindling by the deprivation of water Water very precious matter of life Hun sen poisoned his people
    But what crime did this people commit against Hun Sen and his gang?

  2. Free Cambodia says:

    Local authorities shall be held responsible for failure to take a swift action on these mining companies.
    Taking these companies to court is the last priority.
    Immediately, these companies must be inspected and corrected if the death caused by their nelegence or violating the law.
    Officials must take proper action now or they need to be fired for lack of competency.