ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ថៃ​ជាង ៣​សែន​នាក់​ទទួល​បាន​ភាព​ស្រប​ច្បាប់

ដោយ មាន ឫទ្ធិ
2018-05-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


ពលការិនី​សំណង់​ខ្មែរ​កំពុង​ដួស​ជ័រ​កៅស៊ូ​ ដើម្បី​ចាក់​ផ្សារ​ភ្ជិត​ចន្លោះ​ផ្លូវ​បេតុង​ដែល​ទើប​នឹង​ចាក់​ថ្មី​មួយ​ខ្សែ​ នៅ​តំបន់​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA
ពលការិនី​សំណង់​ខ្មែរ​កំពុង​ដួស​ជ័រ​កៅស៊ូ​ ដើម្បី​ចាក់​ផ្សារ​ភ្ជិត​ចន្លោះ​ផ្លូវ​បេតុង​ដែល​ទើប​នឹង​ចាក់​ថ្មី​មួយ​ខ្សែ​ នៅ​តំបន់​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA


ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ថា កម្ពុជា និង​ថៃ បាន​រួម​គ្នា​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ​បាន​ជាង ៣​សែន​នាក់​ហើយ ក្នុងចំណោម​ពលករ​ខ្មែរ​ជាង ៤​សែន​នាក់ ដែល​កំពុង​ធ្វើ​ការ​ងារ​ខុសច្បាប់ ឬ​គ្មាន​ឯកសារ​នៅ​ក្នុង​ប្រទេស​ថៃ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ការងារ​នៅ​ទីស្ដីការ​ក្រសួង​ការងារ ជាមួយ​លោក ប៉ានយ៉ារ៉ាក់ ពុលធូប (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ឧសភា ថា ពលករ​ចំណាកស្រុក​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​ដោយ​គ្មាន​ឯកសារ​ស្របច្បាប់ ក្នុង​ប្រទេស​ថៃ ពីមុន​មកនេះ ឥឡូវនេះ​បាន​ទទួល​ភាព​ស្របច្បាប់​ជិត​អស់ហើយ។ លោក​អះអាង​ថា បច្ចុប្បន្ន នៅសល់​ពលករ​ខ្មែរ​ប្រមាណ​ជាង ៨​ម៉ឺន​នាក់​ទៀត​តែប៉ុណ្ណោះ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ពុំ​មាន​ឯកសារ​ស្របច្បាប់​នៅឡើយ ហើយ​ថា ក្រសួង​នឹង​បន្ត​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​រួចរាល់​នៅមុន​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០១៨ ដែល​ជា​កាល​បរិច្ឆេទ​កំណត់ របស់​អាជ្ញាធរ​ថៃ។

អាជ្ញាធរ​ថៃ​ក្រោម​ការដឹកនាំ​ដោយ​របប​យោធា​របស់​នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចារ បាន​រឹត​បន្តឹង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ដោយ​បាន​ចេញ​ក្រឹត្យច្បាប់​ថ្មី ដែល​តម្រូវ​ឱ្យ​មានការ​ពិន័យ និង​ដាក់ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ករណី​នេះ និង​បាន​ទុក​ពេល​វេលា​ឱ្យ​កម្ពុជា​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​ចំណាកស្រុក​របស់​ខ្លួន ឱ្យ​បាន​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៨ មុននឹង​ក្រឹត្យច្បាប់​ថ្មី​នេះ មាន​សុពលភាព​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ។ កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​កន្លងទៅ អាជ្ញាធរ​ថៃ​បាន​រក​ឃើញ​ថា មាន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​ជាង ៤​សែន​នាក់​បាន​ធ្វើ​ការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ។

ឆ្លើយតប​នឹង​បញ្ហា​នេះ កម្ពុជា​បាន​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ជាង ៣០០​នាក់ ចុះទៅ​កាន់​មជ្ឈមណ្ឌល​ចំនួន​៣ នៅ​ទីក្រុង​បាងកក ខេត្ត​បុទុមឋានី និង​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ ដើម្បី​សហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ ក្នុង​ការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ​ខុសច្បាប់​ទាំងនោះ។

បច្ចុប្បន្ន មាន​ពលករ​ចំណាកស្រុក​ខ្មែរ​ចំនួន​ជាង ១​លាន ៦​ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​ស្របច្បាប់​នៅ​ប្រទេស​ថៃ។

របាយការណ៍​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​ថា ក្នុង​ខែ​មេសា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ចំណាកស្រុក​ខ្មែរ ខុសច្បាប់​នៅ​ប្រទេស​ថៃ ចំនួន​ជាង ៤​ពាន់​នាក់ (.២៦៨​នាក់​) មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles