លោក ស ខេង គំរាម​ដាក់ទោស​អ្នក​ដែល​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

ដោយ សេក បណ្ឌិត
2018-05-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ Photo: RFA
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ Photo: RFA


លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់អំណាច បន្ត​គំរាមកំហែង​ចំពោះ​អ្នក​ដែល​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។

ការ​ព្រមាន​នេះ​ធ្វើ​ឡើងជា​បន្តបន្ទាប់ ខណៈ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​នៅ​ក្នុង​ស្រុក កុំ​ឱ្យ​នាំគ្នា​ទៅ​បោះឆ្នោត ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម និង​ចាត់ទុកជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខ ហើយ​លោក​ព្រមាន​ថា អ្នក​ដែល​ញុះញង់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​ល្មើសច្បាប់ ត្រូវ​ប្រឈម​នឹង​ទោស​ទណ្ឌ៖ «ការ​អំពាវនាវ​ឱ្យ​បងប្អូន មន្ត្រីរាជការ ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត គឺជា​រឿង​ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត ផ្ទុយទៅវិញ​អ្នក​ដែល​អំពាវនាវ ញុះញង់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ គឺជា​អំពើ​ល្មើស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់បោះឆ្នោត»

លោក ស ខេង ថ្លែង​ព្រមាន​បែបនេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី នៃ​សាលាខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា នេះ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏​បាន​ព្រមាន​ម្ដង​រួច​មក​ហើយ​ដែរ​ថា ក្រសួង មហាផ្ទៃ នឹង​ប្ដឹង​អ្នក​ឃោសនា មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ ជន​ទាំងនោះ។ លោក​ថា មូលហេតុ ដែល​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​បែបនេះ ព្រោះ​ក្រុម​អ្នកធ្វើ សកម្មភាព​នេះ​គឺ កំពុង​នៅ​ក្រៅ​ប្រទេស។

ប៉ុន្តែ ការ​ព្រមាន​បែប​នេះ ត្រូវ​បាន​អ្នកច្បាប់ និង​អ្នក​ធ្វើការងារ ទាក់ទង​ការបោះឆ្នោត យល់ថា គឺជា​ការ​និយាយ​ហួស​ពី​ច្បាប់​ចែង។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​មិន​ព្រួយបារម្ភ​ចំពោះ​ការព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ ដោយសារ​ការ​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​ទេ។

លោក​ចាត់​ទុក​វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ ដែល​របប​លោក ហ៊ុន សែន ព្រមាន​នៅ​ពេល​នេះ គឺ​មិន​ខុសគ្នា​ទៅ​និង​របប​ខ្មែរក្រហម​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ស ខេង គំរាម​ដាក់ទោស​អ្នក​ដែល​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត"

  1. Anonymous says:

    It the right of people mr khmao kheng’ Why need to vote for?? why this beast regime dissolve CNRP ?? You and your mafia groups are the worse people