សហគមន៍​ខេត្ត​មណ្ឌលគិរី​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស​ច្រើន​ឆ្នាំ​មក​ហើយ​គ្មាន​អាជ្ញាប័ណ្ណ

ដោយ អាស៊ីសេរី
2018-05-24

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទី​​​ខេត្ត​មណ្ឌលគិរី (Photo: RFA)
ផែនទី​​​ខេត្ត​មណ្ឌលគិរី (Photo: RFA)


មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​រស់នៅ​ខេត្ត​មណ្ឌលគិរី​សម្ដែង​ក្តី​បារម្ភ ពី​ភាព​មិន​ប្រក្រតី​នៃ​ការគ្រប់គ្រង​ធនធាន​រ៉ែ​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ស្រប​ពេល​ដែល​ឈ្មួញ​ជនជាតិ​ចិន មាន​អាជ្ញាប័ណ្ណ​ក្នុង​ដំណាក់​ការស្រាវជ្រាវ ក៏ប៉ុន្តែ​បែរជា​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស និង រ៉ែ​ត្បូង​បែប​អនាធិបតេយ្យ បណ្ដាល​ឱ្យ​ការ​សង្ស័យ​ថា ការ​ពុល​ទឹក​ស្លាប់​មនុស្ស ១៨​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​នៃ​ការ​រុករក​រ៉ែ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

សហគមន៍​រស់នៅ​តំបន់​អាជីវកម្ម​រ៉ែ​មាស នៃ​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ ឧសភា​ថា ពួកគេ​ប្រទះឃើញ​ក្រុមហ៊ុន​ចិន​ជីក​អណ្ដូង​រ៉ែ ច្រើន​ទីតាំង​ក្នុង​តំបន់​ចុងផ្លាស់ បែប​ជា​ទម្រង់​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស ពុំ​មែន​ជា​ការ​សិក្សា​ស្រាវជ្រាវ​នោះ​ទេ។ លើស​ពី​នេះ​ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង បាន​ជីក​ខួង​រុករក​រ៉ែ​មាស​ច្រើន​រណ្ដៅ មាន​ជម្រៅ​លើស​ពី ៥០​ម៉ែត្រ និង​មាន​តំបន់​ខ្លះ លើស​ពី ១​រយ​ម៉ែត្រ។ ពួកគេ​ថា រណ្ដៅ​ខ្លះ​ក្រុមហ៊ុន​ចិន​បាន​ប្រើ​រំសេវ​ផ្ទុះ​ថ្ម បង្ក​រំខាន​ដល់​អ្នកភូមិ​នៅ​តំបន់​នោះ។

ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​រស់នៅ​តំបន់​អាជីវកម្ម​រ៉ែ​មាស លោក ហេង ជី សម្ដែង​ការ​សោកស្ដាយ ពី​ការ​បាត់បង់​ធនធានធម្មជាតិ​មាន​តម្លៃ ដែល​ក្នុង​របប​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ ធ្វើ​ឱ្យ​ជនជាតិ​ចិន​ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត។ លោក​គ្មាន​សង្ឃឹមថា អាជ្ញាធរ​ក្រុងភ្នំពេញ នឹង​ស្វែងរក​ការពិត​បាតុភាព​នេះ​ទេ ប្រសិនបើ​គ្មាន​ការសិក្សា​ស្រាវជ្រាវ​ដោយ​ឯករាជ្យ និង​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​នានា។ លោក​បារម្ភ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​អាច​លាក់បាំង​ការពិត ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ ព្រោះតែ​ផលប្រយោជន៍៖ «ដល់​ពេល​ខួង​ដើម្បី​បញ្ចូល​គ្រាប់ សុទ្ធតែ​ប្រើ​គីមី​ដែរ។ ពេល​ខួង​ហ្នឹង​ទឹក​ដែរ​ខួង​វា​ចេញ​មក​ក្រៅ​វិញ ដល់​ពេល​មាន​ភ្លៀង​មក វា​មិន​ហូរ​ចូល​ទឹកអូរ។ បើ​វា​នៅ​ក្នុង​បាត​អូរ​ស្រាប់ ហើយ​រណ្ដៅ​ជម្រៅ ១​រយ​ម៉ែត្រ​ដូច​ក្អម​អ៊ីចឹង។ កម្មករ​ជិះ​រទេះ​ម៉ាស៊ីន​ដាច់​ខ្សែ​ងាប់​ក៏​មាន​ដែរ»

បុរស​បន្ថែម​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ចិន​ប្រើ​ម៉ាស៊ីន​ខួង​យក​រ៉ែ ភាគច្រើន​ឋិត​នៅ​តំបន់​អូរ ព្រោះ​ប្រភព​រ៉ែ​មាស​គឺ​ឋិត​នៅ​ជាប់​ទឹកអូរ​ធម្មជាតិ។ ទឹកអូរ​ទាំងនោះ​រួមមាន អូរ​ក្លរ អូរ​ចុង អូរ​រកា អូរ​ក្តាយ អូរ​រហៅ និង អូរ​ក្ទង់។ លោក​ថា តំបន់​ទឹកអូរ​ទាំងនោះ​មាន​បណ្ដាញ​ជាប់​ព្រែក​ទេរ​ហូរ​ចុះ​ឆ្ពោះ​ទៅ​ទន្លេ​មេគង្គ ឆ្លងកាត់​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ៖ «ព្រោះ​អី​រឿង​ហ្នឹង គេ​សហការ​គ្នា​អស់ហើយ​អាជ្ញាធរ។ បើ​មាន​គំនិត​គ្រប់គ្រង​ទុក កូនចៅ​ជំនាន់​ក្រោយ​មិន​ក្រ​ទេ។ អាជ្ញាធរ​មិន​គិត​ផលប្រយោជន៍​កូនចៅ បែរជា​បាន​ទៅ​លើ​ប្រទេសក្រៅ​ទៅវិញ»

អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌលគិរី លោក ទី សុផល ដែល​ចុះ​អង្កេត​ករណី​នេះ បាន​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៣ ឧសភា។

កាល​ពី​ពេល​ថ្មី​នេះ​ៗ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ដល់​ទី​តាំង​អាជីវកម្ម​រ៉ែ​មាស របស់​ក្រុមហ៊ុន​ចិន​ដោយ​បាន​ស្រង់​យក​សំណាក​សារធាតុ​មួយ​ចំនួន​យក​ទៅ​ពិសោធន៍ និង​សម្រេច​ផ្អាក​អាជីវកម្ម​រុករក​រ៉ែ​មាស នៅ​តំបន់​នោះ​ទាំងអស់​ជា​បណ្ដោះអាសន្ន រួម​ទាំង​អាជីវកម្ម​លក្ខណៈ​សហគមន៍​ផង។

ការ​ចុះ​ស្រាវជ្រាវ​នេះ ក្រោយ​ពី​ពលរដ្ឋ រស់​នៅ​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ស្លាប់ ១៨​នាក់ និង​ជាង ៣​រយ​នាក់​ធ្លាក់ខ្លួន​ឈឺ បន្ទាប់ពី​បាន​ប្រើ​ទឹក​ព្រែកទេរ ដែល​មាន​ប្រភព​ពី​ខេត្ត​មណ្ឌលគិរី មាន​សារធាតុ​ពុល។ រីឯ​ពលរដ្ឋ​នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មាន​អាការៈ​ខុស​ប្រក្រតី​ជាង ៨០​នាក់​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ចំនួន៥ ក្នុង​ខេត្ត​ក្រចេះ និង ខេត្ត​មណ្ឌលគិរី​កំពុង​លំបាក​វេទនា​ខ្វះខាត​ទឹក​ប្រើ និង​លំបាក​ចិញ្ចឹម​សត្វ​ពាហនៈ ដោយសារ​ទឹកអូរ​មាន​ជាតិពុល។

អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក ចាន់ ថា ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី២២ ឧសភា ថា ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅឡើយ​ទេ។ លោក​ថា ប្រសិនបើ​សហគមន៍​ប្រទះឃើញ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម ហួស​ពី​អាជ្ញាប័ណ្ណ សហគមន៍​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​ចាត់វិធានការ​ច្បាប់៖ «មាន​ក្រុមហ៊ុន រ៉ុង ឆេង គេ​មាន​ច្បាប់​ត្រឹមត្រូវ មាន​ច្បាប់​ត្រឹមត្រូវ​មែន តែ​យើង​មិន​អនុញ្ញាត​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​ទេ។ គ្រាន់តែ​យើង​ទុក​ឱ្យ​គាត់​រៀបចំ​ទីតាំង​សម្រាប់​ចម្រាញ់​ទេ មិនទាន់​មាន​អាជីវកម្ម​ទេ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ក្រសួង​រ៉ែ និង​ថាមពល គួរតែ​បង្កើត​យន្តការ​ការ​ទទួល​ព័ត៌មាន​ទាក់ទង​ការគ្រប់គ្រង​ធនធាន​រ៉ែ ឱ្យ​ពលរដ្ឋ​យល់ដឹង និង​ចូលរួម​ចំណែក​តាម​លទ្ធ​ភាព​ក្នុង​កិច្ច​គាំពារ​ធនធានធម្មជាតិ។ លោក​ថា ការស្វែងរក​ស្ថាប័ន​ណាមួយ​ឱ្យ​មក​ទទួល​ខុសត្រូវ ការគ្រប់គ្រង​វិស័យ​រ៉ែ​នៅ​មាន​ភាព​មិន​ច្បាស់លាស់។ ហេតុនេះ​លោក​ចង់​ឃើញ ក្រសួង​ពាក់ព័ន្ធ​ត្រូវ​មាន​គោលជំហរ​ច្បាស់លាស់ និង​តម្លាភាព​គ្រប់គ្រង​អាជីវកម្ម​រ៉ែ​ឱ្យ​បាន​ត្រឹមត្រូវ៖ «បារម្ភ​ថា មាន​ភាព​មិន​ប្រក្រតី​ដំណាក់កាល​សិក្សា​ស្រាវជ្រាវ​វា​បាន​ក្លាយ​ជា ដំណាក់កាល​រុករក ព្រោះ​អី​យើង​ឃើញ​ថា កន្លែង​ជីក​គាស់​កាយ កន្លែង​មួយ​ចំនួន​ទម្រង់​ជា​ការ​រុករក ជា​ជាង​ការ​សិក្សា​ស្រាវជ្រាវ។ ហេតុផល​នេះ​ហើយ ដែល​យើង​មើល​ឃើញ​ថា ការគ្រប់គ្រង​វិស័យ​រ៉ែ កំពុង​មាន​បញ្ហា វា​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​ការគ្រប់គ្រង​មិនបាន​គ្រប់​ជ្រុងជ្រោយ»

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា មន្ត្រី​ជំនាញ​ក្រសួង​ពាក់ព័ន្ធ បាន​យក​ឈាម​អ្នក​ស្លាប់ យក​ទៅ​ពិ​និត្យនៅ​ប្រទេស​សិង្ហបុរី រក​ឃើញ​ថា ពុំ​មាន​ជាតិ​ហ្សានីដ (Cyanide) នៅ​ក្នុង​ឈាម​ទេ គឺ​មាន​ជាតិពុល​ផ្សេងៗ ដែល​ក្រសួង​សុខាភិបាល​បាន​ពិនិត្យ​រួចហើយ ដោយ​រក​ឃើញ​ថា ពលរដ្ឋ​ស្លាប់ ដោយសារ​ថ្នាំពុល​សម្លាប់​សត្វល្អិត ថ្នាំ​ស្មៅ និង​ស្រា​ស។

ការ​លើកឡើង​នេះ​ផ្ទុយ​ពី​ការ​រកឃើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធិ បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ធាតុ​ពិត​ដែល​នៅ​ពីក្រោយ ករណី​ស្លាប់​នៅ​ក្រចេះ និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​គីមី​មាន​ឈ្មោះថា ក្រូម (Chromium) និង​ហ្សានីដ (Cyanide) ដែល​គេ​ប្រើ​សម្រាប់​ចម្រាញ់​រ៉ែ​មាស។

យ៉ាងណា សហគមន៍​រស់នៅ​តំបន់​រ៉ែ បាន​ទម្លាក់កំហុស​លើ អាជីវកម្ម​ក្រុមហ៊ុន​រុករក​រ៉ែ​មាស ឈ្មោះ រ៉ុង ឆេង ដែល​ប្រើ​សារធាតុ​ស្យានីដ (Cyanide) ចម្រាញ់​មាស បង្ហូរ​កាកសំណល់​ចូល​ទឹក បង្ក​ឱ្យ​កម្រិត​ទឹក​មាន​ជាតិពុល​ខ្ពស់​បំផុត អាច​សម្លាប់​ជីវិត​មនុស្ស​ភ្លាមៗ​។ ពួកគេ​អះអាង​ថា ក្រសួង​រ៉ែ និង​អាជ្ញាធរ គ្មាន​ការទទួលខុសត្រូវ​គ្រប់គ្រង​ធនធាន​រ៉ែ​របស់​ខ្លួន បង្ក​ឱ្យ​ពលរដ្ឋ​នៅតែ​រងគ្រោះ និង​បាត់បង់​ទីកន្លែង​អាស្រ័យ​ផល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment