អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​គាំទ្រ​យុទ្ធនាការ​ទាមទារ​ដោះលែង​លោក ជេមស៍ រីកខិតសិន

ដោយ មាន ឫទ្ធិ
2018-05-24
RFA

ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។ Photo provided
ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។ Photo provided


អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាប៊ុត (Tony Abbott) ទាមទារ​ឲ្យ​ដោះលែង ផលិតករ​ខ្សែ​ភាពយន្ត លោក ជេមស៍ រីកខិតសិន (James Ricketson) ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ពី​បទ​ចារកម្ម។

កាសែត South East Asia ផ្សាយ​កាលពី​ថ្ងៃ​ទី២៣ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា លោក តូនី អាប៊ុត បាន​សរសេរ​ក្នុង​គេហទំព័រ​មួយ​ឈ្មោះ «យុទ្ធនាការ​ដោះលែង ជេមស៍ រីកខិតសិន» ដែល​មាន​អ្នកគាំទ្រ​ជាង ៧​ម៉ឺន ៤​ពាន់​នាក់ ថា លោក ជេមស៍ រីកខិតសិន មិន​គួរ​ណា​ត្រូវ​បាន​ជាប់ពន្ធនាគារ ដោយសារ​ការ​បង្ហោះ​ឌ្រូន (Drone) សម្រាប់​ថត​យក​រូបភាព​ពី​ក្បួន​ឃោសនាបោះឆ្នោត​នោះ​ឡើយ ហើយ​ថា ការ​ឃុំខ្លួន​រយៈពេល​ជាង ១២​ខែ​មកនេះ ដោយ​ពុំ​មាន​បើកសវនាការ​ចោទប្រកាន់ នីតិវិធី​របស់​តុលាការ គឺ​មិន​ត្រឹមត្រូវ​ឡើយ។

អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាប៊ុត ក៏បាន​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាកខុល ថឺនប៊ុល (Malcolm Turnbull) បញ្ជាក់​ទៅ​របប​លោក ហ៊ុន សែន ថា ការ​ឃុំខ្លួន​នេះ​គឺ​ហួសពេល​កំណត់ ហើយ​ត្រូវ​តែ​ដោះលែង​លោក ជេមស៍ រីកខិតសិន ផ្អែក​លើ​មនុស្សធម៌ ដើម្បី​ឲ្យ​លោក​អាច​វិលត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​វិញ។

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី បីហ្សប (Julie Bishop) កាល​ពី​ពេល​កន្លង​មក​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ពី​ករណី​ឃុំខ្លួន លោក ជេមស៍ រីកខិតសិន ក៏​ប៉ុន្តែ​លិខិត​នោះ មិន​បាន​បង្ហាញ​ខ្លឹមសារ​ជា​សាធារណៈ​ឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ លោក រីកខិតសិន នៅតែ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment