ករណី​ពុល​នៅ​ក្រចេះ​ពិសោធ​ឃើញ សារធាតុ​ហ្សានីដ

លោក​ ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន​ ថ្លែងក្នុងពិធី​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី​ «​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​ថ្នាក់ដឹកនាំ​វ័យក្មេង និង​យុវជន រាជធានី​ភ្នំពេញ​» ​កាលពី​ម្សិលមិញ។ Pha Lina




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ម្នាក់​បាន​ទម្លាយ​​ពី​លទ្ធផល​ខ្លះៗ​នៃ​ការរកឃើញ​​សារធាតុពុល​លើ​សំណាក​ឈាម​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​ការពុល​នៅ​ខេត្ត​ក្រចេះ កាលពី​ដើម​ខែ​ឧសភា​នេះ​ថា​មាន​សារធាតុ​ «​ស្យានីដ​» ​ជា​ផ្នែក​មួយ​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ប្រមាណ​ ៣០០ ​នាក់​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់​ ១៤ ​នាក់ ប៉ុន្តែ​មិន​​បាន​បញ្ជាក់​ពី​កម្រិត​នៃ​ផលប៉ះពាល់​នោះ​ទេ​។

លោក​ ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​យ៉ាង​ខ្លី​ប្រាប់​អ្នក​សារព័ត៌មាន​នៅឯ​សណ្ឋាគារ កាំបូឌីយ៉ា ​ក្នុង​ពេល​លោក​ចូលរួម​ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី​ «​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​ថ្នាក់ដឹកនាំ​វ័យក្មេង និង​យុវជន រាជធានី​ភ្នំពេញ​» ​កាលពី​ម្សិលមិញ​ថា ការពិសោធ​លើ​សំណាក​ឈាម​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ករណី​ពុល​នៅ​ខេត្ត​ក្រចេះ​កាលពី​ ៣ ​សប្ដាហ៍​មុន​នោះ​បាន​រកឃើញ​មាន​សារធាតុ «​ស្យានីដ​» ប៉ុន្តែ​ក្នុង​កម្រិត​តិចតួច​បំផុត​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​ [​អធិប្បាយ​រឿង​] ​នេះ​ទេ ប៉ុន្តែ​បើ​តាម​ខ្ញុំ​មើល​ជំហាន​ដំបូង​ដូចជា គ្មាន​កម្រិត​ខ្ពស់​ប៉ុន្មាន​ទេ នៅក្នុង​ស៊ែម​ផល​ [​សំណាក​] ​ដូចជា​មាន​ ១-២ ​ទេ​។ តែ​ខ្ញុំ​សូម​អធ្យាស្រ័យ ការងារ​ហ្នឹង​នៅ​ក្នុង​កម្រិត​ជំនាញ គាត់​ត្រូវ​បកស្រាយ​ទៀត​។

លទ្ធផល​ដំបូង​នេះ​គឺ​គ្រាន់តែ​ប្រាប់​យើង​ថា កម្រិត​ណាៗ​ទេ តែ​ការ​បកស្រាយ​ធៀប​ជាមួយ​ស្តង់ដារ​ជាតិ​គឺជា​រឿង​មួយ​ផ្សេង​ទៀត​ដើម្បី​ពន្យល់​ថា កម្រិត​គ្រោះថ្នាក់​ហ្នឹង​វា​ប៉ុនណា និង​​ដើម្បី​ចាត់​វិធានការ​អី​ទៀត​»​។

បើ​តាម​លោក ពន្លក ក្នុង​អំឡុងពេល​នេះ​ក្រុម​មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល​កំពុង​រួមគ្នា​​រៀបចំ​របាយការណ៍​លម្អិត​ដោយ​ផ្អែកលើ​លទ្ធផល​វិភាគ​ដើម្បី​ដាក់​ជូន​ប្រមុខ​​រាជរដ្ឋាភិបាល​ពិនិត្យ និង​វាយតម្លៃ​។

លោក​បាន​បន្ត​ថា​៖ «​លទ្ធផល​ [​នៃ​ការវិភាគ​លើ​សំណាក​នោះ​] ​បាន​ចេញ​រួច​ទៅ​ហើយ ប៉ុន្តែ​នៅ​ការបកស្រាយ​។ ​លទ្ធផល​គ្រាន់​តែ​ប្រាប់​ថា​ក្នុង​កម្រិត​​នេះៗ ប៉ុន្តែ​ការបកស្រាយ​ថា តើ​កម្រិត​​ហ្នឹង​វា​នៅ​ក្រោម​ស្ដង់ដារ​ ឬ​ខ្ពស់​ជាង​ស្ដង់ដារ វា​មាន​គ្រោះថ្នាក់​ប៉ុន​ណា គឺ​ឥឡូវ​ហ្នឹង​អ្នក​ឯកទេស​យើង​កំពុង​ធ្វើ​របាយការណ៍​ហ្នឹង​ហើយ​»​។

យ៉ាងណា​ក្ដី​ការ​រកឃើញ​សារធាតុ​ «​ស្យានីដ​» ​ដោយ​មន្ទីរពិសោធន៍​នៅ​ប្រទេស​សិង្ហបុរី​នេះ គឺ​ហាក់​ដូចជា​​ស្រដៀង​គ្នា​ខ្លះ​នឹង​ការលើក​ឡើង​របស់ ​​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពី​ថ្ងៃទី​ ១៧ ខែ​ឧសភា ឆ្នាំ​ ២០១៨ ដែល​ថា​ក្រៅពី​សារធាតុ​ក្រូម និង នីទ្រីត ក៏​មាន​សារធាតុ​ស្យានីដ ផង​ដែរ​ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​សំណាក​ទឹក​ដែល​ត្រូវ​បាន​នាំ​មកពី​ព្រែក​ទេរ និង​អូរគគីរ​ដែល​អ្នក​ភូមិ​ស្រែន និង​ភូមិ​អាលច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​​ក្រចេះ​បាន​ប្រើប្រាស់ ហើយ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​ជិត​ ៣០០ ​នាក់​​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់​ ១៤ ​នាក់​កាលពី​ដើម​ខែ​នេះ​។

បើ​តាម​លោក ចម ប្រសិទ្ធ សារធាតុ​ស្យានីដ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការលាង​សម្អាត​មាស ហើយ​សារធាតុ​នេះ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស ​សត្វ និង​បរិស្ថាន​។

ការរកឃើញ​សារធាតុ​ស្យានីដ​​នៅក្នុង​ទឹក​បាន​ជំរុញ​ឲ្យ​ក្រុម​អធិការកិច្ច​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​នាំ​គ្នា​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​អាជីវកម្ម​អណ្ដូងរ៉ែ​មាស​ក្នុង​តំបន់​ចុង​ផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​ដែល​ទី​នោះ​មាន​​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ រ៉ុងឆេង កំពុង​សង់ការដ្ឋាន​អណ្ដូងរ៉ែ​​មាស​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​លួច​បង្ហូរ​សារធាតុ​នេះ​​ទៅ​ក្នុង​ទឹកអូរ និង​ព្រែក​ធម្មជាតិ​។

ជុំវិញ​ក្ដី​សង្ស័យ​នេះ​លោក លី ម៉ាន់ជីង នាយករង​ក្រុមហ៊ុន Rong Chheng Industrial (Cambodia) Co.,Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ អ្នក​បកប្រែ គឺ លោក យ៉ិន សុខម៉េង កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​លោក​មក​ទល់​ពេល​នេះ​នៅ​​ពុំ​ទាន់​បាន​ដំណើការ​ជីក​អណ្ដូងរ៉ែ​មាស​ទេ ហើយ​ក៏​ពុំ​បាន​នាំ​ចូល​សារធាតុ​ស្យានីដ នេះ​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពេលនេះ​ក្រុមហ៊ុន​យើង​កំពុង​ដំណើរការ​សាងសង់​ការដ្ឋាន​នៅ​មិន​ទាន់​មាន​ការជីក​ខួងអណ្ដូង​រ៉ែ ទេ ​ហើយ​ក៏​មិន​មាន​ការនាំ​ចូល​សារធាតុ​ស្យានីដ នោះ​ដែរ​។ យើង​រីករាយ​ក្នុង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ស្រាវជ្រាវ​លើ​ករណី​នេះ »​។

បើ​តាម​លោក លី ក្រុម​អធិការកិច្ច​បាន​ចុះ​ទៅ​ដល់​ការដ្ឋាន​ក្រុមហ៊ុន​លោក​នៅ​ព្រឹក​ម្សិលមិញ​​នេះ​ដោយ​បាន​ពិនិត្យ​មើល​គ្រប់​ទីកន្លែង និង​បាន​បន្ត​ចុះ​មើល​ទីតាំង​រណ្ដៅ​អណ្ដូងរ៉ែ​សហគមន៍​ក្នុង​​តំបន់​ចុង​ផ្លាស់​ផង​ដែរ តែ​លទ្ធផល​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​។

លោក លី បន្ថែម​ថា​៖ «​យ៉ាងណា​ក្រុមហ៊ុន​យើង​គ្មាន​បារម្ភ​​អ្វី​នោះ​ទេ ព្រោះ​យើង​គ្មាន​សាង​កំហុស ហើយ​ក៏​គ្មាន​សារធាតុ​ស្យានីដ​នេះ​ដែរ​»​។

គិត​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជាង​ ៣ ​សប្ដាហ៍​​ហើយ ដែល​ពលរដ្ឋ​រងគ្រោះ​ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​រង់ចាំ​លទ្ធផល​ផ្លូវការ​​ជុំវិញ​ករណី​ពុល​នេះ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ពុំ​ទាន់​ដក​បម្រាម​នៃ​ការប្រើ​ទឹក​ដែល​មាន​ប្រភព​ពី​ព្រែក​ទេរ និង​អូរគគីរ ។

លោក ហង្ស ចាន់ឌី អភិបាលស្រុក​ចិត្របុរី​បាន​ថ្លែង​ថា​ពេល​នេះ​អាជ្ញាធរ​ខេត្ត​ស្នើ​ឲ្យ​ស្ថាប័ន​​ជំនាញ​តាមដាន​សារធាតុ​ពុល​ឲ្យ​ញឹកញាប់​ដើម្បី​ឲ្យ​ប្រាកដ​​ថា ឥទ្ធិពល​នៃ​សារធាតុពុល​នោះ វា​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ណា ហើយ​បើ​វា​លែង​ប៉ះពាល់​​សុខភាព​គប្បី​ដក​បម្រាម​វិញ​។

លោក​ថា​៖ «​ប៉ុន្តែ​ពេល​នេះ​​ខាង​ជំនាញ​ពុំទាន់​ថា​យ៉ាង​ដូចម្ដេច​នៅ​ឡើយ​ទេ ដូច្នេះ​យើង​ខ្ញុំ​ក៏​​ពុំ​ហ៊ាន​សម្រេច​បម្រាម​នេះ​ដែរ​»​។

លោក​បន្ត​ថា​៖ «​នៅ​ចំពោះ​មុខ​អាជ្ញាធរ​យើង​ខ្ញុំ​នៅ​បន្ត​ការចែក​ទឹក​ស្អាត​ដល់​អ្នក​ភូមិ​ក្នុង​តំបន់​រងគ្រោះ​នៅ​ឡើយ ហើយ​កំពុង​ពន្លឿន​ការជីក​អណ្ដូង​ផ្ដល់​​ជូន​ពួកគាត់​ប្រើប្រាស់​ជំនួស​ជា​​បណ្ដោះ​អាសន្ន​»៕

What Next?

Recent Articles