លោក ហ៊ុន សែន ប្រកាស​ទទួល​ស្គាល់​តែ​របាយការណ៍​ក្រសួង​សុខាភិបាល​ករណី​ពុលមនុស្ស​ស្លាប់​នៅ​ក្រចេះ

ដោយ អេង គីមហុង
25/05/2018
RFI

media
រូបភាព៖​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ​ទី​២៥​ឧសភា​ឆ្នាំ​២០១៨​នេះ
@Samdech Hun Sen, Cambodian Prime Minister


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រើប្រាស់​វេទិកា​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ស្ដី​បន្ទោស​រដ្ឋមន្ត្រី ដែល​ចេញ​ផ្សាយ​លទ្ធផល​ផ្សេង​គ្នា ទាក់ទង​ករណី​ពុល​បណ្តាល​ឲ្យ​មនុស្ស​១៣​នាក់​ស្លាប់​នៅ​ក្រចេះ។ លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ករណី​មនុ​ស្ស​​​ស្លាប់​នៅ​ក្រចេះ គឺ​លោក​ទទួល​ស្គាល់​តែ​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ប៉ុណ្ណោះ។ របាយការណ៍​ក្រសួង​សុខាភិបាល​ដែល​បង្ហាញ​ថា មនុស្ស​ស្លាប់​នៅក្រចេះ បណ្ដាល​មក​ពី​ការ​ផឹក​ស្រាស បូក​រួម​នឹង​ការ​ប្រើប្រាស់​ទឹក​ព្រែក។

 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ​នេះ​ថា មូល​ហេតុ​ដែល​លោក​ទទួល​ស្គាល់​តែ​របាយការណ៍​ក្រសួង​សុខាភិបាល​ទាក់​ទង​ករ​ណី​​មនុស្ស​១៣នាក់ ពុល​ស្រា​ស្លាប់​នៅ​ក្រចេះ ដោយ​សារ​តែ​រូប​លោក​ផ្ទាល់​បាន​ធ្វើ​ការ​ងារ​នេះ ជាមួយ​ក្រសួង​សុខាភិបាល​តាំង​តែ​ពី​ដើម​រហូត​មក។ ក្រសួង​សុខាភិបាល ចំពោះ លោកនាយករដ្ឋមន្ត្រី គឺ​បាន​ធ្វើ​ការងារ​នេះ​ស្និទ្ធ​ជាមួយ​នឹង​ពលរដ្ឋ​ជាង​ក្រសួង​ឯទៀត តាម​រយៈ​ការ​ដឹក​អ្នក​ជំងឺ​មក​សង្គ្រោះ​ដល់​មន្ទីរ​ពេទ្យ​នៅ​ភ្នំពេញ។ ចំណែក​របា​យ​ការណ៍​ចេញ​ពី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម លោក​មិន​ទទួល​ស្គាល់​ឡើយ​ព្រោះ​ការ​ចេញ​​ផ្សាយ​នេះ មិន​បាន​ឆ្លង​កាត់​ការ​ឯកភាព​ពី​លោក។

ទាក់ទង​ទៅ​នឹង​ករណី​មនុស្ស​ស្លាប់​១៣​នាក់​នៅ​ក្រចេះ​នេះ​ ដំបូង​ឡើយ​ ក្រសួង​សុខា​ភិបាល​រក​ឃើញថា ករណីនេះ ​បណ្តាលមកពី​ការពុល​ស្រា និង​មួយចំនួនទៀត​សង្ស័យ​ថា​ពុល​ទឹក​ព្រែក ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ។ ក៏ប៉ុន្តែ​ក្រោយមក​លោក ចម ប្រសិទ្ធ ដែលជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចេញមក​អះអាងថា ករណី​ពុល​ស្លាប់​នៅក្នុង​ខេត្តក្រចេះ​នេះ គឺ​បណ្តាលមកពី​សារធាតុ​ហ្សា​នី​ដ ដែល​គេ​ប្រើ​ប្រាស់​​សម្រាប់​លាង​រ៉ែ​មាស​ទៅវិញ។ តែ​មូលហេតុ​របស់លោក​ចម ប្រសិទ្ធ​នេះ ត្រូវបាន​លោក​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ទាត់ចោល។ សម្រាប់​លោក​ស៊ុយ សែម​វិញ ករណី​ពុល​នេះ គឺ​បណ្តាលមកពី​ថ្នាំពុល​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ និង​ករណី​មួយចំនួនទៀត គឺ​បណ្តាលមកពី​ពុល​ស្រា ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ទទួល​ស្គាល់​បន្ថែម​ទៀត​ចំពោះ​លទ្ធផល​ចេញ​ផ្សាយ​រួម​គ្នា​របស់​ក្រសួង​ទាំង​បី​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ថា ពល​រដ្ឋ​ស្លាប់​ដោយ​សារ​ពុល​ស្រាស ដែល​មាន​សារធាតុ​មេតា​ណុល​ខ្ពស់។ ហើយ​មួយ​ចំណែក​ទៀត​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់ ទឹក​ព្រែក មាន​សារធាតុគីមី ដែល​មាន​កំហាប់​ខ្ពស់​បណ្តាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

ទាក់ទង​ការ​ចេញ​ផ្សាយ​របាយការណ៍ ដែល​លោក​នាយករដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា ជាការ សាច​ទឹក​ដាក់​គ្នា​នេះ លោក​ក៏​ព្រមាន​បណ្ដេញ​រដ្ឋមន្ត្រី​ចេញ​ពី​តួនាទី​ផង​ដែរ។ ក្រោយ​ផ្ទុះ​ករណី​នេះ សមាគមចិន​នៅ​កម្ពុជា​បាន​ឧបត្ថម្ភថវិកា​៨ម៉ឺន​ដុល្លារ ជួយ​ដល់អាជ្ញាធរ​ខេត្ត​ក្រចេះ។ នេះ​បើ​តាម​លោក​នាយករដ្ឋមន្ត្រី។

ខណៈ​មាន​ការ​ចោទ​សួរ​អំពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ពលរដ្ឋ​ចំនួន​១​៣​នាក់​​​​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ុំ សុថា បញ្ជាក់ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា។ តាម​រយៈ​ការ​ស្វែង​រក​អ្នក​បង្ក​ហេតុ​ដូច​ជា អ្នក​ផលិត​ស្រា និង​អ្នក​ប្រើប្រាស់​សាធាតុ​គីមី​ជា​ដើម មក​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់៕

What Next?

Recent Articles

Leave a Reply

Submit Comment