ផលវិបាក​នៃ​ការ​ប្រើ​ថ្នាំ​ខុស​បច្ចេកទេស​បង្ក​ឱ្យ​ពិបាក​ព្យាបាល

ដោយ ម៉ៅ សុធានី
2018-05-30
RFA

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ Photo: RFA
អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ Photo: RFA


ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​បារម្ភ​ពី​ការប្រើប្រាស់​ឱសថ​ខុស​បច្ចេកទេស និង​ការ​កើន​ឡើង​នៃ​ភាព​ស៊ាំ​នឹង​ឱសថ ប្រឆាំង​មេរោគ។ ក្តី​បារម្ភ​នេះ​ធ្វើឡើង ក្នុង​សន្និសីទ​ថ្នាក់​ជាតិ លើក​ទី​១ កាលពី​ថ្ងៃ​ទី២៨ ខែ​ឧសភា ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល បរិស្ថាន ក្រសួង​កសិកម្ម និង​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ជាង ២០០​នាក់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ដែល​បាន​ដក​ស្រង់​ប្រសាសន៍ ប្រធាន​ក្រុមការងារ​បច្ចេកទេស​ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ នៃ​ក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ឱ្យ​ដឹង​ថា ឱសថ​សម្លាប់​មេរោគ ដែល​មនុស្ស​ភាគច្រើន​ហៅថា ថ្នាំ​ព្យាបាល​នោះ គឺ​មិនបាន​ប្រើប្រាស់​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​ឡើយ ទើប​មាន​ជំងឺ​មួយ​ចំនួន ដែល​ធ្លាប់​តែ​ព្យាបាល​២ ឬ​៣​ថ្ងៃ ជាសះស្បើយ បែរជា​ប្រើ​ពេល​ព្យាបាល​ពី ១០​ថ្ងៃ ទៅ ១៥​ថ្ងៃ​ហើយ នៅ​មិន​ទាន់​បាន​ជាសះស្បើយ​ពី​ជំងឺ​នៅឡើយ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អះអាង​ថា​ប្រសិនបើ​បញ្ហា​នេះ​នៅតែ​បន្ត​ទៀត​ទៅ​ថ្ងៃ​អនាគត អាច​នឹង​គ្មាន​ឱសថ​ព្យាបាល​ជំងឺ និង​ឱសថ​សម្លាប់​មេរោគ​ទេ។ លោក​បន្ត​ថា បញ្ហា​ដែល​បណ្ដាល​ឱ្យ​មាន​ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នោះ វា​មិនមែន​ត្រឹមតែ​ការ​ប្រើ​ឱសថ​ព្យាបាល​ជំងឺ​ខុស​វេជ្ជបញ្ជា​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​កំពុង​កើតឡើង​ចំពោះ​ចំណីអាហារ បន្លែ សាច់​សត្វ​ផ្សេងៗ ជាច្រើន​ប្រភេទ ហើយ​វត្ថុ​ធាតុដើម​ទាំងនេះ​សុទ្ធតែ​ប្រើប្រាស់​ថ្នាំ​គីមី។

លោក​វេជ្ជបណ្ឌិត​ផ្ដល់​ដំបូន្មាន​ថា «ដើម្បី​ចៀសវាង​ការប្រើប្រាស់​ថ្នាំ​ខុស​បច្ចេកទេស និង​បង្ក​ឱ្យ​មាន​ភាព​ស៊ាំ​នឹង​ឱសថ​នេះ ជំហាន​ដំបូង​ពេល​ឈឺ អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំពេទ្យ​ព្យាបាល​តាម​វេជ្ជបញ្ជា ហើយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ការពារ​មេរោគ​នោះ​ទេ។ បន្ថែម​ពី​នេះ លោក​ថា អ្នក​ជំងឺ គួរតែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​យើង​អាច​ប្រើប្រាស់​ថ្នាំ​បាន​ត្រឹមត្រូវ»

ចំណែក ប្រធាន​ក្រុមការងារ​បច្ចេកទេស​ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នៃ​ក្រសួងកសិកម្ម លោក បណ្ឌិត សរ ចិត្រា ថ្លែង​ថា ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នេះ កំពុង​ចោទ​ជា​បញ្ហា​ខ្លាំង ចំពោះ​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​នៅ​ក្នុង​តំបន់។ លោក​បន្ត​ថា​ការប្រើប្រាស់​ថ្នាំ​គីមី​ក្នុង​វិស័យ​កសិកម្ម និង​វិស័យ​ចិញ្ចឹម​សត្វ នៅ​កម្ពុជា អាច​ចោទ​ជា​បញ្ហា និង​អាច​នាំ​ទៅ​រក​ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ ព្រោះ​បច្ចុប្បន្ន​មិន​មាន​ការគ្រប់គ្រង​ច្បាស់លាស់​អំពី​ការប្រើប្រាស់។

លោក អាឡិចហ្សិនដឺ ឃ្វីង (Alexandre Huynh) តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ថា​លោក​គាំទ្រ​ឱ្យ​មាន​សេចក្ដីព្រាង​ពី​ផែនការ​សកម្មភាព​ពហុ​វិស័យ​លើ​ភាព​ស៊ាំ​នឹង​ឱសថ ប្រឆាំង​មេរោគ​សម្រាប់​ឆ្នាំ​២០១៨២០២២ ព្រមទាំង​បង្ក​ឱ្យ​មាន​លទ្ធភាព​បង្កើត​ឯកសារ​វិភាគ ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នៅ​កម្ពុជា។

ក្រសួងសុខាភិបាល ក៍​បាន​បង្ហាញ​របាយការណ៍​ថា ប្រសិនបើ​គ្មាន​ការទប់ស្កាត់ និង​ផ្សព្វផ្សាយ​ទេ​នោះ បញ្ហា​មនុស្ស​ស្លាប់​ដោយ​ការ​ប្រើ​ឱសថ​ខុស​បច្ចេកទេស និង​ការ​កើន​ឡើង​នេះ ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ នឹង​កើន​ឡើង​ពី ជាង ៧០​ម៉ឺន នាក់​ក្នុង​មួយឆ្នាំៗ ដល់​ចំនួន ១០​លាន​នាក់ នៅ​ឆ្នាំ​២០៥០ នៅ​លើ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles