ច្បាប់​សញ្ជាតិ​ថ្មី​រង​ការ​រិះគន់ ថា​អាច​ក្លាយ​ជា​គ្រោះ​មហន្តរាយ​មួយទៀត​សម្រាប់​អនាគត​កម្ពុជា

ដោយ មាន ឫទ្ធិ
2018-06-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA


ពលរដ្ឋ​រិះគន់​ច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ​ដែល​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​ជាតិ


ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម រិះគន់​របប​លោក ហ៊ុន សែន ខណៈ​របប​នេះ ប្រញាប់ប្រញាល់​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ថ្មី ស្ដីពី​សញ្ជាតិ ឲ្យ​បាន​រួចរាល់ នៅមុន​ការ​បោះឆ្នោត​ជាតិ ថ្ងៃ​ទី​២៩ ខែ​កក្កដា មក​ដល់។ ពួកគេ​ព្រួយបារម្ភ​ថា ច្បាប់​ថ្មី​នេះ អាច​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​ថ្មី​មួយទៀត​សម្រាប់​អនាគត​ប្រទេសជាតិ ពូជសាសន៍​ខ្មែរ និង​អធិបតេយ្យ​កម្ពុជា ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ និង​ចូល​ជា​ធរមាន ក្រោយ​ឆ្លងកាត់​ព្រឹទ្ធសភា និង​ស្ថាប័ន​ក្រុម​ប្រឹក្សាធម្មនុញ្ញ​នា​ពេល​ឆាប់ៗ​នេះ។

ការរិះគន់​ជា​បន្តបន្ទាប់​នេះ ធ្វើឡើង​នៅ​ក្រោយ​ពេល​ដែល​រដ្ឋសភា​ជាតិ បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​សញ្ជាតិ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​១០ របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មី​នេះ។ ហើយ​ច្បាប់​នេះ បច្ចុប្បន្ន កំពុង​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធសភា រួច​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​អនុម័ត​បន្ត មុននឹង​សម្រេច​ឡាយ​ព្រះហស្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ធរមាន​ដោយ​ព្រះមហាក្សត្រ។ ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ នឹង​បើកផ្លូវ​ឲ្យ​ជនអន្តោប្រវេសន៍​កំពុង​រស់នៅ​កម្ពុជា ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ​ស្របច្បាប់ ក្រោយ​បំពេញ​តាម​លក្ខខណ្ឌ​កំណត់​មួយ​ចំនួន​ដែល​មាន​ចែង​កំណត់​ក្នុង​ច្បាប់​នេះ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ «សែន ស្រណោះ» សរសេរ​បរិយាយ​ថា «វា​ជា​រឿង​ចៃដន្យ​ពេក​ហើយ ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​ខិត​ជិត​មកដល់ ដែល​ច្បាប់​សញ្ជាតិ នឹង​កែប្រែ​ជនបរទេស​ពី​ខុសច្បាប់ មក​ជា​ស្របច្បាប់​វិញ»។ ម្ចាស់​គណនី​ដដែល​សរសេរ​បន្ត​ថា ដូច​តាម​ការ​គ្រោងទុក គណៈប្រតិភូ​វៀតណាម បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ការពារ​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​កម្ពុជា ដែល​លោក​ថា នេះ​ជា​កាលៈទេសៈ​គាប់​ជួន​គ្នា​ល្អ​ណាស់។

មិន​ខុសគ្នា​ប៉ុន្មាន​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ «សែន ស្រណោះ» នេះ​ដែរ ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ នគរ​គោកធ្លក ម៉ែន ណាត ដែល​ជា​ស្ថាបនិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​តែង​និយាយ​រិះគន់​ឥត​សំចៃ​ដល់​របប​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍ និង​ព្រំដែន សរសេរ​ថា រដ្ឋសភា​ខុសច្បាប់​ទៅ​ហើយ ហើយ​គិត​នាំគ្នា​អនុម័ត​ច្បាប់ ដែល​លោក ហៅថា ជា​ច្បាប់​ដ៏​ឆ្កួត​លីលា សំដៅ​ផ្ដល់​សិទ្ធិ​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម តាម​សំណើ​ជា​ហូរហែ​របស់​មេដឹកនាំ​វៀតណាម។ លោក ម៉ែន ណាត សរសេរ​បន្ត​ថា យើង​សូម​ច្រានចោល​នូវ​ច្បាប់​ទាំងឡាយ​ណា​ដែល​ប្រាសចាក​ពី​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ ហើយ​យើង​ក៏​សូម​រក្សា​សិទ្ធិ​លុបចោល ឬ​ធ្វើ​និរាករណ៍​ច្បាប់​ទាំងនោះ ដរាបណា​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ល្អ។

ដោយឡែក អ្នកប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ ណែវ សំអុល សរសេរ​ថា យ៉ាង​យូរ ៣០​ឆ្នាំ​ទៀត ខ្មែរ នឹង​ក្លាយ​ជា​ជនជាតិភាគតិច​លើទឹក​ដី​កំណើត​របស់​ខ្លួន​ហើយ។ រីឯ អ្នកប្រើប្រាស់​ហ្វេសប៊ុក ដាក់​ឈ្មោះថា «ក្រុង​អង្គរធំ» សរសេរ​ថា «​បើ​យ៉ាង​នេះ ជនជាតិ​វៀតណាម និង​ចិន ក្លាយ​ជា​ខ្មែរ​ហើយ ឯ​ខ្មែរ​ក្លាយ​ជា​ជនជាតិភាគតិច​វិញ​ហើយ​បើ​អ៊ីចឹង​នោះ»

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ «ក្រចេះ ខេត្ត​ខ្ញុំ» សរសេរ​ថា «ខ្ញុំ​មិន​សុខចិត្ត​ទេ» រីឯ​ម្ចាស់​គណនី​ឈ្មោះ ប៉ុន សាចារ៉ា (Ponn Sachara) សរសេរ​ថា «​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ខ្មែរ​អើយ ចាក់​អង្ករ យក​អង្កាម»

ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ប្រញាប់​អនុម័ត​ពង្រាង​ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញ​ថា អាច​មាន​ពាក់ព័ន្ធ​នឹង​ករណី​ដែល​របប​លោក ហ៊ុន សែន រង​សម្ពាធ​ពី​រដ្ឋាភិបាល​វៀតណាម ដែល​តែងតែ​ស្នើ​ឲ្យ​របប​នេះ ជួយ​ផ្តល់​កិច្ច​គាំពារ និង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ដើមកំណើត​វៀតណាម​របស់​ខ្លួន ដែល​កំពុងតែ​រស់នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ លោក​ថា ការ​ស្នើ​សុំ​ពី​សំណាក់​ភាគី​វៀតណាម គឺ​តែងតែ​ធ្វើឡើង​នៅ​រៀងរាល់​ពេល​ដែល​មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​បក្ស​កុម្មុយនិស្ត និង​របប​រដ្ឋ​វៀតណាម មក​កម្ពុជា​ម្តងៗ​។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់​អំពី​ហេតុផល​មួយទៀត​នៃ​ការ​ព្យាយាម​អនុម័ត​ច្បាប់​នេះ ដែល​លោក​ថា គឺ​មិន​ខុស​ពី​ការ​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​អំពី​រឿង​ព្រំដែន​កាលពី​ឆ្នាំ​២០០៥ កន្លងទៅ ដើម្បី​ធ្វើ​ឲ្យ​អ្វី​ដែល​ខុសច្បាប់​ទៅជា​ស្របច្បាប់៖ «អត់​ហ៊ាន​បញ្ជូន​គេ​ទៅវិញ គឺ​ធ្វើ​ឲ្យ​ស្របច្បាប់ ក៏ដូចជា​សន្ធិសញ្ញា​អត់​ស្របច្បាប់​រវាង​វៀតណាម និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​មុន​ហ្នឹង ម្លោះ​ហើយ​គេ​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ហ្នឹង ទទួលស្គាល់​សន្ធិសញ្ញា​ដែល​អត់​ស្របច្បាប់ ឲ្យ​ទៅជា​ស្របច្បាប់​វិញ។ របៀប​អ៊ីចឹង គឺ​ជនជាតិ​វៀតណាម​ដែល​មក​ហ្នឹង​គឺ តាម​ពិត​ហ្នឹង គឺ​សឹងតែ​ខុសច្បាប់​ទាំងអស់​គ្នា​ហ្នឹង​បាទ​! តាំងពី​ជំនាន់​រដ្ឋ​កម្ពុជា តាមពិត​តាំង​ពី​ឆ្នាំ​១៩៧៩​មក គឺ​ជនជាតិ​វៀតណាម​ហ្នឹង។ ខ្ញុំ​ឆែក​មើល​ព្រះរាជក្រឹត្យ​ប៉ុន្មាន​ឆ្នាំ ក្រោយ​អ៊ុនតាក់ (UNTAC) មក គឺ​វា​អត់​មាន​ជនជាតិ​វៀតណាម​សុំ​ចូល​សញ្ជាតិ​តាមរយៈ​ច្បាប់​ស្ដីពី​សញ្ជាតិ​នោះ​ទេ»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្លាំង​លើស​លប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សញ្ជាតិ ឲ្យ​ដល់​ជនបរទេស​នេះ។ ការណ៍​នេះ លោក​ថា ធ្វើ​ឲ្យ​រដ្ឋសភា​ពុំ​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការសម្រេច​បញ្ហា​សំខាន់​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ជាតិ​នេះ ដែល​ការណ៍​នេះ បើកផ្លូវ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រំលោភ​អំណាច​ពី​សំណាក់​នាយករដ្ឋមន្ត្រី៖ «វា​អាច​មាន​អំពើពុករលួយ ដល់​ថ្ងៃក្រោយ​ទៅ វា​អាច​ប៉ះពាល់​ដល់​ជនជាតិ ឬ​អធិបតេយ្យ​របស់​ជាតិ​យើង ព្រោះ​តាមរយៈ​ហ្នឹង​គឺ របៀប​អញ្ចឹង ឲ្យ​គេ​នៅ​ស្រួលៗ​ពេក វា​ដូចជា​របៀប​គេ​ហៅថា អាច​យក​ប្រទេស​កម្ពុជា​ធ្វើជា​អាណានិគម តាមរយៈ​ការ​បញ្ចូល​ជនជាតិ​គេ​មក​កាន់តែ​ច្រើន​ទៅៗ»

បន្ថែម​ពីលើ​នេះ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ អះអាង​ថា ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ ធ្វើឡើង​ដោយ​ពុំ​មាន​ការពិគ្រោះ​យោបល់​ឲ្យ​បាន​ផុលផុស​ជាមួយ​ពលរដ្ឋ​ទូទៅ និង​យុវជន​ឡើយ។ លោក​ថា ច្បាប់​នេះ ធ្វើឡើង​ដោយ​សភា​ឯក​បក្ស​របស់​របប​ក្រុងភ្នំពេញ ដែល​ពុំ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដូច្នេះ​របប​នេះ មិន​គួរ​ប្រញាប់​ប្រញាល់​អនុម័ត​នោះ​ទេ ព្រោះ​វា​អាច​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​ទៅវិញ​នា​ពេល​អនាគត។

សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ មិនមែន​ជា​ការ​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​សញ្ជាតិ​ចាស់​កាលពី​ឆ្នាំ​១៩៩៦ ឡើយ ក៏ប៉ុន្តែ ជា​ការ​បង្កើត​ច្បាប់​ថ្មី ដោយ​រក្សាទុក​នូវ​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​សញ្ជាតិ ឆ្នាំ​១៩៩៦ ដែល​នៅ​មាន​លក្ខណៈ​សមស្រប​សម្រាប់​យក​មក​អនុវត្ត​នៅ​ក្នុង​បរិបទ​នា​ពេល​បច្ចុប្បន្ន​នៅ​ឡើយ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ឡើង​ថ្លែង​ការពារ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ ថ្លែង​ថា សញ្ជាតិ​ខ្មែរ គឺជា​ចំណង​គតិយុត្តិ និង​នយោបាយ​ដែល​ភ្ជាប់​បុគ្គល​ទៅ​នឹង​ប្រទេស​កម្ពុជា ហើយ​តាមរយៈ​ចំណង​នេះ រូបវន្តបុគ្គល ត្រូវ​ចាត់ទុកជា​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​ថា ការ​បង្កើត​ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ​ឡើង គឺ​ដោយសារ​ច្បាប់​ចាស់ មិន​សមស្រប​សម្រាប់​អនុវត្ត​ក្នុង​ស្ថានភាព​សង្គម​បច្ចុប្បន្ន។

អគ្គលេខាធិការ​រដ្ឋសភា​ជាតិ លោក ឡេង ប៉េងឡុង ធ្លាប់​ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៣១ ឧសភា នេះ​ថា ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ ធ្វើឡើង​ដើម្បី​ចែង​ឲ្យ​បាន​លម្អិត​ជាង​មុន ពាក់ព័ន្ធ​នឹង​បញ្ហា​ស្ដីពី​សញ្ជាតិ ដោយ​ផ្អែក​គោលការណ៍​សំខាន់ៗ​ចំនួន ៤ ដែល​ត្រូវ​បាន​អនុវត្ត​ជា​សាកល។ គោលការណ៍​ទាំង ៤ នោះ​រួមមាន ការ​ទទួលបាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ការ​ផ្ដល់​សញ្ជាតិ​តាម​ចំណង​អាពាហ៍ពិពាហ៍ ការ​ផ្តល់​សញ្ជាតិ​តាម​ការ​ស្មុំ​កូន និង​ការ​ផ្តល់​សញ្ជាតិ​តាម​ការ​ផ្តល់​វិភាគទាន ឬ​វិនិយោគ​ជាដើម។ លោក​បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ មិន​បាន​បញ្ជាក់​អំពី​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៃ​ការ​វិនិយោគ ឬ​ការ​ផ្តល់​វិភាគទាន ពី​សំណាក់​ជនបរទេស ដើម្បី​ទទួល​បាន​សញ្ជាតិ​ឡើយ ដោយ​ទុក​វិសាលភាព​នេះ ឲ្យ​នាយករដ្ឋមន្ត្រី​ជា​អ្នក​កំណត់ តាមរយៈ​ការ​ចេញ​អនុក្រឹត្យ​នា​ពេល​ខាង​មុខ។ លោក ឡេង ប៉េងឡុង បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ ក៏​មាន​ចែង​អំពី​ខ្លឹមសារ​នៃ​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ៖ «បាទ​! យើង​មាន​កំណត់​ថា ជនបរទេស​ដែល​ស្នាក់នៅ​កម្ពុជា​យូរ ហើយ​នឹង​មាន​លក្ខណៈ​មួយ​ចំនួន​ដូចជា ចេះ​ភាសា​ខ្មែរ ចេះ​សរសេរ​អក្សរ​ខ្មែរ​មាន​លក្ខណៈ​មួយ​ចំនួន គឺ​មាន​សិទ្ធិ​សុំ​ចូល​សញ្ជាតិ។ ការ​សុំ​ចូលសញ្ជាតិ​ហ្នឹង គឺ​ស៊ីសង​នឹង​រដ្ឋាភិបាល​ពិនិត្យមើល ថា​តើ​គួរ​អាច​ឲ្យ​ចូល​បាន ឬ​អត់។ ប្រហែលជា ១០​ឆ្នាំ។ កូន​កើត​នៅ​ស្រុក​ខ្មែរ ប្រហែលជា​អាច ៣​ឆ្នាំ។ ខ្ញុំ​មិន​មាន​ច្បាប់​នៅ​ហ្នឹង​មុខ​ទេ ប៉ុន្តែ ប្រហែល​ប៉ុណ្ណឹង បាទ»

យ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ មិន​មាន​ចែង​ពី​ការ​ដក​សញ្ជាតិ របស់​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ ដូចជា​អំពើ​ក្បត់ជាតិ ឬ​ធ្វើអំពើ​ទាំងឡាយ​ណា​ដែល​មិន​បម្រើ​ដល់​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា​ឡើយ ដោយ​លោក​អះអាង​ថា ផ្អែក​តាម​រដ្ឋធម្មនុញ្ញ សញ្ជាតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប មិន​អាច​ត្រូវ​បាន​ដកហូត​ដោយ​រដ្ឋ​ឡើយ លុះត្រាតែ​មានការ​ស្នើសុំ​ពី​សាមីខ្លួន​ដែល​ចង់​លាលែង​សញ្ជាតិ។ ហេតុដូច្នេះ លោក​ថា អ្នក​ដែល​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ ត្រូវ​ជាប់ទោស​ទៅតាម​ច្បាប់​កំណត់​ដដែល ហើយ​នៅតែ​ជាប់​កាតព្វកិច្ច​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។

ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ ពុំ​មាន​ចែង​កំណត់​ថា នាយករដ្ឋមន្ត្រី ឬ​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល ឬ​ស្ថាប័ន​ជាន់ខ្ពស់​របស់​ជាតិ ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​នោះ​ឡើយ។ ច្បាប់​ថ្មី​នេះ ចែងថា​ជនបរទេស​ណា​ដែល​កាន់កាប់ ប្រើប្រាស់ ឬ​ក្លែងបន្លំ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​កម្ពុជា នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ ទៅ​១០​ឆ្នាំ។

លោក​បណ្ឌិត ឡៅ ម៉ុង ហៃ មើល​ឃើញ​ថា ការ​ព្រួយបារម្ភ​នា​ពេល​កន្លងមក ក៏ដូចជា​នា​ពេល​បច្ចុប្បន្ន ដែល​ថា ជោគវាសនា​ប្រទេស​កម្ពុជា និង​ពូជសាសន៍​ខ្មែរ អាច​នឹង​ក្លាយ​ជា​ជនជាតិភាគតិច​រស់នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន ដូច​ករណី​ទឹកដី​កម្ពុជា​ក្រោម​នោះ គឺជា​ការ​ព្រួយបារម្ភ​សម​ហេតុផល ដោយ​ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា៖ «ជា​ការ​ព្រួយបារម្ភ​សម​ហេតុផល​ហើយ​ព្រោះ​យើង​មាន​ប្រវត្តិសាស្ត្រ​អ៊ីចឹង​ហើយ។ យើង​ត្រូវការ​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ ពីព្រោះ​អី​យើង​គ្រប់គ្រង​គេ​អត់​បានទេ​បាទ! ជាពិសេស​នៅ​ពេល​ដែល​គេ​កាន់កាប់​សេដ្ឋកិច្ច​យើង​កាន់តែ​ច្រើន​ទៅៗ ដូចជា​ជនជាតិ​ចិន ដូច​ជនជាតិ​វៀតណាម​អ៊ីចឹង គឺ​យើង​ទៅ​ត្រួតត្រា​គេ​លែង​បាន។ ហើយ​គេ​អាច​ទិញ និយាយ​ភាសា​សាមញ្ញ​ទៅ គឺ​ទិញ​អ្នកដឹកនាំ​យើង​បាន»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ស្នើ​ឲ្យ​មានការ​កែប្រែ​ច្បាប់​នេះ​ជាបន្ទាន់ ហើយ​មិន​ត្រូវ​ចែង​ពី​លក្ខខណ្ឌ​ណាមួយ ដែល​មាន​ជា​លក្ខណៈ​ជា​ការ​បន្ធូរបន្ថយ និង​ជួយ​សម្រួល​ដល់​ការ​ផ្ដល់​សញ្ជាតិ ឲ្យ​ដល់​ជនបរទេស​នោះ​ឡើយ។ ផ្ទុយទៅវិញ លោក​ថា ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ គួរតែ​មាន​ការ​ដាក់​កំហិត និង​រឹត​បន្តឹង​ចំពោះ​ករណី​នេះ ជាពិសេស​មិន​ត្រូវ​ផ្តល់​សិទ្ធិ​អំណាច​ដល់​នាយករដ្ឋមន្ត្រី​លើសលប់​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋសភា ពុំ​មាន​សិទ្ធិ​ក្នុង​ការ​ត្រួត​ពិនិត្យមើល​ក្នុង​ការ​ផ្ដល់​សញ្ជាតិ​នេះ ដែល​លោក ហៅថា​ជា​គ្រោះថ្នាក់​ដ៏​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ច្បាប់​សញ្ជាតិ​ថ្មី​រង​ការ​រិះគន់ ថា​អាច​ក្លាយ​ជា​គ្រោះ​មហន្តរាយ​មួយទៀត​សម្រាប់​អនាគត​កម្ពុជា"

  1. Anonymous says:

    this is another problem for Cambodian for many decade. Cambodian are lucky to have LAO MONG HAI the older generation that left over from the killing field . I always gave some explanation to the foreigner or among some of United nation’s representative that used to work with me in Thailand. I always tool them Cambodian is not a racism nation according from the history of Cambodia not so long ago that I’m still be a witness . since I’m became a teenager I knew Vietnam just take over our lower Cambodian land . until this day I’m still be a witness of our lost of land and our people . please do not have to searching like a rocket scientist to find out what was wrong in Cambodia. we Cambodian knew after those Vietnamese government took over our lower Cambodian land they still wanted all of our land that right they form the new policy that they call UNITED ENDUCHEN which was form by their great leader HO CHIMIN. this was a sad story for our nation not even that those Vietnam’s ambition still hunting our poor nation by taking our own blood to destroy our blood . right at this moment the guy who was a nation traitor pointing his fingers to the other saying the other was a nation’s traitor. I just reminding all Cambodian that love our nation please do not let our nation’s traitor ending our nation in this century. 2018 election is very important it is life and dead for our nation wakeup Cambodian inside the country this is the last attempt to rescue our own nation. my tear is coming when I find out the truth about in very near future of those Vietcong policy. no one can convincing me to love those who I 100% knew he was our nation’s traitor. GOD bless Cambodia and all innocent Cambodian

  2. Free Cambodia says:

    No, Dr. Lao Mong Hay is dead wrong. Dr. Ly Phung Kim is absolutely correct. We cannot deport all these immigrants. It will take years and millions of dollars for doing so. The law is good for several reasons as suggested below:
    1. Immigration is good for the economy. The studies show that the sooner we provide legal status and citizenship, the greater the economic benefits are for the nation.
    2. Most Immigrants Are Otherwise Law-Abiding.
    3. Immigrants already pay taxes.
    4. Immigration Is a Natural Right.

    So, 90 percent of Cambodians support this law. We are not the US. More than 11 million immigrants are in the country for many decades but the government cannot solve this simple problem. Cambodia First.

  3. Anonymous says:

    Come on in Vietnamese and Chinese while Cambodian people is still fighting to keep their land