“ប្រកាស​អន្តរក្រសួង​ជា​ចេតនា​បំបិទ​ការ​ចែក​ផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​ពេល​បោះឆ្នោត”

ដោយ សេក បណ្ឌិត
2018-06-04
RFA

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


អ្នកការពារ​សិទ្ធិមនុស្ស ស្នើសុំ​ឲ្យ​របប​ក្រុងភ្នំពេញ ពិនិត្យមើល​ប្រកាស​អន្តរក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍​ម្ដងទៀត ព្រោះ​ការ​សម្រេច​នឹង​បាន​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដែល​អាច​ជា​ទិសដៅ សម្រាប់​ដាក់ទោស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​អំឡុង​ពេល​បោះឆ្នោត។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា បារម្ភ​ថា ពលរដ្ឋ​ជាច្រើន​នឹង​អាច​ត្រូវ​រង​ការ​ចោទប្រកាន់ និង​ចាប់ខ្លួន ដោយសារតែ​ប្រកាស​អន្តរ​ក្រសួង​នេះ។ លោក ស៊ឹង សែនករុណា ស្នើ​ឲ្យ​របប​ក្រុងភ្នំពេញ​ពិនិត្យមើល​ឡើងវិញ នូវ​ប្រកាស​អន្តរ​ក្រសួង​ទាំង​៣​នេះ ដោយសារ​បាន​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​ធ្ងន់ធ្ងរ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស។ «»

មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​ក្រុងភ្នំពេញ​៣​នាក់ គឺ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បាន​នាំគ្នា​ចេញ​សេចក្ដីប្រកាស​អន្តរក្រសួង​មួយ ស្ដីពី​ការគ្រប់គ្រង​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​គោលដៅ​ប្រឆាំង ទប់ស្កាត់​រាល់​ការ​ផ្សព្វផ្សាយ និង​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ ទម្រង់​ផ្សេងៗ​ទៀត ដែល​មាន​ចេតនា បង្ក​ជា​ចលាចល​បណ្ដាល​ឲ្យ​មានការ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ការ​រើសអើង និង​វប្បធម៌ ប្រពៃណី​ជាតិ។

ប្រកាស​អន្តរក្រសួង​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២៨ ឧសភា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៤ មិថុនា មន្ត្រី​ជាន់ខ្ពស់​ទាំង​៣ បាន​កំណត់​តួនាទី​គ្នា​ថា ក្រសួង​ព័ត៌មាន​ជា​អ្នកគ្រប់គ្រង​ការ​ចេញផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ខ្លឹមសារ​ទាំងស្រុង សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ​ទម្រង់​ផ្សេងៗ ជាដើម។ ចំណែក​ក្រសួង​ប្រៃសណីយ៍ ត្រូវ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត​ទាំងអស់ មានកម្ម​វិធី​សូហ្វវ៉ែ (Software) និង​បំពាក់​កម្មវិធី​គ្រប់គ្រង​អ៊ីនធឺណិត ដើម្បី​ងាយស្រួល​ក្នុង​ការ​ច្រោះ (Filter) ឬ​រាំង​ខ្ទប់ (Block) គេហទំព័រ ឬ​គណនី (Account ) ឬ ទំព័រ (Page) របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ធ្វើ​អាជីវកម្ម ឬ​ការផ្សាយ​ណា ដែល​ពួកគេ​យល់ថា ល្មើសច្បាប់។ ក្រសួង​ទាំងពីរ​នេះ ក៏​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត ដើម្បី​រាំង​ខ្ទប់ ឬ​បិទ​គេហទំព័រ ឬ​បណ្ដាញ​សង្គម​ណា ដែល​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ឬ​ផ្សាយ​ល្មើសច្បាប់ ដែល​មាន​លក្ខណៈ​ញុះញង់ បំបែកបំបាក់​សាមគ្គីភាព ការរើសអើង ចេតនា​បង្ក​ចលាចល ដែល​បណ្ដាល​ឲ្យ​មានការ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ប្រយោជន៍​សាធារណៈ និង​សណ្ដាប់ធ្នាប់​សង្គម ជាដើម។ រីឯ​ក្រសួងមហាផ្ទៃ ជា​អ្នក​បង្ក្រាប រាល់​សកម្មភាព​ទាំងអស់​នោះ។

មុន​កាល​ប្រកាស​អន្តរក្រសួង​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ ធ្លាប់​បាន​ធ្វើ​សកម្មភាព​បង្ក្រាប​បែបនេះ ម្ដង​រួចហើយ ទៅលើ​គេហទំព័រ​សារព័ត៌មាន​ឯករាជ្យ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) គឺ​ក្រោយពេល​អគ្គនាយកដ្ឋាន​ពន្ធដារ បង្ខំ​ឲ្យ​បិទ​កាសែត​នេះ ក្រសួង​ប្រៃសណីយ៍ បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ទាំងអស់​នៅ​កម្ពុជា ត្រូវ​ធ្វើការ​រាំង​ខ្ទប់ មិន​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត មើល​ឃើញ​គេហទំព័រ និង​ទំព័រ​ហ្វេសប៊ុក របស់​កាសែត​ឯករាជ្យ​មួយ​នេះ ខណៈ​ដែល​របប​ក្រុងភ្នំពេញ បាន​ប្ដឹង​ម្ចាស់​កាសែត ទៅ​តុលាការ​ក្នុង​របប​ក្រុងភ្នំពេញ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​សួរ​ថា តើ​សិទ្ធិ​បញ្ចេញ​មតិ​របស់ខ្ញុំ​ដែល​ធានា ដោយ​រដ្ឋធម្មនុញ្ញ​នៅឯណា និង​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​ទទួលស្គាល់​ជា​ច្បាប់​ជាតិ​នោះ? អ្នកខ្លះ​ថា បទ​ឧក្រិដ្ឋ និង​ការ​បំផ្លាញ​ព្រៃឈើ អត់​ឃើញ​មានការ​ទប់ស្កាត់​សោះ។ បែរជា​ចេញ​បែប​នេះ ទៅវិញ។ ពួកគេ ដាក់​ជា​សំណួរ​ទៀត​ថា ឯណា​ទៅ​ដែល​ហៅថា ប្រទេស​គោរព​សិទ្ធិមនុស្ស​នោះ…?

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក មើល​ឃើញ​ថា ប្រកាស​អន្តរក្រសួង ដែល​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ នឹង​បង្ក​ឲ្យ​ពលរដ្ឋ​ជាច្រើន​ត្រូវ​រងគ្រោះ ព្រោះ​នៅ​ក្នុង​ពេល​បោះឆ្នោត​ម្ដងៗ ពលរដ្ឋ​តែង​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ចែករំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​ពលរដ្ឋ​ខ្លះ អាច​នឹង​ត្រូវ​រង​ការចោទប្រកាន់​ទាំង​មិន​ដឹង​ពី​របៀប​ប្រើប្រាស់​ហ្វេសប៊ុក​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment