លោក ហ៊ុន សែន ចង់​ឱ្យ​ជ្រើសរើស​មន្ត្រី​ត្រូវ​ឆ្លងកាត់​ប្រឡង​ខណៈ​កូន​លោក​ត្រូវ​បាន​តែងតាំង​ដោយ​គ្មាន​ការ​ប្រកួតប្រជែង

ដោយ តាំង សារ៉ាដា
2018-06-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com


មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ថា លោក​ចង់​ឱ្យ​ការ​តែងតាំង​មន្ត្រីរាជការ ធ្វើ​ឡើង​តាមរយៈ​ការប្រឡងប្រជែង​សមត្ថភាព ដើម្បី​ចម្រាញ់​យក​មន្ត្រី​ណា​ដែល​មាន​សមត្ថភាព​ពេញលេញ មក​បំពេញការងារ។ លោក​ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​សិស្ស មន្ត្រី និង​កម្មសិក្សាការី​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃ៥ ឧសភា​នេះ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន កម្ពុជា​គួរ​មាន​ច្បាប់​ស្ដីពី​ទំនាស់​ផលប្រយោជន៍ ហើយ​ត្រូវ​អនុវត្ត​ចាប់​ពី​កម្រិត​កំពូល​មុនគេ ដើម្បី​ផ្ដល់​ជា​គំរូ​ល្អ​សម្រាប់​ស្ថាប័ន​ថ្នាក់​ក្រោម មិន​អាច​គ្រាន់តែ​និយាយ​ចោល​នោះ​ឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់​ថា ការតែងតាំង​មន្ត្រី​ដើម្បី​ឱ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ណាមួយ តាមរយៈ​សែស្រឡាយ ក្រុម​គ្រួសារ ឬ​បក្ខពួក​និយម​នោះ នឹង​មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ស្ថាប័ន​នោះ​ឡើយ។ លោក​បាន​ដាស់តឿន​ថ្នាក់ដឹកនាំ​តាម​ស្ថាប័នរដ្ឋ​នីមួយៗ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ឱ្យ​តែងតាំង​មន្ត្រី​របស់​ខ្លួន​ស្រប​ទៅ​តាម​ច្បាប់​កំណត់ ហើយ​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ការ​ប្រកួតប្រជែង​សមត្ថភាព​ដោយ​ស្មើភាព​គ្នា។ «»

លោក​ក៏​បាន​ឆ្លៀត​រំលឹក​មន្ត្រី​របស់​លោក​ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​គុណធម៌ ចៀសវាង​នូវ​ឥរិយាបថ​មិន​ត្រឹមត្រូវ និង​ត្រូវ​ធ្វើខ្លួន​ជាទី​ស្រឡាញ់​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបម្រើ​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​តាម​មុខ​នាទី​របស់​ខ្លួន។

នេះ​ជា​លើក​ទី២ ហើយ​ដែល​មេដឹកនាំ​របប​ក្រុងភ្នំពេញ លើកឡើង​អំពី​ការតែងតាំង​មន្ត្រី ឱ្យ​ស្រប​តាម​ច្បាប់​ចៀសវាង​ការតែងតាំង​ដោយ​គ្រួសារ ឬ​បក្ខពួក​និយម ខណៈ​ដែល​របប​របស់​លោក​រង​ការ​រិះគន់​ថា ជា​របប​ដឹកនាំ​បែប​បក្ខពួក​និយម និង​ពោរពេញ​ដោយ​អំពើពុករលួយ​នោះ។

កាលពី​ខែ​ឧសភា​កន្លងទៅ លោក​បាន​បញ្ជាក់​នៅ​ក្នុង​ហ្វេសប៊ុក​ថា លោក​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ការដំឡើង​ឋានន្តរសក្ដិ​នៅ​ក្នុង​ក្រសួង មន្ទីរ និង​ស្ថាប័ន​ទាំងអស់ ថា​តើ​ដំណើរការ​នោះ​ធ្វើឡើង​ស្របតាម​ច្បាប់ ហើយ​ឬ​នៅ? លោក​ក៏បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​លើ​រឿង​នេះ ដើម្បី​កុំ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​អាក់អន់ស្រពន់ចិត្ត។ ទោះបីជា​យ៉ាងណា មក​ទល់​នឹង​ពេលនេះ គ្មាន​មន្ត្រី​ណា​ម្នាក់​ត្រូវ​បាន​ដកហូត​តួនាទី ឬ​បណ្ដេញ​ចេញពី​តំណែង ដោយហេតុ​ផល​នៃ​ការតែងតាំង​តាមរយៈ​សែស្រឡាយ បក្ខពួក ឬ​ក្រុម​គ្រួសារនិយម​នោះ​ឡើយ។មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គិត​ថា ការ​លើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​នេះ អាច​នឹង​មិន​ចេញ​ជា​ការ​អនុវត្ត​ជាក់ស្ដែង​ឡើយ ប៉ុន្តែ​ជា​សារ​នយោបាយ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​នៅមុន​ការបោះឆ្នោត​ច្រើនជាង។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ការ​លើកឡើង ឬ​ដំបូន្មាន​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​បែបនេះ នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ។ លោក​ថា ការតែងតាំង ឬ​ដំឡើង​បុណ្យ​សក្ដិ​តួនាទី​តាមរយៈ​សែស្រឡាយ គ្រួសារ ឬ​បក្ខពួក​និយម​នេះ បាន​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា រួចទៅ​ហើយ បន្ថែម​លើ​ការ​សូកប៉ាន់​លុយកាក់​ដើម្បី​បាន​តួនាទី​ក្នុង​ស្ថាប័នរដ្ឋ​នោះ។

លោក​គិត​ថា បញ្ហា​នេះ​អាច​ដោះស្រាយ​ទៅ​បាន លុះត្រាតែ​មានការ​ការ​បង្កើត​ច្បាប់​ស្ដីពី​ទំនាស់​ផលប្រយោជន៍ ដែល​ចែង​ឱ្យ​បាន​ច្បាស់លាស់​អំពី​ការ​ផ្តល់​មុខតំណែង និង​តួនាទី​ដល់​កូនចៅ និង​សាច់​សារ​លោហិត​របស់​ក្រុម​មេដឹកនាំ​ទាំងនោះ ហើយ​ការអនុវត្ត​ត្រូវ​ចាប់ផ្ដើម​ចេញ​ពី​ថ្នាក់​ដឹកនាំ​កំពូល​តែម្ដង ដើម្បី​ជា​គំរូ​ល្អ​ដល់​ស្ថាប័ន​ដទៃ​ទៀត។ «»

ទោះបីជា​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចង់​ឱ្យ​ការតែងតាំង​មន្ត្រី ត្រូវ​ធ្វើ​ឡើង​ដោយ​ការប្រកួតប្រជែង​សមត្ថភាព​ក្តី ក៏​កូនៗ​របស់​លោក មិន​មាន​នរណា​ម្នាក់​បាន​ឆ្លងកាត់​ការប្រកួតប្រជែង​នោះ​ឡើយ ប៉ុន្តែ​ពួកគេ​បែរជា​ត្រូវ​បាន​តែងតាំង និង​ដំឡើង​ឋានន្តរសក្ដិ​ក្នុង​ជួរ​ស្ថាប័ន​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់អាវុធ យ៉ាង​លឿន​រហ័ស និង​ច្រើន​មុខតំណែង សឹង​មិន​គួរ​ឱ្យ​ជឿ។

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត គឺ​ជា​ឧត្ដមសេនីយ៍​ផ្កាយ ៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ជា​មេបញ្ជាការ​រង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

ចំណែក​កូនប្រុស​ទី​ពីរ​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត វិញ ក៏​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ ដូចគ្នា កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួងការពារជាតិ និង​ជា​នាយ​រង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។ រីឯ​កូនប្រុស​ពៅ​របស់​លោក គឺ​លោក ហ៊ុន ម៉ានី វិញ គឺជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ឈ្មោះ​ជា​តំណាងរាស្ត្រ​ដោយសារ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទៀត​សុខចិត្ត​ផ្ទេរ​អោយ។ ចំណែក​កូន​ប្រសា​របស់​លោក​ដែល​ត្រូវជា​កូនបង្កើត​របស់​លោក ហុក ឡង់ឌី គឺ​លោក ឌី វិជ្ជា វិញ ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ។

ចំណែក​កូន​ប្រសា​របស់​លោក​ម្នាក់ទៀត គឺ​លោក សុខ ពុទ្ធិវុធ ដែល​ត្រូវជា​កូនប្រុស​របស់​លោក សុខ អាន វិញ ទើបតែ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ បន្ថែម​លើ​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ចំណែក​ឯ​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន វិញ គឺជា​អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​ក្មួយៗ​របស់​លោក​មួយ​ចំនួន​ទៀត ក៏​មាន​តួនាទី​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​ជា​ឧកញ៉ា​ផង​ដែរ។

បើ​និយាយ​ពី​មន្ត្រី​ជំនិត​របស់​បុរស​ខ្លាំង​រូប​នេះ​វិញ ពួកគេ​ក៏​មិន​ខុស​ពី​លោក ហ៊ុន សែន ប៉ុន្មាន​ដែរ គឺ​កូនចៅ​របស់​ពួកគេ​សុទ្ធ​សឹង​តែ​មាន​តួនាទី​គ្រាក់ៗ​ក្នុង​ជួរ​ដឹកនាំ​នៃ​របប​ក្រុងភ្នំពេញ តួយ៉ាង​ដូចជា​កូនចៅ​របស់ លោក សុខ អាន ជាដើម។ បន្ទាប់​ពី​លោក សុខ ពុទ្ធិវុធ ដែល​ជា​កូនប្រុស​ច្បង កូនប្រុស​ទី​២ របស់​លោក សុខ អាន គឺ​លោក សុខ សូកេន មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស ហើយ​ជា​កូន​ប្រសា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ។ កូនប្រុស​ទី​៣ របស់​លោក សុខ អាន គឺ​លោក សុខ សូកាន ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ ខណៈ​កូនប្រុស​ពៅ​របស់​លោក គឺ​លោក សុខ សង្វារ វិញ គឺជា​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

ចំណែក​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​ជាតិ​វិញ ក៏​មាន​លំនាំ​ដូចគ្នា​នេះដែរ គឺ​លោក ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ខណៈ​កូនប្រុស​របស់​លោក​ពីរ​នាក់ មានឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​នៃ​អង្គភាព​មួយ​នេះ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ទៀត​ផង។

ការតែងតាំង​កូនចៅ និង​សាច់​សារ​លោហិត​របស់​ខ្លួន​ឱ្យ​កាន់​តំណែង​សំខាន់ៗ​នេះ ត្រូវ​បាន​មន្ត្រី​នៃ​របប​លោក​ហ៊ុន សែន ថ្លែង​ការពារ​ថា ដោយសារ​ពួកគេ​មាន​សមត្ថភាព បទពិសោធន៍ និង​ជា​ការ​ឡើង​តាម​ឋានានុក្រម ក៏ប៉ុន្តែ​សម្រាប់​ក្រុម​អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម​វិញ យល់ឃើញ​ថា នេះ​ជា​ការ​ព្យាយាម​រក្សា​អំណាច ហើយ​បន្តិច​ម្តងៗ វា​នឹង​ប្រែក្លាយ​កម្ពុជា​ទៅជា​របប​យោធា និង​ក្រុម​គ្រួសារ​និយម​ទៅវិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ចង់​ឱ្យ​ជ្រើសរើស​មន្ត្រី​ត្រូវ​ឆ្លងកាត់​ប្រឡង​ខណៈ​កូន​លោក​ត្រូវ​បាន​តែងតាំង​ដោយ​គ្មាន​ការ​ប្រកួតប្រជែង"

  1. VIỆT XUẤT XỨ says:

    shaddhu shaddhu shaddhu som oy lok hun sen ayouk venggggggggggggg

  2. VIỆT XUẤT XỨG says:

    META KARUNA MUTETA UPPEKHA FOR HUN SEN PLEASE ANUMODHHANA

  3. Anonymous says:

    They don’t like alike, take DNA test to find out the truth, if they are biologically father and son, the result will proof. It won’t take long for testing time.

  4. Anonymous says:

    King kork lork thnam sreng ‘

Leave a Reply

Submit Comment