មន្រ្តី​បក្ស​ប្រឆាំង ថាពលរដ្ឋ​មានសិទ្ធិ​សម្រេច​នៅ​ផ្ទះ ទោះ​ព្រះមហាក្សត្រ​អំពាវឲ្យ​ចេញ​ទៅ​បោះឆ្នោត

ដោយលោក មួង ណារ៉េត
2018-06-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


​ព្រះ​រាជសារ​ចេញ​ពី​ព្រះ​បរមរាជវាំង ឡាយព្រះហស្ថ​លេខា ដោយ​ព្រះ​មហា​ក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង ប្រើ​សិទ្ធិ​សេរីភាព បោះ​ឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ របស់​ខ្លួន​ម្នាក់ៗ ​ដើម្បី​​ជ្រើសរើស​អ្នក​​ដឹក​នាំ​​ប្រទេស​ជាតិ។

នៅ​ក្នុង​ព្រះ​រាជសារ ដែល​ឡាយ​ព្រះ​ហស្ថ​លេខា​តាំង​ពី​ថ្ងៃ​ទី ១៨ ខែ ឧសភា ពោល​គឺបួន​ថ្ងៃ ក្រោយ គ.ជ.ប បិទបញ្ជី​គណ​បក្ស​​នយោបាយ និង បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ព្រះ​មហា​ក្សត្រ​ចាត់​ទុកការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី ២៩ ខែ កក្កដា ខាង​មុខ ថា​ជាការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌ ស្មើ​ភាព និង ដោយ​សម្ងាត់ ស្រប​តាម​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុ​បក្ស។

ព្រះ​អង្គស្នើ​ឲ្យ​ពលរដ្ឋ​កុំ​មាន​ការព្រួយ​បារម្ភ ពីការគាប​សង្កត់ ការគម្រាម​កំហែង ឬ សម្លុត ពីជនណា​ម្នាក់ ឬ គណ​បក្ស​​នយោបាយ​ណាមួយ​ឲ្យ​សោះ។

មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ព្រះ​រាជសារ​ព្រះ​មហា​ក្សត្រ ថាជា​រឿង​ធម្មតា ជា​ប្រពៃណី ដែល​ព្រះ​អង្គ​ធ្វើ​រៀង​រាល់​អាណត្តិ​ដូច្នេះ។ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ០៥ ខែ មិថុនា​នេះ យល់​ឃើញ​ថា ខ្លឹមសារ​នៃ​ការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ ពីការគាប​សង្កត់ គម្រាម​កំហែង ឬ សម្លុតបំភ័យ​នេះ ជា​ឱកាស​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ អនុ​វត្ត​​សិទ្ធិ​របស់​ខ្លួន ក្នុង​ការ​សម្រេច​ទាំង​ការ​សម្រេច​នៅ​ផ្ទះ មិន​ទៅ​បោះ​ឆ្នោត​ផង​ដែរ។ លោក អេង ឆៃអ៊ាង បន្ត​ទៀត​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល​គ្មាន​​វត្ត​មាន​គណ​បក្ស​​ប្រឆាំង​ចូល​រួម​បែប​នេះ ពលរដ្ឋ​ម្ចាស់​​ឆ្នោត​ដែល​គាំទ្រ​គណក្ស​ប្រឆាំង បាន​បាត់​បង់​សិទ្ធិ​ក្នុង​ការ​សម្រេច​ជ្រើសរើស​មេ​ដឹក​នាំ និង គណ​បក្ស​​នយោបាយ ដែល​ខ្លួន​ពេញ​ចិត្ត​រួច​ទៅ​ហើយ ដូច្នេះ​ការ​សម្រេច​នៅ​ផ្ទះ ក៏​ជាការ​បង្ហាញ​ឆន្ទៈ​របស់​ពលរដ្ឋ​ម្នាក់ៗ​ដែរ៖ «ការបោះឆ្នោត​ខាង​មុខ​នេះ គឺ​ការ​បោះឆ្នោត​មិន​សេរី មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​រាស្រ្ត​ ដែល​ជាការ​ដក​ជម្រើស​របស់​ប្រជាពលរដ្ឋ ទោះបី​មាន​អ្វីជាការ​អំពាវនាវ ឬ ការ​ដាក់​សម្ពាធ​យ៉ាង​ម៉េច​​ ក៏លោកនឹង​ធ្វើ​ទៅតាម​ឆន្ទៈ​របស់ខ្លួន​ដែរ»។​

លោក សម រង្ស៊ី នា​ពេល​ថ្មីៗ​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ថ្វាយ​ព្រះ​មហា​ក្សត្រ សូម​ស្នើ​ព្រះ​អង្គថា កុំ​អោយ​ព្រះ​អង្គ​ធ្វើ​តាម​អ្វី ដែល​រដ្ឋាភិបាល និង​គណ​បក្ស​​ប្រជាជន​កម្ពុជា កំពុង​តែស្នើ​ព្រះ​អង្គ​ឲ្យ​ធ្វើ​អន្តរាគមន៍ ដើម្បី​​ជម្រុញ​ប្រជា​ពលរដ្ឋ ឲ្យ​ទៅ​បោះ​ឆ្នោត ថ្ងៃ ២៩ កក្កដា ខាង​មុខ​នេះ។ លោក សម រង្ស៊ី ថា​ព្រះ​មហា​ក្សត្រ ដែល​ជាទី​គោរព​របស់​ប្រជា​ពលរដ្ឋ​ជាទូ​ទៅ មិន​ត្រូវ​ចូល​រួម​ដាក់​សម្ពាធ​បែប​នេះ ទៅ​លើ​ប្រជា​ពលរដ្ឋ​​នោះ​ឡើយ។

ស្ថាប័ន​ព្រះ​មហា​ក្សត្រ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ មើល​ឃើញ​ថា រង​សម្ពាធ​ពី​បក្ស​កាន់​អំណាច ដោយ​សារ​លោក ហ៊ុន សែន ធ្លាប់​បាន​គម្រាម​ផ្លាស់​ប្តូរ​របប​រាជា​និយម បើ​អតីត​ព្រះ​មហា​ក្សត្រ​ព្រះ​បាទនរោត្តម សីហនុ លំបាក​ក្នុង​ការ​ចុះ​ហត្ថ​លេខា លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី រឿង​ព្រំដែន​ជា​មួយ​វៀត​ណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles