មេ​បក្ស​ប្រឆាំង​អូស្ត្រាលី​ថា​របប​លោក ហ៊ុន សែន កំពុង​រៀបចំ​ការ​បោះឆ្នោត​​បែប​កំប្លុកកំប្លែង

ដោយ តាំង សារ៉ាដា
2018-06-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler)។ Photo courtesy of Mark Butler's facebook
តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler)។ Photo courtesy of Mark Butler’s facebook


ប្រធាន​គណបក្សប្រឆាំង​របស់​ប្រទេស​អូស្ត្រាលី បាន​ចាត់ទុក​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​គណបក្ស​កាន់អំណាច គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា​ខាងមុខនេះ គ្រាន់តែ​ជា​ការ​បោះឆ្នោត​បែប​​កំប្លុកកំប្លែង ដែល​សហគមន៍​អន្តរជាតិ មិន​ត្រូវ​ទទួល​ស្គាល់​​ភាព​​ស្រប​ច្បាប់ នៃ​​​ការ​​បោះ​​ឆ្នោត​​​នេះ​​​ឡើយ។

សូម​លោក​អ្នកនាង​ស្ដាប់​បទសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក ម៉ាក បាត់លើរ (Mark Butler) ប្រធាន​គណបក្ស​ពលករ ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​មាន​សេចក្ដី​​ដូច​តទៅ៖

សារ៉ាដា៖ សួស្ដី​លោក ម៉ាក បាត់លើ (Mark Butler) រីករាយ​ដែល​បាន​ជជែក ជាមួយ​លោក​ម្ដង​ទៀត។

ម៉ាក៖ បាទ​សួស្ដី សប្បាយ​រីក​ដែល​បាន​ជួប​លោក​ម្ដងទៀត។

សារ៉ាដា៖ ការ​បោះឆ្នោត​ជាតិ ក្នុង​ប្រទេស​កម្ពុជា​គឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ។ រហូត​មក​ទល់​ពេលនេះ​នៅ​មិន​ទាន់​មាន​សញ្ញា​ណាមួយ ដែល​នាំ​ឲ្យ​មានការ​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​គណបក្ស សង្គ្រោះជាតិ​ចូលរួម​ការបោះឆ្នោត​នោះ​ទេ។ តើ​បណ្ដា​ប្រទេស​ទាំងឡាយ​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា​អូស្ត្រាលី​ជាដើម​ហ្នឹង ធ្វើ​​យ៉ាង​ណា​​ដើម្បី​​បន្ថែម​ការ​ដាក់​សម្ពាធ ដល់​របប​លោក ហ៊ុន សែន ឲ្យ​កែប្រែ​ស្ថានការណ៍​របស់​ប្រទេស វិល​មក​រក​ភាព​ប្រក្រតី​វិញនោ​?

ម៉ាក៖ វា​ច្បាស់​ណាស់​ទៅ​ហើយ​ថា លោក ហ៊ុន សែន នឹង​មិន​ធ្វើ​អោយ មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែ​​កក្កដា​ខាង​មុខ​នេះ គ្រាន់តែ​ជា​ការ​បោះឆ្នោត​បែប​កំប្លុកកំប្លែង​ដែល​មិន​អាច ទទួលយក បាន​នោះ​ឡើយ។ លោក ហ៊ុន សែន ធ្វើ​មិន​ដឹង​មិន​ឭ ឬ​ទាត់ចោល ការ​រាល់​ការ​ទាមទារ​របស់​អន្តរជាតិ​ដើម្បី​ឲ្យ​គណបក្សសង្គ្រោះជាតិ រស់​ឡើងវិញ និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់។ សូម្បីតែ​អ្នកស្រី រ៉ូណា ស្មីត (Rona Smith) អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ចំនួន​៤៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ សហប្រជាជាតិ ក៏​បាន​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន បង្វែរ​ស្ថានការណ៍​របស់​កម្ពុជា វិល​មក​រក​ភាព​ប្រក្រតី​វិញ ដោះលែង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និង​ដោះលែង​រាល់​អ្នក​ទោស​នយោបាយ​ទាំងអស់​ជាបន្ទាន់។ ជា​ការ​ឆ្លើយតប​លោក ហ៊ុន សែន ទាត់​ចោលការ​សើ្ន​សុំ​នោះ​របស់ អន្តរជាតិ​នោះ​ទាំងអស់ ហើយ​បន្ត​ដឹកនាំ​ទៅមុខ ដោយ​គណបក្ស​តែមួយ។ ដូច្នេះ ​យើង​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​លំបាក ហើយ​គ្រោះ​ថ្នាក់​ជាទីបំផុត ហើយ​ច្បាស់​ណាស់​ថា ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​នឹង​គ្មាន​លក្ខណៈ​សេរី និង​​យុត្តិធម៌​​នោះ​​ឡើយ តាម​ដែល​អ្វី​លោក ហ៊ុន សែន បាន​ធ្វើ​មក​លើ​ក្រុម​​មន្ត្រី​​បក្ស​​សង្គ្រោះជាតិ សកម្មជន​បរិស្ថាន សហជីព រួម​ទាំង អតីត​អ្នកយកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ជាដើម។

សារ៉ាដា៖ ប្រសិនបើ​មានការ​បោះឆ្នោត​របៀប​នេះ តែ​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ទទួលស្គាល់​លទ្ធផល​ឆ្នោត​នៅ​ពេល​​ខាង​មុខ​​ដែ​រ​ទេ?

ម៉ាក៖ ខ្ញុំ​គិត​ថា​ពួកគេ​មិន​ត្រូវ​ទទួលស្គាល់​ការបោះឆ្នោត​របៀប​នេះ​ទេ ពីព្រោះ​ការបោះឆ្នោត​នេះ​បែប​បោក​បញ្ឆោត​ភ្នែក​មហាជន​ប៉ុណ្ណោះ តួយ៉ាង​ដូចជា​ការបោះឆ្នោត​ព្រឹទ្ធសភា​របស់​កម្ពុជា​កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ឈ្នះ​គ្រប់គ្រង​អាសនៈ​ទាំងអស់។ ប្រសិនបើ​ការបោះឆ្នោត នៅ​ពេល​ខាងមុខ​កើតឡើង​ដូច​ការបោះឆ្នោត​ព្រឹទ្ធសភា​មែន ពេល​នោះ​សហគមន៍​អន្តរជាតិ​មិន​ត្រូវ​ទទួលស្គាល់​ភាព​ស្រប​ច្បាប់ នៃ​ការបោះឆ្នោត​នោះ​ឡើយ។

សារ៉ាដា៖ ដូច​លោក​បាន​ដឹង​ហើយ​ថា គណៈកម្មាធិការ​កិច្ចការ​បរទេស របស់​​សភា​តំណាង​រាស្ត្រ​​សហរដ្ឋអាមេរិក​ជំរុញ​បង្កើត​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​របប​​លោក ហ៊ុន សែន តាម​រយៈ​​ការ​​បង្កក​ទ្រព្យ​សម្បត្តិ ទិដ្ឋាការ និង​ការ​រឹតត្បិត​ការ​ផ្ទេរ​​សាច់​ប្រាក់​​ក្នុង​​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​​របស់​​អាមេរិក។ តើ​សភា​របស់​ប្រទេស​អូស្ត្រាលី​មាន​គម្រោង​​ធ្វើ​​ច្បាប់​ដាក់​​ទណ្ឌកម្ម​​ដល់​​របប​លោក ហ៊ុន សែន ដែរ​ទេ?

ម៉ាក៖ យើង​បាន​ដឹង​អំពី​បញ្ហា​នេះ​ដែរ ហើយ​ខ្ញុំ​ក៏បាន​សរសេរ​លិខិត មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) ដែរ អំពី​វិធានការណ៍​ម៉ឺងម៉ាត់​អ្វីខ្លះ​ដែល​អូស្ត្រាលី ត្រូវ​ធ្វើតាម​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ដល់​របប​លោក ហ៊ុន សែន។ ដូច​កន្លង​មក​នេះ​សហរដ្ឋអាមេរិក បាន​កាត់​ផ្ដាច់​ជំនួយ​លើ​ប្រព័ន្ធ​ពន្ធដារ​របស់​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជំនួយ​ផ្នែក​យោធា​លើកលែងតែ​ជំនួយ​មនុស្សធម៌​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​នោះ​គឺថា បណ្ដា​ប្រទេស​ក្នុង​ពិភពលោក រួម​ទាំង​អូស្ត្រាលី​ផង​ដែរ ត្រូវ​ប្រាកដ​ថា សកម្មភាព​នយោបាយ​របស់​លោក ហ៊ុន សែន គឺ​មិន​អាច​ទទួលយក​បានទេ។

សារ៉ាដា៖ តើ​លោក​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​នោះ​ទ​?

ម៉ាក៖ យើង​បាន​ដឹង​ថា រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​របស់​យើង​គួរ​ពិចារណា ក្នុង​ការ​ប្រើ​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាង​នេះ ដោយសារ​អូស្ត្រាលី​ក៏​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ។

សារ៉ាដា៖ តាម​ទស្សនៈ​របស់​លោក តើ​វិធានការ​ម៉ឺងម៉ាត់​អ្វីខ្លះ ដែល​អូស្ត្រាលី​ត្រូវ​ធ្វើ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា?

ម៉ាក៖ ខ្ញុំ​មិន​ចង់​និយាយ​ពី​ចំណុច​ជាក់លាក់​លើ​បញ្ហា​នេះ​ទេ ពីព្រោះ​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជាពិសេស​ក្រសួងការបរទេស​អូស្ត្រាលី ដែល​ជា​អ្នកទទួលខុសត្រូវ​លើ​កិច្ចការ​នេះ ជា​អ្នក​គិត​គូ​ទៅ​ចុះ។ អ្វី​ដែល​សំខាន់ គឺថា​យើង​ត្រូវ​មើល​គំរូ​របស់​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ដែល​កំពុង​ធ្វើ ហើយ​ប្រទេស​អូស្ត្រាលី​គួរ​ធ្វើតាម​គំរូ​ទាំងនេះ។

សារ៉ាដា៖ អ៊ីចឹង​តើ​លោក​យល់​ថា រដ្ឋាភិបាល​របស់លោក ម៉ាលខូម ធើនប៊ូល (Malcolm Turnbull) គួរតែ​នៅ​បន្ត​ផ្តល់​ជំនួយ​ដល់​របប​លោក ហ៊ុន សែន ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស សម្លាប់​ដំណើរការ​ប្រជាធិបតេយ្យ និង​បង្កើត​បរិ​យាស​កាស​បោះឆ្នោត​បែប​អា​ម៉ាស​យ៉ាង អ៊ីចឹង​តទៅទៀតទេ?

ម៉ាក៖ ខ្ញុំ​យល់ថា​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំងឡាយ​រួម​ទាំង អូស្ត្រាលី មិន​ត្រូវ​ទទួលស្គាល់​ការបោះឆ្នោត​បែប​កំប្លុកកំប្លែង ដូច្នេះ​ទេ។ ខ្ញុំ​យល់ថា វា​មាន​សារៈសំខាន់​ណាស់​ដែល​រដ្ឋាភិបាល អូស្ត្រាលី​ត្រូវ​ផ្ដល់​នូវ​ជំនួយ​ដល់​កម្ពុជា​ខាង​ផ្នែក​មនុស្សធម៌ សង្គមកិច្ច និង​ផ្នែក​សុខាភិបាល​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ ប៉ុន្តែ​ប្រសិន ជំនួយ​ទាំងនោះ​ទៅ​ជួយ​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​បែប កំប្លុកកំប្លែង និង​បែប​បោក​បញ្ឆោត​វិញ ខ្ញុំ​យល់ថា មិន​ថា​តែ​រដ្ឋាភិបាល អូស្ត្រាលី​ប៉ុណ្ណោះ​ទេ តែ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ដទៃ​ទៀត​លើ​ពិភពលោក​ក៏​មិន​ត្រូវ​គាំទ្រ​ដែរ។

សារ៉ាដា៖ មានការ​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​មាន​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដោយសារ​លោក​ក្ដោបក្ដាប់​អំណាច​យូរ​ពេក។ តើ​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើក​ឡើង​បែបនេះ?

ម៉ាក៖ ខ្ញុំ​មិន​មាន​ទស្សនៈ​អ្វី​ទៅ​បញ្ហា​នេះ​ទេ ហើយ​ទុក​ឲ្យ​ក្រុម​អ្នក​ជំនាញ​ធ្វើការ​វិភាគ​ទៅ​ចុះ។ ប៉ុន្តែ​សម្រាប់​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​យល់ថា រាល់​ទង្វើ​របស់​លោក ហ៊ុន សែន គឺ​មិន​អាច​ទទួលយក​បានទេ ជា​ពិសេស​​ ការ​រំលោភ​​សិទ្ធិ​មនុស្ស ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ការ​ឃុំ​ខ្លួន​អ្នកទោស​នយោបាយ​ជា​ច្រើន​រូប ការគាបសង្កត់​បណ្ដាញ​សា​ព័ត៌មាន ឯករាជ្យ សហជីព និង​អង្គការ​ការពារ​បរិស្ថាន​ទាំងអស់​ហ្នឹង។ ជាង​នេះ​ទៅ​ទៀត​នោះ ខ្ញុំ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ឥទ្ធិពល​របស់ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នេះ​ដែរ ដូច​ជា​ការ​សូកប៉ាន់ និង​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ ខ្មែរ​-​អូស្ត្រាលី​ទាំងឡាយ​ណា ដែល​​ហ៊ាន​​រិះគន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​រំលាយ​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ​ជាដើម។ បញ្ហា​នេះ​ខ្ញុំ​នឹង​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​នា​ពេល​ខាងមុខ​អំពី​មូលហេតុ​ជាក់លាក់​នៃ​ការ​គំរាមកំហែង​ទាំងនោះ។ វា​មិន​អាច​ទទួលយក​បានទេ​ដែល​ប្រទេស​សេរី​ដូចជា​អូស្ត្រាលី​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្វែងរក​វិធី​គំរាមកំហែង​សហគមន៍​របស់​យើង​នោះ។

សារ៉ាដា៖ ឥឡូវ​យើង​ងាក​ទៅលើ​ប្រធានបទ​មួយទៀត​វិញ។ រដ្ឋាភិបាល​អូស្ត្រាលី កាលពី​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​ប្រកាស​ថា នឹង​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​បញ្ជូន​ជនភៀសខ្លួន​មក​រស់នៅ​កម្ពុជា ដោយសារ តែ​រដ្ឋាភិបាល​អូស្ត្រាលី បារម្ភ​ពី​ភាព​ស្របច្បាប់ នៃ​ការបោះឆ្នោត របស់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខនេះ​។ តើ​រដ្ឋាភិបាល អូស្ត្រាលី​គួរតែ​បន្ត​កិច្ចព្រមព្រៀង​នេះ​ទៀត​ទេ?

ម៉ាក៖ ក្នុងនាម​យើង​ជា​គណបក្សប្រឆាំង​នៅ​ប្រទេស​អូស្ត្រាលី យើង​សម្ដែង​ក្តី​ព្រួយបារម្ភ​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ថា មាន​លក្ខណៈ​សមរម្យ​ក្នុង​ការ​បន្ត​ធ្វើ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​តទៅទៀត​ឬ​យ៉ាងណា​នោះ​ទេ។ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ យើង​បាន​ទទួល​យក​ជនភៀសខ្លួន មក​ពី​ប្រទេស​កម្ពុជា ករណី​ភរិយា និង​កូនៗ​របស់​លោក​បណ្ឌិត កែម ឡី ហើយ ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​យើង​បាន​ធ្វើ​កិច្ចការ​នេះ។ ប៉ុន្តែ​ប្រសិនបើ​អូស្ត្រាលី​ធ្វើការ​បញ្ជូន​ជនភៀសខ្លួន ទៅកាន់​ប្រទេស​មួយ​ដែល​តែង​ធ្វើ​ឲ្យ​មាន​ជនភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ដូច្នេះ​វិញ វា​ពិតជា​មិន​សមរម្យ​នោះ​ទេ។ ហើយ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ទៅកាន់​ប្រទេស​កម្ពុជា ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៨ នឹង​នាំ​ឲ្យ​មាន​ការ​ជជែក​វែកញែក ជា​ខ្លាំង។

សារ៉ាដា៖ បាទ​សូម​អគុណ​ច្រើន​ចំពោះ​ការ​ចំណាយ​ពេលវេលា​របស់​លោក ជាមួយ​វិទ្យុ​អាស៊ីសេរី!

ម៉ាក៖ បាទ​សូម​គុណ​ដូចគ្នា ជួប​គ្នា​លើក​ក្រោយ​ទៀត!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មេ​បក្ស​ប្រឆាំង​អូស្ត្រាលី​ថា​របប​លោក ហ៊ុន សែន កំពុង​រៀបចំ​ការ​បោះឆ្នោត​​បែប​កំប្លុកកំប្លែង"

  1. Anonymous says:

    Of course’ cambodia is the fake democracy’ and everything are fake ‘ because Veitcong mafia dictator and his groups are the people who rob everything from cambodian people and nation . They did this show since 1997 coup and killing a lot more khmer then they control everything since then and they just do their own law’ Mafia law’. GOD bless all good people’