លោក​ ហ៊ុន​ សែន ថាអ្នក​អំពាវ​នាវ​​ពល​រដ្ឋកុំ​ឲ្យ​ទៅ​បោះឆ្នោត​ជាការប្រឆាំង​ព្រះមហាក្សត្រ

| |
https://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបកម្មករ កម្មការនីប្រមាណ ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨ ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី ៦ មិថុនា ២០១៨ (រូបភាព៖ FN)


លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ប្រកាស​ថា​អ្នក​ដែល​អំពាវនាវ​កុំឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​ជា​អ្នក​ធ្វើ​សកម្ម​ភាពប្រឆាំង​​ និង​មិន​គោរព​ព្រះ​មហា​ក្សត្រ ។

​ការ​ថ្លែងបែបនេះ​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​ធ្វើឡើង​​បន្ទាប់ពីព្រះ​មហា​ក្សត្រព្រះបាទនរោត្តម សីហមុនី ​បានចេញព្រះរាជសារ កាលពីថ្ងៃទី១៨ ខែឧសភា ហើយត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ម្សិល​មិញ ដោយ​អំពាវ​នាវ​ពលរដ្ឋ​ឲ្យ​ទៅចូលរួមការ​បោះឆ្នោត​ដែល​នឹងប្រព្រឹត្តទៅនៅខែកក្កដា​ខាងមុខ។

ក្នុង​ពិធី​ជួបជុំ​ជា​មួយកម្ម​ករ​នៅ​ខេត្ត​កំពង់​ចាម នៅ​ថ្ងៃ​នេះ​លោក​ ហ៊ុន សែន បាន​ថ្លែងថា​ព្រះរាជ​សាររបស់​ព្រះ​មហា​ក្សត្រ​នេះ​ជា​ការ​ទះ​កំផ្លៀង​ យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អ្នកដែល​អំពាវ​នាវ​កុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោត ដោយ​ថាការ​អំពាវ​នាវនេះស្មើនឹង​​ទោស​បំពានព្រះមហាក្សត្រ។


មុន​នេះ​អ្នក​ឯង​ថា​ទៅ​បោះឆ្នោត​គឺ​គ្រាន់​តែ​កំដរ​ឲ្យ​គណបក្ស​កាន់​អំណាច​របស់ ​ហ៊ុន សែន តែ​ប៉ុណ្ណោះ បន្ទោស​បង្អាប់គណបក្ស១៩​ទៀតថា​ជា​គណបក្ស​អាប បក្ស​អំពិល​អំពែក បក្សទប់​ជើង​គ្រែ បក្ស​រណប បក្ស​អា​យ៉ង តែ​ឥឡូវ​ព្រះ​មហា​ក្សត្រ​ចេញព្រះរាជ​សារ តើ​ព្រះ​មហា​ក្សត្រ​ជា​អាយ៉ង​របស់​ហ៊ុន សែន​ទេ? អ្នក​ឯងឆ្លើយ​ឲ្យ​ច្បាស់​មក បើ​អ្នក​ឯង​ប្រឆាំង​គឺ​អ្នក​ឯង​ប្រឆាំង​ស្តេច​ផែន​ដី​ចប់​ហើយ!

លោក ហ៊ុន សែន នាយករដ្ឋមន្រីកម្ពុជា


​​លោក សម រង្ស៊ី កាលពីថ្ងៃ២៣ ឧសភា បានផ្ញើលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រដោយសូម ព្រះអង្គ​គ​ង់​នៅជា​អព្យា​ក្រឹត្យ​ ដើម្បីបង្រួបបង្រួមជាតិ និងកុំធ្វើតាមការស្នើសុំ របស់បក្សកាន់អំណាច ដែលលោកថា បានដាក់សំពា​ធ​ឲ្យពលរដ្ឋចេញ​ទៅ​បោះឆ្នោត។

ក្នុង​ព្រះរាជសារ​ដែល​ព្រះ​មហា​ក្សត្រឡាយ​ព្រះ​ហស្ថ​លេខា ព្រះអង្គទ្រង់មានព្រះបន្ទូលថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅ ជាសម្ងាត់តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ព្រះអង្គ​មានព្រះបន្ទូលបន្ថែម​ថាសូម​កុំមានឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគម្រាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ។


ខ្ញុំសូមបងជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោត​ទៅតាមសតិ​សម្ប​ជញ្ញៈ​របស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ

ព្រះមហាក្សត្រ សម្ដេច នរោត្ដម សីហមុនី


អ្នក​នាំពាក្យ​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​លោក ហង្ស ពុទ្ធា មានប្រសាសន៍​ថា​ ការ​ចេញ​ព្រះរាជសារ​អំពាវ​នាវ​របស់​ព្រះ​មហា​ក្សត្រ​នៅពេល​នេះគឺ​ជា​ចេតនា​ល្អ និង​សេចក្តី​បំភ្លឺ​មួយ​ដើម្បី​ឲ្យប្រជា​ពល​រដ្ឋ​មាន​ទំនុក​ចិត្ត​ដល់​ការ​បោះឆ្នោត​នាពេល​ខាង​មុខ។ លោក​បាន​បន្ថែម​ថា មក​ដល់ពេលនេះ​គណកម្មាធិការ​ជាតិ​មិន​ទាន់​ឃើញ​មាន​បាតុ​ភាព​នៃ​ការ​គំរាម​កំហែងណា​មួយ​ទៅ​លើ​អ្នក​បោះឆ្នោត​នោះ​ទេ។

លោកថា៖ « ដោយ​ឡែក​ គ.ជ.ប និង​អនុវត្ត​យន្តការណ៍របស់​ខ្លួន ចំពោះជន​ដែល​រារាំង​ដល់​ការ​បោះឆ្នោត ជន​ដែល​បញ្ច្រាស​ច្បាប់ ​​និង​មាន​ការអំពាវ​នាវមិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ទៅ​បោះឆ្នោត​ដែល​ជា​អំពើ​ល្មើស​ច្បាប់​ បំបែក​បំបាក់​ជាតិ និង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​រីក​ចំរើន​នៃ​លិទ្ធិ​ប្រជា​ធិបតេយ្យ នៅ​កម្ពុជា​តាម​រយៈ​ការ​បោះឆ្នោត​នោះ​ គឺ​ត្រូវចាត់​វិធាន​ការ​តាម​ច្បាប់។ ហើយ​ដែល​ច្បាប់​នេះ​ឯង​មាន​ចែង​ក្នុង​មាត្រា​១៣២​នៃ​ច្បាប់​ស្តីពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ » ។

គណបក្សចំនួន ២០ នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្ម និងមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ខាងមុខ​ឡើយ ប្រសិន​បើ​គ្មាន​ការ​​ដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យអតីតបក្សប្រឆាំងបានចូលរួមការបោះឆ្នោត។

ករណី​នេះ​ទាំង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន និង​ គ.ជ.ប ថា​ការ​ទទួលស្គាល់​ ឬ​មិន​ទទួល​ស្គាល់​ជាសិទ្ធិ​របស់ប្រទេស​ទាំងនោះ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ធានា​ដល់​ការ​បោះឆ្នោត​នាពេលខាង​មុខ​អាច​ប្រព្រឹត្តទៅដោយ​សេរី​ ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​ ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles