អ្នកច្បាប់​ថា ការ​មិន​ទៅ​បោះឆ្នោត​តាម​ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ មិន​ខុសច្បាប់​ទេ

ដោយ ទីន ហ្សាការីយ៉ា
2018-06-06
RFA

ពលរដ្ឋ​ជ្រលក់​ទឹក​ខ្មៅ​ម្រាមដៃ​ក្រោយ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
ពលរដ្ឋ​ជ្រលក់​ទឹក​ខ្មៅ​ម្រាមដៃ​ក្រោយ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA


នៅ​ថ្ងៃ​ទី​៦ មិថុនា គណបក្ស​នយោបាយ​ធំ​ពីរ​ដែល​ធ្លាប់តែ​ជា​ដៃគូ​ប្រកួតប្រជែង​ប្រកៀក​គ្នា​នោះ បាន​ចេញ​សារ​នយោបាយ​ពី​ផ្សេងគ្នា ដែល​ជា​ការ​ឆ្លើយតប​ដោយ​ផ្ទាល់​ទៅ​នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ។ គណបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត និង​មិន​ទទួល​យក​ការបោះឆ្នោត​ក្លែងក្លាយ ដោយ​សំអាង​ថា​ព្រះរាជសារ​នោះ ជា​ការ​ប្រកាស​ផ្សាយ​ធម្មតា និង​ជា​ប្រពៃណី​ដែល​ព្រះមហាក្សត្រ​តែង​ធ្វើ​រៀងរាល់​អាណត្តិ​ដូច្នេះ ហើយ​ថា​វា​ជា​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ថា ទៅ ឬ​មិន​ទៅ​បោះឆ្នោត។

រីឯ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដើម្បី​គោរព​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ហើយ​ថា អ្នកណា​មិន​ទៅ​បោះឆ្នោត​គឺជា​ការ​ប្រឆាំង​និង​ព្រះរាជសារ ហើយ​ខុសច្បាប់។

ការ​ចេញ​សារ​អំពាវនាវ​ពីរ​ផ្សេងគ្នា រវាង​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។

គណៈកម្មការ​ចំពោះ​កិច្ច​នៃ​គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ភ្លាមៗ នៅ​ថ្ងៃ​ទី​៦​មិថុនា ក្រោយពី​បើក​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ មិថុនា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត និង​ធ្វើ​យុទ្ធនាការ​ពលរដ្ឋ​ទាំង​នៅ​ក្នុង​ប្រទេស ក្រៅ​ប្រទេស ធ្វើ​យុទ្ធនាការ​មិន​ទទួលស្គាល់​ការបោះឆ្នោត​ក្លែងក្លាយ និង​ពង្រីក​សកម្មភាព​ការទូត។

រីឯ ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន រំលាយ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លិខិត​ព្រះមហាក្សត្រ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ថ្ងៃ​២៩ កក្កដា ខាងមុខ គឺជា​លិខិត​ក្លែងក្លាយ​ទេ ឬក៏​ជា​លិខិត​មួយ ដែល​បាន​ធ្វើឡើង​ក្រោម​ការ​គំរាមកំហែង ពី​ជន​ផ្ដាច់ការ ហ៊ុន សែន ដែល​ចេះតែ​ដើរ​គំរាមកំហែង​អ្នកដទៃ មាន​ទាំង​ព្រះមហាក្សត្រ​ផង​ដែរ៖ «ព្រះមហាក្សត្រ​លោក​មិន​មាន​បំណង​ធ្វើ​អ្វី​តាមតែ​លោក ហ៊ុន សែន បញ្ជា​ទេ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ដោយសារតែ​ការ​គំរាមកំហែង​ពី​លោក ហ៊ុន សែន យើង​ដឹង​ហើយ លោក ហ៊ុន សែន ធ្លាប់តែ​គំរាមកំហែង​គេឯង»

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​កាលពី​ថ្ងៃ​ទី​១៨ ឧសភា ហើយ​ដែល​ទើប​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ មិថុនា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​មាន​សិទ្ធិ​បោះឆ្នោត ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​ខែត្រ​កំពង់ចាម​នៅ​ថ្ងៃ​ទី​៦​មិថុនា ព្រមាន​ចំពោះ​ការ​អំពាវនាវ​របស់​គ​ណ​បក្ស​ប្រឆាំង​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នេះ​ថា ជា​រឿង​ប្រមាថ​ព្រះមហាក្សត្រ និង​ខុសច្បាប់៖ «តើ​គេ​ហ៊ាន​ចេញមុខ​ប្រឆាំង​ជាមួយ​ព្រះរាជសារ​ព្រះមហាក្សត្រ​ដែរ​ឬទេ​? បើ​គេ​ប្រឆាំង​គឺ​មាន​ទោស​ស្មើ​ទោស​កៀនវាំង ព្រោះ​ទង្វើ​បែបនេះ​យើង​ដឹង​ហើយ​ថា នេះ​ជា​ទោស​កៀនវាំង តែម្ដង ព្រោះ​ទង្វើ​បែបនេះ ថ្ងៃ​ណាមួយ​គេ​នឹង​បំផ្លាញ​រាជានិយម​តែម្ដង ហើយ​គេ​ចង់បាន​បំផ្លាញ​ទៅជា​របប​សាធារណរដ្ឋ​ម្ដង​រួច​មក​ហើយ»

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី បាន​លើកឡើង​ថា អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​នោះ គឺ​លោក ហ៊ុន សែន ទៅវិញ​ទេ។ លោក សម រង្ស៊ី បាន​រំលឹក កាលពី​ឆ្នាំ២០០៥ ថា ជន​ផ្ដាច់ការ ហ៊ុន សែន នេះ បាន​គំរាមកំហែង​ព្រះមហាក្សត្រ​ម្ដង​ហើយ ថា គាត់​នឹង​រំលាយ​រាជបល្ល័ង្ក បើ​ព្រះមហាក្សត្រ​មិន​យល់ព្រម​ប្រថាប់ត្រា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម ក្នុង​រឿង​ព្រំដែន ដែល​ទទួល​ស្គាល់​សន្ធិសញ្ញា​ព្រំដែន ចុះហត្ថលេខា​ដោយ​របប ហេង សំរិន និង ហ៊ុន សែន ក្នុង​ទសវត្សរ៍ ឆ្នាំ​១៩៨០ ដែល​បាន​កាត់​ទឹកដី​ប្រទេស​កម្ពុជា មាន​ទាំង​កោះត្រល់​ដែរ​នោះ ឲ្យ​ទៅ​ប្រទេស​វៀតណាម។ ករណី​នេះ លោក សម រង្ស៊ី ហៅ​លោក ហ៊ុន សែន ថា ជា​ជន​ផ្ដាច់ការ​ដែល​បាន​រៀបចំ​សន្ធិសញ្ញា​ព្រំដែន​ទាំងនោះ និង​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ គឺជា​ជន​ក្បត់ជាតិ យ៉ាង​ពិត​ប្រាកដ៖ «លោក ហ៊ុន សែន ឲ្យ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ទទួល​ស្គាល់ លោក ហ៊ុន សែន ក៏​បាន​គំរាម​ព្រះមហាក្សត្រ ទទួល​ស្គាល់​សន្ធិសញ្ញា​នេះ​ទេ លោក ហ៊ុន សែន នឹង​រំលាយ​រាជបល្ល័ង្ក»

ទាក់ទង​នឹង​ការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត​នេះ អ្នកច្បាប់​ពន្យល់​ថា មិនមែន​ជា​ការ​ប្រឆាំង​នឹង​ព្រះមហាក្សត្រ ឬ​ត្រូវ​មានទោស​ដោយ​ការប្រមាថ​ព្រះមហាក្សត្រ​អ្វី​ឡើយ ព្រោះថា ការ​ទៅ​បោះឆ្នោត​ឬ​មិន​ទៅ​បោះឆ្នោត​នេះ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

អ្នកស្រី​មេធាវី ម៉េង សុភារី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មិថុនា​ថា ការ​ទៅ​បោះឆ្នោត​មិនមែន​ជា​កាតព្វកិច្ច​ទេ ហើយ​ការ​អំពាវនាវ​បែប​ណា​មួយ​របស់​គណបក្ស​នយោបាយ​ក្ដី និង​ការ​អំពាវនាវ​របស់​មហាក្សត្រ​ក្ដី មិនមែន​ជា​ច្បាប់​ទេ ហើយក៏​គ្មាន​ច្បាប់​ណាមួយ​ចែង​អំពី​ទោស​ទណ្ឌ​ចំពោះ​អ្នកណា​ដែល​មិន​អនុវត្ត​តាម​ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​នេះ​ដែរ៖ «នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​របស់​យើង​ពុំ​មាន​ច្បាប់​ចែង​ពី​ការ​ដាក់​ទណ្ឌ​ចំពោះ​អ្នកណា​មិន​ធ្វើតាម​ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​នោះ​ទេ»

រដ្ឋធម្មនុញ្ញ​មាត្រា ៣៤ ថ្មី ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​១៨​ឆ្នាំ មាន​សិទ្ធិ​បោះឆ្នោត។

ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន អះអាង​ថា ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខនេះ គឺ​ជា​ការ​បោះឆ្នោត តាម​បែប​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

អ្នកវិភាគ​លើកឡើង​ឡើង​ថា ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុង​នីតិកាល​ទី​៦ ដោយ​គ្មាន​គណបក្សប្រឆាំង​ដែល​មាន​សំឡេង​ប្រកួតប្រជែង​ប្រកួតប្រជែង​គ្នា​ចូលរួម ដោយសារតែ​របប​លោក ហ៊ុន សែន រំលាយ​នេះ គឺជា​ការបោះឆ្នោត​មិន​ឆ្លុះបញ្ចាំង​ពី​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើយ។ លោក​បណ្ឌិត មាស នី បាន​ហៅ​ការរៀបចំ​បោះឆ្នោត​សេរី​ពហុបក្ស​នេះ គឺជា​ការ​ការបោះឆ្នោត​តាម​ស្តង់ដារ​របស់​កម្ពុជា​តែប៉ុណ្ណោះ មិនមែន​ជា​ស្តង់ដារ​សាកល​ឡើយ។ លោក​បញ្ជាក់​ថា របប​លោក ហ៊ុន សែន ហាក់​មិន​ខ្វល់​អំពី​ការ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ពី​សហគមន៍​អន្តរជាតិ​ដែរ សំខាន់​របប​លោក ហ៊ុន សែន ត្រូវ​រៀបចំ​បោះឆ្នោត​សិន រឿង​មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ ឬ​មិន​ទទួលស្គាល់​គឺជា​ជំហាន​បន្ទាប់​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នកច្បាប់​ថា ការ​មិន​ទៅ​បោះឆ្នោត​តាម​ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ មិន​ខុសច្បាប់​ទេ"

  1. Rayuth says:

    វាជាសិទ្ធិរបស់ពលរដ្ឋ មិនមែនជាសិទ្ធិរបស់ស្តេច ឬឯកឧត្តមណាទេ។ ដូច្នេះសូមកុំបំភ័យ ឬបង្អើលអោយភ័។ សិទ្ធិរបស់ពលរដ្ឋទុកអោយពលេដ្ឋជាអ្នកសម្រេច។ មិនមែនអោយតែជាការអំនាវនាងរបស់ព្រះមហាក្សត្រ សុទ្ធតែត្រូវស្តាប់
    តាមទាំងអស់នោះទេ។

  2. Free Cambodia says:

    Yes, of course, you have every rights to stay home. If you live in the US, do you know who said this: “Ask not what your country can do for you; ask what you can do for your country.” Patriotism means to stand by the country, and it’s our civic duty to vote. Learn to be a responsible and rational person.

    Because there are some people who are (ah jey dehk prom dehm cheur kong jeung meul klah see krohbeuy). Meaning a man crossing his legs under the tree watching tiger eating his buffalo. He cares nothing but himself. They need to see the movie “dumb and dummer.”

Leave a Reply

Submit Comment