ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ភរិយា​លោក ស៊ុយ សែម ចេញ​តវ៉ា​ដាក់​ញត្តិ​ជា​ថ្មី

ដោយ អាស៊ីសេរី
2018-06-12

តំណាងរាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​អ្នកស្រី ឡោក ខេង និង​ប្រធាន​ក្រុមហ៊ុន ខេ ឌី ស៊ី(KDC)  លោកស្រី ជា ខេង នៅ​ក្នុង​កិច្ច​ពិភាក្សា​ប្រមូល​ព័ត៌មាន​រឿង​ដីធ្លី​របស់​ពលរដ្ឋ​នៅ​សាលាស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី ២៧ កញ្ញា ឆ្នាំ ២០១៤។ RFA/Chin Chetha
តំណាងរាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​អ្នកស្រី ឡោក ខេង និង​ប្រធាន​ក្រុមហ៊ុន ខេ ឌី ស៊ី(KDC) លោកស្រី ជា ខេង នៅ​ក្នុង​កិច្ច​ពិភាក្សា​ប្រមូល​ព័ត៌មាន​រឿង​ដីធ្លី​របស់​ពលរដ្ឋ​នៅ​សាលាស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី ២៧ កញ្ញា ឆ្នាំ ២០១៤។ RFA/Chin Chetha


សហគមន៍​ឡ​ពាង​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចេញ​តវ៉ា​ជាថ្មី​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា នេះ។

តំណាង​អ្នក​តវ៉ា​ម្នាក់​នៅ​ភូមិ​ឡពាង អ្នកស្រី អ៊ុំ សុភី រៀបរាប់​ថា តាំង​ពី​ព្រឹក​ព្រលឹម គឺ​តំណាង​ពលរដ្ឋ​១៣​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ភូមិគ្រឹះ​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ប៉ុន្តែ​មន្ត្រី​យាម​ទីនោះ​មិន​អនុញ្ញាត​អោយ​ចូល​និង​ថា​ទីនោះ​មិន​ទទួល​ញត្តិ​នោះ​ទេ ដោយ​ប្រាប់​ពួកគាត់​ឲ្យ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ក្រោម​ដើម​ពោធិ៍​ទល់មុខ​វត្តបទុមវតី​វិញ។

អ្នកស្រី​បន្ត​ថា ពេល​ទៅ​ដល់​នោះ មន្ត្រី​ខុទ្ទកាល័យ​ក៏​មិន​ទទួល​ដែរ​ក្រោម​ហេតុ​ថា ញត្តិ​ពួកគាត់​មាន​ចំណុច​ច្រើនពេក ហើយ​អោយ​ពួកគាត់​ត្រឡប់​ទៅផ្ទះ​រៀបចំ​ញត្តិ​សា​ថ្មី។ «»

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ម្នាក់​នេះ បន្ត​ថា ខ្លឹមសារ​នៃ​ញត្តិ​នោះ គឺ​ពួកគាត់​ទាមទារ​ចំនួន​៣ ចំណុច គឺ​ទី​១ ទាមទារ​ឲ្យ​លោក​ហ៊ុន សែន អន្តរាគមន៍​ទៅលើ​អនុក្រឹត្យ​សម្បទាន​ដី​ជាង​៤​រយ​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើជា​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ចិន។ ទី​២​សុំ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ​លើ​អនុក្រឹត្យ​នោះ​ឡើងវិញ ព្រោះ​អនុក្រឹត្យ​នោះ​បាន​ជាន់​លើ​ដី​អ្នកភូមិ​ដែល​កំពុង​មាន​ទំនាស់​ស្រាប់​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ។ ទី​៣​គឺ​ទទូច​ឲ្យ​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​ទំនាស់​ដី​ជាង​១២០​ហិកតារ ជូន​ពលរដ្ឋ​៥៣​គ្រួសារ។

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួ ង​រ៉ែ និង​ថាមពល​ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច បាន​អូសបន្លាយ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។ ភាគី​ក្រុមហ៊ុន បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេលខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ផង​ក៏​មាន។ កាលពី​ឆ្នាំ​២០១៣ មិន​ទាំង​ដោះស្រាយ​ទំនាស់​ដី​នេះ​ចប់​ផង របប​លោក ហ៊ុន សែន បាន​ផ្តល់​ដី​សម្បទាន​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​ថែមទៀត។

តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់ នឹង​ចេញ​តវ៉ា​និង​ដើរ​ដាក់​ញត្តិ​តាម​ក្រសួង​ស្ថាប័ន​ជាតិ​ជាថ្មី​បន្ត​ទៀត ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ជូន​ពួកគាត់ ខណៈ​ដែល​ជីវភាព​កាន់តែ​ធ្លាក់​ដុនដាប​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles