“មានតែ​មេដឹកនាំ​ផ្ដាច់ការ​ដែល​ឲ្យ​និយមន័យ​ប្រជាធិបតេយ្យ​ផ្សេង​ពី​គោលការណ៍​សកល”

ដោយ មួង ណារ៉េត
2018-06-11
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA


អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​បច្ចុប្បន្ន លោក សម រង្ស៊ី លើកឡើង​ថា គោលការណ៍​ប្រជាធិបតេយ្យ​សាកល ត្រូវតែ​មាន​លក្ខណៈ​រួម​មួយ ដែល​ខុស​ពី​របប​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច​សព្វថ្ងៃ​នេះ៖ «លទ្ធិប្រជាធិបតេយ្យ ដូចជា​ការ​គោរព​សិទ្ធិមនុស្ស គឺជា​គោលការណ៍​ដែល​មាន​លក្ខណៈ​ជា​​​​​​​​​​​​​​​​​​​សកល។ មិនមែន​ប្រែប្រួល​តាមតែ​យើង​បកស្រាយ ប្រែប្រួល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​នោះ​ទេ។ មិនមែន​ដូច្នេះ​នោះ​ទេ។ មនុស្ស​ម្នាក់ៗ គ្រប់រូប ទោះជា​រស់នៅ​សម័យ​ណា​ក៏​ដោយ នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ ទ្វីប​ណា​​ក៏ដោយ គឺ​យើង​ជា​មនុស្ស​ដូចគ្នា គឺ​មនុស្ស​ម្នាក់ៗ​ត្រូវ​មាន​ភាព​ថ្លៃថ្នូរ​ដូចគ្នា ពីព្រោះ​មនុស្ស​ម្នាក់ៗ​ចេះ​ឈឺចាប់​ដូចគ្នា​។ មនុស្ស​ម្នាក់ៗ​ចេះ​ស្រលាញ់​សេរីភាព​ដូចគ្នា​។ មនុស្ស​ម្នាក់ៗ​ស្រលាញ់​យុត្តិធម៌​ដូចគ្នា។ ឈាម​យើង​ក្រហម​ដូចគ្នា។ ហើយ​បើ​គេ​វាយ​យើង យើង​ឈឺ​ដូចគ្នា។ យើង​ស្លាប់​ទៅវិញ​ដូចគ្នា។ យើង​ស្រលាញ់​អំពើ​ល្អ​ដូចគ្នា។ មនុស្ស​គឺ​ដូចគ្នា​ទាំងអស់ មិនមែន​ខុសគ្នា ដោយសារ​ពណ៌​សម្បុរ​បន្តិចបន្តួច សាសនា ជាតិ​សាសន៍ មិនមែន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់ គឺ​លក្ខណៈ​របស់​យើង​ជា​មនុស្ស ដែល​ត្រូវតែ​មាន​សិទ្ធិ ដូចគ្នា​ទាំងអស់ ទោះជា​យើង​រស់នៅ​ទីណា​ក៏ដោយ»

លោក សម រង្ស៊ី បញ្ជាក់​បន្ថែម​ថា របប​លោក ហ៊ុន សែន បាន​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​ទាំងស្រុង រួចហើយ​បែរជា​បកស្រាយ​បិទបាំង​ការពិត ថា​គេ​មិន​ត្រូវ​ប្រៀបប្រដូច​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច​ប្រជាធិបតេយ្យ​នៅ​ប្រទេស​លោក​សេរី​នោះ​ទៅវិញ៖ «ច្បាប់​ដែល​គេ​យក មក​ប្រើ​នៅ​ប្រទេស​កម្ពុជា គឺជា​ច្បាប់​ព្រៃ គឺជា​ច្បាប់​ដែល​ស្ថិត​នៅ​លើ​តែ​បបូរមាត់​របស់​គេ គឺ​ច្បាប់​ដែល​ការពារ​តែ​ផលប្រយោជន៍​របស់​ពួកគេ រួមមាន​អ្នកកាន់អំណាច​សព្វថ្ងៃ ក្រុម​គ្រួសារ​គេ និង​បក្ស​ពួកគេ។ តាម​និយមន័យ​​ធម្មតា ច្បាប់​ដែល​រៀបចំឡើង​តាម​បែប​បទ​ប្រជាធិបតេយ្យ គឺ​ការពារ​ផលប្រយោជន៍​សាធារណៈ ផលប្រយោជន៍​រួម ផលប្រយោជន៍​ប្រជារាស្ត្រ​ទាំងមូល។ ហ្នឹងហើយ​គេ​ហៅថា​ច្បាប់​ប្រជាធិបតេយ្យ​។ បើ​ច្បាប់​ដូច​នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ​គ្រាន់តែ​ការពារ​ក្រុម​គ្រួសារ បក្សពួក និង ជន​ផ្ដាច់ការ​នៅ​ប្រទេស​កម្ពុជា មិនមែន​ហៅថា​ច្បាប់​ប្រជាធិបតេយ្យ​ទេ ហៅថា​ច្បាប់​ព្រៃ។ កុំ​ឲ្យ​តម្លៃ​ទៅ​ច្បាប់​ព្រៃ។ យើង​ត្រូវ​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ដែល​ក្នុង​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​នីមួយៗ គេ​រៀបចំ​ឲ្យ​មាន​ច្បាប់​ដែល​ការពារ​ផលប្រយោជន៍​សាធារណៈ»

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន នៅតែ​ការពារ​ជំហរ​របប​លោក ហ៊ុន សែន ក្នុង​ការ​បកស្រាយ​ថា​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពេញលេញ តាម​បែប​កម្ពុជា ទោះ​រង​ការរិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង យ៉ាង​ណា​ក្តី៖ «ឥឡូវ​ខ្ញុំ​ឧទាហរណ៍​សាមញ្ញ​មួយ ដើម្បី​ឲ្យ​ប្រជាជន​ស្ដាប់ សម្ល​មួយ​ឆ្នាំង​ហូប​ប្រាំ​នាក់​អត់​ឆ្ងាញ់​ដូចគ្នា​ទេ។ អ្នកខ្លះ​ថា​សាប អ្នកខ្លះ​ថា​ប្រៃ អ្នកខ្លះ​ថា​ជូរ អ្នកខ្លះ​ថា​ហឹរ។ អាមេរិកាំង​ហូប​ហែមប៊ើហ្គ័រ (Hamburger) គាត់​ថា​ឆ្ងាញ់​របស់​គាត់ ប៉ុន្តែ​ខ្មែរ​តិច​ណាស់​ដែល​ឆ្ងាញ់​ហែមប៊ើហ្គ័រ។ បើ​ខ្មែរ​នៅ​ស្រុក​ខ្មែរ​ដូចជា​មិនសូវ​ចេះ​ហូប​ប៉ុន្មាន​ទេ។ ដូច្នេះ​បើ​បើកហាង​ហែមប៊ើហ្គ័រ​ហ្នឹង បានតែ​ក្មេងៗ នោះ​ទេ ព្រោះ​ចាស់ៗ​អត់​ត្រូវការ​ហែមប៊ើហ្គ័រ​ទេ។ អាហ្នឹង​ហើយ​គេ​ហៅថា ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពហុមតិ ពហុ​យល់​ឃើញ មនុស្ស​មាន​សិទ្ធិ​ពហុនិយាយ វា​ខុស​ៗ​គ្នា។ របស់​តែមួយ​ទេ ប៉ុន្តែ​និយាយ​អត់​ត្រូវ​គ្នា»

តាម​គោលការណ៍​ប្រជាធិបតេយ្យ គឺ​គេ​យក​ប្រជាពលរដ្ឋ​ជាធំ។ ប៉ុន្តែ ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​ពលរដ្ឋ​គាំទ្រ​រហូតដល់​ជាង​បី​លាន​នេះ គឺ​របប​លោក ហ៊ុន សែន រង​ការរិះគន់ បាន​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ នៃ​អំណាច​ពលរដ្ឋ​ជា​ធំ​យ៉ាង​ដំណំ។ ក្នុង​របប​ប្រជាធិបតេយ្យ​ស្ថាប័ន​ធំៗ​ទាំង​បី រួមមាន​អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ និង​តុលាការ ត្រូវ​ឯករាជ្យ​ដាច់​ពី​គ្នា។ ប៉ុន្តែ របប​លោក ហ៊ុន សែន ក៏​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ដែល​ថា​ជា​អ្នក​ធ្វើ​ឲ្យ​ស្ថាប័ន​ទាំងនេះ ស្ថិត​ក្រោម​ឥទ្ធិពល បក្ស​កាន់​អំណាច​របស់​លោក​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles