សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ជប៉ុន​ឈប់​គាំទ្រ​ការ​បោះឆ្នោត​នៅ​កម្ពុជា

ដោយ សេក បណ្ឌិត
2018-06-12
RFA

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ RFA/Chun Chanboth
ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ RFA/Chun Chanboth


សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​ប្រមូល​ស្នាម​ដៃ ឬ​ហត្ថលេខា​ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​នេះ​ឲ្យ​ប្រាប់​ទៅ រដ្ឋាភិបាល​ជប៉ុន​ឈប់​គាំទ្រ​របប​លោក ហ៊ុន សែន ជាពិសេស​ដក​ការ​គាំទ្រ​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខ។ ការ​ទាមទារ​របស់​ព​រដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​បែបនេះ ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ធ្វើបាតុកម្ម​ទាមទារ​នៅមុខ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​របស់​ពួកគេ​ទាមទារ​ឱ្យ​ជប៉ុន​ដក​ជំនួយ​បោះឆ្នោត។

តាម​ការ​គ្រោងទុក​តំណាង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ចំនួន ១៣​រូប​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​នៅ​តាម​រដ្ឋ​នានា​នៃ​ប្រទេស​អូស្ត្រាលី នឹង​យក​ញត្តិ​នោះ​ដាក់​ទៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) រដ្ឋធានី​នៃ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក ហុង លីម ដែល​ផ្ដួចផ្ដើម​ការ​ដាក់​ញត្តិ​នេះ ឲ្យ​ដឹង​ថា ការ​ដាក់​ញត្តិ​នេះ​គឺ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ចង់បាន​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន ដោយ​ស្នើ​ឲ្យ​ជប៉ុន​បញ្ឈប់​ការ​គាំទ្រ​លើ​របប​លោក ហ៊ុន សែន តទៅទៀត។ លោក​យល់ថា ជប៉ុន​នៅ​តែ​មាន​តួនាទី​សំខាន់ ដូច្នេះ​កង្វល់​របស់​សហគមន៍​នឹង​ត្រូវ​បញ្ជូន​ទៅ​តាមរយៈ​ស្ថាន ទូត​ជប៉ុន​ដើម្បី​ឲ្យ​បាន​ដល់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​រដ្ឋាភិបាល​ជប៉ុន៖ «យើង​សុំ​ឲ្យ​គេ (ជប៉ុន) គាំទ្រ កុំ​ទទួលស្គាល់​ការ​បោះឆ្នោត​ដែល​របប​លោក ហ៊ុន សែន រៀបចំ​ឡើង ហើយ​សុំ​ឲ្យ​ដក​ជំនួយ​ដែល​គាំទ្រ​ការបោះឆ្នោត​ចេញ។ យើង​សុំ​ឲ្យ​គេ​ប្រកាន់​ជំហរ​ដូច​ប្រទេស​ទាំង​៤៥​ហ្នឹង​អ៊ីចឹង»

ការ​ដាក់​ញត្តិ​របស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ពេល​នេះ ពួកគេ​អះអាង​ថា មិន​តំណាង​គណបក្ស​ណាមួយ​នោះ​ទេ ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​ចម្លើយ​វិជ្ជមាន​ពី​ជប៉ុន។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​និយាយ​ចំអក​ថា ការ​ទាមទារ​គឺ​គ្មាន​ប្រយោជន៍​អ្វី​នោះ​ទេ។ លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​ខ្លួន​ថា ទោះ​ពួកគេ​ទាមទារ​យ៉ាងណា​ក៏​មិន​អាច​ធ្វើ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​ដែរ ហើយ​ការ​ទាមទារ​នេះ ក៏​មិន​ប៉ះពាល់​ដល់​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ​ដែរ។

ប្រទេស​ជប៉ុន​តែងតែ​សម្ដែង​ក្តី​បារម្ភ​របស់​ខ្លួន​ជា​បន្តបន្ទាប់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ក្រោយ​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ប្រាប់​របប​លោក ហ៊ុន សែន រាល់​ជំនួប​ផ្លូវការ​ថា ប្រទេស​ជប៉ុន​ចង់​ឃើញ​ការបោះឆ្នោត​មួយ​នៅ​កម្ពុជា​ដែល​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ ប៉ុន្តែ ប្រទេស​ជប៉ុន​នៅតែ​រក្សា​ជំហរ​ទន់ភ្លន់ ដោយ​នៅតែ​បន្ត​ផ្ដល់​ជំនួយ​ដល់​គ..ប និង របប​លោក ហ៊ុន សែន ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​កាត់ផ្ដាច់​ជំនួយ​ទាំងស្រុង​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​កាត់​ផ្ដាច់​ជំនួយ​ដទៃ​ទៀត​ដល់​របប​លោក ហ៊ុន សែន។

ពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​ក្នុង​ក្រុង​ស៊ីដនី​ម្នាក់ លោកស្រី ជី គឹមអាន និយាយ​ថា ប្រទេស ជប៉ុន​ដែល​ជា​មិត្ត​កម្ពុជា និង​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​ជប៉ុន​នឹង​ពិចារណា​ឡើង​វិញ ពី​ការ​រក្សា​ជំហរ និង​គោរព​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង​បី​លាន​នាក់​ដែល​ត្រូវ​របប លោក ហ៊ុន សែន រំលាយ​ចោល។ លោកស្រី​ឲ្យ​ដឹង​ដែរ​ថា គ្រាន់តែ​នៅ​រដ្ឋ​លោកស្រី​រស់នៅ​គឺ​លោកស្រី ប្រមូល​បាន​ស្នាម​ដៃ​ជាង​៦០០​នាក់​ហើយ ប៉ុន្តែ​នៅ​រដ្ឋ​ផ្សេងទៀត​លោកស្រី​មិន​ទាន់​ដឹង​នៅឡើយ​ទេ៖ «តិច​ក្តី​ច្រើន​ក្តី​ទៅ​ហើយ​អត់​មាន​ថយក្រោយ​ទេ សង្ឃឹមថា​គេ (ជប៉ុន) នឹង​ចាប់អារម្មណ៍​ព្រោះ​កន្លងមក​ឃើញ​នៅ​អឺរ៉ុប​ក្តី នៅ​អាមេរិក​ក្តី នៅ​ជប៉ុន​ក្តី​បាន​ធ្វើ​បាតុកម្ម»

ការ​ទាមទារ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នៅ​ពេល​នេះ ខណៈ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មួយ ចំនួន​រួមមាន​៖ សហរដ្ឋអាមេរិក បារាំង និង​ប្រទេស​កូរ៉េខាងត្បូង ជាដើម​បាន​ធ្វើ​បាតុកម្ម ទាមទារ​នៅមុខ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​របស់​ពួក​រស់នៅ ដោយ​ស្នើ​ឲ្យ​ជប៉ុន​ឈប់​គាំទ្រ​របប​លោក ហ៊ុន សែន និង​ជាពិសេស​ឈប់​គាំទ្រ​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដែល​ពួកគេ ចោទ​ប្រកាន់​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អំពាវនាវ​ឲ្យ​សហគមន៍​ខ្មែរ​ផ្សេងៗ​ទៀត​ដែល​មិនទាន់​បាន​ធ្វើ​ការ​ទាមទារ នាំគ្នា​ទាមទារ​ឲ្យ​ជប៉ុន​ឈប់​គាំទ្រ​របប​លោក ហ៊ុន សែន និង​ឈប់​គាំទ្រ​ការ​បោះឆ្នោត​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ជប៉ុន​ឈប់​គាំទ្រ​ការ​បោះឆ្នោត​នៅ​កម្ពុជា"

  1. Free Cambodia says:

    Your demand cannot be met. Read and learn before wasting time trying to separate us. It’s irreversible When Japanese Foreign Affairs Minister Taro Kono on Sunday signed a deal including millions in grants and loans during a visit to the Kingdom in April 2018.

    Kono signed the agreement for a more than $ 4.6 million grant and an $ 86 million loan When meeting Cambodia’s Foreign Minister Prak Sokhonn and Prime Minister Hun Sen on Sunday. Norio Maruyama, a press secretary for Japan’s Foreign Ministry, said the meeting had “also touched on the general elections. Cambodia first!

Leave a Reply

Submit Comment