ស្ថានទូត​ជប៉ុន​សន្យា​បញ្ជូន​ញត្តិ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន

វិទ្យុ​អាស៊ី​សេរី
2018-06-12

សមាជិក​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ដែល​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី
សមាជិក​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ដែល​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី


សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ មិថុនា​ថា ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) ប្រទេស​អូស្ត្រាលី យល់ព្រម​ទទួល​ញត្តិ​របស់​ពួក​គាត់​ហើយ។ ក្នុង​ពេល​ទទួល​ញត្តិ​នេះ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​នយោបាយ នៃ​ស្ថានទូត​ជប៉ុន​បាន​សន្យា​ថា គេ​នឹង​បញ្ជូន​ញត្តិ​នេះ​​ទៅ​​ជូន​រាជ​រដ្ឋាភិបាល​​របស់​​ជប៉ុន។

​ញត្តិ​របស់​​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ដែល​ដាក់​ជូន​ស្ថានទូត​ជប៉ុន​នៅ​ពេល​នេះ ទទួល​បាន​ហត្ថលេខា​ពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​ជា ១.២០០​នាក់។ ខ្លឹមសារ​ញត្តិ​នេះ គឺ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ជប៉ុន​ឲ្យ​ឈប់​ផ្ដល់​ជំនួយ​ផ្នែក​កិច្ច​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ព្រោះ​គេ​យល់​ថា ជំនួយ​របស់​ជប៉ុន​ពេល​នេះ ជា​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ​ទេ ដ្បិត​អី​ការ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ គឺ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ការ​ដាក់​ញត្តិ​នេះ​ម្នាក់ លោកស្រី ជី គឹមអាន ឲ្យ​អាស៊ីសេរី​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​នយោបាយ នៃ​ស្ថានទូត​ជប៉ុន​ជា​អ្នក​ចេញ​មក​ទទួល​ញត្តិ ហើយ​ជាង​នេះ​ទៀត មន្ត្រី​ស្ថានទូត​បាន​ចំណាយ​ពេល​ជាង​មួយ​ម៉ោង ដើម្បី​សួរនាំ​ក្រុម​ពលរដ្ឋ ដែល​ទៅ​ដាក់​ញត្តិ​នោះ។ លោកស្រី​យល់​ថា ការ​ដាក់​ញត្តិ​នេះ គឺ​ជា​ជោគជ័យ​នៃ​ការ​ទាមទារ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី៖ «»

ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ទីក្រុង​ស៊ីដនី អ្នកស្រី សុវណ្ណីរង្គ ខេយ៍ ដែល​ចូលរួម​ការ ដាក់​ញត្តិ​នេះ​ឲ្យ​ដឹង​ដែរ​ថា អ្នកស្រី​បាន​រៀបរាប់​ប្រាប់​មន្ត្រី​ស្ថានទូត​ថា ការ​បោះ​ឆ្នោត​ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ម្ចាស់​ឆ្នោត​ទេ វា​គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ៖ «»

ក្រៅពី​ការ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន​នៅ​ពេល​នេះ អ្នកស្រី សុវណ្ណីរង្គ ខេយ៍ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ស្រុក កុំ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ។

នៅ​ពេល​នេះ ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​កំពុង​ទាមទារ​ដោយ​ការ​ដាក់​ញត្តិ និង​ធ្វើ​បាតុកម្ម​នៅ​តាម​ប្រទេស​ពួក​គេ​រស់នៅ និង​នៅ​មុខ​ស្ថានទូត ឬ​នៅ​មុខ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត រៀបចំ​ដោយ​របប​លោក ហ៊ុន សែន ដែល​ពួក​គាត់​ចាត់​ទុក​ថា ក្លែងក្លាយ។

អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​​បាន​និយាយ​ចំអក​ថា ការ​ទាមទារ​នេះ គឺ​គ្មាន​ប្រយោជន៍​អ្វី​នោះ​ទេ។ លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម (Telegram) របស់​លោក​ថា ទោះ​ពួក​គេ​ទាមទារ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ដែរ ហើយ​ការ​ទាមទារ​នេះ ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ​ដែរ។

អ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង​លោក ហង្ស វិទូ យល់​ថា របប​លោក ហ៊ុន សែន គួរ​តែ​មាន​ការ​ឆ្លើយតប ចំពោះ​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក។

អ្នក​វិភាគ​វ័យ​ក្មេង​រូប​នេះ​បន្ត​ទៀត​ថា ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ពេល​នេះ ទោះ​ជា​ជប៉ុន​មិន​បាន​ឆ្លើយ ចំពោះ​សំណើ​សុំ​នេះ ប៉ុន្តែ​ការ​ទាមទារ​នេះ​កំពុង​ធ្វើ​ឲ្យ​ជប៉ុន​តឹង​ចិត្ត និង​រង​សម្ពាធ​យ៉ាង​ខ្លាំង៖ «»

ទោះ​បី​ជា​ប្រទេស​ជប៉ុន នៅ​តែ​ផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា​យ៉ាង​ណា​ក្តី ប៉ុន្តែ​រាល់​ជំនួប​ផ្លូវ​ការ​នៃ​រដ្ឋាភិបាល​ជប៉ុន ជាមួយ​របប​ក្រុង​ភ្នំពេញ ជប៉ុន​តែងតែ​លើក​ឡើង​ថា ខ្លួន​ចង់​ឃើញ​ការ​បោះ​ឆ្នោត​មួយ​នៅ​កម្ពុជា ដែល​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ស្ថានទូត​ជប៉ុន​សន្យា​បញ្ជូន​ញត្តិ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន"

  1. Free Cambodia says:

    Read and learn before wasting time trying to separate us. It’s irreversible when Japanese Foreign Affairs Minister Taro Kono on Sunday signed a deal including millions in grants and loans during a visit to the Kingdom in April 2018.

    Kono signed the agreement for a more than $4.6 million grant and an $86 million loan when meeting Cambodia’s Foreign Minister Prak Sokhonn and Prime Minister Hun Sen on Sunday. Norio Maruyama, a press secretary for Japan’s Foreign Ministry, said the meeting had “also touched upon the general elections.”