ក្រសួង​ការពារជាតិ​និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ថ្កោលទោស​អាមេរិក​រឿង​ដាក់ទណ្ឌកម្ម

ដោយ សេក បណ្ឌិត
2018-06-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA


ក្រសួងការពារជាតិ និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន សម្ដែង​ការ​សោកស្ដាយ និង​ថ្កោលទោស​សហរដ្ឋអាមេរិក ដែល​បានសម្រេច​ដាក់ទណ្ឌកម្ម បង្កក​ទ្រព្យ​សម្បត្តិ របស់​មេបញ្ជាការ​នៃ​កង​អង្គ រក្ស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង។ លោក ហ៊ីង ប៊ុនហៀង ក៏​បាន ឆ្លើយតប​ដែរ​ថា លោក​គ្មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​មិន​ធ្លាប់​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ។

ទោះ​យ៉ាងណា​ក្តី អ្នកវិភាគ យល់ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​ដាស់តឿន​របប​លោក ហ៊ុន សែន ឲ្យ​គោរព​សិទ្ធិមនុស្ស គោរព​នីតិរដ្ឋ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ វិញ យល់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​ផ្ដល់​នូវ​ពន្លឺ​យុត្តិធម៌​ជូន​ជនរងគ្រោះ ក្រោម​ស្នាដៃ​លោក ហ៊ីង ប៊ុនហៀង កន្លង​មក។

អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀ​ង ប្រតិកម្ម ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម បង្កក​ទ្រព្យ​សម្បតិ្ត របស់​លោក​នោះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ។

លោក ហ៊ីង ប៊ុនហៀ​ង បាន​ថ្លែងប្រាប់​ម៉ាស៊ីន​ឃោសនា របស់​លោក ហ៊ុន សែន និង​វិទ្យុ​ក្នុងស្រុក​មួយ​នៅ​ថ្ងៃពុធ ទី​១៣ មិថុនា ថា ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នេះ គឺ​គួរ​អោយ​អស់សំណើច និង​ដាក់​ចំ​មនុស្ស​ដែល​គ្មាន​មុខ​ជំនួញ និង​ទ្រព្យសម្បត្តិ​ច្រើន​ដូចជា​រូបលោក​នេះ។ «»

ជាមួយគ្នា​នេះ ក្រសួងការពារជាតិ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​បាន​សម្ដែង​ការ​សោកស្ដាយ និង​ច្រានចោល ព្រមទាំង​ថ្កោលទោស​ដាច់​អហង្ការ​ចំពោះ​ទង្វើ​របស់​ក្រសួង​រតនាគារ​នៃ​សហរដ្ឋអាមេរិក ដែល​បាន​សម្រេច​ដាក់ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​លើ​លោក ហ៊ីង ប៊ុនហៀង។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​រំលោភច្បាប់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ​យ៉ាង​អយុត្តិធម៌​បំផុត ហើយ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់ ធ្វើឡើង​ដោយ​ល្ងង់ខ្លៅ និង​តាម​ទំនើងចិត្ត ដែល​កម្ពុជា​មិន​អាច​ទទួលស្គាល់​បាន​ឡើយ។

ក្រសួងការពារជាតិ​កម្ពុជា​អំពាវនាវ​ឲ្យ​ក្រសួង​រតនាគារ​អាមេរិក បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​មក​លើ​មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា ចំណែក​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​លិខិត​ការពារ​លោក ហ៊ីង ប៊ុនហៀង ដែរ​ថា ជា​អ្នក​ប្រណិប័តន៍​ច្បាប់​ដ៏​ហ្មត់ចត់ និង​ជា​អ្នក​អនុវត្ត​នូវ​កាតព្វកិច្ច​ដ៏​ថ្លៃថ្នូរ​ក្នុង​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​កម្ពុជា។ លិខិត​ដដែល​បន្ត​ថា អ្វី​ដែល​អាមេរិក​ធ្វើ​នេះ គឺ​ជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​ជា​រំលោភបំពាន​អធិបតេយ្យភាព​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​អាមេរិក។

កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា លោក ហ៊ីង ប៊ុនហៀង ត្រូវ​បាន​ការិយាល័យ​កិច្ចការ​សាធារណៈ​នៃ​នាយកដ្ឋាន​រតនាគារ​អាមេរិក ប្រកាស​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្គ្លោប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY) ដោយសារតែ​ការ​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សហរដ្ឋអាមេរិក រក​ឃើញ​ថា លោក ហ៊ីង ប៊ុនហៀង រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ រួម​ទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្តភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីររូប នៅមុខ​រដ្ឋសភា នៅ​ឆ្នាំ​២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា និង​សកម្មជន​បក្ស​ប្រឆាំង ដូចជា​ការ​បោក​គ្រាប់បែក​លើ​អ្នក​តវ៉ា​អហិង្សា កាលពី​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជាច្រើន​នាក់ រួម​ទាំង​របួស​ជនជាតិ​អាមេរិក​មួយ​រូប​ផង។

ជា​លទ្ធផល​នៃ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទាំងនេះ ខាង​រតនាគារ​អាមេរិក នឹង​ចាត់វិធានការ​ទាំងឡាយ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ ឬ​ផលប្រយោជន៍​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ីង ប៊ុនហៀង។ មិន​ត្រឹមតែ​បង្កក​ទ្រព្យ​សម្បត្តិ​លោក ហ៊ីង ប៊ុនហៀង ប៉ុណ្ណោះ​ទេ សហរដ្ឋអាមេរិក ក៏​នឹង​ហាមឃាត់​ជន ជាតិ​អាមេរិក​ឯទៀត មិន​ឲ្យ​រកស៊ី ឬ​ទាក់ទង​ជាមួយ​លោក ហ៊ីង ប៊ុនហៀង នោះ​ឡើយ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត លើកឡើង​ថា ការសម្រេច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យ សម្បត្តិ​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន​នេះ គឺជា​ដាស់តឿន​ឲ្យ​ពួកគេ គោរព​សិទ្ធិមនុស្ស គោរព​នីតិរដ្ឋ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ដោះលែង​អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព និង​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

លោក​បន្ថែម​ថា ការ​សម្រេច​ដាក់ទណ្ឌកម្ម​នេះ គឺ​សហរដ្ឋអាមេរិក ពិតជា​សិក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​ប្រវត្តិ​លោក ហ៊ីង ប៊ុន ហៀង ពោល​គឺ​មិនមែន​ធ្វើឡើង​តាម​ការ​នឹក​ឃើញ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្តី អ្នកវិភាគ​វ័យក្មេង​រូប​នេះ យល់ថា វា​ជា​ទម្លាប់​ទៅ​ហើយ​ដែល​របប​លោក ហ៊ុន សែន មិនដែល​ទទួលស្គាល់​កំហុស​នោះ។ «»

គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​លិខិត​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក លើ​លោក ហ៊ីង ប៊ុនហៀង ដែល​គេ​ស្គាល់​ថា ជា​ជន​រំលោភ​សិទ្ធិ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​មនុស្ស​ជំនិត​របស់ លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា។ លិខិត​នោះ​បន្ថែម​ថា ការ​ដាក់​ទណ្ឌកម្ម គឺជា ការ​ផ្តល់​នូវ​ពន្លឺ​យុត្តិធម៌​មួយ​ដល់​ជនរងគ្រោះ​ក្រោម​ស្នាដៃ​លោក ហ៊ីង ប៊ុនហៀង នា​ពេល​កន្លងមក ដែល​បាន​ដឹកនាំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ស្លូតត្រង់។

ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​នេះ ក៏​ជា​សារ​ព្រមាន​ដល់​មេខ្លោង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដទៃ​ទៀត​ថា ពួកគេ​នឹង​មិន​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ឡើយ ហើយ​ពួកគេ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព លើ​លើ​ពលរដ្ឋ​ស្លូតត្រង់ ប្រសិនបើ​មិន​ចង់​ទទួល​រង​នូវ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ទេ​នោះ។

ការ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺជា​ការ​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ដែល​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន កន្លង​មក ដែល​ជំរុញ និង​ឌឺដង​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​បង្កក​ប្រាក់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​នៃ​របប​លោក​ឲ្យ​បាន​ឆាប់រហ័ស ដោយ​អះអាង​ថា លោក​និង​មន្ត្រី​របស់​លោក​ភាគច្រើន​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក ហ៊ុន សែន បន្ត​អះអាង​ថា ទ្រព្យ សម្បត្តិ​របស់​លោក​អាច​មើល​ឃើញ​នៅ​តាម​វត្ត​អារាម សាលារៀន មណ្ឌល​កុមារ​កំព្រា បណ្ណាល័យ ស្រះ​ទឹក អណ្ដូងទឹក ស្ពាន និង​ផ្លូវថ្នល់​ជាដើម។ «»

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ គឺ​មិន​មាន​មន្ត្រី​ជាន់ខ្ពស់ ឬ​ក្រសួង​ស្ថាប័ន​ណាមួយ​ចេញ លិខិត​គាំទ្រ​ដូច​កន្លង​មក​នោះ​ទេ។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) និង​ជា​តំណាងរាស្ត្រ​ម៉ាឡេស៊ី លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) មានប្រសាសន៍​ថា​៖ “​សេចក្តី​សម្រេច​នេះ គឺជា​ការ​ផ្ញើ​សារ​យ៉ាង​សំខាន់​មួយ ឲ្យ​ឮ​ដល់​ថ្នាក់ដឹកនាំ​របប​លោក ហ៊ុន សែន ថា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ គឺ​មិន​អាច​អត់ឱន​បាន​នោះ​ឡើយ៖ «នេះ​ជា​ចំណាត់ការ មួយ​ជំហាន ដែល​ដាក់​ឲ្យ​របប​លោក ហ៊ុន សែន ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្តិ​ខុស​របស់​ខ្លួន។ ការ​ដាក់​ឲ្យ​របប​លោក ហ៊ុន សែន ទទួលខុសត្រូវ​បែបនេះ គឺជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ជា​មិត្ត​របស់​ប្រទេស​កម្ពុជា នៅ​ទូទាំង​តំបន់​អាស៊ាន និង ពិភពលោក សាទរ និង​ចង់​បាន។ ដល់​វេលា​ហើយ ដែល​ត្រូវ​កាត់ទោស ជន​ទាំងឡាយ ដែល​បាន​ចូល​ដៃ និង​នៅ​ពីក្រោយ​ការ​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ទាំង​កម្រោល នៅ​ខាងក្រៅ​វិមាន​រដ្ឋសភា កាលពី​ឆ្នាំ​២០១៥ និង ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ឯទៀត។ ពិសេស​ជាង​នេះ ទៅទៀត ដោយសារតែ ការ​បោះឆ្នោត​ជាតិ កាន់​ខិត​ជិត​ចូល​មក​ដល់ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហរដ្ឋអាមេរិក ព្រមទាំង​ប្រទេស​ក្នុង​សហគមន៍​អន្តរជាតិ​ឯទៀត នឹង​ចាត់​វិធានការណ៍​ម៉ឺងម៉ាត់​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​របប​លោក ហ៊ុន សែន កុំ​ឲ្យ​បំផ្លាញ​ប្រជាធិបតេយ្យ និង​បំផ្លាញ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​តទៅទៀត»

បើ​ទោះ​បី​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ជា​សាធារណៈ​ថា លោក និង​មន្ត្រី​លោក​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​លាក់​នៅ​បរទេស​ក៏ដោយ តែ​កាលពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ត្រកូល “​ហ៊ុន​កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិ​មនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។

នៅ​ក្នុង​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ ដែល​មាន​ចំណងជើង​ថា “​ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា​គ្លបល វីនេស រកឃើញ​ថា គ្រួសារ​ត្រកូល “​ហ៊ុន​បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple Unilever Visa Nestle Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស។

ចំនួន​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​អោយ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល “​ហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើនជាង​នេះ ហើយ​ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ជា​តម្លាភាព ប៉ុន្តែ​ប្រើ​អ្នក​ក្លែងក្លាយ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ។

សមាជិក​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត លើកឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ទៅលើ​របប លោក ហ៊ុន សែន នឹង​អាច​ប៉ះពាល់​យ៉ាង​ដំណាំ​ដល់​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​នានា ដែល​មាន​ភាគហ៊ុន​ជំនួញ​ជាច្រើន។ មិនតែប៉ុណ្ណោះ កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​នឹង​ប្រឈម​ការ​ធ្លាក់​ចុះ​។ ចំណែក​វិស័យ​រោងចក្រ​កាត់ដេរ ដែល​មាន​កម្មករ​ជិត ១​លាន​នាក់ ក៏​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​ព្រងើយកន្តើយ​មិន​ធ្វើតាម​សំណូមពរ​អន្តរជាតិ ដែល​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​វិញ​នោះ​ទេ។ «»

កន្លងមក សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ព្រមាន និង​បាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​លើ របប​លោក​ហ៊ុន សែន ដូចជា​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​មក​កម្ពុជា បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក និង​អឺរ៉ុប ព្រមទាំង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ជាដើម។

ក្រោយ​ពី​សហរដ្ឋអាមេរិក អនុវត្ត​វិធានការ​ក្ដៅ​លើក​ទី​១ ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន ដែល​កំពុង​រង​ការ​ថ្កោលទោស​យ៉ាង​ចាស់ដៃ ពី​សំណាក់​សហគមន៍​អន្តរជាតិ ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្រោយ​ពេល​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក កំពុងតែ​ពន្លឿន​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម ទៅលើ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​ភ្នំពេញ​ដទៃ​ទៀត នា​ពេល​ឆាប់ៗ ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

12 Responses to "ក្រសួង​ការពារជាតិ​និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ថ្កោលទោស​អាមេរិក​រឿង​ដាក់ទណ្ឌកម្ម"

  1. Anonymous says:

    If someone ordered you to use code red (killing), you will be having a fair trial to testify against that person or persons. If you did by yourself, then you need to believe that what goes around, it is always coming back around.
    God bless innocent people!!!!!!!!!

  2. Free Cambodia says:

    If you believe US propaganda, you will be next victim. Any nation must respect and follow the rule of law. If you allow US just to point finger at you or any person arbitrarily we are doomed. No one should be found guilty of crime before the crime is being committed. Cambodians must reject the US propaganda machine. Show us the proof of crime.

  3. san san says:

    1 vs 0

  4. Anonymous says:

    More scores will be on the ways, this is just the introduction. Good luck to your assets.
    You will be giving a fair trial, no one ☝️ will get away from crimes that he/she committed.

  5. James says:

    We know that Hing Bun Heang has none asset in the US. But no wonder, US is known to be the expert of manipolation and inflating the truth. We will prosecute any crime committed on our land. But in this case we tell the US to be accurate on the information of our people before proceeding with any accusation next time.

  6. Anonymous says:

    KARMA” if you believe in buddah it will come to person who did bad thing to other ‘ so if the world can’t do anything to bad person the hell will do’. Don’t ever lie to people’ you can lie to people but can’t lie yourself ‘ You can live in this world but when you die you will be judge in the hell ‘ .GOD bless all good people ‘

  7. VIỆT XUẤT XỨG says:

    this general should use the SAMKOK theory

  8. Anonymous says:

    បាបកម្មពិតជាមានមែន។

  9. Anonymous says:

    អាកាំងទំនេរដៃហើយ ព្រោះបានដោះស្រាយរឿងខ្លះនៅឧបទ្វីបកូរ៉េ។ ឥឡូវមានពេលងាកមករក កម្ពុជា ម្តងហើយ។ តែកម្ពុជាគ្មានអ្វីដោះដូរ ដូចកូរ៉េ (មេដឹកនាំ គឹម ជុងអ៊ុន) ការដោះដូរកម្ពុជាមានតែ ICC (hhh)

  10. Sam says:

    Some people who were taking refuge in US when they claimed, during VISA application and interview, that they were victims of war and persecution from the communist regime and perhaps they were already US citizen,. After arrived safe and sound in US, now s/he showed dis-shamefulness to hatch the delusional idea that they may be falling into a victim of the hosted country.
    What is a devil in gentle eyes?

  11. Anonymous says:

    it is a free country if you think US have don some thing bad to you , you also can fight back whit them in the international court of law. but sorry you can not fighting whit them whit your BM21 it is nothing for them. specially right now you do not have forest to hiding that will be so easy for them to find you. please do not speak more of those none sent the main question is>>> DO or DIE. this is just a warning and do not let it come to the word >> you will be DAM if you do or you will also DAM if you don’t . GOD bless Cambodia