ពលរដ្ឋ​រស់​នៅ​ស្រុក​ព្រែក​ប្រសព្វ ៤០នាក់ លើក​គ្នា​តវ៉ា រឿង​អាជ្ញាធរ​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​រំលោភ​យក​ដី​សហគមន៍

ដោយ ស្ងួន អមរា
2018-06-12
RFA

ពលរដ្ឋ​រស់នៅ​ឃុំ​សោប ស្រុក​ព្រែក​ប្រសព្វ លើក​គ្នា​តវ៉ា​នៅ​សាលា​ស្រុក​នេះ នៅ​ថ្ងៃ​ទី១២ មិថុនា។ រូបភាព៖ ពលរដ្ឋ
ពលរដ្ឋ​រស់នៅ​ឃុំ​សោប ស្រុក​ព្រែក​ប្រសព្វ លើក​គ្នា​តវ៉ា​នៅ​សាលា​ស្រុក​នេះ នៅ​ថ្ងៃ​ទី១២ មិថុនា។ រូបភាព៖ ពលរដ្ឋ


ពលរដ្ឋ​រស់នៅ​ឃុំ​សោប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​ប្រមាណ ៤០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១រយ​គ្រួសារ បាន​គ្នា​តវ៉ា​នៅ​សាលា​ស្រុក​ព្រែក​ប្រសព្វ​នៅ​ព្រឹក​ថ្ងៃ​ទី១២ មិថុនា បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង រំលោភ​ដី​សមូហភាព​របស់​សហគមន៍​ជាង ១០​ហិកតារ។

តំណាង​ពលរដ្ឋ លោក ចៅ សុវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មិថុនា​ថា អ្នក​ភូមិ​មិន​សុខចិត្ត គ្រា​ដែល​ដី​ប្រើប្រាស់​សមូហភាព​ជាង ១០ហិកតារ បែរ​ជា​មាន​ប្លង់​កម្មសិទ្ធិ ទទួល​ស្គាល់​ដោយ​មន្ទីរ​សុរិយោដី​ខេត្ត​ក្រចេះ​ទៅ​វិញ។ លោក​ថា អ្នក​ភូមិ​ប្ដេជ្ញា​ថា នឹង​រក្សា​ដី​នេះ​ឲ្យ​គង់វង្ស ដើម្បី​សាងសង់​សាលារៀន និង​ត្រៀម​លើក​គ្នា​តវ៉ា​ទៅ​ថ្នាក់​ជាតិ បើ​អាជ្ញាធរ​ស្រុក​មិន​ដោះ​ស្រាយ​ទេ។ លោក​សង្ស័យ​ថា អាជ្ញាធរ​ពាក់ព័ន្ធ អាច​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់​រឹង​ស្ងាត់ៗ ព្រោះ​ដី​នៅ​តំបន់​នោះ​ភាគ​ច្រើន ជា​ព្រៃ​រឹចរឹល ដែល​ពលរដ្ឋ​ធ្លាប់​នាំ​គ្នា​កាប់​រាន​សំអាត និង​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះ​បញ្ជី​ជា​ដី​សមូហភាព។ លើស​ពី​នេះ​ទៀត គ្រា​ដែល​ពួក​គេ​តវ៉ា​នៅ​សាលា​ស្រុក អភិបាល​ស្រុក​ព្រែក​ប្រសព្វ លោក សេក ប៊ុនហេង បាន​សន្យា​ថា នឹង​ចុះ​ពិនិត្យ​មើល​ករណី​នេះ​នៅ​ពេល​ឆាប់ៗ នេះ៖ «គាត់​អត់​ព្រម​ទេ ត្រូវ​តែ​ទៅ​ដល់​សម្ដេច​នាយក ដើម្បី​សាលារៀន និង​មន្ទីរពេទ្យ​សោះ ដើម្បី​ពលរដ្ឋ និង​សម្បត្តិ​រដ្ឋ រឿង​អី​សម្ដេច​នាយក​ដោះ​ស្រាយ​មិន​បាន។ ការ​ចេញ​ប្លង់​ឲ្យ​បុគ្គល​ម្នាក់ មេភូមិ​ក៏​មិន​ដឹង និង​មេឃុំ​មិន​ដឹង ពលរដ្ឋ​នៅ​ជុំវិញ​ហ្នឹង​ក៏​អត់​ដឹង»

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ភូមិ​សោម​ក្រោម លោក ចារ ហុង ឲ្យ​ដឹង​ថា មាន​មនុស្ស​មួយ​ក្រុម​ដែល​ជា​ពលរដ្ឋ​ចំណាក​ស្រុក បាន​មក​អះអាង​ថា ​ដី​នេះ​ជា​ដី​របស់​ពួក​គេ មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ និង​បាន​ឈូស​ឆាយ​ដំឡូងមី និង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​អស់​ជាង ៣ហិកតារ​កាល​ពី​សប្ដាហ៍​មុន។ លោក​រំឭក​ថា​ កាល​ពី​ចុង​ឆ្នាំ២០១៧ ពលរដ្ឋ​ជិត ១រយ​គ្រួសារ បាន​ផ្ដិត​មេដៃ​គាំទ្រ​ទុក​ដី​តំបន់​នោះ​សាងសង់​សាលារៀន តែ​ត្រូវ​បាន​មន្ត្រី​សុរិយោដី លោក ញឹក សុខា គំរាម​អ្នក​ភូមិ​ដាក់​គុក ប្រសិនបើ ការ​ផ្ដិត​មេដៃ​នោះ បំណង​ផ្ដួល​រំលំ​របប​លោក ហ៊ុន សែន៖ «ការ​ប្រាប់​ខ្ញុំ​ថា បើ​គេ​យក​ក្រឡៃ​ក្បាល​ទីប​លើ​ហ្នឹង បើ​គេ​ដាក់​ថា ផ្ដិត​មេ​ដៃ​ផ្ដួល​រំលំ​រដ្ឋាភិបាល ពួក​ខ្ញុំ​ទាំង​អស់​ហ្នឹង​ដាក់​គុក​ទាំង​អស់។ គេ​ឈូស​ឆាយ​ខ្ទេចខ្ទី​អស់ ហើយ ស្រូវ និងអំឡូង»

បុរស​ដដែល​បន្ថែម​ថា អ្នកភូមិ​នឹង​ក្រាញននៀល​ទាមទារ​ដី​នោះ​សាងសង់​សាលារៀន ព្រោះ​តំបន់​ពួកគាត់​រស់​នៅ​គ្មាន​សាលារៀន ហើយ​កុមារ​មួយ​ចំនួន​ធំ​បោះបង់​ការ​សិក្សា ព្រោះ​សាលារៀន​នៅ​ឆ្ងាយ។ លោក​អំពាវនាវ​អាជ្ញាធរ​ខេត្ត​ក្រចេះ អន្តរាគមន៍​​ផ្ដល់​ដី​នៅ​តំបន់​នោះ​ជូន​ពលរដ្ឋ​ប្រើប្រាស់​ជា​សមូហភាព និង​ធ្វើ​មោឃភាព​ប្លង់​រឹង​ខុស​ច្បាប់​ទាំង​នោះ។

អាស៊ី​សេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ មិថុនា។

មេឃុំ​សោម លោក ស៊ា ស៊ាងហេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​មិន​ទាន់​ទទួល​ព័ត៌មាន​ស្ដីពី​ការ​វាស់វែង​ធ្វើ​ប្លង់​រឹង​លើ​ដី​ទី​នោះ​នៅ​ឡើយ​ទេ។ លោក​ថា កន្លង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​ទទួល​សំណើ​ពលរដ្ឋ​មួយ​ចំនួន ដែល​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ចុះ​បញ្ជី​ដី​នៅ​តំបន់​នោះ ប្រើប្រាស់​សមូហភាព និង​ត្រៀម​សាងសង់​សាលារៀន ហើយ​អាជ្ញាធរ​ឃុំ​បាន​ឯកភាព​ដែរ។ លោក​បន្ថែម​ថា វិបត្តិ​ដីធ្លី​នេះ គឺ​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ៖ «ដី​ទំនាស់​ពលរដ្ឋ​ថា ដី​ដែល​គេ​វាស់វែង​ចែក​គ្នា​ជាង ១០​ហិកតារ តែ​គេ​វាស់វែង​ធ្វើ​សាលារៀន​ជិត ២​ហិកតារ។ ឃុំ​បាន​ស៊ីញេ​ឲ្យ​ដែរ ជិត​ពីរ​ហិកតារ សម្រាប់​បម្រុង​ទុក​សាលា​បង្រៀន​ហ្នឹង»

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ការ​ធ្វើ​ប្លង់​រឹង ឬ​ប្លង់​កម្មសិទ្ធិ ដែល​មិន​បាន​ឆ្លង​កាត់​អាជ្ញាធរ​មូលដ្ឋាន ក៏​ជា​សញ្ញា​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​របស់​មន្ត្រី​ជំនាញ​ដែរ។ លោក​បញ្ជាក់​ថា បើ​រក​ឃើញ​ថា ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​មាន​ភាព​មិន​ប្រក្រតី អាជ្ញាធរ​ថ្នាក់​ជាតិ ត្រូវ​ចាត់​វិធានការ​លើ​មន្ត្រី​សុរិយោដី និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​សមូហភាព​សហគមន៍​ខុស​ច្បាប់៖ «បើ​រក​ឃើញ​ថា ប្លង់​ហ្នឹង​កើត​ឡើង​មាន​ភាព​មិន​ប្រក្រតី ត្រូវ​ចាត់​វិធានការ​មន្ត្រី​រូប​នោះ និង​អ្នក​ឃុបឃិត​គ្នា ត្រូវ​ដាក់​ទោស​ទណ្ឌ។ បើ​មិន​អ៊ីចឹង​ទេ អ្នក​មាន​អំណាច គាត់​ចេះ​តែ​ក្រឡេក​មើល​ដី​ណា​ទំនេរ ត្រូវ​ធ្វើ​អ៊ីចឹង​តាម​អំពើ​ចិត្ត ធ្វើ​ឲ្យ​បែប​បទ​គ្រប់គ្រង​ដី​របស់​អាជ្ញាធរ​អត់​មាន​ប្រសិទ្ធភាព»

កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ ២០១៧ បុរស​ឈ្មោះ រឿន សៀន អតីត​ជា​យោធា​បាន​ផ្ដិត​មេដៃ​ប្រគល់​ដី​ដែល​មាន​ទំហំ ៧០​ម៉ែត្រ គុណ​បណ្ដោយ ១៨០​ម៉ែត្រ ជូន​​អ្នក​ភូមិ ១៦០​គ្រួសារ សម្រាប់​សាងសង់​សាលា​រៀន​ដែល​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ដី​ដែល​អតីត​យោធា​ប្រគល់​ជូន​នោះ ឋិត​នៅ​មួយ​ផ្នែក​លើ​ដី​មាន​វិវាទ​នោះ ដែល​គេ​លូច​ធ្វើ​ប្លង់​រំលោភ​យក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles