របប​លោក ហ៊ុន សែន បើក​ឱ្យ​នាំចូល​និង​ចែកចាយ​ថ្នាំ​កសិកម្ម​ឡើងវិញ

ដោយ សន ចាន់រដ្ឋា
2018-06-12
RFA

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែង​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ផ្កា​រំដួល​ជូន​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo courtesy of MAFF.gov.kh
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែង​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ផ្កា​រំដួល​ជូន​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo courtesy of MAFF.gov.kh


ក្រសួងកសិកម្ម អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន និង​ដេប៉ូ​ថ្នាំ​កសិកម្ម​នាំចូល និង​ចែកចាយ​ថ្នាំ​កសិកម្ម​ឡើងវិញ បន្ទាប់ពី​ក្រសួង​បានសម្រេច​ផ្អាក​មួយ​រយៈ​ពេល ដោយសារតែ​វិបត្តិ​ពុល​ទឹក​ព្រែក នៅ​ខេត្ត​ក្រចេះ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ពុល និង​ស្លាប់​ជាច្រើន​រយ​នាក់។

សេចក្ដីជូនដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក វ៉េង សាខុន ចេញ​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មិថុនា ក៏​បាន​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ ច្រក​ទ្វេភាគី ច្រក​របៀង និង​ច្រក​ចេញចូល​ផ្សេងៗ ឱ្យ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​ឱ្យ​បាន​ល្អ​ប្រសើរ និង​ទប់ស្កាត់​ការ​រត់ពន្ធ​ខុសច្បាប់។

ក្រៅ​ពី​នេះ ក្រសួងកសិកម្ម​ស្នើ​មន្ត្រី​ក្រោម​ឱវាទ​ពង្រឹង​ការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់ដឹង​ដល់​ពាណិជ្ជករ ឱ្យ​ស្វែងយល់​ពី​ហានិភ័យ​ដែល​កើតឡើង​ដោយ​ថ្នាំ​កសិកម្ម និង​ស្នើ​ដល់​មន្ត្រី​កសិកម្ម​ទាំង​រាជធានី ខេត្ត​ត្រូវ​សហការ​គ្នា ក្នុង​ករណី​មាន​បទល្មើស​នាំចូល​ថ្នាំ​កសិកម្ម​ខុសច្បាប់ មុន​ពេល​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​នឹង​ចាប់ផ្ដើម​ធ្វើស្រែ​ក្នុង​រដូវវស្សា​នេះ។

រឿង​ចម្រូងចម្រាស​ទាក់ទង​នឹង​លទ្ធផល​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្ដីបន្ទោស​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ដែល​បាន​ប្រាប់​អ្នកកាសែត​ថា ករណី​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ កើតឡើង​ដោយសារ​ថ្នាំ​លាង​រ៉ែ​មាស ហ្សានីដ (Cyanide)

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រងគ្រោះ​សម្ដែង​ការ​ខកចិត្ត ដោយសារ​របប​លោក ហ៊ុន សែន អះអាង​ថា ករណី​ពុល​នៅ​ខេត្ត​ក្រចេះ កើតឡើង​ដោយសារ ពុល​ស្រា​ស និង​ថ្នាំ​សម្លាប់​សត្វល្អិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles