សាក្សី​ម្នាក់​ក្នុង​រឿង​លោក​ កឹម សុខា មិន​ចូល​តុលាការ

លោក សៀ ភារម្យ ជា​សាក្សី​ទី​ ១ ​មិន​ចូល​តុលាការ​។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សាក្សី​ម្នាក់​មិន​អើពើ​ចំពោះ​ការ​កោះ​ឲ្យ​ចូល​​បំភ្លឺ​ដល់​តុលាការ​ក្រុង​ភ្នំពេញ​តាម​ការកំណត់​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សៀ ភារម្យ អតីត​ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន គឺជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ ៨ ​នាក់​ដែល​ខ្លះ​បាន​ឈប់​ និង​ខ្លះ​កំពុង​បម្រើការ​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល ហើយ​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​លោក កឹម សុខា ត្រូវ​បាន​​តុលាការ​កោះ​ឲ្យ​ចូល​បំភ្លឺ​។

លោក សៀ ភារម្យ បច្ចុប្បន្ន​ជា​សមាជិក​នៃ​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​អាមេរិក​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ​ចំពោះ​ដីកាកោះ​របស់​តុលាការក្រុង​ភ្នំពេញ​ព្រោះ​ខ្ញុំ​គិត​ថា​វា​គ្រាន់តែ​តុលាការ​ឡប់ឡែ តុលាការ​តេឡេ​ធ្វើការ​តាម​តែ​បញ្ជា​របស់​អ្នក​នយោបាយ ដូច្នេះ​អត់​មាន​ឯករាជភាព​ក្នុង​នាម​ជា​ស្ថាប័ន​ដែល​មាន​វិជ្ជជីវៈ​ទេ​។ ដោយសារ​តែ​តុលាការ​តេឡេ​ដែល​គេ​បញ្ជា​ពី​ក្រោយ​ខ្នង​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​មាន​ការងារ​របស់​គេ គេ​ធ្វើការ​ដោយ​ឯករាជ្យ​មិន​គាំទ្រ​គណបក្ស​នយោបាយ​ណា​ទេ ដែល​មិន​មាន​អ្វី​ពាក់ព័ន្ធ​អ្នក​នយោបាយ​ដែល​ត្រូវ​ទៅ​ឆ្លើយ​បំភ្លឺ​»​។

កាលពី​ខែ​កុម្ភៈ ​លោក ឈឹម ផលវរុណ បច្ចុប្បន្ន​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​អ្នក​បម្រើការ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក កឹម សុខា នោះ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ ហើយ​កាលពី​សប្តាហ៍​មុន​លោក លី សុផាណា អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បញ្ជាក់​ថា​មាន​សាក្សី​ ៣ ​នាក់​បាន​ចូល​បំភ្លឺ​បូករួម​ទាំង​សាក្សី​ ២ ​នាក់​ដែល​បាន​ចូល​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​មាន​សាក្សី​ម្នាក់​​អវត្តមាន​។ ចៅក្រម​ស៊ើបសួរ​លោក គី ឫទ្ធី និង​លោក លី សុផាណា មិន​អាច​សុំ​ការបំភ្លឺ​អំពី​នីតិវិធី​សម្រាប់​សាក្សី​អវត្តមាន​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃទី​ ៣ ខែ​កញ្ញា​ឆ្នាំ​មុន​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក ហើយ​ក៏​ត្រូវ​ចោទប្រកាន់​ពី​បទ «​សន្និដ្ឋិភាព​ជាមួយ​បរទេស​» តាម​មាត្រា​ ៤៤៣ ដែល​អាច​ជាប់​ពន្ធនាគារ​ពី​ ១៥ ​ទៅ​ ៣០ ​ឆ្នាំ​។

លោក ភារម្យ ថ្លែង​ថា​៖ «​ដើមចម​នៃ​ការបណ្ដេញ​លោក សម រង្ស៊ី ចេញ​ពី​កម្ពុជា​ការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​គឺ​យើង​ដឹង​ហើយ​ថា​គណបក្ស​ប្រជាជន​បាន​ដឹង​យ៉ាង​ច្បាស់​ណាស់​តាមរយៈ​ការធ្វើ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​បរទេស​ដែល​សិក្សា​អំពី​ការពេញចិត្ត​អ្នក​ដឹកនាំ​ទៅ​ថ្ងៃ​អនាគត ហើយ​យើង​ឃើញ​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន ​ចាញ់​លោក សម រង្ស៊ី ហើយ​បន្ទាប់មក​ចាញ់​ប្រជាប្រិយភាព​លោក កឹម សុខា​»​។

លោក​ថ្លែង​បន្ត​ថា​ក្រៅពី​បណ្ដេញ​ និង​ចាប់​មេដឹកនាំ​បក្សប្រឆាំង គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្លន់​យក​អាសនៈ​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បន្ត​កាន់​អំណាច​តទៅ​ទៀត​ដោយ​សម្រេច​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​អះអាង​ថា​ការមិន​ចូល​បំភ្លឺ​ដោយសារ​សាក្សី​មាន​ខ្លួន​។ ចំពោះ​ការលើក​ឡើង​ពី​ប្រជាប្រិយភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​វិញ​លោក​ថា​វា​ជា​ការអះអាង​មិន​ត្រឹមត្រូវ​។

លោក ឥសាន បាន​ថ្លែង​ថា​៖ «​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​បម្រើ​នយោបាយ​តាំងពី​ក្មេង​វ័យ​គឺ​ដើម្បី​បាន​សន្តិភាព​ជូន​ពលរដ្ឋ តែ​ដោយ​ឡែក​ទណ្ឌិត​ សម រង្ស៊ី ធ្វើ​នយោបាយ​មិនមែន​ដើម្បី​ឧត្តមគតិ​ស្នេហា​ជាតិ​ទេ​ធ្វើ​នយោបាយ​ក្នុង​គោលបំណង​សងសឹក​របបរាជានិយម​ឲ្យ​ឪពុក​គាត់​ដែល​ទទួល​រហស្សនាម​ថា​ជា​ជន​ក្បត់ជាតិ​តាំងពី ​១៩៥៩​ មក​។ អ៊ីចឹង​ឥស្សរជន​ទាំង​ ២ ​នេះ​មាន​ឧត្តមគតិ​ខុស​គ្នា​ឆ្ងាយ​ណាស់​»៕


Contact author: នៀម ឆេង

What Next?

Recent Articles