សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើ​សវនាការ​កាត់ទោស​អ្នក​ផលិត​ខ្សែភាពយន្ត​ជនជាតិ អូស្ត្រាលី

សេក បណ្ឌិត
2018-06-12
RFA

ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។ Photo provided
ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។ Photo provided


លោក ជែម រីកឃិតសិន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​បណ្តោះអាសន្ន អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ កន្លងមក​មានការ​រំពឹង​ថា តុលាការ​អាច​នឹង​ទម្លាក់​បទចោទប្រកាន់​នេះ ប៉ុន្តែ បែរ​ជា​សម្រេច​បន្ត​ឃុំខ្លួន និង​ការ​ជំនុំ​ជំ​រះ​ទៅវិញ។

សារព័ត៌មាន​អូស្ត្រាលី ABC បាន​ដកស្រង់​សំដី​លោក ជែម រីកឃិតសិន ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ថា លោក​នឹង​ទទួល​បាន​ការ​បកស្រាយ​ពី​តុលាការ​ថា តើ​ហេតុអ្វី​បាន​ជា​ករណី​របស់​លោក ត្រូវ​បន្ត​ដំណើរការ​ទៅ​មុខ​ទៀត​ដូច្នេះ?

លោក​បន្ត​ថា ចៅក្រម​បាន​ទុក​ពេល​ពីរ​ថ្ងៃ​ឲ្យ​មេធាវី​របស់​លោក ដើម្បី​ស្វែងរក​ភស្តុតាង​ដោះ​បន្ទុក ប៉ុន្តែ លោក​យល់ថា​រយៈពេល​ដ៏​ខ្លី​បែបនេះ វា​មិន​គ្រប់គ្រាន់​ទេ​។​លោក​បន្ត​ថា លោក​នឹង​ស្នើ​សុំ​ឱ្យ​ពន្យារ​ពេល​សវនាការ រហូត​ទាល់តែ​លោក​អាច​មាន​ឱកាស​ការពារ​ក្តី​នេះ​បាន។

លោក ជេមស៍ រីកឃិតសិន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៧។ បន្ទាប់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ចោទ​ប្រកាន់​លោក​ពី​បទ​ប្រមូលផ្ដុំ​ព័ត៌មាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ តាម​មាត្រា​៤៤៦ នៃ​ក្រមព្រហ្មទណ្ឌ ដោយសារតែ​លោក​បាន​បង្ហោះ​យន្តហោះ​ដ្រូន ថត​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧ ក្នុង​រាជធានី​ភ្នំពេញ។

កូនប្រុស​របស់​លោក ជេមស៍ រីកឃិតសិន (James Ricketson) ឈ្មោះ អ៊ីសាយ ជេសស៊ី រីកឃិតសិន (Jesse Ricketson) អះអាង​ថា ឪពុក​របស់​លោក​អាច​ស្លាប់​នៅ​ទីនោះ ដោយសារ​សុខភាព​កំពុង​ដុនដាប​ជា​ខ្លាំង ហើយ​ត្រូវ​រស់នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត ណែន តាន់តាប់ គ្មាន​អនាម័យ និង​ខ្វះខាត​ការ​ព្យាបាល​នៅ​ខាងក្នុង​គុក​ថែមទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles