អាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

| |
https://vodhotnews.com

លោកឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង (ខាងឆ្វេង) ជាមួយនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង)


រដ្ឋាភិបាលអាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថាមេអង្គរក្សរូបនោះពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងរតនាគារអាមេរិក​ចេញផ្សាយកាលពីម្សិលមិញលើកឡើងថា លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រីកម្ពុជាដែលជាអង្គភាពមួយនៅក្នុងកងយោធពលខេមរភូមិន្ទ ជាប់ពាក់ព័ន្ធក្នុងការបញ្ជាឲ្យអង្គរក្ស​វាយប្រហារជាច្រើនទៅលើប្រជាជនកម្ពុជា ដែលមិនមានអាវុធក្នុងរយៈពេ​លជាច្រើនឆ្នាំ រួមទាំងឆ្នាំ ២០១៣ នៅវត្តភ្នំ និងឆ្នាំ ២០១៥ នៅមុខរដ្ឋសភាជាដើម។

លោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង)


សេចក្តីប្រកាសនោះបញ្ជាក់ថា កាលពីឆ្នាំ២០១៥ អង្គរក្សលោកនាយករដ្ឋមន្ត្រីកម្ពុជា៣នាក់ ប៉ុណ្ណោះ ត្រូវបានគេបញ្ជូនទៅដាក់ពន្ធនាគារ បន្ទាប់ពីពួកគេបានសារភាពថា បានចូលរួមក្នុងការវាយប្រហារ​​​​​​​​​លើសមាជិកសភាគណបក្សប្រឆាំង។ ករណីនេះអាមេរិកសម្រេច​បង្កកទ្រព្យសម្បត្តិលោក ហ៊ីង​ ប៊ុនហៀង ដោយចាត់ទុកថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងពាក់ព័ន្ធអំពើពុករលួយ។

វីអូឌីព្យាយាម​ទាក់ទងទៅ លោក ហ៊ីង ប៊ុនហៀង ផ្ទាល់ ទាក់ទងទៅអ្នកនាំពាក្យក្រសួងការបរទេសរបស់កម្ពុជា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែពួកគេខ្លះប្រាប់ថា ជាប់រវល់និងខ្លះទៀតមិនលើកទូរសព្ទ។​

ក្នុងសេចក្តីប្រកាសរបស់រតនាគារអាមេរិកកាលពីម្សិលមិញ ក្រៅពីការបង្កកទ្រព្យសម្បត្តិមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្កកទ្រព្យសម្បត្តិ​​លោក ហ្វេលីស រ៉ាម៉ុន ប៉ូតីស្តា រ៉ូសារ៉ា (​Felix Ramon Bautista Rosario) ​សមាជិកព្រឹទ្ធសភារបស់សាធារណរដ្ឋដូមីនិកដែរ។​

​ការដាក់ទណ្ឌកម្មនេះ ដោយផ្អែកលើច្បាប់សិទ្ធិមនុស្សហ្គូប៊ល ម៉ាញីតស្គី(Global Magnitsky)ដែលបង្កើតឡើងកាលពីឆ្នាំ២០១៦ អនុញ្ញាតឲ្យអាមេរិក​ដាក់ទណ្ឌកម្មលើជនណាដែលប្រព្រឹត្តអំពោះពុករលួយនិងរំលោភសិទ្ធិមនុស្ស។​

ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ មានប្រសាសន៍ថា អាមេរិក​បង្កកទ្រព្យសម្បត្តិលើមន្ត្រីពុករលួយ និងការរំលោភសិទ្ធិមនុស្ស​នៃបណ្តាប្រទេសផ្សេងៗនោះ​ មិនមានអ្វីចំឡែកទេ។ ប៉ុន្តែលោកថា ការបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង ជាសារព្រមានមួយដល់​អ្នកដឹកនាំកម្ពុជា ត្រូវ​​ប្រយ័ត្នប្រយ៉ែងក្នុងពេលបំពេញ​ការងារ។


វាជាសារព្រមានមួយសម្រាប់មេដឹកនាំ ក៏ដូចជា​ បុគ្គលដែលប្រព្រឹត្តអំពើពុករលួយ​មួយចំនួនដែរ ដែលត្រូវ​មានការប្រុងប្រយ័ត្ន​ ហើយកុំចេះតែធ្វើអ្វីមួយតាមអំពើចិត្ត

ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ


ព្រឹទ្ធសភាសហរដ្ឋអាមេរិក​​ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ បានអនុម័តសេចក្ដីសម្រេចមួយ ដែលនឹងដាក់បញ្ចូលមន្ដ្រីកម្ពុជា ដែលរងការចោទថា ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សទៅក្នុងបញ្ជី ដែលគេឈប់ទាក់ទង ឬធ្វើពាណិជ្ជកម្មជាមួយ នឹងដាក់បញ្ចូលមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទៅក្នុងបញ្ជីមួយ ដែលនឹងត្រូវគេបង្កកទ្រព្យសម្បត្តិជាដើម​៕ លោក ណាត សុភាព


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "អាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន"

  1. Free Cambodia says:

    Every country has its own rights and authority. US does not own Cambodia. US can accuse anyone as they please inside the US. However, US needs to show the hard evidence committed by Cambodian in Cambodia. Our law is similar to the US, he is not guilty until proven in court. If he is found guilty, we will support the finding. Until then, we say this accusation is just a political stunt and waste of time.