“ការ​រឹតត្បិត​សេរីភាព​លើ​ហ្វេសប៊ុក​ធ្វើ​ឲ្យ​សង្គម​មិន​រីកចម្រើន​និង​ចាញ់​បោក​អាជ្ញាធរ​ខិលខូច”

ដោយ សន ចាន់រដ្ឋា
2018-06-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ម្នាក់​កំពុង​តាមដាន​ព័ត៌មាន​ពី​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA
ពលរដ្ឋ​ម្នាក់​កំពុង​តាមដាន​ព័ត៌មាន​ពី​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA


ក្រុម​យុវជន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​ចាប់ខ្លួន​ពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) បង្ក​ឲ្យ​ពួកគេ​ខ្លាច​ញញើត​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​នេះ។ ពួកគេ​ថា ការ​រឹតត្បិត​សេរីភាព​ប្រើ​បណ្ដាញ​សង្គម​ហ្វេសបុក ពុំ​មែន​ជា​លំហ​សេរីភាព ជួយ​កែ​លម្អ​សង្គម​ឲ្យ​រីកចម្រើន​ទេ ផ្ទុយទៅវិញ​ធ្វើ​ឲ្យ​ប្រទេសជាតិ​កាន់តែ​ផុងខ្លួន ក្នុង​អន្ទាក់​អាជ្ញាធរ​ខិលខូច និង​ជន​មានអំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត។ ក្តី​បារម្ភ​នេះ​ក្រោយ​ពី​អាជ្ញាធរ​របប លោក ហ៊ុន សែន នៅតែ​បន្ត​ឃុំខ្លួន​ពលរដ្ឋ ២​នាក់ ដោយ​ចោទ​ថា ប្រមាថ​ព្រះមហាក្សត្រ​ដោយ​អំណាច​មាត្រា​ថ្មី ដែល​របប លោក ហ៊ុន សែន ទើប​អនុម័ត​ដ៏​ចម្រូងចម្រាស។

ក្រុម​យុវជន​ដែល​សកម្ម​តាមដាន​ព័ត៌មាន​សង្គម​ហ្វេសបុក និង​តែង​រិះគន់​ចំណុច​អវិជ្ជមាន​របប ក្រុងភ្នំពេញ​បាន​ចាត់ទុក ការ​ចាប់ខ្លួន​ពលរដ្ឋ​២​នាក់ ដោយ​អាជ្ញាធរ​របប លោក ហ៊ុន សែន កាលពី​ខែ​ឧសភា​កន្លងទៅ ថា ជា​ការ​ដាក់​សម្ពាធ​ឲ្យ​ពួកគេ​ខ្លាចរអា​ក្នុង​ការ​សម្ដែង​មតិ​រិះគន់​ភាព​អសកម្ម​របស់​អាជ្ញាធរ បង្ក​គ្រោះ​មហន្តរាយ​ដល់​សង្គម និង​ពលរដ្ឋ។

កាលពី​ថ្ងៃ​ទី១៣ ឧសភា កន្លងទៅ អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ចាប់ខ្លួន នាយក​សាលាបឋមសិក្សា​នៅ​ខេត្ត​កំពង់ធំ លោក ឃាង ណាវី វ័យ ៥០​ឆ្នាំ បន្ទាប់​ពី​បាន​សម្ដែង​មតិ ក្នុង​ប្រអប់​បញ្ចេញ​មតិ (Comment) ដោយ​លើកឡើង​ថា ព្រះមហាក្សត្រ និង សមាជិក​រាជវង្ស​បាន​ចូល​ដៃជើង ជាមួយ​របប លោក ហ៊ុន សែន រំលាយ​បក្ស​សង្គ្រោះជាតិ។

អាជ្ញាធរ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី២០ ឧសភា ឆ្នាំ ២០១៨ បាន​ចាប់ខ្លួន អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​នេះ គឺ​លោក បាន សម្ភីរ វ័យ ៧១ ឆ្នាំ បច្ចុប្បន្ន​មាន​មុខ​របរ​ជា ជាង កាត់សក់ បាន​ចែករំលែក ព័ត៌មាន​ក្នុង​ហ្វេសបុក​របស់​លោក។ ហ្វេសបុក​ដែល​លោក​បាន​ចែករំលែក​(Share) នោះ កាលពី​ថ្ងៃ​ទី​១៣ ឧសភា មាន​វីដេអូ​ខ្លី​មួយ ស្ដីពី​ទុក្ខ​លំបាក​របស់​អ្នកភូមិ​ស្រែគរ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​រងគ្រោះ​ពី​ការអភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ភ្ជាប់​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ភរិយា និង​រូប​ដាច់ដោយឡែក​មួយទៀត គឺ​ព្រះ ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​គង់​ក្នុង​រថយន្ត។

លោក អាង រក្សា ដែល​ត្រូវជា​កូន​បង្កើតរ​បុរស​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ខេត្ត​សៀមរាប ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ មិថុនា ថា លោក​បាន​ជួល​មេធាវី​ការពារ​ក្តី​ក្នុង​សំណុំ​រឿង​នេះ​រួចហើយ និង​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ឪពុក​របស់​លោក​នៅក្រៅ​ឃុំ តែ​តុលាការ​ខេត្ត​សៀមរាប​បដិសេធ។ លោក​ថា បច្ចុប្បន្ន​ឪពុក​របស់​លោក កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​សៀម​នៅឡើយ។ លោក​បារម្ភ​ថា ឪពុក​របស់​លោក​វ័យ ៧១ឆ្នាំ ឬ​ជា​ជន​ចាស់ជរា​មាន​សុខភាព​មិន​សូវ​ល្អ ដែល​មិន​អាច​ស៊ូទ្រាំ​រស់នៅ​ក្នុង​ពន្ធនាគារ​ចង្អៀត​ណែនបាន។ លោក​អំពាវនាវ​ឲ្យ​របប​ក្រុងភ្នំពេញ ទម្លាក់​បទ​ចោទ​ឪពុក​របស់​លោក ព្រោះ​គាត់​គ្រាន់​តែ​ចែករំលែក​ព័ត៌មាន​ពី​ប្រភព​ផ្សេង មិនបាន​សម្ដែង​មតិ​នោះ​ទេ ហើយ​គាត់​ទើបតែ​ចេះ​ប្រើ​ហ្វេសបុក បាន​ប្រហែល ៥​ខែ ប៉ុណ្ណោះ៖ «បងប្អូន​ខ្ញុំ​ទាំងអស់​គ្នា​គិតថា ជា​រឿង​អយុត្តិធម៌​បំផុត ដោយសារ​អត់​មានការ​ប្រឹក្សា​ផ្លូវច្បាប់​ឲ្យ​បាន​ច្បាស់លាស់ មុន​ការ​ឃាត់ខ្លួន​ឪពុក​របស់ខ្ញុំ​។ គាត់​មាន​ជំងឺ​ផង និង​ចាស់ជរា​ណាស់​ហើយ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង ឪពុក​របស់ខ្ញុំ​ឲ្យ​គាត់​បាន​រស់នៅ​ក្រៅ​ឃុំ»

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង តំណាង​អយ្យការ​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី១៣ ឧសភា។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវ័ន​ខ្មែរ លោក មួង សូនី យល់ថា ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ មិន​បាន​ចែង​ចំពោះ​អ្នក​ចែករំលែក​ព័ត៌មាន ត្រូវ​មាន​ទោស​ទណ្ឌ​នោះ​ទេ ហេតុនេះ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ទាំងនោះ​គឺជា​ករណី​មិន​អាច​ទទួល​យក​បាន និង​ជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​បញ្ចេញមតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​ថា ការ​ចាប់ខ្លួន​នេះ គឺជា​ការ​លង​បន្លាច​ដល់​ស្មារតី​យុវជន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន លែង​ហ៊ាន រិះគន់​អាជ្ញាធរ និង​ភាព​អយុត្តិធម៌​សង្គម៖ «រូបភាព​ដែល​កើតឡើង​នេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា សង្គម​យើង​វា​សាហាវ ការអនុវត្ត​របស់​រដ្ឋាភិបាល​ឈាន​ទៅ​រក​ផ្ដាច់ការ ធ្វើ​ឲ្យ​អ្នក​ជួយ​ជ្រោមជ្រែង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ភ័យខ្លាច អ៊ីចឹង​បាន​មានការ​ស្ងាត់​ច្រើន»

ក្រុម​យុវជន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក បាន​បង្ហាញ​ជំហរ​ស្រដៀង​គ្នា​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ ២​នាក់ តាម​អំណាច​ច្បាប់​ថ្មី​នេះ ធ្វើ​ឲ្យ​ពួកគេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ក្នុង​ការ​សម្តែង​មតិ និង​ចែករំលែក​ព័ត៌មាន​ក្នុង​បណ្ដាញ​សង្គម។ ពួកគេ​គិត​ថា ការ​រឹតត្បិត​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ នឹង​រុញច្រាន​ឲ្យ​ពលរដ្ឋ​ងាយ​រងគ្រោះ គ្មាន​ការ​ផ្សព្វផ្សាយ​កែ​លម្អ ដើម្បី​រក​យុត្តិធម៌។ លើស​ពី​នេះ ពួកគេ​យល់ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​នេះ ជា​វិបត្តិ​សង្គម​ថ្មី​មួយទៀត ជះឥទ្ធិពល​អាក្រក់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ហើយក៏​ជា​រឿង​នយោបាយ ច្រើនជាង​ការអនុវត្ត​ច្បាប់​៖ «គាត់​គ្រាន់តែ​ចែករំលែក និង​បញ្ចេញមតិ ទៅលើ​ការ​ដឹកនាំ​នៅ​ប្រទេស​កម្ពុជា​ហ្នឹង ហើយ​គាត់​មិន​ពេញ​ចិត្ត​លើ​ការដឹកនាំ បែរជា​ធ្វើទុក្ខបុកម្នេញ​លើ​ពួកគាត់​វិញ។ ចំពោះ​ខ្ញុំ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ដែរ ដោយសារ​ពួកគាត់​គ្រាន់តែ​ចែករំលែក។ ព័ត៌មាន​មួយ​ចំនួន​នៅតែ​តាមដាន​នៅ​ឡើយ គ្រាន់​តែ​វា​អស់​ជ្រាប​ដូច​មិន​ខ្លាំង ដោយសារ​រឿង​នយោបាយ​វា​រញ៉េរញ៉ៃ​ខ្លាំង​ពេក ធ្វើ​ឲ្យ​យើង​គិត​ខ្លាំង»

កាលពីកុម្ភៈ ឆ្នាំ​២០១៨ រដ្ឋសភា របប លោក ហ៊ុន សែន បាន​តាក់តែង និង​អនុម័ត នូវ​មាត្រា ៤៣៧ ស្ទួន​ថ្មី មាន​ខ្លឹមសារ​ថា ការប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៥​ឆ្នាំ និង ពិន័យ ជា​ប្រាក់ ពី ២​លាន​រៀល ទៅ ១០លាន​រៀល។

សកម្មជន​ការពារ​ព្រៃឈើ​រស់នៅ​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា យល់​ថា អាជ្ញាធរ​មាន​ចំណាត់​ការ​លឿន ចំពោះ​ពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក ក៏ប៉ុន្តែ​អ្នក​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ដឹក​ឈើ​ខុសច្បាប់​ទៅ​វៀតណាម និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​រាប់ពាន់​ហិកតារ​ពុំ​ទាន់​ឃើញ​អាជ្ញាធរ និង​តុលាការ​ផ្ដន្ទាទោស​ឧក្រិដ្ឋជន អ្នក​មាន​អំណាច និង​ឧកញ៉ា​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​នោះ​ទេ​។ លោក​អង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង សមត្ថកិច្ច​បាន​គោរព​បទបញ្ជា​ពី​ថ្នាក់លើ ច្រើនជាង​ការអនុវត្ត​ច្បាប់​៖ «៤​ឆ្នាំ​ហើយ យើង​មិនដែល​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស ជាប់គុក​ម្តង​ណា​ឡើយ មានតែ​អ្នក​ប្រព្រឹត្ត​បទល្មើស​មិន​គោរព​មេ​គាត់​ទៅតាម​បទបញ្ជា​របស់​មេ​របស់​គាត់។ តែ​បើ​អ្នកណា​ដែល​គោរព​មេ​គាត់ ទោះជា​បទល្មើស​ប៉ុន​មហាមេឃ​ក៏​មិន​ជាប់គុក​ដែរ»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ការ​ចែក​រំលែក បង្ហោះ​សារ និង​ឡាយ (Like) ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក ពាក់ព័ន្ធ​ប្រមាថ​ព្រះមហាក្សត្រ គឺជា​ទម្រង់​ជាប់​ពិរុទ្ធភាព ដែល​សមត្ថកិច្ច និង​តុលាការ​អាច​ចាត់វិធានការ​ផ្លូវ​ច្បាប់​បាន។ លោក​ថា នេះ​ជា​ច្បាប់​ដែល​មាន​ចែង​ក្នុង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ជាង ២០​ឆ្នាំ​មក​ហើយ ដែល​មិន​អាច​ឲ្យ​បុគ្គល​ណា​ម្នាក់ បំពាន​ព្រះមហាក្សត្រ​បាន៖ «លេង (ប្រើ) ហ្វេសបុក​ហើយ សុទ្ធ​អ្នក​យល់ដឹង ការចែក​រំលែក និង​ឡាយ (Like) សុទ្ធតែ​ជា​ចេតនា នេះ​ហើយ​ជា​ពិរុទ្ធភាព ដែល​សមត្ថកិច្ច និង តុលាការ​ចាត់​វិធានការ។ នេះ​ជា​បញ្ញត្ត​របស់​រដ្ឋធម្មនុញ្ញ ២៥ ឆ្នាំ​ហើយ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា បុគ្គល​ដែល​ប្រើ​ហ្វេសបុក (Facebook) គ្រាន់តែ​យក​ពី​ប្រភព​មួយ ចែករំលែក ដើម្បី​ឲ្យ​ពិចារណា មិនមែន​ជា​ប្រភេទ​នៃ​បទល្មើស​នោះ​ទេ ដូច្នេះ​ការអនុវត្ត​ច្បាប់​គួរតែ​ពិនិត្យមើល​ពី​ទិដ្ឋភាព​នេះ។ លោក​ថា អាជ្ញាធរ​គួរតែ​ធ្វើការ​អប់រំ​ណែនាំ​ពលរដ្ឋ​ឲ្យ​បញ្ឈប់ ប្រសើរ​ជាង​ដាក់ទណ្ឌកម្ម​ច្បាប់៖ «អាច​ឈាន​ទៅដល់​ការ​ឃុំខ្លួន និង​មាន​ទោស​ទណ្ឌ ខ្ញុំ​គិត​ថា ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បារម្ភ​។ ពេល​ដែល​ការ​បកស្រាយ​ច្បាប់​មួយ​ចំនួន​នៅ​មាន​ភាព​មិន​ច្បាស់លាស់ ។ ការ​ចែករំលែក​ពុំ​មែន​ជា​ទស្សន​ផ្ទាល់​របស់​បុគ្គល​ហ្នឹង​ទេ គាត់​គ្រាន់តែ​ចែករំលែក​ដើម្បី​ពិចារណា»

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ពុំ​មែន​ជា​អ្នក​ស្ទាត់ជំនាញ ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ ហេតុនេះ​ការ​តាក់តែង​ច្បាប់​ថ្មី គួរតែ​ធ្វើ​ការស្ទង់មតិ​ឲ្យ​ច្បាស់លាស់ ដើម្បី​ឲ្យ​ពួកគេ​ជ្រាប​ឲ្យ​ទូលំទូលាយ​សិន។ លោក​បារម្ភ​ថា បច្ចុប្បន្ន​មាន​មាត្រា​មួយ​ចំនួន បាន​គំរាមកំហែង សិទ្ធិ​បញ្ចេញមតិ និង​រឹតត្បិត​សេរីភាព បង្ក​រាំង​ខ្ទប់​ដល់​ការផ្សាយ​ព័ត៌មាន​បញ្ហា​ប្រឈម​សង្គម​នានា និង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ឋិត​ក្នុង​ភាព​ផុយ​ស្រួយ​នៅឡើយ ដែល​ជា​មូលហេតុ​រុញច្រាន​ឲ្យ​ពលរដ្ឋ​ងាយ​នឹង​រង​គ្រោះ៖ «ឥឡូវនេះ​យើង​ឃើញ​ថា មាន​មាត្រា​មួយ​ចំនួន កំពុងតែ​គំរាមកំហែង​ដល់​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ។ ខ្ញុំ​ព្រួយ​បារម្ភ​ថា បើ​ពលរដ្ឋ​មិន​យល់ដឹង ចេញ​ប្រើប្រាស់​បណ្ដាញ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ យើង​ឃើញ​ថា នឹង​មាន​ការ​ចាត់​វិធានការ​បន្ត​ទៀត»

កាលពី​ចុង ខែ​ឧសភា កន្លង​ទៅ ក្រសួង​ចំនួន​៣ បាន​ចេញ​សេចក្ដីប្រកាស​រួមគ្នា​ថា ក្រសួង​ព័ត៌មាន​ជា​អ្នកគ្រប់គ្រង​ការ​ចេញផ្សាយ​តាម​ប្រព័ន្ធ​អេឡិកត្រូនិច ខ្លឹមសារ​ទាំងស្រុង រូបភាព វីដេអូ ឬ​ទម្រង់​ផ្សេងៗ ជាដើម។ ចំណែក​ក្រសួង​ប្រៃសណីយ៍ ត្រូវ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត​ទាំងអស់ មាន​កម្មវិធី​សូហ្វវ៉ែ (Software) និង​បំពាក់​កម្មវិធី​គ្រប់គ្រង​អ៊ីនធឺណិត ដើម្បី​ងាយស្រួល​ក្នុង​ការ​ច្រោះ (Filter) ឬ​រាំង​ខ្ទប់ (Block) គេហទំព័រ ឬ​គណនី (Account ) ឬ​ផេក (Page) របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ធ្វើ​អាជីវកម្ម ដែល​ពួកគេ​យល់ថា ល្មើសច្បាប់។ ក្រសួង​ទាំងពីរ​នេះ ក៏​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត ដើម្បី​រាំង​ខ្ទប់ ឬ​បិទ​គេហទំព័រ ឬ​បណ្ដាញ​សង្គម​ណា ផ្សាយ​ល្មើសច្បាប់ មាន​លក្ខណៈ​ញុះញង់ ការរើសអើង បណ្ដាល​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ។ រីឯ​ក្រសួងមហាផ្ទៃ ជា​អ្នក​បង្ក្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment