តំណាងរាស្ត្រ​អាមេរិក​ជំរុញ​ឱ្យ​មន្ត្រី​ទូត​ខ្លួន​នៅ​កម្ពុជា​តស៊ូ​មតិ​ឱ្យ​មាន​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ សេក បណ្ឌិត
2018-06-14
RFA

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា (ស្ដាំ)។ Photo: RFA
អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា (ស្ដាំ)។ Photo: RFA


តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ចំនួន ៨​រូប បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ដើម្បី​ឱ្យ​ឯកអគ្គរដ្ឋទូត​រូប​នេះ បន្ត​ការ​តស៊ូ​មតិ​តទៅទៀត ដើម្បី​ឱ្យ​មានការ​ដោះលែង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីររូប ដែល​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ។

មន្ត្រី​សិទ្ធិមនុស្ស​ក្នុងស្រុក​គាំទ្រ​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក ព្រោះ​ពួកគេ​ទាំងពីរ​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ​ឡើយ។

ក្រុម​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ដែល​ជំរុញ​ឱ្យ​លោក វីល្លៀម ហៃដ្ត (William Heidt) តស៊ូ​មតិ​ឱ្យ​មាន​ការ​ដោះលែង​អតីត​អ្នករាយការណ៍​ព័ត៌មាន រួមមាន​លោក អាឡាន់ ឡូវែនថល (Alan Lowenthal) លោក ស្ទីវ ឆាបុត (Steve Chabot) លោក ថេដ លើ (Ted Lieu) និង​តំណាងរាស្ត្រ​ចំនួន ៥ រូប​ផ្សេងទៀត។ ក្រុម​តំណាងរាស្ត្រ​អាមេរិក​ទាំងនេះ​ថ្លែង​ថា របប​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​វាយប្រហារ ដាក់​សម្ពាធ និង​ចាប់ខ្លួន​អ្នកនយោបាយ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ជាច្រើន ដែល​កំពុង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ និង​សង្គម​សិទ្ធិមនុស្ស ដើរ​ធាក់​ថយក្រោយ​យ៉ាង​ខ្លាំង។

ក្រុម​តំណាងរាស្ត្រ​ទាំងនោះ​អះអាង​ថា ពួកគេ​មិន​ត្រឹមតែ​បារម្ភ​អំពី​ដំណើរការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​បារម្ភ​អំពី​មនុស្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​របប​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែរ ជាពិសេស​គឺ​អតីត​អ្នករាយការណ៍​ព័ត៌មាន​ពីរ​រូប ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​គ្រាន់​តែ​មាន​អតីតភាព​ការងារ​នៅ​វិទ្យុ​បរទេស​មួយ​នេះ ខណៈ​អាស៊ីសេរី​បាន​បញ្ចប់​កិច្ចសន្យាការងារ​របស់​ពួកគេ​រួចស្រេច​ទៅ​ហើយ នៅ​ពេល​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​សម្ពាធ​ពី​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​នោះ។ ហេតុដូចនេះ​ពួកគេ ស្នើសុំ​ឱ្យ​លោក វីល្លៀម ហៃដ្ត៍ (William Heidt) យកចិត្តទុកដាក់​ចំពោះ​ករណី​ចាប់ខ្លួន​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នេះ និង​បន្ត​ការ​តស៊ូ​មតិ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​អ្នក​ទាំងពីរ​បាន​រួចខ្លួន មាន​សេរីភាព​ឡើងវិញ។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ដេវីដ ចូសារ (David J. Josar) មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​លិខិត​របស់​ក្រុម​តំណាងរាស្ត្រ​អាមេរិក​នោះ​ទេ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា បទ​ចោទ​រឿង​ចារកម្ម​ប្រឆាំង​នឹង​អតីត​បុគ្គលិក​អាស៊ីសេរី​នោះ ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ ក្នុង​គោលបំណង​កាត់បន្ថយ​សេរីភាព​សារព័ត៌មាន និង​បន្ទច់បង្អាក់​អ្នកសារព័ត៌មាន​ផ្សេងទៀត​ពី​ការ​បំពេញ​មុខងារ​របស់​ខ្លួន។

លោក​បន្ត​ថា​របប​លោក ហ៊ុន សែន គួរតែ​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បន្ត​ការងារ​របស់​ពួកគេ​ស្រប​ទៅ​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពី​បទ ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ថា អ្នក​ទាំងពីរ​ពិតជា​មានទោស​មែន​នោះ។ តុលាការ​ក្រុង​ភ្នំពេញ​បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ និង​បណ្តឹង​សុំ​មោឃភាព​នីតិវិធី​របស់​អ្នក​ទាំងពីរ​ជាច្រើន​ដង និង​បានសម្រេច​ឃុំខ្លួន​ពួកគេ ៦​ខែ​បន្ត​ទៀត សម្រាប់​នីតិវិធី​ស៊ើបសួរ​។ អ្នក​ទាំងពីរ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ក្នុង​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត ដោយ​មិន​ទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅឡើយ ខណៈ​អ្នក​ទាំងពីរ​តែង​បដិសេធ​ថា មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​តំណាង​អយ្យការ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ធ្លាប់​បាន​អះអាង​ថា ការ​ស្នើ​សុំ​ណាមួយ​ដើម្បី​ឱ្យ​មានការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ ដោយសារ​ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​​​អន្តរាគមន៍​របស់​តំណាងរាស្ត្រ និង​មន្ត្រី​ទូត​អាមេរិក ដើម្បី​ឱ្យ​មានការ​ដោះលែង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ គឺជា​រឿង​ចាំបាច់ ព្រោះ​អ្នក​ទាំងពីរ​មិនបាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​បន្ត​ថា ការ​ចាប់ខ្លួន​អ្នក​ទាំងពីរ​នេះ ត្រូវ​បាន​មតិ​ជាតិ និង​អន្តរជាតិ រិះគន់​ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។ «»

អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) បាន​អះអាង​ថា របប លោក ហ៊ុន សែន បើក​យុទ្ធនាការ​វាយប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ឯករាជ្យ​នេះ គឺ​ក្នុង​គោលបំណង​បំបិទ​សំឡេង​រិះគន់ ដើម្បី​ធានា​ថា ខ្លួន​នឹង​ឈ្នះ​ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខ ខណៈ​លោក​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​រួចស្រេច​ទៅ​ហើយ​នោះ។

ក្រុម​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ទាំង ៨​រូប អះអាង​ថា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ របប​លោក ហ៊ុន សែន បាន​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដោយ​បំពាន ដើម្បី​ដាក់ទោស​ទណ្ឌ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​ដោយ​ចោទប្រកាន់​ទាំង​ស្រពេចស្រពិល​ពី​បទ​ក្បត់ជាតិ រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​បាន​ហាមឃាត់​អ្នកនយោបាយ​បក្ស​នេះ​ជាង ១០០​នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​ទៀត​ផង។ ការ​វាយ​បង្ក្រាប​ទាំងឡាយ​នេះ ត្រូវ​បាន​ក្រុម​តំណាងរាស្ត្រ​អាមេរិក​ចាត់ទុកថា ជា​កាត់ផ្ដាច់​ដំណើរការ​នៃ​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​ការ​បុក​គ្រឹះ​សាងសង់​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ​ឱ្យ​លោក​ហ៊ុន សែន ទៅវិញ។ ពួកគេ​អះអាង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន បាន​រួម​ដៃ​ក្នុង​យុទ្ធនាការ​វាយ​បង្ក្រាប​នេះ និង​បាន​ក្ដោបក្ដាប់​យក​តុលាការ និង​វិស័យ​សន្តិសុខ​ជាតិ ទៅ​ប្រើ​ប្រាស់​ជា​ឧបករណ៍ ដើម្បី​បំផ្លាញ​ស្តង់ដារ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ទៀត​ផង៕

What Next?

Recent Articles