រដ្ឋាភិបាលសម្រួលឲ្យកម្មករបានឈប់សម្រាក ៣ថ្ងៃដើម្បីទៅបោះឆ្នោត

| |
https://vodhotnews.com

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពិការឈប់សម្រាក ក្នុងថ្ងៃបោះឆ្នោតខាងមុខ (រូបភាព៖ ក្រសួងការងារ)


ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងឲ្យម្ចាស់សហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួន ៣ ថ្ងៃដើម្បីបានចូលរួមការបោះឆ្នោតខាងមុខនេះ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ កម្មករឈប់សម្រាកបានតែនៅថ្ងៃបោះឆ្នោត​ប៉ុណ្ណោះ។

ក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញផ្សាយកាលពីម្សិលមិញ ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ជួយបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតបានទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

ក្រសួងបន្ថែមថា ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួន ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិតដដែល។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ សាទរចំពោះប្រកាសរបស់ក្រសួងដែលបានផ្តល់ថ្ងៃឈប់សម្រាកដល់កម្មករ ដើម្បីឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ខណៈឆ្នាំ២០១៧ រដ្ឋាភិបាលមិនអនុញ្ញាតឲ្យកម្មករឈប់សម្រាកនោះឡើយ បើទោះបីជាមានការស្នើសុំពីក្រុមសហជីពក៏ដោយ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់



ខ្ញុំផ្ទាល់គឺបានស្នើ ដើម្បីឲ្យមានការសុំឲ្យកម្មករបានទៅបោះឆ្នោតដែរ ប៉ុន្តែគ.ជ.ប ក៏ដូចជាខាងក្រសួងការងារមិនអនុញ្ញាតទេ។ ប៉ុន្តែពេលនេះ ស្រាប់តែចេញឲ្យមានការ​ទៅចូលរួមបោះឆ្នោត ហើយមុនយូរទៀត។ ​ អញ្ចឹងមានការភ្ញាក់ផ្អើលមែនទែន មិនដឹងថា ពេលនោះវាយ៉ាងម៉េច ហើយថាពេលមិនដឹងពេលឥឡូវនេះវាយ៉ាងម៉េច ព្រោះពេលនោះបានបញ្ជាក់ច្បាស់ណាស់ គឺមិនអនុញ្ញាតឲ្យទៅទេ ដោយសារ ច្បាប់មិនអនុញ្ញាត ហើយ គ.ជ.ប មិនហ៊ានឥឡូវស្រាប់តែពេលនេះ ដូចជារលូនអញ្ចឹងមានការភ្ញាក់ផ្អើល

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់


មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស យល់ថា ការអំពាវនាវរបស់គ.ជ.ប ក៏ដូចជាគណបក្សនយោបាយក្នុងការផ្ដល់ថ្ងៃឈប់សម្រាកកម្មករទៅបោះឆ្នោត គឺធ្វើឡើងដើម្បីឲ្យការបោះឆ្នោតខាងមុខនេះ ទទួលបានភាពស្របច្បាប់ ខណៈនៅពេល​នេះមានអ្នកនយោបាយមួយក្រុមទៀតកំពុងអំនាវពាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត។

លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកស៊ើបអង្កេតនៃអង្គការខុមហ្រ្វែល



ទាំងគណបក្សនយោបាយ ទាំងស្ថាប័នរៀបចំការបោះឆ្នោតហ្នឹង អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតហ្នឹង ដែលយើងយល់ឃើញថា ដើម្បីឲ្យវាមានលក្ខណៈស្របច្បាប់ នៅក្នុងការបោះឆ្នោតហ្នឹង។ អញ្ចឹងទៅយើងឃើញថា ចំណុចអស់នេះ មានការយកចិត្តទុកដាក់ខ្លាំងប៉ុន្តែឆ្នាំ២០១៧ យើងបកមកលិខិតនេះវិញ ឃើញថាហាក់មានស្តង់ដារពី រវាងឆ្នាំ២០១៧ ជាមួយនឹងឆ្នាំ២០១៨។ ឆ្នាំ២០១៧ កិច្ចការនេះមានការឆ្លើយឆ្លងដាក់គ្នា នៅពេលដែលយើង ខាងសង្គមស៊ីវិលក៏ដូចសហជីពផ្សេងៗមានសាកសួរ គ.ជ.ប ក៏ដូចក្រសួងការងារ មានការរុញដាក់ ហើយមិនបានចេញសេចក្ដីប្រកាសដូចឆ្នាំ២០១៨នេះទេ

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស


កាលពីបោះឆ្នោតជ្រើសរើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក ក្រសួងការងារគ្រាន់តែជូនដំណឹងឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ជួយបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតដើម្បីបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តែប៉ុណ្ណោះ ប៉ុន្តែមិនបានតម្រូវឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានត្រូវតែឲ្យកម្មករបានឈប់នោះទេ។

កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិលើកទី៦ នៅថ្ងៃទី២៩កក្កដាខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment