សកម្មជន​បរិស្ថាន​ត្អូញ​ពី​ការ​រឹតត្បិត​និង​មិន​ការ​សហការ​ពី​អាជ្ញាធរ​រឿង​ការពារ​ធនធានធម្មជាតិ

ដោយ សេក បណ្ឌិត
2018-06-13
RFA

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA


សកម្មជន​បរិស្ថាន​អះអាង​ដូចៗ​គ្នា​ថា ពួកគេ​មានការ​លំបាក​ក្នុង​ការ​ចុះ​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ ដោយសារ​មានការ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ជា​ញឹកញាប់​ក្រុម​អាជ្ញាធរ​មិន​សហការ​ជាមួយ​ពួកគេ​ឡើយ ថែមទាំង​ចោទប្រកាន់​ពួកគេ​ថា ជា​អ្នក​ញុះញង់​ពលរដ្ឋ​ទៀត​ផង។ ពួកគេ​បញ្ជាក់​ថា និន្នាការ​នេះ​កើន​ឡើង​កាន់តែ​ខ្លាំង ក្រោយ​ពេល​ដែល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត និង​ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​មាន​ភាព​តានតឹង នៅ​មុន​ការបោះឆ្នោត​អាណត្តិ​នេះ។

ក្រុម​សកម្មជន​បរិស្ថាន​ទទូច​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ដាក់​ចេញ​នូវ​វិធានការណ៍​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ឱ្យ​បាន​តឹងរ៉ឹង ជាពិសេស ទៅ​លើ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​ជាច្រើន​នាក់ ដែល​បាន​អនុវត្ត​ផ្ទុយ​នឹង​បទបញ្ជា ឬ​អនុសាសន៍​របស់​លោក ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ធនធានធម្មជាតិ។

សកម្មជន​ព្រៃឈើ​មួយ​រូប គឺ​លោក ហេង ស្រស់ ថ្លែង​ថា បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ភាគ​ឦសាន​មិន​មាន​ការ​ថមថយ​នោះ​ទេ ទោះបីជា​មានការ​ស្រែក​ក្តែងៗ​ពី​លោក ហ៊ុន សែន ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​យ៉ាងណាក៏ដោយ។ ម្យ៉ាងវិញទៀត លោក​ថា ក្រុម​អាជ្ញាធរ​នៅ​តំបន់​ទាំងនោះ​មិន​ពេញចិត្ត​ឡើយ ពេល​ដឹង​ថា​សកម្មជន​ព្រៃឈើ​ដូចជា​ពួក​លោក​ជាដើម ចុះ​ទៅ​ធ្វើ​សកម្មភាព​នៅ​ទីនោះ។ លោក​អះអាង​ថា ពួក​លោក​រង​ការ​គំរាមកំហែង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ជាច្រើន​ដង​ពី​ក្រុម​អាជ្ញាធរ និង​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ឈើ​ខុសច្បាប់ នៅ​ខេត្ត​ភាគ​ឦសាន​ជាប់​ព្រំដែន​វៀតណាម​នេះ។

លោក ហេង ស្រស់ កត់សម្គាល់​ថា ការ​អំពាវនាវ​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​បរិស្ថាន​នោះ មិន​ឆ្លុះបញ្ចាំង​ការពិត​ឡើយ ព្រោះ​រាល់​ការ​ចុះ​ទៅ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នោះ អាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន​ភាគច្រើន​តែង​សួររក​លិខិតអនុញ្ញាត ឬ​សួរ​ពី​នេះ​ពី​នោះ ក្នុង​បំណង​មិន​ចង់​ឱ្យ​ក្រុម​សកម្មជន​ចុះទៅ​តំបន់​ដែល​ពួកគេ​គ្រប់គ្រង​ឡើយ។ ចំណែក​ឯ​វិធានការណ៍​ផ្សេងៗ​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​នោះ​វិញ មាន​ប្រសិទ្ធភាព​បានតែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ រួច​ហើយក៏​ប្រែជា​ធម្មតា​វិញ មិន​ស្ថិតស្ថេរ​បាន​យូរ​ឡើយ ដោយសារ​មន្ត្រី​ដែល​ទទួលខុសត្រូវ​លើ​ការងារ​នោះ ភាគច្រើន​ទទួល​បាន​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស ទើប​ពួកគេ​មិន​អើពើ​ទប់ស្កាត់​សកម្មភាព​ល្មើសច្បាប់​ទាំង​នោះ​ឡើយ។ «»

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ការពារ​បរិស្ថាន ជាពិសេស នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លើស​ពី​នេះ លោក​ក៏បាន​ព្រមាន​ដក​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក ប្រសិនបើ​ពួកគេ​អនុវត្ត​ការងារ​មិន​បាន​ត្រឹមត្រូវ ប៉ុន្តែ​ចំណុច​នេះ​ត្រូវ​បាន​ក្រុម​សកម្មជន​អះអាង​ថា មិនបាន​លេចចេញ​ជា​រូបរាង​ឡើយ។

សកម្មជន​បរិស្ថាន​មួយ​រូប​ទៀត គឺ​អ្នកនាង លីម គីមស័រ ដែល​ធ្វើ​សកម្មភាព​ច្រើន​នៅ​ខេត្ត​កោះកុង​ឱ្យ​ដឹង​ថា ការ​ចុះ​ទៅ​មូលដ្ឋាន​នា​ពេល​បច្ចុប្បន្ន​នេះ ជួបប្រទះ​ការ​លំបាក​ច្រើន ដោយសារ​កង្វះ​កិច្ចសហការ​ពី​អាជ្ញាធរ។ នាង​បន្ត​ថា ពេលខ្លះ​ក្រុម​អាជ្ញាធរ​ដាក់​ភ្នាក់ងារ​តាមដាន​ខ្លាចក្រែង​មានរឿង​អ្វី​មិន​ប្រក្រតី ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ពួកគេ​ខ្លះ​បាន​ចោទប្រកាន់​សកម្មជន ថា​ចុះទៅ​ញុះញង់​ពលរដ្ឋ​ឱ្យ​តវ៉ា ឬ​ប្រឆាំង​នឹង​ពួកគេ​ទៅវិញ។ នាង​កត់សម្គាល់​ថា និន្នាការ​នេះ​បាន​កើតឡើង​ចាប់​តាំង​ពី​មាន​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ការ​ធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ការ​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ «»

អ្នកនាង លីម គីមស័រ ធ្លាប់​ជា​អតីត​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​លុបឈ្មោះ​ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល កាលពី​ខែ​កញ្ញា ឆ្នាំ២០១៧ កន្លង​ទៅ។ នាង​ឱ្យ​ដឹង ថ្វី​ដ្បិត​តែ​មិន​មាន​ស្ថាប័ន​ការងារ​ដូច​ពីមុន តែ​នាង​នៅតែ​បន្ត​ការងារ​ជា​សកម្មជន​បរិស្ថាន​ដដែល ដោយ​តែង​ចុះទៅ​ជួប​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង និង​តំបន់​ដទៃ​ទៀត ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភបំពាន​ដីធ្លី និង​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ជាដើម។ នាង​បញ្ជាក់​បន្ថែម​ថា នាង​ហាក់​ដូចជា​អស់សង្ឃឹម​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ភាគច្រើន​មានការ​រឹត​បន្តឹង ឬ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បរិស្ថាន ខណៈ​ពួកគេ​ធ្វើ​កិច្ចការ​ងារ​ទាំងអស់​នេះ ដើម្បី​ជា​ផលប្រយោជន៍​សង្គម​តែ​ប៉ុណ្ណោះ។ «»

អតីត​សហការី​របស់​នាង​ចំនួន​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជាង ៦ ខែ​ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​ឱ្យប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​របស់​បុគ្គល ដោយសារ​ពួកគេ​បាន​ជិះ​ទូក​ថត​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង​ដែល​កំពុង​ចត​ក្នុង​លំហ​សមុទ្រ។ ចំណាត់ការ​នេះ​បាន​រង​នូវ​ការរិះគន់​ជាច្រើន​ថា អាជ្ញាធរ និង​តុលាការ​ខេត្ត​កោះកុង ធ្វើតាម​បញ្ជា​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ដែល​ជា​អ្នក​រកស៊ី​ខ្សាច់​នោះ​ឯង។

អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ លោក ហ៊ុន វណ្ណៈ ថ្លែង​ថា ថ្វី​ដ្បិត​តែ​លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ​ក្តី ប៉ុន្តែ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​រូបលោក​នេះ គឺជា​ឧបសគ្គ​ដ៏​សំខាន់​មួយ​ដែល​រារាំង​លោក​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ជា​ហូរហែ​នោះ។ លោក​គិត​ថា របប​ក្រុងភ្នំពេញ​បច្ចុប្បន្ន គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ឡើយ ដោយសារ​រឿង​ទាំងនេះ​ភាគច្រើន​សុទ្ធ​តែ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មានអំណាច ឬ​ពេលខ្លះ​ជា​សាច់ញាតិ​របស់​នាយករដ្ឋមន្ត្រី​ផ្ទាល់​តែម្ដង។ «»

កាល​ពី​ពេល​ថ្មីៗ​នេះ ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ហៅ​កាត់​ថា EIA បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយទៀត ដែល​មាន​ចំណងជើង​ថា ជនល្មើស​មុខ​ដដែលៗ​។ EIA រកឃើញ​ថា តំបន់​ការពារ​ធម្មជាតិ​ជាច្រើន​កន្លែង​នៅ​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា រួមមាន ឧទ្យាន​ជាតិ​រីរជ័យ នៃ​ខេត្ត​រតនគិរី តំបន់​សេសាន​ក្រោម​ពីរ នៃ​ខេត្ត​ស្ទឹងត្រែង និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច នៃ​ខេត្ត​មណ្ឌលគិរី កំពុង​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ក្រុម​ឈ្មួញ​វៀតណាម ដោយមាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន។ របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ចាប់ពី​ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​មីនា ២០១៨ ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ មាន​ចំនួន​ជាង​១ លាន ១​សែន ម៉ែត្រ​គីប គិត​ជា​ទឹកប្រាក់​មានតម្លៃ​រាប់​សិប​លាន​ដុល្លារ ហើយ​ឈើ​ទាំងនោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​ត្រូវ​បង់លុយ​ឱ្យ​មន្ត្រី​ប៉ូលិស​ព្រំដែន និង​ក្រុម​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​នឹង​កិច្ចការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

សកម្មជន​បរិស្ថាន​អះអាង​ដូចគ្នា​ថា បន្ទាប់ពី​មានការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​លើ​សកម្មជន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គណបក្សប្រឆាំង​រួចមក ប្រជា​សហគមន៍ និង​ក្រុម​យុវជន​ដែល​ធ្លាប់​តស៊ូ​មតិ​រឿង​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នោះ បាន​កាត់បន្ថយ​សកម្មភាព​របស់​ខ្លួន​ជា​បន្តបន្ទាប់ ព្រោះ​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន បារម្ភ​ខ្លាច​មានការ​ប្ដឹងផ្ដល់​ពួកគេ​ទៅ​តុលាការ ឬ​ចោទ​ប្រកាន់​ពួកគេ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment