អ្នកវិភាគ ថា​របប​លោក ហ៊ុន សែន នៅតែ​និយម​តែងតាំង​មន្ត្រី​តាម​បែប​គ្រួសារ​និយម

ដោយ មួង ណារ៉េត
2018-06-14
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com


អ្នកវិភាគ​នយោបាយ ថា​របប​លោក ហ៊ុន សែន នៅតែ​និយម​តែងតាំង​មន្ត្រី តាម​បែប​គ្រួសារនិយម។ ការ​យល់ឃើញ​បែបនេះ ដោយសារ​ការ​ប្រគល់​តំណែង មេទ័ព​កំពូល ឲ្យ​ទៅ​កូនប្រុស​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មនុស្ស​ជំនិត​របស់​លោក ដែល​ជា​ការរៀបចំ​ទុក​មុន​ការ​បោះឆ្នោត ព្រោះ លោក ហ៊ុន សែន ចាប់ផ្ដើម​មិន​ទុកចិត្ត មនុស្ស​នៅ​ក្នុង​បក្ស​កាន់អំណាច ដូច​ទុកចិត្ត​កូនប្រុស របស់​លោក។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ថា ប្រកាស​តែងតាំង មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា និង​មេកង​កម្លាំង​ប្រឆាំង​ភេរវកម្ម​ចម្រុះ​របស់​ក្រសួង និង​ជា​មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ជំនួស​តំណែង​មេទ័ព​កំពូល​ទាំង​បី ដែល​ត្រូវ​ទៅ​ឈរ​ឈ្មោះ​តំណាងរាស្ត្រ មិន​ទាន់​អាច​ចាត់​ទុក​ផ្លូវការ​ទេ ដោយសារ​មិនទាន់ ចុះ​កាលបរិច្ឆេទ លើ​ប្រកាស​របស់​រដ្ឋមន្ត្រី។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ សង្កេតឃើញ​ថា ទម្លាប់​នៃ​ការដឹកនាំ​បែប​គ្រួសារ និង បក្សពួកនិយម នៅ​តែ​មាន​ប្រជាប្រិយ​សម្រាប់​អ្នកកាន់អំណាច​សព្វថ្ងៃ។ លោក​បន្ថែម​ថា នេះ​ជា​ទម្លាប់​នៅ​ជិត​ពេល​បោះឆ្នោត​មកដល់ គឺ​របប​ក្រុងភ្នំពេញ តែងតែ​ធ្វើការ​ដោះដូរ​មន្ត្រី​យោធា ហើយ​ដាក់​សែស្រឡាយ​ណា ស្និត​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ក្ដោប​ក្ដាប់​កងទ័ព។ លោក ហង្ស វិទូ បន្ដ​ថា ការរៀបចំ​តំណែង​មេទ័ព​កំពូល ឲ្យ​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​មាន​តំណែង​ខ្ពស់​ស្អេកស្កះ រាប់មិនអស់​ទៅ​ហើយ​នេះ និង​ការ​ដំឡើង​តំណែង​ដល់ លោក សៅ សុខា អាច​ជា​ការ​បង្ហាញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ព្រួយបារម្ភ ចំពោះ​ការបាត់បង់​អំណាច​៖ «ជិត​បោះឆ្នោត​ទៀតសោត យើង​ឃើញ​ការ​ដំឡើង​តំណែង​នេះ ភាគច្រើន ច្រើនតែ​ដូរ​សាច់ញាតិ ដែល​នៅ​ឆ្ងាយៗ ដាក់​កូន​ខ្លួនឯង ដូច​យើង​ឃើញ​ជាក់ស្តែង​នេះ​ស្រាប់។ ដំឡើង​តំណែង​ដល់​លោក ហ៊ុន ម៉ាណែត ទៀត។ ក៏​ដំឡើង​តំណែង​នេះ មិនមែន​ធ្វើឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​គ្រោងទុក​មួយ។ ការ​គ្រោង​ទុក​នេះ មានន័យថា គឺជា​ការ​គ្រោងទុក​មួយ ដែល​ថា​គាត់​នឹង​អាច​ធ្វើ​នៅ​ជិត​បោះឆ្នោត»

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​សម្រេច ឲ្យ​កូនប្រុស​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី​អគ្គបញ្ជាការដ្ឋាន និង ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្ដីទី ដោយ​បន្ថែម​ពីលើ​មុខងារ​បច្ចុប្បន្ន​របស់​លោក ដែល​មាន​ស្រាប់​មិន​តិច​ជាង​បួន​ទៅ​ហើយ​នេះ។ តំណែង​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នេះ គឺ​យក​ពី​មេទ័ព​២​រូប គឺ លោក គន់ គីម ជា​អគ្គ​មេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង លោក មាស សុភា ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ដែល​នឹង​ត្រូវ​ទៅ​ឈរ​ឈ្មោះ ជា​តំណាងរាស្ត្រ​ដូចគ្នា។

ក្រៅពី​តំណែង​ទាំងនេះ លោក ហ៊ុន ម៉ាណែត កំពុង​កាន់​តំណែង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ជា​មេ​បញ្ជាការរង​នៃ​កង​អង្គរក្ស ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កង​យោធពល​ខេមរភូមិន្ទ។

ចំណែក​ឯ មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក សៅ សុខា ក៏បាន​ទទួលភារកិច្ច​បន្ថែម ដើម្បី​ឡើង​កាន់​តួនាទី​ថែម ទៅជា​អគ្គមេបញ្ជាការ​ស្ដីទី នៃ​កងយោធពល​ខេមរៈភូមិន្ទ គឺ​កាន់​តំណែង​ជំនួស​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​៤ លោក ប៊ុល សារឿន ជា អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវ​ទៅ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ឲ្យ​បក្ស​កាន់អំណាច​ដែរ។

លោក សៅ សុខា ធ្លាប់​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន កាលពី​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៧០ ដែល​មាន​តំណែង​ជា អគ្គបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ទូទាំង​ប្រទេស និង​ត្រូវបាន​ផ្ដល់​សិទ្ធិ​ពិសេស​ពី​លោក ហ៊ុន សែន កាលពី​ខែ កុម្ភៈ ឆ្នាំ ២០១៦ ឲ្យ​បាញ់​គ្រាប់​កាំជ្រួច​រ៉ុកកែត ពីលើ​ឧទ្ធម្ភាគចក្រ ដើម្បី​បង្ក្រាប​ឈ្មួយ​ឈើ​ខុសច្បាប់។

ប៉ុន្តែ រហូតមកដល់​ពេលនេះ មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ណាមួយ ថា​លោក សៅ សុខា បាន​បាញ់​គ្រាប់​កាំជ្រួច​រ៉ុកកែត​នោះ បាន​មួយ​គ្រាប់​នៅឡើយ​ទេ ហើយ​តាំង​ពី​មានការ​ព្រមាន​របស់​លោក ហ៊ុន សែន ដែល​ថា​បង្ក្រាប​ឈ្មួញ​ឈើ​នោះ​មក អង្គការ​អន្តរជាតិ​នៅ​ទីក្រុងឡុង​ដ៍ (London) ប្រទេស​អង់គ្លេស ឈ្មោះ ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ឬ អ៊ី​.​អាយ​.​អេ (EIA) បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១៧ រកឃើញ​ថា មន្ត្រី​អាជ្ញាធរ​ពុករលួយ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ឲ្យ​កាប់​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ និង​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ខុសច្បាប់​ចេញទៅ​ប្រទេស​វៀតណាម រួម​ទាំង​ជួយ​ប្រែក្លាយ​ធ្វើ​ឲ្យ​ឈើ​ខុសច្បាប់​ទាំងនោះ​ទៅជា​ឈើ​ស្របច្បាប់​វិញ។ EIA ឲ្យ​ដឹង​ដែរ​ថា ចាប់ពី​ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​មីនា ២០១៨ មាន​ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ មាន​ប្រមាណ​ជាង ១​លាន ១​សែន ៥​ម៉ឺន​ម៉ែត្រ​គីប (,១៥៥,០០០ ម៉ែត្រ​គីប​) ដែលមាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ។

ជុំវិញ​ការ​ដំឡើង​មុខតំណែង​ថ្មី​ឲ្យ​គ្រួសារ និង​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ត្រូវ​បាន​សារព័ត៌មាន​ក្នុង ស្រុក​ស្រង់​សម្ដី​ថា លោក​បាន​ឃើញ​ប្រកាស​តែងតាំង របស់​រដ្ឋមន្ត្រី រួចរាល់​ហើយ ប៉ុន្តែ​នៅ​មិនទាន់​អាច​ចាត់ទុកជា​បានការ​ទេ ដោយសារ​ប្រកាស​នោះ មានតែ​ត្រា ហត្ថលេខា និង​ឈ្មោះ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ តែ​មិនទាន់​ចុះ​កាលបរិច្ឆេទ ដូច្នេះ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បានទេ។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ជំនួយការ លោក កឹម សុខា ក្នុង​តំណែង​អនុប្រធាន ទី​១ រដ្ឋសភា លោក ហ៊ីង សុខសាន្ដ យល់ថា ការ​បន្ថែម​តួនាទី​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ឲ្យ​ទៅ​មនុស្ស​ជំនិត និង​កូនប្រុស គឺជា ការ​ពង្រឹង​អំណាច​ផ្ទៃក្នុង​បក្ស ពង្រឹង​អំណាច​យោធា​ក្នុង​ការដឹកនាំ​ប្រទេស និង​អាច​ជា​ការរៀបចំ​បន្ដ​អំណាច​ពី​ឪពុក​ទៅ​កូន។ លោក ហ៊ីង សុខសាន្ដ បន្ត​ថាបើ​គ្មាន​ការទប់ស្កាត់​ទេ របប​ក្រុងភ្នំពេញ នឹង​អាច​ឈាន​ទៅ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ៖ «មួយទៀត​ខ្ញុំ​យល់ឃើញ​ថា ការ​ធ្វើ​បែប​នេះ ហាក់បីដូចជា​មិនបាន​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​មួយ​ចំនួន ដែល​ខំ​ធ្វើ​កិច្ចការ​ជូន​ជាតិ ជូន​ប្រជាពលរដ្ឋ​យូរ​ឆ្នាំ​មក​ហើយ បែរជា​លើកដាក់​ឲ្យ​ក្រុម​គ្រួសារ សាច់ញាតិ​របស់​កូន ជាពិសេស​អំណាច​នេះ ធ្វើ​ឲ្យ​តែ​កូនប្រុស​របស់​គាត់​ដដែលៗ កាន់​ការងារ​ច្រើន​មុខ​ដូច្នេះ គឺជា​ការ​បង្ហាញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​មួយ​ចំនួន ហាក់ដូចជា​បាក់​ទឹកចិត្ត​ទៅវិញ»

ការ​បន្ថែម​តំណែង​កំពូលៗ ក្នុង​ជួរ​កងទ័ព​ដល់​កូនប្រុស​ខ្លួនឯង​បែបនេះ វា​ផ្ទុយ​ស្រឡះ​ទៅ​នឹង​សារ​របស់​លោក ហ៊ុន សែន ខ្លួនឯង ដែល​ទើបតែ​នឹង​ដាស់តឿន មន្ត្រី​តាម​ស្ថាប័នរដ្ឋ កាលពី​ថ្ងៃទី៥ ខែ មិថុនា ២០១៨ ក្នុង​ពេល​ចេញ​សញ្ញាប័ត្រ ដល់​សិស្ស​មន្ត្រី​សាលា​ភូមិន្ទ​រដ្ឋបាល ថា​ឲ្យ​បញ្ឈប់​វប្បធម៌​បក្សពួក និង​គ្រួសារនិយម ក្នុង​ការ​តែងតាំង​មន្ត្រី​នេះ៖ «ការ​​តែង​តាំង​របៀប​បក្សពួកនិយម គ្រួសារនិយម​ណាមួយ វា​មិន​ត្រូវ​ទទួល​បាន​នូវ​ការ​ស្វាគមន៍ ពី​សំណាក់​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​យើង​នោះ​ទេ។ ចំណុច​នេះ​ក៏​រម្លឹក​ដាស់តឿន ចំពោះ​ថ្នាក់ដឹកនាំ​តាម​ស្ថាប័ន និង ការ​រម្លឹក​ដាស់តឿន​ចំពោះ​ថ្នាក់​ខេត្ត​រាជធានី ដែល​ត្រូវ​តែងតាំង​យ៉ាងណា​ឲ្យ​ស្រប​។ ហើយ​យក​ល្អ ការ​បើក​ឲ្យ​មានការ​ប្រឡងប្រជែង​ស្មើភាព គឺជា​ការ​ល្អ​បំផុត​ហើយ»

ប៉ុន្តែ​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មិន​ភ្ញាក់ផ្អើល នឹង​ការ​និយាយ​ផ្សេង ធ្វើ​ផ្សឹង​របស់​លោក ហ៊ុន សែន ដូច្នេះ​នោះ​ឡើយ ព្រោះ​នេះ​ជា​វប្បធម៌​របស់​របប​លោក តាំងតែ​ពី​ដើម​មក​ទៅ​ហើយ។

តាម​ទម្លាប់​ដឹកនាំ​បែប​ផ្ដាច់ការ មេដឹកនាំ​ផ្ដាច់ការ នៅ​ទី​ណា ក៏​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ដំឡើង​ឋានៈ​កូនចៅ និង​ក្រុមគ្រួសារ​ខ្លួន​ឲ្យ​កាន់​តំណែង​ដឹកនាំ​ប្រទេស ជំនួស​ខ្លួន ទោះជា​មន្ត្រី​ក្នុង​ជួរ​បក្ស​មិន​គាំទ្រ​យ៉ាង​ណា​ក្តី។

លោក​បណ្ឌិត មាស នី យល់ឃើញ​ថា ការចាត់តាំង​លោក ហ៊ុន ម៉ាណែត ឲ្យ​ឡើង​កាន់​តំណែង​ធំៗ ក្នុង​ពេល​ដ៏​ខ្លី​បែបនេះ គឺ លោក ហ៊ុន សែន ត្រួសត្រាយ​ផ្លូវ ដើម្បី ឲ្យ​កូន​គាត់​អាច​ជំនួស​តំណែង​គាត់ នៅ​ថ្ងៃ​ណាមួយ៖ «ការចាត់តាំង​លោក ហ៊ុន ម៉ាណែត នេះ​ទំនង​ដូចជា​សម្តេច​នាយក​មាន​គម្រោង​ពង្រឹង​សមត្ថភាព​របស់​កូន​របស់​គាត់ ដើម្បី​អាច​ទៅកាន់​តំណែង​ណាមួយ ដែល​អាច​ជា​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ពេល​អនាគត។ នេះ​គ្រាន់តែ​ជា​ការ​ប៉ាន់ប្រមាណ​មើល​របស់ខ្ញុំ»

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ ផ្ដល់​ជា​ទស្សនៈ​ថា ការ​បន្ថែម​តួនាទី​បែបនេះ អាច​ធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង តាមរយៈ​មន្ត្រី​ស្មោះស្ម័គ្រ​ក្នុង​ជួរ​គណបក្ស​កាន់អំណាច​ខ្លះ អន់ចិត្ត អ្នកមាន​សមត្ថភាព​ពិតប្រាកដ គ្មាន​ឱកាស​ទទួល​បាន​តំណែង​ធំៗ​របស់​ជាតិ និង​បង្ហាញ​ឲ្យ​ពលរដ្ឋ​ឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​​​​​​​​​​​​​​នៅ​កម្ពុជា ហាក់​មានតែ​សំបក ព្រោះ​តំណែង​ធំៗ​កំពូល ក្នុង​ជួរ​កងទ័ព ត្រូវ​បាន​រៀបចំ​ផ្ដល់​ទៅ​ឲ្យ​កូនប្រុស​នាយករដ្ឋមន្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អ្នកវិភាគ ថា​របប​លោក ហ៊ុន សែន នៅតែ​និយម​តែងតាំង​មន្ត្រី​តាម​បែប​គ្រួសារ​និយម"

  1. Người bạn Khmer says:

    in argentina dictator 1976 1983 we cried for EVA PERON in cambodia worst for 30 years
    we are currently crying for KEM LEY and Kim Sokar
    history is repeated in Cambodia
    please listen
    https://www.youtube.com/watch?v=OpbRIP–r-o

  2. Anonymous says:

    Veitcong mafia dictator care only their families and friend ‘

  3. so socheath says:

    ហាស ! ហាស
    អាពូជឆ្កែ ហង្ស វិទូ នេះយល់ខុសហើយ !
    សម្តេចហុន សែនមិនមែនប្រើមនុស្សតាមសាច់ញាតិ ដូចអាក្បត់ជាតិកឹមសុខា
    អាក្បត់ជាតិ សមរង្សីទេ !
    សម្តេចហុនសែន ប្រើមនុស្ស គឺតាមទេពកោសល្យ និងសមត្ថភាព អាល្ងង់ !
    ហាស! ហាស អាពូជឆ្កែហង្ស វិទូ អ្ហែងស្តាប់ !
    មន្ត្រីចាស់ៗ ទាំងកងកម្លាំង ទាំងសីវិល នៅធ្វើការយូរ អ្ហែងថា ឲ្យក្មេងដែលខំរៀន
    គ្មានការងារធ្វើ គ្មានអនាគត ។ ឲ្យក្មេងធ្វើអាពូជឆ្កែអ្ហែងនេះ ថាលើកស្ទួយសាច់ញាតិ ?
    និយាយឲ្យចំទៅ ពួកអាពូជឆ្កែបក្សក្បត់ជាតិសាងគ្រោះជាតិ គឺមានចរឹកប្រែប្រួលមិនទៀងទាត់
    សម្បូរល្បិចតែខ្វះការសម្រេចចិត្ត មានន័យថាធ្វើអ្វីគ្មានវិធានការច្បាស់លាស់់
    ចូលចិត្តស្តាប់ពាក្យចចាមអារាម មិនចេះសង្កេតរកការពិត និយាយខ្លី គឺគ្មានយុទ្ធសាស្ត្រ
    ស្វែងរកជោគជ័យទេ ។
    ស្តាប់ឲ្យច្បាស់អាល្ងង់ ! អនាគតអាពូជឆ្កែអ្ហែងនេះគ្មានកំណើតទេ
    និយាយឲ្យចំ គឺរង់ចាំតែថ្ងៃដែលរងគ្រោះព្រោះភាពល្ងីល្ងើដែលបង្ករឡើងដោយអ្ហែង
    ខ្លួនឯងតែប៉ុណ្ណោះ !