រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​មុន​ការបោះឆ្នោត​មក​ដល់

ដោយ សេក បណ្ឌិត
2018-06-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​កងយោធពលខេមរភូមិន្ទ ឆ្នាំ​ ២០១៨ និង​អបអរសាទរ​បុណ្យ​ជាតិ ៧ មករា កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៨ នា​រាជធានី​ភ្នំពេញ។ Photo courtesy of TEA BANH's Facebook Page
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​កងយោធពលខេមរភូមិន្ទ ឆ្នាំ​ ២០១៨ និង​អបអរសាទរ​បុណ្យ​ជាតិ ៧ មករា កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៨ នា​រាជធានី​ភ្នំពេញ។ Photo courtesy of TEA BANH’s Facebook Page


ប្រមុខ​ការពារ​ជាតិ​ចិន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃ​ទី១៦ រហូត​ដល់​ថ្ងៃទី​២០ ខែ​មិថុនា ខាងមុខ ដើម្បី​ពង្រឹង​ចំណងទាក់ទង​នៃ​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​ទាំងពីរ ស្រប​ពេល​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​គ្រោង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​ក្រោយនេះ។ អ្នកវិភាគ​យល់ឃើញ​ថា ការ​បំពេញ​ទស្សនកិច្ច​របស់​មេដឹកនាំ​ជាន់ខ្ពស់​ផ្នែក​យោធា​នៃ​របប​ក្រុង​ប៉េកាំង​នៅមុន​ការបោះឆ្នោត​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​អាច​ជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​ថា ចិន​គាំទ្រ​របប​ក្រុងភ្នំពេញ​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​កំពុង​រង​ការរិះគន់​ពី​ក្រុម​ប្រទេស និង​អ្នក​និយម​ប្រជាធិបតេយ្យ​នោះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​របប​ក្រុងភ្នំពេញ លោក ទៀ បាញ់ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក វៃ ហ្វេងហេ (Wei Fenghe) នេះ គឺជា​ការ​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ល្អ និង​ស្អិតល្មួត​នៃ​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​ទាំងពីរ ដែល​ជា​វិស័យ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ពង្រឹង​សន្តិសុខ​ក្នុង​ប្រទេស​នីមួយៗ និង​សន្តិសុខ​ក្នុង​តំបន់​ទាំងមូល។

លោក ទៀ បាញ់ ថ្លែង​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​នៅ​ថ្ងៃទី១៧ មិថុនា ថា កម្ពុជា និង​ចិន នឹង​សហការ​គ្នា​រៀបចំ​សមយុទ្ធ​យោធា​នាគមាស ឆ្នាំ២០១៩ ខាងមុខនេះ​បន្ត​ទៀត ដើម្បី​រឹតចំណង​មិត្តភាព និង​វិស័យ​ការពារ​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត។ លោក​អះអាង​ទៀត​ថា កម្ពុជា​ក៏​ត្រៀមខ្លួន​ដើម្បី​ទទួល​ការ​សំចត​របស់​នាវា​កងទ័ព​ជើង​ទឹក​ចិន ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ជាមួយគ្នា​នៅ​ពេល​ខាងមុខ​ផង​ដែរ។

នៅ​ក្នុង​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​មក​កម្ពុជា​នេះ ភាគី​ចិន​ក៏បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹកប្រាក់​ចំនួន ៦៤៥លាន​យ័ន ឬ​ប្រហែល ១០០​លាន​ដុល្លារ​អាមេរិក សម្រាប់​វិស័យ​យោធា​ដល់​ភាគី​កម្ពុជា​ផង​ដែរ។

ទោះបីជា​យ៉ាងណា អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​យល់ឃើញ​ស្របគ្នា​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារ​ជាតិ​ចិន​នេះ មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ទេ ដ្បិត​វា​ធ្វើឡើង​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស និង​មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នោះ។

អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ យល់ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារ​ជាតិ​ចិន​នេះ គឺជា​ការ​ផ្តល់​ទំនុក​ចិត្ត​បន្ថែម​ទៀត​ដល់​របប​ក្រុងភ្នំពេញ​ដែល​កំពុង​ហ៊ុមព័ទ្ធ​ដោយ​ការ​រិះគន់ និង​សម្ពាធ​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​នានា បន្ទាប់​ពី​របប​នេះ​បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បន្ត​ថា ការ​គាំទ្រ​របស់​ចិន​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​បំបិទ​សំឡេង​ឯករាជ្យ​នោះ មិនមែន​ជា​រឿង​ល្អ​ឡើយ ផ្ទុយទៅវិញ​មានតែ​ធ្វើ​ឱ្យ​របប​ក្រុងភ្នំពេញ​កាន់តែ​ដើរ​ឃ្លាត​ចេញពី​គន្លង​ប្រជាធិបតេយ្យ ហើយ​វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​បាត់​ទំនុក​ចិត្ត​លើ​ការដឹកនាំ​របស់​ក្រុម​មេដឹកនាំ​នៃ​របប​លោក ហ៊ុន សែន បន្ថែម​ទៀត៖ «ប្រទេស​ចិន​មើល​ឃើញ​ថា កម្ពុជា​អាច​នឹង​ទទួល​រង​សម្ពាធ​ពី​ប្រទេស​លោក​ខាង​លិច ដូច្នេះ​ចិន​ព្យាយាម​មក​ទស្សនកិច្ច​នៅ​កម្ពុជា មាន​គ្មាន​អ្វី​ក្រៅពី​ដើម្បី​លើកទឹកចិត្ត​កម្ពុជា​កុំ​ឱ្យ​ខ្លាច​ប្រទេស​ទាំង​នោះ​ទេ មានន័យថា គ្រប់​កាលៈទេសៈ គឺថា​ចិន​នៅ​ជាមួយ​កម្ពុជា​ជានិច្ច។ ទោះបីជា​យ៉ាង​នេះ​ក្តី ទស្សនកិច្ច និង​ការ​ផ្ដល់​ជំនួយ​យោធា​ដល់​កម្ពុជា​នេះ ខ្ញុំ​គិត​ថា វា​មិនមែន​ជា​រឿង​ល្អ​ទេ​សម្រាប់​កម្ពុជា ដោយសារ​ចិន​ជា​ប្រទេស​កុម្មុយនិស្ត ដូច្នេះ​ប្រសិនបើ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​ស្និទ្ធ​នឹង​កម្ពុជា មានន័យថា កម្ពុជា​នឹង​មាន​ផល​ប៉ះពាល់​ធំ​ទៅ​ថ្ងៃ​អនាគត និង​ពេល​បច្ចុប្បន្ន»

ចំណែក ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ វិញ ថ្លែង​ថា ចិន​បាន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​កាន់តែ​ខ្លាំង​មក​លើ​កម្ពុជា​ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច នយោបាយ និង​ការ​អភិវឌ្ឍ ហើយ​ឥទ្ធិពល​នេះ​មើល​ឃើញ​កាន់តែ​ច្បាស់​នៅ​ពេល​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ និង​កំពុង​រៀបចំ​ការបោះឆ្នោត​តំណាងរាស្ត្រ​ដ៏​ចម្រូងចម្រាស​នៅ​ខែក្រោយ​នេះ៖ «មិនមែន​ជា​រឿង​ចៃដន្យ​ពេក​នោះ​ទេ​ដែល​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​ចិន​មក​កម្ពុជា មុន​ពេល​ការបោះឆ្នោត​មកដល់​នៅ​ខែ​កក្កដា​ខាងមុខនេះ។ ចំណុច​នេះ​យើង​អាច​មើល​ឃើញ​ពី​ការ​ចង់​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​របស់​ចិន​មក​លើ​កម្ពុជា ពេល​ដែល​ចិន​ព្យាយាម​ជួយ​កម្ពុជា​ម្ដង​ហើយ​ម្តង​ទៀត​ទាំង​ការ​អភិវឌ្ឍ និង​កិច្ចការ​នយោបាយ»

ចិន​ជា​ប្រទេស​មហាអំណាច​តែមួយគត់​ដែល​បាន​ប្រកាស​ទុកជាមុន​ថា ខ្លួន​នឹង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ។ តាមរយៈ​គាំទ្រ​នេះ ចិន​គឺជា​អ្នកគាំទ្រ​របប​ក្រុងភ្នំពេញ​ពេញទំហឹង​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ថ្នាក់ដឹកនាំ​ចិន​ជា​បន្តបន្ទាប់ បាន​ប្រកាស​ជា​ចំហ​ថា ចិន​មាន​ជំហរ​ឥត​ងាករេ ក្នុង​ការ​គោរព​ឯករាជ្យ អធិបតេយ្យ និង​ការ​ចាត់​វិធានការ​នានា​របស់​របប​ក្រុងភ្នំពេញ ចំពោះ​កិច្ចការពារ​សន្តិសុខ និង​ស្ថិរភាព​សង្គម។ បន្ថែម​ពីលើ​នេះ ចិន​ក៏បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​ប្រកបដោយ​សុខ​សន្តិភាព។ តាមរយៈ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដោយ​មិន​ខ្វល់​ពី​រឿង​របប​នេះ​បាន​រំលាយ​គណបក្សប្រឆាំង​ដែល​តំណាង​អោយ​ម្ចាស់​ឆ្នោត​ជាង ៣​លាន​នាក់ ចាប់​អ្នកនយោបាយ​ដាក់គុក និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ​ជាច្រើន​នោះ ចិន​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ចូល​ដៃ​រំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការប្រកាស​ពី​ជំហរ​របស់​ខ្លួន​ជា​បន្តបន្ទាប់​បែបនេះ បាន​ធ្វើ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន សារ​ភាពជា​លើកទីមួយ​បង្អស់ កាលពីដើម​ខែ​ឧសភា​កន្លង​ទៅ​ថា លោក​ពិតជា​កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​ចិន​កុម្មុយនិស្ត​ពិតប្រាកដ​មែន ព្រោះ​លោក​ងាយស្រួល​ធ្វើការ​ជាមួយ​ភាគី​ចិន៖ «អ្នកខ្លះ​គេ​ថា ម៉េច​ក៏​ចិន​ច្រើន​ម្ល៉េះ​ឥលូវ​នេះ? ការដ្ឋាន​រាប់​សិប បើ​បូក​ទាំង​គម្រោង​វិនិយោគ​ផង ការដ្ឋាន​មាន​ដល់​រាប់រយ មិន​ឱ្យ​មាន​ចិន​ច្រើនយ៉ាង​ម៉េច​? ប្រទេស​ដទៃ​ទៀត​បើ​ចង់​មក​ច្រើន ទាល់តែ​មក​បើក​ការដ្ឋាន​ឱ្យ​ច្រើន​ដូចគ្នា នោះ​វា​ច្រើន​ទៅ​ហើយ វា​មាន​ស្អី​ទៀត។ ដល់ពេល​ឃើញ​ចិន​មក​ច្រើន មក​ច្រណែន​ចិន​ឯណេះ​ទៅវិញ វា​សុទ្ធតែ​ថា​កម្ពុជា​ដឹកនាំ​ប្រទេស​ទៅ​ជិត​ចិន ចុះបើ​ចិន​គេ​ស្រួល​ជាមួយ​ខ្ញុំ មិន​ឱ្យ​ទៅ​ជិត​ជាមួយគ្នា​យ៉ាងម៉េច»

ជំនួយ​ដែល​ចិន​ផ្តល់​មក​កម្ពុជា សុទ្ធ​សឹង​ជា​ជំនួយ​គ្មាន​លក្ខខណ្ឌ​ដែល​នាំ​ឱ្យ​មានការ​បារម្ភ​អំពី​ការប្រើប្រាស់​ជំនួយ​ទាំងនោះ មិន​ចំ​គោលដៅ និង​ការបាត់បង់​ទៅលើ​អំពើពុករលួយ ចំណែក​ឯ​គម្រោង​វិនិយោគ​ខ្នាត​ធំ​របស់​ចិន​នៅ​កម្ពុជា ភាគច្រើន​សុទ្ធសឹងតែ​ជាដើម​ហេតុ​នៃ​ទំនាស់​ច្រើនយ៉ាង ជាពិសេស គឺ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ។ ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយនេះ ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​នៅ​កម្ពុជា មាន​ចំនួន​សរុប ៥៧ គម្រោង ក្នុង​នោះ ៤៧ គម្រោង គឺជា​ប្រភេទ​ប្រាក់កម្ចី​មាន​ទឹកប្រាក់​សរុប​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រភេទ​ជំនួយ​ឥតសំណង​មាន​ចំនួន ១០​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​ជិត ១៨០​លាន​ដុល្លារ​អាមេរិក។

អ្នកវិភាគ​អះអាង​ថា ការ​គាំទ្រ​របស់​ចិន​ចំពោះ​របប​ក្រុងភ្នំពេញ​នោះ នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់អំណាច មិន​ខ្លាច​នឹង​រៀបចំ​ការបោះឆ្នោត​ដែល​គ្មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​នោះ​ឡើយ ហើយ​ការ​គាំទ្រ​នេះ​នឹង​ធ្វើ​ឱ្យ​បក្ស​កាន់អំណាច​កាន់តែ​មាន​ទឹក​ចិត្ត​ខ្លាំងក្លា​បន្ថែម​ទៀត ក្នុង​ការ​ផាត់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា ចេញពី​សង្វៀន​នយោបាយ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នៃ​រដ្ឋសភា នៅ​ខែ​កក្កដា ខាងមុខនេះ។ ម្យ៉ាងវិញទៀត ការដឹកនាំ​លម្អៀង​ទៅ​រក​ចិន​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ដែល​ជា​អ្នក​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​វិស័យ​អភិបាលកិច្ច និង​ប្រឆាំង​អំពើពុករលួយ ដែល​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​ប្រែ​ក្លាយ​ខ្លួនជា​ប្រទេស​អភិវឌ្ឍន៍​ដ៏​ពិតប្រាកដ​មួយ​ទៅ​ថ្ងៃមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles