លោកស្រី Rhona Smith នៅពេលមកកម្ពុជាកន្លងមក។ ផា លីណា
Mon, 18 June 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ខណៈក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្ដែងកង្វល់អំពីសេរីភាពសារព័ត៌មាន និងចាត់ទុកការអំពាវនាវឲ្យពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតរបស់អតីតគណបក្សប្រឆាំងថា «មិនមែនជាការបង្ខិតបង្ខំ ឬបំភិតបំភ័យ» នោះ គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង គណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានច្រានចោលការអះអាងទាំងនេះដោយចាត់ទុកថាជា «រឿងមិនត្រឹមត្រូវ» និង «លូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា» ប៉ុន្តែសង្គមស៊ីវិល និងគណបក្សប្រឆាំងប្រកាសគាំទ្រ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនពីក្រុងហ្សឺណែវកាលថ្ងៃសុក្រ «ក្រុមអ្នកជំនាញសិទ្ធិមនុស្ស» របស់អង្គការសហប្រជាជាតិបានអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យ «គោរព និងធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់» ដោយសម្តែងកង្វល់អំពីការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតជាតិនៅថ្ងៃទី ២៩ ខែកក្កដា បន្ទាប់ពី គ.ជ.ប បានចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះឆ្នោតដោយហាមប្រាមមិនឲ្យចុះផ្សាយព័ត៌មាន ដែលអាចនាំឲ្យមានការភាន់ច្រឡំ ឬបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត ដោយធ្វើការផ្សាយព័ត៌មានដែលរារាំងប្រជាពលរដ្ឋ មិនឲ្យបោះឆ្នោត និងបញ្ចេញមតិផ្ទាល់ខ្លួន ឬបុរេវិនិច្ឆ័យជាដើម។
ក្រុមអ្នកជំនាញថ្លែងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ «ការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយក្នុងក្រមសីលធម៌នេះបាននាំឲ្យមានកង្វល់ជាខ្លាំងអំពីសេរីភាពសារព័ត៌មាន»។ «ការហាមឃាត់ទាំងនេះប្រើពាក្យពេចន៍ក្នុងន័យទូលាយ និងមិនច្បាស់លាស់ដែលអាចនាំឲ្យមានការរឹតត្បិតលក្ខណៈទូលំទូលាយ លើប្រព័ន្ធផ្សព្វផ្សាយដែលអាចមិនស្របទៅនឹងបទដ្ឋានអន្តរជាតិ»។
ពួកគេបន្តថា អ្នកសារព័ត៌មានមានការទទួលខុសត្រូវក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាទាំងឡាយដែលកើតមាននៅមុនពេលបោះឆ្នោត ជាពិសេសបញ្ហាចម្រូងចម្រាសនានា។ ការរាយការណ៍បែបនេះគឺជាផ្នែកមួយដ៏សំខាន់នៃការរាយការណ៍ព័ត៌មានដែលមានតម្លាភាព និងមានទទួលខុសត្រូវនៅក្នុងអំឡុងពេលបោះឆ្នោត។ ការរាយការណ៍នេះជួយដល់អ្នកបោះឆ្នោតឲ្យធ្វើការជ្រើសរើសដោយបានទទួលព័ត៌មានគ្រប់គ្រាន់។
សេចក្ដីថ្លែងការណ៍បន្តថា៖ «ការហាមប្រាមនេះក៏មានផលប៉ះពាល់អវិជ្ជមានផងដែរទៅលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធីដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការចូលរួមជាសាធារណៈក្នុងបរិបទនៃការបោះឆ្នោត»។
បន្ថែមលើនេះមន្ត្រី UN ក៏បានចាត់ទុកការចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកដែលអំពាវនាវឲ្យធ្វើពហិការក្នុងការបោះឆ្នោតរបស់អតីតគណបក្សប្រឆាំងថា «មិនមែនជាការបង្ខិតបង្ខំ ឬបំភិតបំភ័យឡើយ» ហើយការអំពាវនាវនោះទៀតសោតក៏មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែរ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ទោះជាច្បាប់សិទិ្ធមនុស្សកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិហាមប្រាមយ៉ាងត្រឹមត្រូវចំពោះការបំភិតបំភ័យ ឬការគំរាមកំហែងអ្នកបោះឆ្នោតក៏ដោយក៏ការអំពាវនាវឲ្យធ្វើពហិការមិនទៅបោះឆ្នោត មិនមែនជាការបង្ខិតបង្ខំ ឬបំភិតបំភ័យឡើយ ហើយការអំពាវនាវនោះទៀតសោតក៏មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែរ។ ផ្ទុយទៅវិញការអំពាវនាវនេះ គឺទុកឲ្យអ្នកបោះឆ្នោតសម្រេចដោយសេរីថាត្រូវចូលរួម ឬមិនចូលរួមបោះឆ្នោត»។
ប៉ុន្តែលោក កត្តា អន សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាមន្ត្រីអង្គការសហប្រជាជាតិទាំងនោះកំពុងតែធ្វើការងារប្រាសចាកពីសីលធម៌ និងបំផ្លាញនូវសិទ្ធិសេរីភាពរបស់មនុស្សទៅវិញទេ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា នេះជាចរិតនយោបាយមួយដែលរដូវកាលបោះឆ្នោតនៅប្រទេសកម្ពុជាជិតមកដល់ យើងតែងតែឃើញក្រុមផ្សេងៗដែលតាំងខ្លួនជាអ្នកសិទ្ធិមនុស្ស ផ្ទុយទៅវិញបានធ្វើសកម្មភាពផ្ទុយពីសិទ្ធិមនុស្ស។ នេះជារឿងមិនត្រឹមត្រូវទេ»។
លោកថា បរិបទសិទ្ធិមនុស្សគឺអាស្រ័យលើអធិបតេយ្យជាតិ ដូច្នេះគេមិនអាចប្រើប្រាស់អ្វីដែលផ្ទុយនឹងច្បាប់ជាតិនោះទេ។
លោកថ្លែងបែបចំអកថា៖ «គេត្រូវគោរពច្បាប់ប្រទេសកម្ពុជាផងដែរឧទាហរណ៍លោកស្រី រ៉ូណា ស្មីត គាត់ជាជនជាតិអង់គ្លេស ប៉ុន្តែប្រជាជនអង់គ្លេសភាគច្រើនគេញ៉ាំនំប៉័ង គេញ៉ាំឈីស (cheese) ប៉ុន្តែគាត់ចង់ឲ្យកម្ពុជា ប្រជាជនខ្មែរដែលញ៉ាំអង្ករ (បាយ) ឲ្យដូរទៅញ៉ាំនំប៉័ង ញ៉ាំឈីស ដូចគាត់…»។
បន្ថែមលើនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការថ្លែងរបស់អ្នកជំនាញអង្គការសហប្រជាជាតិថា «លូកដៃចូលកិច្ចការផ្ទៃក្នុង» របស់ប្រទេសកម្ពុជា។
លោកចោទជាសំណួរថា៖ «ជាទស្សនៈភ្លីភ្លើ ដែលពួកអ្នកសិទ្ធិមនុស្សអន្តរជាតិចូលចិត្តលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថាខ្វះស្តង់ដារអន្តរជាតិ? អាលូកដៃរំលោភឯករាជ្យ និងអធិបតេយ្យភាពប្រទេសដទៃ ឬគឺជាស្តង់ដារអន្តរជាតិនោះ? ការស្ទង់មតិ ការបង្កើតព័ត៌មានក្លែងក្លាយ ការបំភិតបំភ័យនោះ ឬជាស្តង់ដារអន្តរជាតិនោះ? នៅក្នុងកម្ពុជា ត្រូវការបទដ្ឋានកម្ពុជាមិនត្រូវការការបង្គាប់បញ្ជាពីបរទេសណាជាដាច់ខាត ហើយមិនមែនពួកអ្នកក្រៅជាអ្នកបកស្រាយថា ត្រូវឬមិនត្រូវនោះទេ»។
ប៉ុន្តែលោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជាថ្លែងថាជាគោលការណ៍គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់គួរត្រូវបានអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយដោយសេរីនូវទស្សនៈរបស់ពលរដ្ឋសម្រាប់បញ្ហានយោបាយ និងការបោះឆ្នោត។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតហើយពួកគេក៏មានសិទ្ធិមិនបោះឆ្នោត។ ជម្រើសទាំង ២ នេះគឺស្របច្បាប់ក្រោមរដ្ឋធម្មនុញ្ញកម្ពុជា និងតាមច្បាប់។ តាមរយៈគោលការណ៍សាមញ្ញដែលអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោត និងអំពាវនាវឲ្យប្រជាពលរដ្ឋមិនបោះឆ្នោតទាំង ២ នេះត្រូវតែស្របច្បាប់ និងអនុញ្ញាត»។
លោកបន្ថែមថាផ្ទុយទៅវិញ ការបង្ខំ ឬញុះញង់ប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត ឬការរារាំង ឬបំភិតបំភ័យប្រជាពលរដ្ឋដោយផ្ទាល់មិនឲ្យទៅបោះឆ្នោត ផ្ទុយនឹងឆន្ទៈរបស់ពួកគេគឺខុសច្បាប់ និងត្រូវតែផ្តន្ទាទោសទៅតាមច្បាប់។
លោកបញ្ជាក់ថា៖ «កម្ពុជាបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសេចក្តីប្រកាសសកល និងអនុសញ្ញាជាច្រើន រួមទាំងអនុសញ្ញាដែលគ្របដណ្តប់លើសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ហេតុដូច្នេះមិនគួរមានស្តង់ដារផ្សេងគ្នា ឬការបកស្រាយផ្សេងគ្នា អំពីបទប្បញ្ញត្តិទាំងនេះទេ»។
លោកស្រី មូរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិថ្លែងតាមរយៈសារអេឡិចត្រូនិកពីក្រៅប្រទេសថ្ងៃម្សិលមិញមកថា គោលការណ៍មួយក្នុងចំណោមគោលការណ៍មូលដ្ឋាននៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌គឺសេរីភាពព័ត៌មានសេរីភាពនៃការនិយាយស្តី សេរីភាពនៃការបញ្ចេញមតិ។ «ការបន្តគំរាមកំហែង ចាប់ខ្លួន ឬបញ្ជូនទៅអប់រំ ចំពោះការបញ្ចេញមតិដែលត្រូវបានចាត់ទុកថាជាផ្នែកនៃបដិវត្តន៍ពណ៌ ឬបង្កចលាចលក្នុងសង្គម។ បរិយាកាសបច្ចុប្បន្ននេះមិនអាចធ្វើឲ្យកើតមានការបោះឆ្នោតសេរី និងយុត្តិធម៌នោះទេ»។
លោកស្រីថ្លែងថាលោកស្រីមិនត្រឹមតែគាំទ្រក្តីបារម្ភរបស់អ្នកជំនាញ UN ទេ «ប៉ុន្តែខ្ញុំថែមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ទម្រង់ភាពស្របច្បាប់ណាមួយដល់ដំណើរការបោះឆ្នោតដោយរួមទាំងការបញ្ជូនអ្នកសង្កេតការណ៍»៕ PS
Contact author: បែន សុខហ៊ាន
If you want to talk about Human Rights, where are you in this issue below?
Nearly 60 miles away, in the town of Brownsville, some 1,500 boys are being housed inside a building that was once a Walmart superstore. The boys, aged 10 to 17. It is America’s largest facility for such minors, and numbers have increased in the past month by several hundred. Crazy lady, you lock up kids in a cage?