គ.ជ.ប រំឭកឡើង​វិញ​ពី​​ក្រម​សីលធម៌​សម្រាប់​សារព័ត៌មាន​ ​ក្រោយ​មន្ត្រី UN បង្ហាញ​ក្ដី​បារម្ភ

| |
https://vodhotnews.com


គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានរំឭក​ឡើង​វិញ​ថា​ ការបោះឆ្នោតបែប​ប្រជាធិបតេយ្យ ត្រូវ​តែមានប្រព័ន្ធផ្សព្វផ្សាយចូលរួម ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយនោះ ត្រូវ​ធ្វើការប្រកដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌។

គ.ជ.ប. បាន​រំឭក​បែប​នេះការរំលឹកនេះនៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះតែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​រឹត​ត្បិត​សេរីភាព​នៃ​សារព័ត៌មាន​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នា​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ គ.ជ.ប. បាន​ទទួល​ស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ បាន​លើក​ឡើង​អំពី​វិជ្ជា​ជីវៈ និង​ក្រម​សីលធម៌​សម្រាប់​​សារព័ត៌មាន ដោយ​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹកនាំ​ដែល​ពួកគេ​ពេញ​ចិត្ត។


ប្រព័ន្ធផ្សព្វផ្សាយ​ ត្រូវ​ផ្សាយព័ត៌មានអព្យាក្រឹត មិនប្រកាន់បក្សពួក មិនពុករលួយ មិនញុះញង់ មិនរើសអើងពូជសាសន៍ជាដើម

គ.ជ.ប


ទោះជាយ៉ាងណា VOD ​មិនអាច​សុំការបំភ្លឺបន្ថែមពី​អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ បានទេ ដោយទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស ផ្តល់ជាអនុសាសន៍ថា គ.ជ.ប. ត្រូវ​ពន្យល់ពីនិយមន័យនៃការផ្សព្វផ្សាយ​ព័ត៌មានបែបណាដល់អ្នកសារព័ត៌មាន ដើម្បីការពារកុំឲ្យពួកគេរងការចោទប្រកាន់។


យើងឧទាហរណ៍មួយទេ ពាក្យថា ទៅ ឬមិនទៅ [បោះឆ្នោត] នៅក្នុងក្របខណ្ឌច្បាប់ គេមាននិយាយពីសេរីភាព ការហាមឃាត់ ក៏ប៉ុន្តែភាគច្រើន យើងឃើញថា ការបកស្រាយរវាងស្ថាប័ន គ.ជ.ប អ្នកច្បាប់ សង្គមស៊ីវិលក៏ដោយ មានការប្រទាំងប្រទើសគ្នា។ វាអត់ច្បាស់លាស់។ ត្រង់នេះហើយដែលត្រូវការ​ទាមទារឲ្យច្បាស់លាស់ពីស្ថាប័ន គ.ជ.ប. ខ្លួនឯង

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស


ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា នៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន ក៏បានចែងពីកាតព្វកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយ និងក្រមសីលធម៌របស់អ្នកសារព័ត៌មានដែរ ដោយថាមិនចាំបាច់ គ.ជ.ប. ធ្វើសេចក្តីប្រកាសព័ត៌មាន ក៏អ្នកសារព័ត៌មានត្រូវតែគោរពតាមច្បាប់នោះដែរ។

លោកមានប្រសាសន៍ថា៖ «ជាគោលការណ៍របស់អ្នកសារព័ត៌មានគ្រប់ៗគ្នា យើងគោរពតែក្រមសីលធម៌ វិជ្ជាជីវៈរបស់យើង ឲ្យបានល្អទៅ ខ្ញុំគិតថា ជៀសវៀងបញ្ហាបានច្រើន ហើយមិនមានអ្វីកើតទេ ជារឿងមួយដែលយើងត្រូវគោរពទាំងអស់គ្នា»។

សេរីភាព​នៃ​សារព័ត៌មាន​កម្ពុជា​ដែល​រាយការណ៍​អំពី​ការ​បោះ​ឆ្នោត បាន​ស្ថិត​នៅ​ក្រោម​ការ​ចោទ​សួរ​រួច​មក​ហើយ បន្ទាប់​ពីអ្នក​សារព័ត៌មាន​កាសែត ខេមបូឌា ដេលី ២​រូប លោក អូន ភាព និង​លោក ហ្សមបូរ ភីតធឺ ត្រូវបានតុលាការខេត្តរតនៈគិរីចោទ​ប្រកាន់​ពីបទ​ញុះញង់ ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ចុះ​សម្ភាសប្រជាជន និងអតីមេឃុំបក្សប្រឆាំងមុនការបោះឆ្នោតឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។ បច្ចុប្បន្ន​នេះ ពួកគេទាំងពីរនាក់បានសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស ដើម្បីគេចចេញពីការចោទប្រកាន់នេះ។

របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន​ (Reporters without Borders) ចេញផ្សាយកាលពីខែមេសា​មក​នេះ បង្ហាញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញលើបណ្ដាញផ្សព្វផ្សាយឯករាជ្យនៅមុនការបោះឆ្នោត ដូចជា ការដាក់សម្ពាធ និងមិនចេញប័ណ្ណឲ្យអ្នកសារព័ត៌មាន ការបិទកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី ការផ្អាកដំណើរការវិទ្យុអាស៊ីសេរី និងការបិទស្ថានីយ៍វិទ្យុចំនួន៣២ កាលពីខែសីហាឆ្នាំមុន៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles