ដោយ សេក បណ្ឌិត
2018-06-18
RFA
ម្ដាយរបស់បណ្ឌិត កែម ឡី លោកស្រី ភោគ សេ ជជែកជាមួយលោក ឃួន សេរីវុធ ដែលមកគោរពវិញ្ញាណក្ខន្ធកូនប្រុសរបស់គាត់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៦។ RFA
ប្អូនប្រុសនិងម្តាយបង្កើតរបស់លោកបណ្ឌិត កែម ឡី ឲ្យដឹងថា ចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី សាងសង់បានប្រមាណ៤០ភាគរយហើយ ប៉ុន្តែបច្ចុប្បន្ន កំពុងខ្វះថវិកាសម្រាប់សាងសង់ ចេតិយបន្តទៀត។ ក្រុមគ្រួសារ អំពាវនាវឲ្យសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តជួយបរិច្ចាគថវិកា ដើម្បីសាងសង់ចេតិយឲ្យបានរួចរាល់ទាំងស្រុង។
ប្អូនប្រុស និងម្ដាយរបស់លោកបណ្ឌិត កែម ឡី ឲ្យដឹងថា ពួកគេកំពុងត្រូវការថវិកាប្រមាណជាង១០ ម៉ឺនដុល្លារទៀត ដើម្បីបញ្ចប់គម្រោងសាងសង់ចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី ដែលស្ថិតនៅក្នុងទឹកដីកំណើតភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី និងជាប្រធានគណបក្សខ្មែរតែមួយ គឺលោកកែម រិទ្ធិសិត រៀបរាប់ថា ថវិកាដែលប្រមូលបានកាលពីបុណ្យ១០០ថ្ងៃ ជាង១ម៉ឺនដុល្លារ និងថវិការបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៦ម៉ឺនដុល្លារដែលសរុបទាំងអស់ជាង ៧ម៉ឺនដុល្លារនោះ បានចំណាយអស់ហើយ សម្រាប់សាងសង់ចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី ប៉ុន្តែ ចេតិយទើបសាងសង់បានប្រមាណ ៤០ភាគរយប៉ុណ្ណោះ។ លោកបន្ថែមថា តាមគម្រោងរបស់គណៈកម្មការសាងសង់ចេតិយចាស់ គឺគ្រោងចំណាយថវិកាជាង ១៧ម៉ឺនដុល្លារដើម្បីសាងសង់ចេតិយ៍ ដូច្នេះបច្ចុប្បន្ននៅខ្វះជាង ១០ម៉ឺន ដុល្លារទៀត។ ទំហំចេតិយនេះ គឺខាងក្រៅមានបណ្តោយ ៩ម៉ែត្រគុណនឹង៩ម៉ែត្រ ចំណែកខាងក្នុង ៥ម៉ែត្រ គុណនឹង៥ម៉ែត្រ រីឯកម្ពស់១៦ម៉ែត្រ។ «»
បច្ចុប្បន្ននេះ ការសាងសង់ចេតិយលោកបណ្ឌិត កែម ឡី ត្រូវបានគណៈកម្មការ ដែលបង្កើតឡើង ដោយអង្គការសង្គមស៊ីវិល ប្រគល់សិទ្ធិជូនក្រុមគ្រួសារវិញ បន្ទាប់ពីមានរឿងចម្រូងចម្រាស ដោយ សារការលូកដៃពីអ្នកនយោបាយ និងការឧបត្ថម្ភថវិកាពីលោក ហ៊ុន សែន ជាដើម។ ក្រោយពីមាន ការលូកដៃពីអ្នកនយោបាយនោះ អតីតសមាជិកគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ៣នាក់ រួមមាននាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ត្រូវបានតុលាការចោទប្រកាន់និងចេញដីកាឃុំខ្លួនពាក់ព័ន្ធនឹងការចោទថា ធ្វើឲ្យបាត់បច្ច័យបុណ្យសព លោក កែម ឡី តាមបណ្ដឹងរបស់ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់។ ក្រុមគណៈកម្មការបុណ្យសព និងក្រុមគ្រួសារបណ្ឌិត កែម ឡី ចាត់ទុកការចោទប្រកាន់នោះថា ជារឿងអយុត្តិធម៌ ជារឿងប្រឌិត ព្រោះមិនមានការកិបកេងបច្ច័យបុណ្យសពទេ។
លោក កែម រិទ្ធិសិត បញ្ជាក់ថា លោកនឹងមិនស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយឧបត្ថម្ភថវិកាទៀតទេ ប៉ុន្តែលោកអំពាវនាវដល់សប្បុរសជនទូទៅ ជួយចូលរួមចូលបុណ្យកសាងចេតិយ។ លោកអះអាងថា ការខ្វះខាតថវិកាសាងសង់ចេតិយនេះ មិនមែនដោយសារលោកយកកេរ្តិ៍ឈ្មោះបងប្រុស ទៅបង្កើតគណបក្សនយោបាយ ហើយបណ្ដាលឲ្យពលរដ្ឋខឹងស្អប់មិនចូលបច្ច័យនោះទេ។ «»
អតីតសមាជិកគណៈកម្មការកសាងចេតិយម្នាក់ដែលទើបលាឈប់ និងបានទៅធ្វើជាប្រធានមូលនិធិ កែម ឡី គឺលោកសៅ កុសល មានប្រសាសន៍ថា លោកសោកស្ដាយដែលគណៈកម្មការចាស់បានត្រឹមតែបង្កើតគម្រោង តែមិនបានជួយដល់ទីបញ្ចប់ដោយសារតែមានការធ្វើទុក្ខបុកម្នេញនានា សូម្បីតែរៀបចំពិធីបុណ្យខួប១រយថ្ងៃ ក៏មានគេព្យាយាមរារាំងដែរ។ លោកបញ្ជាក់ថា មូលហេតុដែលចំណាយថវិកាដល់ ១៧ម៉ឺនសម្រាប់កសាងចេតិយនោះ ព្រោះតាមគម្រោងធ្វើតាមរចនាបថប្រាសាទ ភ្នំជីសូតំណាងឲ្យខេត្តតាកែវ និងប្រាសាទព្រះវិហារ ដែលត្រូវប្រើសម្ភារៈថ្លៃៗ។ «»
ងាកទៅមើលស្ថានភាពម្តាយបង្កើតលោកបណ្ឌិត កែម ឡី អាយុ៧៨ឆ្នាំ គឺលោកស្រី ភោគ សេ វិញ នៅតែនឹករលឹក និងសោកសង្រេងខ្លាំងណាស់ចំពោះការបាត់បង់កូនប្រុសជាទីស្រលាញ់។ ទោះ យ៉ាងណាក្តីទំហំនៃការនឹករលឹករបស់អ្នកម្ដាយចំពោះលោកមានត្រូវបានកាត់បន្ថយខ្លះដោយសារ ការរំកិលនៃពេលវេលា។ លោកស្រី ភោគ សេ រៀបរាប់ថា លោកស្រីនៅតែតត្រុកក្បែរផ្នូររបស់កូន បោសជូតៗ និងដាំផ្កាពេញទីនោះ។ អ្នកម្ដាយរូបនេះ ថែមទាំងបន្តសម្រាន្តនៅជាប់នឹងផ្នូររបស់លោកជាប្រចាំទៀតផង។ «»
ក្រៅពីនឹករលឹកដល់កូនប្រុសដែលត្រូវបានឃាតកឃោរឃៅបាញ់សម្លាប់ក្នុងស្តារម៉ាតកាលតិច កណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះ លោកស្រីក៏តែងមានអារម្មណ៍នឹក រលឹកដល់ចៅៗទាំង៥នាក់ កំពុងរស់នៅប្រទេសអូស្ត្រាលីជាមួយម្ដាយដែរ ដោយមិនដឹងថ្ងៃណាបានជួបមុខទៀតទេ។ «»
ម្ដាយរបស់លោក កែម ឡី ឲ្យដឹងថា លោកស្រី មានសុខភាពមិនសូវមាំទាំដូចមុនទៀតឡើយ ហើយ ជីវិតរបស់លោកស្រី គឺពឹងផ្អែកលើការជូនបច្ច័យរបស់ប្រជាពលរដ្ឋខ្មែរជិតឆ្ងាយដែលចូលទៅគោរព និងអុជធូបជូនលោកបណ្ឌិត កែម ឡី។ លោកស្រីបញ្ជាក់ថា មានមនុស្សចាប់ពី ១០នាក់ ដល់៥០នាក់ ទៅគោរពនិងអុជធូបជូនលោក កែម ឡី ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទាន។«»
ប្អូនប្រុស និងម្ដាយបង្កើតលោកបណ្ឌិត កែម ឡី ក៏មានគម្រោងនឹងរៀបចំពិធីបុណ្យរម្លឹកខួប២ឆ្នាំនៃមរណភាពលោកបណ្ឌិតកែម ឡី នៅទីតាំងតម្កល់សព ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។ ក្រុមគ្រួសារអំពាវនាវដល់សាធារណជនទាំងអស់ អញ្ជើញចូលរួមពិធីបុណ្យ ដើម្បីបង្ហាញការគោរពស្រលាញ់លោកបណ្ឌិត កែម ឡី និងជួយចូលបច្ច័យសម្រាប់កសាងចេតិយបន្តទៀត៕