ពលរដ្ឋដែលមានជម្លោះដីធ្លីមកពីខេត្តកោះកុងជាង៥០នាក់ តំណាងឲ្យ២១០គ្រួសារ បានឡើងមកតវ៉ានៅក្រសួងដែនដីសាជាថ្មីបន្ទាប់ពីអស់ជំនឿលើការដោះស្រាយថ្នាក់ខេត្ត។
តំណាងពលរដ្ឋដែលមកតវ៉ាអ្នកស្រី សាំង ពុយ បានឲ្យអ្នកសារព័ត៌មានដឹងថា ពួកគេទាំង២១០គ្រួសារដែលបានរស់នៅ និងធ្វើចំការលើដីជាង៦ពាន់ហិកតា ក្នុងឃុំភីមាស និងឃុំកោះស្តេច ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង តាំងពីឆ្នាំ១៩៨០មកដោយមានអាជ្ញាធរមូលដ្ឋានបញ្ជាក់ត្រឹមត្រូវ តែនៅឆ្នាំ២០០៨ ត្រូវបានក្រុមហ៊ុន Union Development របស់ប្រទេសចិនបានចូលមកឈូសឆាយដី និងកម្ទេចផលដំណាំរបស់ពួកគេអស់ ដោយពុំដឹងមូលហេតុច្បាស់លាស់។
អ្នកស្រីបន្តថា បន្ទាប់ពីមានការឈូសឆាយពួកគេក៏បានចេញតវ៉ាជាបន្តបន្ទាប់ តែពីថ្នាក់ស្រុក ខេត្ត រហូតមកដល់ថ្នាក់ជាតិរួមមានទាំងសភាជាតិផងដែរនៅតែគ្មានដំណោះស្រាយ ទើបតែនៅខែមុនមានការណែនាំរបស់រដ្ឋមន្ត្រីក្រសួងដែនដីលោក ជាសុផារ៉ា ឲ្យត្រលប់ទៅខេត្តវិញ និងមានក្រុមការងារបស់ក្រសួងចុះទៅដោះស្រាយជូន តែនៅតែគ្មានដំណោះស្រាយដដែល។
ពលរដ្ឋម្នាក់ទៀតអ្នកស្រី ឡាន់ យី មានប្រសាសន៍ថាចាប់តាំងពីក្រុមហ៊ុន Union development របស់ចិនចូលមកប្រជាពលរដ្ឋជួបការលំបាកជាខ្លាំងដោយសារខ្វះចំណូលចិញ្ចឹមគ្រួសារ ត្រូវធ្វើចំណាកស្រុក និងទៅរស់នៅក្នុងខេត្តផ្សេងជាដើម។
រហូតមកដល់រសៀលម៉ោង៥នេះ ប្រជាពលរដ្ឋទាំងនោះនៅតែបន្តការតវ៉ានៅក្បែរក្រសួងដែនដីនៅឡើយ ដោយរង់ចាំដំណោះស្រាយពីអាជ្ញាធរ។
ទោះជាយ៉ាងណាបើតាមប្រជាពលរដ្ឋដែលឡើងមកតវ៉ាឲ្យដឹងថានៅថ្ងៃនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលលោក សេង ឡូត បានមកទទួលជួប និងបានជម្រាបឲ្យប្រជាពលរដ្ឋឡើងទៅតវ៉ានៅក្រសួងបរិស្ថានវិញដោយសារករណីរបស់ពលរដ្ឋនេះគឺមិនមែនជាសមត្ថកិច្ចរបស់ក្រសួងដែនដីនោះទេ។
កាលពីថ្ងៃទី ១៣ខែមិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជារទៅកាន់រដ្ឋបាលខេត្តនានា ឲ្យដោះស្រាយវិវាទដីធ្លីក្នុងខេត្តរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងរក្សាភាពអត់ធ្មត់ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ឬការតវ៉ាទាមទារនានារបស់ប្រជាពលរដ្ឋ ដោយថា ដើម្បីបញ្ចៀសនូវអំពើហិង្សាផ្សេងៗ ខណៈ ប៉ុន្មានខែចុងក្រោយនេះក្រុមពលរដ្ឋមានជម្លោះដីធ្លីបន្តឡើងមកតវ៉ានៅរាជធានីភ្នំពេញជាបន្តបន្ទាប់៕