ប្រជាជន​សហគមន៍​បុរីកីឡាចេញតវ៉ាជាថ្មីទាមទារសំណងផ្ទះក្នុងទីក្រុង

| |
https://vodhotnews.com

ពលរដ្ឋមកពីបុរីកីឡា មកតវ៉ានៅមុខផ្ទះអ្នកស្រី ស៊ុយ សុផានប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច (រូបភាព៖ ហួត វុទ្ធី)



ប្រជាជន​សហគមន៍​បុរីកីឡាចេញតវ៉ាជាថ្មីទាមទារសំណងផ្ទះក្នុងទីក្រុង


ពលរដ្ឋ​ជាង ១០​នាក់​មក​ពី​សហគមន៍​បុរីកីឡា បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​គេហដ្ឋាន​អ្នកស្រី ស៊ុយ សុផាន ដោយ​ស្រែក​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សងផ្ទះដល់ពួកគេវិញ បន្ទាប់ពីសាលាក្រុងបិទបញ្ចប់ដំណោះស្រាយករណីវិវាទដីធ្លីបុរីកីឡាកាលពីឆ្នាំមុន។

អ្នកតវ៉ាម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងអស់ អ្នកស្រី អ៊ួន កងវិសាគរ បាន​ប្រាប់ VOD ថា អ្នកស្រីចេញតវ៉ាជិតមួយឆ្នាំហើយបន្ទាប់ពីមានការប្រកាសបញ្ចប់រឿងបុរីកីឡា ប៉ុន្តែ អ្នកស្រីនៅ​មិនទាន់​ទទួលបានសំណង ហើយ​អ្នកស្រី​មិនព្រមទៅនៅភូមិអណ្តូងនោះ​ឡើយ។


ខ្ញុំសុំតែម៉្យាងទេ! ខ្ញុំថាអញ្ចេះ លៃធ្វើម៉េចក៏ដោយ ឲ្យយាយផានហ្នឹងចុះទៅដល់ផ្ទះខ្ញុំទៅ មើលតាមឯកសារ! ឯកសារអ្នកណានៅប៉ុន្មានឆ្នាំ? អ្នកណាដែលថាត្រូវគោលនយោបាយបាន? ឲ្យចាត់ចែងឲ្យគេ កុំអាដែលធ្វើតាមសាលាក្រុង។ សាលាក្រុងហៅពួកខ្ញុំទៅ ម្តងៗទៅឲ្យរបៀបថា ទៅអណ្តូងៗ ចុះរកហេតុផលមួយណាដែលថាឈ្មោះខ្ញុំត្រូវនៅទីក្រុងនេះ? ឥឡូវអត់ដីសោះ ដោះស្រាយមក បើមិនអញ្ចឹងឲ្យពួកខ្ញុំបួនប្រាំ ប្រាំមួយម៉ឺនទិញដី ទិញផ្ទះនៅណាក៏ដោយ នៅម្តុះហ្នឹងក៏បានដែរ

អ្នកតវ៉ាម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងអស់ អ្នកស្រី អ៊ួន


ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា អ្នកស្រីនឹងប្តឹងពលរដ្ឋដែលមកតវ៉ាទាំងនោះ និងថា សាលាក្រុងជាអ្នកទទួលបន្ទុកដោះស្រាយ។


ក្មួយអ្ហើយ! ពួកហ្នឹងសុទ្ធតែចាប់បានផ្ទះម្នាក់សុទ្ធតែពីរ សុទ្ធតែបី។ ខ្លះកូនចៅទៅនៅភូមិអណ្តូង ខាងសាលាក្រុងគេផ្តល់ឲ្យតែរហូតហ្នឹង! ប៉ុន្តែ វាខូច វាលក់អស់ទៅ វាមកតវ៉ា ហើយខ្ញុំថា នឹងប្តឹងតាមច្បាប់ហើយ មិនមែនជាភារៈកិច្ចរបស់ខ្ញុំទៀតទេ ព្រោះអីខ្ញុំសង់ផ្ទះហើយគឺចប់ភារៈកិច្ចខ្ញុំហើយ។ ភារៈកិច្ចទាំងប៉ុន្មាននៅលើសាលាក្រុង ព្រោះអីតែភាគីខ្ញុំសាងសង់ហើយគឺ ហើយៗ អត់មានទទួលបន្ទុករឿងប្រជាពលរដ្ឋទេ

ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន


អ្នកនាំពាក្យសាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា លោកនឹង​បញ្ជូន​ករណី​នេះ​ទៅ​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញដែល​បន្ទុក​លើ​វិវាទ​ដី​ធ្លី​សហគមន៍​បុរី​កីឡា​នេះ ប៉ុន្តែ លោក​ពុំ​បាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​នោះ​ឡើយ។

លោក ម៉េត មាសភក្តី៖​ «ហ្នឹងអ្ហើយ! ចាំយើងសួរទៅអ្នកដែលគេកាត់រឿងនេះ! ចាំសិនណា៎!»។

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ ជូនប្រជាពលរដ្ឋ ១៧៧៦គ្រួសារវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ ៣៨០គ្រួសារទៀតទទួលបានសំណងតាមការកំណត់របស់ក្រុមហ៊ុន និងអាជ្ញាធរ៕

ពលរដ្ឋមកពីបុរីកីឡា មកតវ៉ានៅមុខផ្ទះអ្នកស្រី ស៊ុយ សុផានប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច (រូបភាព៖ ហួត វុទ្ធី)


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles