ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អគ្គីសនី​ខេត្ត​កំពង់ចាម បន្ដ​ទាមទារ​រក​ដំណោះ​ស្រាយ​នៅ​មុខ​អគ្គីសនី​កម្ពុជា​រាជធានីភ្នំពេញ

ដោយ វ៉ែន សុមេធ
2018-06-21
RFA

បង្គោល​អគ្គិសនី​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​បោះ​លើ​ដី និង​អូស​ខ្សែ​ភ្លើង​ពី​លើ​ផ្ទះ​របស់​ពលរដ្ឋ។ រូបថត​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
បង្គោល​អគ្គិសនី​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​បោះ​លើ​ដី និង​អូស​ខ្សែ​ភ្លើង​ពី​លើ​ផ្ទះ​របស់​ពលរដ្ឋ។ រូបថត​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA


តំណាង​ប្រជាពលរដ្ឋ ៣០​គ្រួសារ នៅ​ខេត្ត​កំពង់ចាម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល​អគ្គិសនី​លើ​ដី​ស្រែ និង​ដី​លំនៅឋាន នៅ​ថ្ងៃ​ទី២១ មិថុនា​បាន​នាំ គ្នា​បន្ដ​ការ​ទាម​ទារ​នៅ​មុខ​អគ្គីសនី​ជាតិ​កម្ពុជា ក្រោយ​ពី​ពួក​គាត់​បាន​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ ជា​ច្រើន​ថ្ងៃ​មក។ អ្នក​ការពារ​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​ប្រធាន​អគ្គីសនី​ជាតិ​កម្ពុជា និង ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា ដើម្បី​បញ្ចប់​ទំនាស់។

ពលរដ្ឋបាននាំគ្នាបោះតង់ និង​ដាំ​បាយ​ហូប នៅ​មុខ​អគ្គីសនី​ជាតិ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ប្រធាន​ស្ថាប័ន​ជាតិ​មួយ​នេះ ចេញ​មក​ដោះ​ស្រាយ​ផល​ទំនាស់ជា​មួយ​ពលរដ្ឋ។ តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ភាគ​ច្រើន គឺ​ជា​ស្ត្រី ពួក​គេ​ទាមទារ​ឲ្យ​ប្រធាន​អគ្គីសនី​កម្ពុជា លោក កែវ រតនៈ និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជួយ​អន្ដរាគមន៍​ករណី​ពួក​គាត់។

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ ៣០​គ្រួសារ ​ជាមួយ​នឹង​អាជ្ញាធរ​អគ្គិសនី​ខេត្ត​កំពង់ចាម បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម គឺ​បន្ទាប់​ពី​អគ្គិសនី​កម្ពុជា បាន​បោះ​បង្គោល​ធំៗ ខ្លះ ចំ​ដី​ស្រែ និង​ខ្លះ​ចំ​ដី​ផ្ទះ​តែ​ម្ដង។ ប្រជាពលរដ្ឋ​នាំ​គ្នា​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​អាជ្ញាធរ​ខេត្ត តាំង​ពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​បាន​ត្រឹម​សន្យា​ខ្យល់ និង​ផ្ដល់​សំណង​ផល​ប៉ះពាល់​ជូន​ពួក​គាត់​ក្នុង​កម្រិត​ដែល​មិន​អាច​រស់​បាន គឺ ១​ម៉ែត្រការ៉េ​តម្លៃ​ជិត ២​ដុល្លារ។

ពលរដ្ឋអះអាងថា ពួក​គាត់​បាន​នាំ​គ្នា​មក​រក​អន្ដរាគមន៍ ៤​ថ្ងៃ​ជាប់ៗ គ្នា​ហើយ នៅ​រាជធានី​ភ្នំពេញ គឺ​សុំ​ការ​អន្ដរាគមន៍​នៅ​ក្រសួង​រៀបចំ​ដែន​ដី និង​អគ្គីសនី​ជាតិ​កម្ពុជា។ ប៉ុន្ដែ​មន្ត្រី​នៃ​សា្ថប័ន​ទាំង​ពីរ បាន​រុញ​ដាក់​គ្នា។

ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ គឺ លោកស្រី មិត្ត គីមថា ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា តែង​តែ​បង្ខិតបង្ខំ​ឲ្យ​ពួក​គាត់​ទទួល​យក​សំណង​ដី ជិត ​២​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ​នោះ ហើយ​គំរាម​ថា បើ​មិន​ទទួល​យក​ទេ ទោះ​បី​ប្ដឹង​ដល់​ណា ក៏​មិន​បាន​លទ្ធផល​ដែរ ព្រោះ​អគ្គិសនី​កម្ពុជា​នេះ គឺ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​កូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពលរដ្ឋ​បន្ដ​ថា ក្រៅ​ពី​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​សំណង​មិន​សមរម្យ ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ បាន​ចោទ​ពួក​គេ​ថា ជា​ក្រុម​ប្រឆាំង ឬ​ក្រុម​បដិវត្តន៍​ព័ណ៍​ជា​ដើម។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​អគ្គិសនី​នោះ​ទេ ព្រោះ​អាជ្ញាធរ​តែងតែ​ប្រាប់​អ្នក​រាយ​ការណ៍​អាស៊ី​សេរី​វិញ​ថា ច្រឡំ​លេខ​ហើយ​ចុច​បិទ​គ្រប់​ពេល។ កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា អភិ​បាល​ខេត្ត​​កំពង់ចាម​លោក គួច ចំរើន មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​នេះ កើត​ឡើង​យូរ​ណាស់​មក​ហើយ ហើយ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ ​កន្លង​មក​ខាង​អគ្គិសនី​កម្ពុជា បាន​ព្យាយាម​ដោះ​ស្រាយ​ជូន​ប្រជា​​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​ហើយ ពោល​គឺ​នៅ​សល់​តែ​ប្រជា​ពលរដ្ឋ ​១១​គ្រួសារ​ទៀត​ប៉ុណ្ណោះ ដែល​​មិន​ព្រម​ទទួល​ដំណោះ​ស្រាយ តាម​គោលនយោបាយ ដែល​កំណត់​ដោយ​អគ្គិសនី​កម្ពុជា។

លោក គួច ចំរើន បន្ថែម​ថា ដំណោះ​ស្រាយ​គោលនយោបាយ​របស់​អគ្គិសនី​កម្ពុជា​នេះ គឺ​មាន​ការ​ចូលរួម​វាយ​តម្លៃ ត្រឹមត្រូវ​ពី​ស្ថាប័ន​ឯករាជ្យ ហើយ​ការ​ដោះ​ស្រាយ​នេះ គឺ​មិន​អាច​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ខុសៗ គ្នា​នោះ​ទេ។ពលរដ្ឋ​បដិសេធ​មិន​ទទួល​យក​ការ​បកស្រាយ​របស់​អភិបាលខេត្ត​កំពង់ចាម ដោយ​យល់​ថា នេះ​ជា​ភាសា​របស់​មន្ត្រី និយាយ​ដើម្បី​កាន់​ជើង​អគ្គិសនី​ខេត្ត​កំពង់ចាម។

អ្នកសម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កំពង់ចាម អ្នកស្រី ធីម ណារិន សង្កេត​ឃើញ​ថា តាម​ការ​ស្រាវជ្រាវ គឺ​ពលរដ្ឋ​ដែល​តវ៉ា​ទាំង​នោះ ពិត​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដី ដែល​អគ្គីសនី​បាន​បោះ​បង្គោល​ពិត​មែន។ អ្នកស្រី ធីម ណារិន ឲ្យ​ដឹង​ទៀត​ថា ដី​ដែល​ពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ កំពុង​តវ៉ា ពិត​ជា​ដី​ដែល​មាន​ទីផ្សារ​ខ្ពស់។ ដូច្នេះ ទើប​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​តម្លៃ ១,៦ ឬ ១,៨ដុល្លារ ដែល​ស្មើ​នឹង​ប្រមាណ ៧​ពាន់ (.០០០) រៀល ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

សង្គមស៊ីវិល​ខេត្ត​កំពង់ចាម​រូប​នេះ យល់​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​គួរ​តែ​កុំ​រុញ​ដាក់​គ្នា ហើយ​ទទួល​យក​សំណើសុំ​របស់​ពលរដ្ឋ ព្រម​ទាំង​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ ទើប​មិន​ប៉ះពាល់​ដល់​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត ដែល​ជាប់​ពាក់ព័ន្ធ ព្រោះ​ដី​នេះ មាន​ស្ថាប័ន​ជាតិ​ច្រើន​ណាស់ បាន​ទទួល​ស្គាល់​ថា ជា​ដី​ស្រប​ច្បាប់​របស់​ពល​រដ្ឋ។

ក្រុម​ប្រជាពលរដ្ឋ ៣០​គ្រួសារ មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ចាម បន្ដ​ថា ការ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​នេះ ពួក​គាត់​អស់​ប្រាក់​ទិញ​ម្ហូប​ហើយ ប៉ុន្ដែ​ពួក​គាត់​នៅ​សល់​អង្ករ ដែល​ដាក់​មក​ពី​ស្រុក។ ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ទាំង​នោះ​ប្ដេជ្ញា​ថា បើ​ទោះ​ជា​ការ​តវ៉ា​ដល់​អស់​អង្ករ​ដាំ​បាយ​ហូប​ក៏​ដោយ ក៏​ពួក​គាត់​ត្រូវ​តែ​តវ៉ា​រក​ដំណោះ​ស្រាយ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អគ្គីសនី​ខេត្ត​កំពង់ចាម បន្ដ​ទាមទារ​រក​ដំណោះ​ស្រាយ​នៅ​មុខ​អគ្គីសនី​កម្ពុជា​រាជធានីភ្នំពេញ"

  1. so socheath says:

    រដ្ឋាភិបាលប្រទេសអូស្រ្តាលី ពេលនេះកំពុងរៀបចំច្បាប់មិនឱ្យប្រទេសណាមួយ លូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីយ៉ាងដាច់ខាត។ ប៉ុន្តែប្រទេសនេះ
    កន្លងទៅនេះ បែរជារិះគន់លើវិធានការនានា របស់ប្រទេសកម្ពុជា ដែលធ្វើឡើង ដើម្បីការពារដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសទៅវិញ។
    នៅក្នុងអាទិត្យនេះ សភាអូស្ត្រាលីនឹងអនុម័តច្បាប់ដែលគេហៅថា
    The Espionage and Foreign Interference bill ដែលសំដៅទប់ស្កាត់ការលូកលាន់របស់
    បរទេស ទៅក្នុងឆាកនយោបាយរបស់អូស្ត្រាលី ដោយផ្តោតជាសំខាន់លើការចូលជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត ការគាំទ្រ និង ការផ្តល់អំណោយបរទេសដល់គណបក្សនានា ការជួយកាសែតនានាសរសេរគាំទ្រគណបក្សនយោបាយ ជាដើម ។
    តើវាចម្លែកទេច្បាប់ក្នុងស្រុករបស់អូស្ត្រាលី ទប់មិនឲ្យគណបក្សនយោបាយក្នុងប្រទេសអូស្ត្រាលី
    មិនអោយមានការទាក់ទង និង ទទួលជំនួយពីបរទេស តែបែរមករិះគន់កម្ពុជា ដែលមានវិធានការចំពោះអតីតបក្សប្រឆាំងសង្គ្រោះជាតិដែលកឹមសុខាប្រកាសជាចំហថា មានបរទេសនៅពីក្រោយខ្លួន។
    នេះបានហៅថាអស្ចារ្យ ! ដាក់ច្បាប់ថាកុំឲ្យគេផោម តែបែរជាផោមខ្លួនអែងទៅវិញ ?

Leave a Reply

Submit Comment