“ច្បាប់​គណៈរដ្ឋមន្ត្រី​ថ្មី​ផ្ទុយ​រដ្ឋធម្មនុញ្ញ​និង​ផ្ដល់​អំណាច​ប្រមូល​ផ្ដុំ​លើសលប់​ឲ្យ​នាយករដ្ឋមន្ត្រី”

2018-07-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​ឯករាជ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ Photo: RFA
អ្នក​វិភាគ​ឯករាជ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ Photo: RFA


អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា ច្បាប់​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​របប​លោក ហ៊ុន សែន ទើបបាន​ប្រកាស​ឲ្យ​ប្រើ និង​មាន​សុពលភាព​យក​ទៅ​អនុវត្ត​ចាប់ពី​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​តទៅ ថា​ជា​ច្បាប់​ធ្វើឡើង​ផ្ទុយ​ទៅ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ផ្ដល់​អំណាច​ប្រមូល​ផ្តុំ​ច្រើន​លើសលប់​ដល់​នាយករដ្ឋមន្ត្រី។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា អំណាច​ផ្ដាច់ការ​ប្រមូល​ផ្តុំ នឹង​បន្ត​ចាក់​ឫសគល់​យ៉ាង​រឹងមាំ​នៅ​កម្ពុជា​បន្ថែម​ទៀត ក្រោយ​ពេល​ដែល​ច្បាប់​ថ្មី ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថ​លេខា ដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​២៨ មិថុនា ហើយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទើប​ទទួល​បាន។ ច្បាប់​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ត្រូវ​បាន​រដ្ឋសភា​របស់​របប​លោក ហ៊ុន សែន អនុម័ត​កាលពី​ថ្ងៃ​ទី​៣១ ឧសភា ហើយ​ក្រោយ​មក​ត្រូវ​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ បន្ត​ប្រថាប់ត្រា និង​ប្រកាស​ថា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ការ​ព្យាយាម​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​ថ្មី​សំខាន់ៗ ដែល​ប៉ះពាល់​ដល់​អាយុជីវិត​ជាតិ ជា​បន្តបន្ទាប់​នេះ ជាពិសេស​នៅមុន​ពេល​ដាច់​អាណត្តិ​រដ្ឋាភិបាល និង​រដ្ឋសភា នីតិកាល​ទី​៥​នេះ ថា​គឺជា​ការ​ឆ្លៀតឱកាស​របស់​គណបក្ស​កាន់អំណាច​ស្រប​ពេល​ដែល​រដ្ឋសភា​ជាតិ កំពុងតែ​ដំណើរការ​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​របប​លោក ហ៊ុន សែន យក​មក​គ្រប់គ្រង ក្រោយ​ពី​បាន​រម្លាយ​ជា​ស្ថាពរ​គណបក្សប្រឆាំង​ធំ​ជាងគេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សំឡេង​គាំទ្រ​ជិត​ពាក់​កណ្ដាល​ប្រទេស​រួចមក​នោះ៖ «​មិន​ឆ្ងល់​ទេ អាហ្នឹង​គឺ​ឆ្លៀតឱកាស​នេះ គឺ​ដូច​យើង​លួច​ធ្វើ​អ៊ីចឹង គឺ​ធ្វើ​ប្រញាប់​ប្រញាល់​ទៅ ដោយសារតែ​សភា​គឺ​មិន​ចាំបាច់​មានការ​គិត​ពិចារណា​អី​ច្រើន​ទេ ម្លោះ​ហើយ​គឺ​អនុម័ត​យក​តែម្តង​ទៅ​!… គឺជា​ការ​ឆ្លៀតឱកាស​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព គេ​ត្រូវ​យក​ជា​អំណះអំណាង​ម្លោះ​ហើយ​គេ​ត្រូវ​កែប្រែ គឺ​រៀបចំ​រចនាសម្ព័ន្ធ​នឹង​ជាថ្មី​ឡើងវិញ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ចុះ គឺ​ច្បាប់​ហ្នឹង​អនុម័ត​ដោយ​សភា​ដែល​អត់​ស្របច្បាប់ ដូច្នេះ​គឺ​អត់​ស្រប​រដ្ឋធម្មនុញ្ញ។ ដូច្នេះ​ច្បាប់​ហ្នឹង​វា​ខុស​នឹង​រដ្ឋធម្មនុញ្ញ»

ច្បាប់​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ចែកចេញជា ៩​ជំពូក និង​មាន ៥៩​មាត្រា។ ច្បាប់​នេះ​នឹង​ត្រូវ​យក​ទៅ​អនុវត្ត ឬ​មាន​សុពលភាព ចាប់ពី​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ជាតិ​តទៅ។ ក្នុង​បទប្បញ្ញត្តិ​ទូទៅ​នៃ​ច្បាប់​នេះ​ចែង​ថា ច្បាប់​នេះ មាន​គោលបំណង​ធានា​ប្រសិទ្ធភាព​ការងារ​របស់​គណៈរដ្ឋមន្ត្រី ជា​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ដែល​ជា​អង្គការ​នីតិ​ប្រតិបត្តិ ហើយ​ថា ច្បាប់​នេះ​មាន​គោលដៅ​កំណត់​អំពី​សមាសភាព សមត្ថកិច្ច និង​ការ​ប្រព្រឹត្តិ​ទៅ​របស់​គណៈ​រដ្ឋមន្ត្រី។ ច្បាប់​នេះ បាន​កំណត់​សមាសភាព​រដ្ឋាភិបាល ដែល​សភា​ត្រូវ​អនុម័ត រួម​មាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី តែ​មិនបាន​កំណត់​ចំនួន​ជាក់លាក់​នោះ​ឡើយ ហើយ​ទុក​វិសាលភាព​នេះ​ឲ្យ​នាយករដ្ឋមន្ត្រី​ជា​អ្នក​តែងតាំង​អនុរដ្ឋលេខាធិការ​ដោយ​ខ្លួនឯង។

ច្បាប់​នេះ ក៏​មាន​កំណត់​ពី​ការទទួលខុសត្រូវ​របស់​គណៈរដ្ឋមន្ត្រី សមត្ថកិច្ច​របស់​នាយករដ្ឋមន្ត្រី និង​សមាជិក​រដ្ឋាភិបាល ដោយ​បញ្ជាក់​ថា មុខងារ​នៃ​សមាជិក​រដ្ឋាភិបាល មាន​វិសមិតភាព​នឹង​សកម្មភាព​ខាង​វិជ្ជាជីវៈ ការ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រទេស ឬ​កាន់​មុខតំណែង​ជា​ថ្នាក់ដឹកនាំ ឬ​សមាជិក​ក្រុមប្រឹក្សាភិបាល​នៅ​ក្នុង​ក្រុមហ៊ុន សហគ្រាស​ណាមួយ។ មាត្រា​២៣ នៃ​ច្បាប់​នេះ ចែង​បញ្ជាក់​យ៉ាង​ច្បាស់​ថា នាយករដ្ឋមន្ត្រី​ជា​អ្នក​កំណត់ តែងតាំង ផ្លាស់ប្ដូរ និង​បញ្ចប់​ភារកិច្ច នូវ​មុខតំណែង​មន្ត្រី​ជាន់ខ្ពស់​ស៊ីវិល យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​មន្ត្រី​នគរបាល​ជាតិ ក្នុង​នោះ​រួមមាន​ដូចជា ទេសាភិបាល ទេសាភិបាល​រង នៃ​ធនាគារ​ជាតិ​​កម្ពុជា អគ្គលេខាធិការ​ក្រសួង អគ្គ​នាយក​ក្រសួង អភិបាល​រាជធានី ខេត្ត​ក្រុង ឯកអគ្គរាជទូត ប្រេសិត​វិសាមញ្ញ និង​ពេញ​សមត្ថភាព អគ្គមេបញ្ជាការ អគ្គ​មេបញ្ជាការរង និង​នាយសេនាធិការ​ចម្រុះ នៃ​កង​យោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការ​នគរបាល​ជាតិ​ជាដើម។

ច្បាប់​នេះ ក៏​ផ្ដល់​សិទ្ធិ​អំណាច​ដល់​នាយករដ្ឋមន្ត្រី ឬ​អំណាចនីតិប្រតិបត្តិ​ក្នុង​ការ​បង្កើត​ក្រសួង ស្ថាប័នរដ្ឋ​នានា ដូចជា​ក្រុម​ប្រឹក្សា​ជាតិ អាជ្ញាធរ គណៈកម្មាធិការ និង​យន្តការ​នានា​ជាដើម។ យ៉ាងណាក៏ដោយ​ច្បាប់​នេះ​ពុំ​បាន​ចែង​កំណត់​ជាក់លាក់​ថា រដ្ឋាភិបាល​ត្រូវ​មាន​ក្រសួង​ក្នុង​ចំនួន​ជាក់លាក់​ប៉ុន្មាន​នោះ​ឡើយ។ ម្យ៉ាងវិញទៀត ច្បាប់​ក៏​មិនបាន​កំណត់​ជាក់លាក់​ផង​ដែរ អំពី​ចំនួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និង​ជំនួយការ​ឡើយ ដែល​ការណ៍​នេះ ធ្វើ​ឲ្យ​សមាសភាព​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល អាច​មាន​ចំនួន​ច្រើន​លើសលប់​តាម​ការ​ចង់​បាន​របស់​នាយករដ្ឋមន្ត្រី ដែល​ធ្លាប់​រង​ការរិះគន់​ជាច្រើន​នា​ពេល​អតីតកាល។

ជុំវិញ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដ៏​ច្រើន​លើសលប់​ឲ្យ​ដល់​នាយករដ្ឋមន្ត្រី ជាពិសេស​ក្នុង​ការ​គ្រប់គ្រង​តំណែង​កំពូលៗ​របស់​មេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ធ្វើ​ប្រៀបធៀប​របប​ដឹកនាំ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ ទៅ​នឹង​របប​ស៊ូហ្គុន នៅ​ប្រទេស​ជប៉ុន កាលពី​សម័យ​អតីតកាល ដែល​អ្នក​ដឹកនាំ​ប្រទេស គឺជា​អ្នក​ក្ដោបក្ដាប់​អំណាច​ទាំងស្រុង រាប់​ចាប់​តាំង​ពី​ការ​តែងតាំង ឬ​ការ​ដកហូត​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ចៅហ្វាយខេត្ត​ក្រុង ព្រមទាំង​ការ​ក្ដោបក្ដាប់​អំណាច​ផ្នែក​សេដ្ឋកិច្ច​ទៀត​ផង​នោះ។ លោក​បណ្ឌិត​បន្ត​ថា របប​នេះ​បាន​ក្ដោបក្ដាប់​អំណាច​រដ្ឋ​ផង និង​សេដ្ឋកិច្ច​ផង នៅមុន​សម័យ​មីជី នៅ​ប្រទេស​ជប៉ុន អស់​រយៈកាល​២៥០​ឆ្នាំ​ទើប​របប​នេះ បាន​ដួល​រលំ​ដោយ​កត្តា​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ពី​មេទ័ព​ខាងក្នុង​ផង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា ជា​ធម្មតា​ក្នុង​របប​បែប​យោធា​ផ្ដាច់ការ​​និយម ការ​ផ្លាស់ប្ដូរ​តែងតែ​កើតមានឡើង​ចេញពី​ផ្ទៃ​ខាងក្នុង ឬ​បើ​មិន​ដូច្នេះ​ទេ ទាល់​តែ​មាន​បដិវត្ត​តែម្ដង ។ យ៉ាងណាក៏ដោយ លោក​ថា សម្រាប់​បរិបទ​កម្ពុជា​បច្ចុប្បន្ន​នេះ លោក​បណ្ឌិត​នៅ​មិនទាន់​មើល​ឃើញ​ពី​លទ្ធភាព​នៃ​ការ​ឈាន​ទៅ​រក​ស្ថានភាព​បែបនេះ​នៅឡើយ​ទេ។

លោក​បណ្ឌិត​បន្ត​ថា ទាំងអស់​នេះ គឺជា​មរតក​នៃ​ប្រព័ន្ធ​កុម្មុយនិស្ត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​អំណាច​ប្រមូល​ផ្តុំ​ដ៏​ច្រើន​លើសលប់ ជាពិសេស​ឥទ្ធិ​ទៅលើ​ការគ្រប់គ្រង​សមាសភាព​ថ្នាក់​ដឹកនាំ​កំពូល​នៃ​កងកម្លាំងប្រដាប់អាវុធ រួមមាន​អគ្គ​មេបញ្ជាការ​ទាហាន អគ្គស្នងការ​នគរបាល​ជាដើម។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​ទាន់​មាន​សុទិដ្ឋិនិយម​នៅឡើយ​ទេ​ថា កម្ពុជា​អាច​មាន​លទ្ធភាព​បំបែក​អំណាច​ផ្ដាច់ការ​យោធានិយម​ប្រមូល​ផ្តុំ​នេះ ខណៈ​ដែល​ច្បាប់​ថ្មី​នេះ កាន់តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​អំណាច​បែបនេះ កាន់តែ​រឹងមាំ​បន្ថែម​ទៀត​នោះ៖ «ខ្ញុំ​ថា​អត់​ទាន់​ឃើញ​ទេ​បាទ​! ខ្ញុំ​អត់​ទាន់​ឃើញ​ថា យើង​ហ្នឹង​គឺ​ក្នុង​ជួរ​គណបក្ស​កាន់អំណាច​ហ្នឹង គឺ​មាន​រកាំរកូស​ខ្លាំង​នោះ​ទេ។ ក្រែងលោ​ជំនាន់​ក្រោយ​ទៀត​មិន​ដឹង​ទេ»

ច្បាប់​ថ្មីៗ​សំខាន់ៗ​មួយ​ចំនួន ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ជាតិ បាន​ត្រូវ​របប​លោក ហ៊ុន សែន អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​នៅមុន​ពេល​ផុត​អាណត្តិ​ទី​៥​នេះ ក្នុង​នោះ រួមមាន​ច្បាប់​ស្ដីពី​សញ្ជាតិ និង​ច្បាប់​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​ជាដើម ដែល​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា ធ្វើឡើង​ដោយ​ពុំ​មាន​ការពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ខណៈ​ដែល​គណបក្សប្រឆាំង​ធំ​ជាងគេ គឺ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​រម្លាយ ហើយ​ថា ការណ៍​នេះ​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​ថ្មី​មួយទៀត​សម្រាប់​អនាគត​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment