ពលករ​ខ្មែរ​នៅ​ថៃ​ស្នើ​ទូត​ជប៉ុន​ធ្វើ​យ៉ាងណា​ឈប់​គាំទ្រ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ

ដោយ អាស៊ីសេរី
2018-07-05

តំណាង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រគល់​ញត្តិ​ជូន​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ​២០១៨។ Photo courtesy of Mu Sochua Facebook
តំណាង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រគល់​ញត្តិ​ជូន​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ​២០១៨។ Photo courtesy of Mu Sochua Facebook


តំណាង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន​៤​នាក់ តំណាង​ឲ្យ​ពលករ​ជាង ១​ម៉ឺន ២​ពាន់​នាក់​នៅ​រសៀល​ថ្ងៃ​ទី​៤ កក្កដា បាន​ដាក់​លិខិត​ទៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ ស្នើសុំ​ឲ្យ​ឯកអគ្គរាជទូត​ប្រទេស​នេះ បញ្ជូន​លិខិត​ទៅ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ឲ្យ​ឈប់​គាំទ្រ​ដល់​ការបោះឆ្នោត និង​កុំ​ទទួលស្គាល់​លទ្ធផល​ឆ្នោត​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ។

តំណាង​ពលករ​ខ្មែរ​នៅ​ទីក្រុង​បាងកក​លោក លី រតនា​រស្មី ឲ្យ​ដឹង​ក្រោយពី​ដាក់​លិខិត​នៅ​ស្ថានទូត​ជប៉ុន​ថា មូលហេតុ​ដែល​ដាក់​លិខិត​នេះ​ដោយសារតែ​ការបោះឆ្នោត​នេះ គឺជា​រៀបចំ​បង្គ្រប់​កិច្ច ដើម្បី​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​កម្ពុជា ថា​ដើរ​តាម​កន្លង​ប្រជាធិបតេយ្យ និង​ដើម្បី​ឲ្យ​លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាច​បន្ត​ទៀត​ប៉ុណ្ណោះ៖ «ដូច្នេះ​ហើយ​បានជា​ពួក​ខ្ញុំ​ដែល​ជា​ពលករ​នៅ​ប្រទេស​ថៃ មិន​ពេញចិត្ត ហើយ​ពួក​ខ្ញុំ​មើល​ឃើញ​ថា ការបោះឆ្នោត​នេះ​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​ទេ បានជា​ពួក​ខ្ញុំ​ទាមទារ​ដើម្បី​ជប៉ុន​គាត់​ជួយ ព្រោះ​ជប៉ុន​ធ្លាប់​សន្យា​ជាមួយ​កម្ពុជា​ហើយ ថា​នឹង​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ត្រឹមត្រូវ​នោះ»

លោក​បន្ថែម​ថា ឯកអគ្គរដ្ឋទូត​ជប៉ុន​បាន​ចេញ​មក​ស្វាគមន៍ និង​សម្រួល​ឲ្យ​ពួកគាត់​ទាំង​៤​នាក់​បាន​ចូល​ទៅ​ជួប​នៅ​ក្នុង​ស្ថានទូត ដោយ​បាន​ទទួល​លិខិត ហើយ​ថែមទាំង​សន្យា​ថា នឹង​បញ្ជូន​លិខិត​នោះ​ទៅ​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ពេល​ឆាប់ៗ។

កន្លងមក​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ជប៉ុន ដូចជា​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី និង​នៅ​ប្រទេស​ជប៉ុន​ជាដើម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន បញ្ឈប់​ការ​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត និង​កុំ​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​នៅ​ពេល​ខាងមុខ ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​បែប​ក្លែងក្លាយ បន្ទាប់​របប​លោក​ហ៊ុន សែន ចាប់​មេ​បក្ស​ឆាំង​ដាក់គុក រំលាយ​គណបក្ស​សង្គ្រោះជាតិ បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ និង​ចាប់​អ្នក​សារព័ត៌មាន​ដាក់គុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលករ​ខ្មែរ​នៅ​ថៃ​ស្នើ​ទូត​ជប៉ុន​ធ្វើ​យ៉ាងណា​ឈប់​គាំទ្រ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ"

  1. Free Cambodia says:

    Here are some more talking heads who have learned nothing about the history of Japan and Cambodia. Don’t quit your day job because you are going to need it.