“សង្គម​ដែល​បំភ្លេច​ចោល​យុត្តិធម៌​នឹង​ត្រូវ​ញាំញី​ដោយ​និទណ្ឌភាព”

ដោយ ជី វិតា
2018-07-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។ AFP File Photo
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។ AFP File Photo


សង្គម​ដែល​បំភ្លេច​ចោល​យុត្តិធម៌​នឹង​ត្រូវ​ញាំញី​ដោយ​និទណ្ឌភាព


នៅ​ដើម​ខែ​កក្កដា ឆ្នាំ១៩៩៧ ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​កាល​ណោះ​ជា​នាយករដ្ឋមន្ត្រី​ទី​១ ត្រូវ​បាន​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ទី​២ ប្រើ​កម្លាំង​បាយ​ទម្លាក់​ពី​អំណាច

រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​ពេល​នោះ បាន​បណ្តាល​អោយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ស្លាប់ និង​របួស ដែល​ក្នុង​នោះ ពល​ទាហាន និង​មន្ត្រី​ប៉ូលិស យោធា​ជាន់​ខ្ពស់​ស្មោះ​ត្រង់​នឹង​សម្តេច​ក្រុម​ព្រះ រាប់​សិប​នាក់​ត្រូវ​បាន​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​លើក​ឡើង​ថា គេ​ត្រូវ​តែ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ បើ​ទោះ​ជា​ពេល​វេលា​កន្លង​ផុត​ទៅ​ជាង ២ទសវត្ស​ហើយ​ក្តី ដើម្បី​ទប់​ស្កាត់​អំពើ​និទណ្ឌភាព ដែល​មាន​ន័យ​ថា ការ​បណ្តែត​បណ្តោយ​អោយ​ជន​ល្មើស​ច្បាប់​រួច​ទោសទណ្ឌ។

ក្នុង​ខួប​ទី២១​ឆ្នាំ​នៃ​រដ្ឋប្រហារ​នេះ លោក ជី វិតា សូមជូន​សេចក្តី​រាយការណ៍​មួយ​ជុំវិញ​រឿង​នេះ

អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ហៅ​ការ​សម្លាប់​កង​កម្លាំង​រាជា​និយម ហ៊្វុនស៊ិនប៉ិច ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ ថា ជា​ការ​សម្លាប់​ខុស​ច្បាប់ ដែល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម

ប្រធានគ្រប់គ្រងផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋប្រហារ​ថ្ងៃ ៥-៦ កក្កដា ឆ្នាំ​១៩៩៧ ជា​ព្រឹត្តិការណ៍​គួរ​អោយ​សោក​ស្តាយ ដែល​បាន​បណ្តាល​អោយ​មនុស្ស​ស្លាប់ ​និង​របួស​រាប់​រយ​នាក់ ហើយ​ជាង ២០​ឆ្នាំ​កន្លង​ទៅ​នេះ មិន​មាន​បុគ្គល​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​បន្ត​​ថា គេ​ត្រូវ​​ចងចាំ​​ព្រឹត្តិការណ៍​​បង្ហូរ​​ឈាម​​នេះ ដើម្បីជួយគ្នាទប់ស្កាត់ការ​រំលោភ​​សិទ្ធិមនុស្ស​ស្រដៀង​គ្នា​នេះ​​នៅ​ថ្ងៃ​មុខ៖ «មកទល់ពេលនេះយើងមិនទាន់ឃើញពន្លឺ​យុត្តិធម៌​នៅ​ឡើយ​ទេ វា​បង្ក​ទៅ​ជា​និទណ្ឌភាព​មួយ​យ៉ាង​ធំ ហើយ​កង់​ប្រវត្តិសាស្ត្រ​វា​អាច​នឹង​វិល​មក​រក​វិញ ប្រសិន​បើ​មិន​មាន​គំរូ​នៅ​ក្នុង​ការ​ទប់​ស្កាត់​ទៅ​អនាគត​បាទ។ ត្រូវ​តែ​មាន​ការ​​ស៊ើបអង្កេត​​ផ្តល់​​តម្លាភាព ហើយ​បង្ហាញ​របាយការណ៍​នៃ​ការ​ស៊ើប​អង្កេត​ហ្នឹង ដើម្បី​ឲ្យ​ជន​រងគ្រោះ និង​គ្រូសារ​ជន​រងគ្រោះ​ទទួល​បាន​ភាព​យុត្តិធម៌»។

បីថ្ងៃក្រោយការផ្ទុះអាវុធ លោកថូម៉ាស់ ហេមម៉ាប៊ើក (Thomas Hammarberg) តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហៅព្រឹត្តិការណ៍នោះថា ជារដ្ឋប្រហារដឹកនាំដោយលោកហ៊ុន សែន នាយករដ្ឋមន្ត្រីទី​២ ទម្លាក់​នាយក​រដ្ឋមន្ត្រី​ទី​មួយដែលជាប់ឆ្នោត គឺសម្តេច​ក្រុម​ព្រះនរោត្តម រណឫទ្ធិ ពីអំណាច។

ស្នូរគ្រាប់កាំភ្លើងតូចធំបានផ្ទុះឡើងកងរំពង នៅថ្ងៃទី៥-៦ កក្កដា បង្កអោយមានភាពវឹកវរជ្រួលច្របល់ក្នុងរាជធានីទាំងមូល។ អ្នកភ្នំពេញជាច្រើនពាន់នាក់បានភៀសខ្លួនចេញទៅសម្ងំនៅតាមបណ្តាខេត្តមួយរយៈ ដើម្បី​គេច​ចេញ​ពី​គ្រាប់កាំភ្លើង។

អ្នកស្រី ខេន​ ឃីម គឺ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ជា​ច្រើន​ទៀត ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​រដ្ឋប្រហារ​នោះ។ អង្គុយ​នៅ​លើ​គ្រែ​ជាមួយ​កូន​ប្រុស​តូច​ដែល​មាន​របួស​ក្បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត អ្នកស្រី​ ឃីម បាន​រៀបរាប់​ប្រាប់​ទូរទស្សន៍ ABC អូស្រ្តាលី (Australia) ថា គ្រាប់​កាំភ្លើង​បាន​ផ្តាច់​ជីវិត​កូន​ប្រុស​របស់​លោកស្រី​ពីរ​នាក់៖ «ឲ្យ​កូនៗ ក្រាប​ក្រោម​ផ្ទះ ស្រាប់​តែ​គ្រាប់​វា​មក​បុក​ផ្ទះ​ខ្ញុំ ហើយ​ជះ​ទៅ​​លើ​កូនៗ ខ្ញុំ។ ខ្ញុំ​ឈរ​នៅ​ម្នាក់​ឯង​អត់​អី​ទេ។ ងាក​ទៅ​ប្តីៗ ដួល ងាក​ទៅកូន​ស្លាប់​អស់។ កូន​ខ្ញុំ​ស្លាប់​ពីរ​នាក់ អាមួយ ១០ឆ្នាំ អាមួយ ៩ឆ្នាំ អា​មួយ​ដាច់​ក អាមួយ​ដេក​ដួល។ ​កូន​ខ្ញុំ​ស្លូត..រៀន​បាន​ចំណាត់​ថ្នាក់​លេខ​មួយ មិន​គួរ​កូន​ខ្ញុំ​ស្លាប់​សោះ! អាយុ​ខ្លី​ត្រូវ​ដាច់​ក»។

ផ្អែកតាមរបាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យសិទ្ធិមនុស្ស នៃអង្គការរសហប្រជាជាតិ ប្រចាំនៅកម្ពុជា ក្រៅ​តែ​ពី​មាន​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​របស់​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នោះ ក៏​មាន​ពល​ទាហាន ​និង​​មន្រ្តី​ជាន់​ខ្ពស់​ដែល​ស្មោះត្រង់​នឹង​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រមាណ ៦០នាក់ ត្រូវ​បាន​ប្រហារជីវិតក្រៅប្រព័ន្ធច្បាប់ដោយកងកម្លាំងស្មោះត្រង់នឹងលោក ហ៊ុន សែន។ របាយការណ៍ដដែលនេះ បញ្ជាក់និយមន័យនៃពាក្យ «ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់» ថា ជាអំពើ​ដែល​​ភ្នាក់ងាររដ្ឋ​​​​សម្លាប់​​មនុស្ស​មិន​មាន​ច្បាប់​អនុញ្ញាត ខណៈ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន និង​គ្មាន​អាវុធ​ក្នុង​ដៃ។

​​រដ្ឋប្រហារបង្ហូរឈាមនេះ ចាប់ផ្តើមពីថ្ងៃទី២រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ ដោយកម្លាំងរបស់លោកហ៊ុន សែននាយករដ្ឋមន្ត្រីទី២ ដណ្តើមយកមកគ្រប់គ្រងនូវមូលដ្ឋានទ័ពជើងទឹករបស់សម្តេចក្រុម​ព្រះនៅព្រែកតាទែន។ ​

មន្ត្រីប៉ូលិស និងយោធាជាន់ខ្ពស់របស់គណបក្ស ហ៊ុនស៊ីប៉ិច ដែលត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់នោះ រួមមាន៖

លោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងខណៈកំពុងជាប់ឃុំក្នុងក្រសួងមហាផ្ទៃ។ មន្ត្រីស្មោះត្រង់នឹងសម្តេចក្រុម​ព្រះ ដទៃទៀតដែលអ្នកខ្លះត្រូវបានរងទារុណកម្មហើយ ទើបសម្លាប់នៅទីកន្លែងផ្សេងៗគ្នានោះ រួមមាន៖ ឧត្តមសេនីយចៅ សម្បត្តិ ហៅង៉ូវ។ ឧត្តមសេនីយ ក្រូច យឿម។ ឧត្តមសេនីយ ព្រំ ឌិន។ ឧត្តមសេនីយ លី សេងហុង។ ឧត្តមសេនីយ ម៉ែន ប៊ុន ថន។​ លោក ជា ឬទ្ធី ឈុត។ វរៈសសេនីយឯក សុខ វីរៈ។ ​ វរៈសសេនីយឯក ថ្លាង ច័ន្ទ​សុវណ្ណាឫទ្ធិ។ ​ វរៈសសេនីយឯក ហ៊ូវ សម្បត្តិ ព្រម​ទាំ​ង​ពលទាហាន និង​នាយ​ទាហាន​ជា​ច្រើន​ទៀត។

បើទោះជាការិយាល័យសិទ្ធិមនុស្សអង្គការរសហប្រជាជាតិ ប្រចាំនៅកម្ពុជា បាន​ផ្ញើ​របាយការណ៍​ស្តីពី​ការ​សម្លាប់​ក្​រៅច្បាប់​នេះ ជូន​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់ និង​ទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ដើម្បី​នាំ​មក​នូវ​ការ​ផ្តន្ទាទោស​​បុគ្គល ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​ក្រៅ​ច្បាប់​នេះ​ក្តី ក៏​រយៈ​ពេល ២១ឆ្នាំ​កន្លង​មក​នេះ មិន​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​បាន​ធ្វើ​ឡើង​នោះ​ទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បញ្ជាក់​ប្រាប់​អាស៊ី​សេរី ថ្មីៗ នេះ​ថា បញ្ហា​នេះ​ចប់​យូរ​ហើយ មិន​មាន​ការ​ស៊ើប​អង្កេត​ទេ ហើយ​រដ្ឋាភិបាល​នៅ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ថ្ងៃ​ទី៥-៦ ខែ​កក្កដា​នោះ ក៏​បាន​ចេញ​សៀវភៅ​ស​មួយ ដើម្បី​​ពន្យល់​បក​ស្រាយ​អំពី​ព្រឹត្តិការណ៍​នោះ​ដែរ៖ «អត់មានទេ​ពីព្រោះសម្តេចក្រុមព្រះជាមួយសម្តេចហ៊ុន សែន គឺមានសម្បទាននយោបាយដើម្បីរក្សាសណ្តាប់ធ្នាប់នយោបាយ និងផលប្រយោជន៍សង្គម គឺសន្តិភាពនិងស្ថេរភាព។ សៀវភៅសដែលរដ្ឋាភិបាល​បានចេញស្តីពីការបង្ក្រាបកម្លាំងអនាធិបតេយ្យ អាហ្នឹងជាឯកសារជាក់ស្តែងចេញឆ្នាំ១៩៩៧ហ្នឹងឯង ក្នុងរវាងខែវិច្ឆកា។ សៀវភៅសមានពីរភាសាគឺភាសាខ្មែរ និងភាសាអង់គ្លេស ដែលជាអំណះអំណាងបង្ក្រាបក្រុមអនាធិបតេយ្យប្រដាប់អាវុធ»

ក្រោយព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ភាគី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ ដែល​បាន​គ្រប់គ្រង​រាជរដ្ឋាភិបាល​ផ្តាច់​មុខ​បាន​ចេញ​សៀវភៅ«ស» មួយ​ព្យាយាម​បកស្រាយ​អះអាង​ប្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ​ពី​មូលហេតុ​ចាំបាច់ និង​ស្រប​ច្បាប់​​របស់​ខ្លួន ក្នុងការប្រើ​កម្លាំង​យោធា​បង្ក្រាប​កម្លាំង​សម្តេច​ក្រុម​ព្រះ។ សៀវភៅ «ស» សរសេរថា ព្រឹត្តិការណ៍យោធាថ្ងៃទី ៥-៦ គឺជាការ​សកម្មភាព​យោធា​ប្រឆាំងសម្តេច​ក្រុម​ព្រះ និងកម្លាំងយោធារបស់ព្រះអង្គ ក្នុងគោលដៅទប់ស្កាត់ការ​វិល​មក​វិញ​នៃ​កងទ័ព​ខ្មែរក្រហម។ សៀវភៅ «ស» បន្តចោទប្រកាន់សម្តេច​ក្រុម​ព្រះ ថាបានសហការជាមួយខ្មែរក្រហប្រឆាំងលោកហ៊ុន សែន ហើយថា ព្រះអង្គបានប៉ុនប៉ងនាំអាវុធខុសច្បាប់ចូលក្រុងភ្នំពេញទៀតផង។

ទោះជាយ៉ាងណា ចំពោះការនាំអាវុធចូលសម្តេចក្រុម​ព្រះ មិនបដិសេធទេ។ ព្រះអង្គធ្លាប់មានបន្ទូលថា ក្នុងនាមព្រះអង្គជានាយករដ្ឋមន្ត្រីទី១ ព្រះអង្គមានសិទ្ធិបញ្ជាទិញអាវុធ។ ប៉ុន្តែភាគីលោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន តបវិញថា អាច​ធ្វើ​ដូច្នោះ​ទៅ​បាន លុះត្រាតែធ្វើតាមរយៈក្រសួងការពារជាតិ។ ទោះជាយ៉ាងណាក៏ដោយចុះ លោក ប៊្រែដ អាដាមស៍ (Brad Adams) នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch អោយដឹងថា បើនិយាយពីរឿងនាំអាវុធចូលខុសច្បាប់នោះ គ្មាន​អ្នក​ណានាំចូលច្រើនជាងលោក ហ៊ុន សែន នោះទេ៖ «គាត់ទិញអាវុធនាំចូលច្រើណាស់ យកមកប្រើប្រាស់សំរាប់ក្រុមអង្គរក្សឯកជនរបស់គាត់។ ត្រូវចាំថា ជាផ្លូវការលោកហ៊ុន សែន មានអង្គរក្សការពារគាត់តាមរយៈកងវេរៈសេនាធំលេខ៧០ រួច​ទៅ​ហើយ​ ប៉ុន្តែគាត់បានទៅបង្កើតអង្គភាពកងទ័ពឯកជនដ៏ធំមួយ ដែលមានគ្នាយ៉ាងតិចមួយពាន់(១០០០)នាក់ ក្នុងខែកក្កដា​ ឆ្នាំ១៩៩៧។ កងទ័ឯកជនដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់លោកហ៊ុន សែន នេះ គឺអាចនិយាយបានថា ត្រូវបាន​បំពាក់​​អាវុធ និង​ឧបករណ៍​យោធា​ទំនើបៗ ព្រមទាំងទទួលបានការហ្វឹកហ្វឹនប្រសើរជាងអង្គភាពផ្សេងទៀតនៃកងទ័ពជាតិទៀតផង។ ហើយភារៈកិច្ចរបស់ពួកគេគឺមិនមែនការពារផលប្រយោជន៍ជាតិទេ។ ភារៈ​កិច្ចរបស់ពួកគេគឺធ្វើអ្វីៗ តាម​តែ​បញ្​ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ហើយក្រុមអង្គរក្សនេះ ក៏ត្រូវបានប្រើក្នុងការធ្វើរដ្ឋប្រហារដែរ។ ដូច្នេះ លោក ហ៊ុន សែន មិន​អាច​​និយាយ​ថា ហ៊្វុនស៊ីនប៉ិច នាំ​អាវុធ​ចូល​ខុស​ច្បាប់ ប៉ុន្តែ​ខ្លួន​គាត់​វិញ​នាំ​ចូល​ច្រើន​ជា​ង​ទៅ​ទៀត​នោះ»។

ចំពោះការចោទក្នុងសៀវភៅសថា សម្តេច​ក្រុម​ព្រះបាននាំទ័ពខ្មែរក្រហមចូលក្រុងភ្នំពេញនោះ លោក ប៊្រែដ អាដាមស៍ (Brad Adams)​ ដែលជាមន្ត្រី​​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ​នៅ​ពេល​នោះ និយាយ​ថា លោក​បាន​ស្រាវជ្រាវ​រឿង​នោះ​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​ខ្មែរក្រហម​ទេ៖ «លោក ឱម យិនទៀង ទីប្រឹក្សារបស់លោកហ៊ុន សែន បានទូរស័ព្ទទៅការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលមានខ្ញុំធ្វើការនៅទីនោះ ហើយប្រាប់ថា ការិយាល័យយើងគួរតែចុះទៅមើលមូលដ្ឋានយោធាមួយនៅជាយក្រុងភ្នំពេញ ដែលមានកងទ័ពខ្មែរក្រហមជាច្រើននាក់នៅទីនោះ ដើម្បីអាចបញ្ជាក់ថា គណបក្សហ៊្វុនស៊ីនប៉ិចបាននាំខ្មែរក្រហមចូលក្រុងភ្នំពេញ។ លោកឱម យិនទៀង បន្ថែមថា ពួកខ្មែរក្រហមទាំងនោះកំពុងត្រូវបានឃុំខ្លួននៅតាំងក្រសាំង។ យើងក៏បញ្ជូនក្រុមយើងទៅដែលមានទាំងរូបខ្ញុំផង។ ពេលទៅដល់យើងបានសម្ភាសន៍មនុស្សទាំងអស់នោះដាច់ដោយឡែកពីគ្នា។ យើងបានរកឃើញថា ពួកគេមិនមែនខ្មែរក្រហមទេ ហើយគ្មាននណាម្នាក់មកពីអន្លង់វែង ដូចរដ្ឋាភិបាលអះអាងនោះឡើយ។ ​ភាគច្រើននៃអ្នកទាំងនោះប្រាប់យើងថា ពួកគេមកពីខេត្តស្វាយរៀង និងព្រៃវែង ទីដែលគ្មានខ្មែរក្រហមយូរមកហើយ។ ​ពួកគេប្រាប់ថា ត្រូវបានគេល្បួងយកមកភ្នំពេញដើម្បីទទួលបានការងារធ្វើ ហើយមិនយល់សោះថា ហេតុអ្វីបានជាពួកគេត្រូវបានចាប់ខ្លួន។ ដូច្នេះយើងក៏ពន្យល់ប្រាប់ទៅលោកឱម យិនទៀង វិញថា យើងរកមិនឃើញមានខ្មែរក្រហមទេ។ ពេលនោះ​លោកឱម យិនទៀង មិនបានខំប្រកែកអ្វីសោះជាមួយយើងទេ ពោលគឹគាត់មិនបានឆ្លើយតបអ្វីមួយម៉ាត់សោះ ពីព្រោះគាត់ខ្មាស់យើង។

លោក ប៊្រែដ អាដាមស៍ (Brad Adams) បន្ថែមថា អ្នកដែលប្រើប្រាស់កម្លាំងខ្មែរក្រហមមែនទែននោះ គឺលោក ហ៊ុន សែន ទៅវិញទេ។ យ៉ាងហោចណាស់មានអតីតមេបញ្ជាការខ្មែរក្រហមពីររូប គឺលោក កែវ ពង្ស និងលោក ភុន ភាព បាន​ដឹក​នាំ​កូន​ទាហាន​របស់​ខ្លួន​ចួលរួម​ធ្វើ​សកម្មភាព​យោធា​ទម្លាក់​សម្តេច​ក្រុមព្រះ​ពី​នាយករដ្ឋមន្ត្រីទី១។

សម្តេចក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែលបានភៀសខ្លួនចេញពីទីក្រុងភ្នំពេញមួយថ្ងៃមុនថ្ងៃរដ្ឋប្រហារទៅប្រទេសបារាំង ហើយបន្ទាប់មកបានមានបន្ទូលប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណន់ នៅឯរដ្ឋធានី Washington សហរដ្ឋអាមេរិក​ថា លោកជាជនរងគ្រោះនៃរដ្ឋប្រហារ ហើយទទូចអោយអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលក្រោយរដ្ឋប្រហារ៖ អង្គការសហប្រជាជាតិមិនត្រូវទទួលស្គាល់រដ្ឋាភិបាលណាមួយកើតចេញពីរដ្ឋប្រហារនោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៣ ដឹកនាំដោយនាយករដ្ឋមន្ត្រីពីររូប គឺសម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិចដែលឈ្នះឆ្នោត ជានាយក​រដ្ឋមន្ត្រី​ទី​មួយ និងលោកហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី​ទី​ពីរ តំណាងអោយគណបក្សប្រជាជនកម្ពុជា។ រូបមន្តដឹកនាំរដ្ឋថ្មីចែសបែបនេះ គឺជាលទ្ធផលនៃការសម្របសម្រួលនយោបាយផ្សះផ្សារជាតិរបស់អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម​ សីហនុ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលចាញ់ឆ្នោត ប៉ុន្តែមិនសុខចិត្តបានប្រើកម្លាំងទាហាននិងប៉ូលិសបណ្តេញទាហានអង្គការសហប្រជាជាតិ អ៊ុនតាក់ចេញពីខេត្តចំនួន៧ ហើយគំរាមបំបែកប្រទេសកម្ពុជាជាពីរ។ ​

ទោះជាយ៉ាងណា លោក ប៊្រែដ អាដាមស៍ (Brad Adams) នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា និយាយថា អង្គហេតុនានាដែលកើតឡើងនៅចន្លោះពីថ្ងៃទី២ដល់ថ្ងៃទី៧កក្កដា ឆ្នាំ១៩៩៧នោះ បញ្ជាក់ថា លោកហ៊ុន សែន ជាអ្នកធ្វើរដ្ឋប្រហារ។ លោកបន្តអះអាងថា នៅក្នុង​ខែ មេសា ឆ្នាំ ១៩៩៦ តំណាង​របស់អគ្គលេខា​អង្គការ​សហប្រជាជាតិ​ ប្រចាំ​កម្ពុជា លោក បិននី វិដយ៉ួណូ (Benny Widyono) បាន​ផ្ញើរសារ​សម្ងាត់​ឯកជន​មួយទៅ​កាន់ទីក្រុង​ញូយក ដោយ​ពន្យល់ថា លោក ហ៊ុន សែន ចង់​ឡើង​កាន់​អំណាច​ដោយ​ការ​ប្រើកម្លាំង​ទ័ព៖ «លោក ហ៊ុន សែន ខឹងក្រេវក្រោធ ដោយសារតែព្រះអង្គម្ចាស់រណឫទ្ធិ កាលពីខែ មករា ឆ្នាំ ១៩៩៦ នៅក្នុងកិច្ចប្រជុំរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច សម្រេចព្រះទ័យថា មិនអាចធ្វើរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន បានតទៅ ទៀតនោះឡើយ សូមកុំភ្លេចថា លោក ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ដឹងច្បាស់ណាស់ថា ខ្លួនបានចាញ់ឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះពួកគេរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណា សម្រាប់ការបោះឆ្នោតលើកក្រោយ ធ្វើយ៉ាងណាឲ្យលោក ហ៊ុន សែន អាចឈ្នះបន្តក្រាញអំណាចតទៅទៀត។ លោក ហ៊ុន សែន ជឿជាក់ថាគណបក្សប្រជាជន កម្ពុជា មានសិទ្ធិ និងត្រូវតែកាន់រដ្ឋាភិបាលរហូត មិនខ្វល់ថា បន្តកាន់អំណាចតាមរយៈការបោះឆ្នោត តាមរយៈកម្លាំងទ័ពនោះឡើយ។ ដូច្នេះហើយបានលោក ហ៊ុន សែន ចាប់ផ្តើមជជែកជាមួយមន្រ្តីគណបក្សប្រជាជន កម្ពុជាឯទៀត អំពើការប្រើកម្លាំងទ័ព ដើម្បីកម្ទេចគណបក្សហ្វ៊ុនស៊ិនប៉ិចចោល។ នោះហើយគឺជាអ្វីដែលBenny Widyono រាយការណ៍ទៅញូយក កាលពីខែ មករា ឆ្នាំ ១៩៩៦នោះ»។

កាលណោះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ មិនបានយល់ព្រមជាមួយលោកហ៊ុន​ សែន ក្នុងការធ្វើរដ្ឋប្រហារនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៊្រែដ អាដាមស៍។

ទោះជាយ៉ាងណា ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតបរទេសក្រោយពីកំចាត់សម្តេចក្រុម​ព្រះបានជោគជ័យ លោកហ៊ុន សែន បានចោទសម្តេចក្រុម​ព្រះ ថា ជាអ្នកប្រើកម្លាំងមុន។

សម្លេងអ្នកកាសែតបទេស៖ Do you regret the use of force? តើ​លោកមានស្តាយពីការប្រើកម្លាំងទេ?

សម្លេងលោកហ៊ុន សែន៖ អត់មានស្តាយអីទាំងអស់ រឿងដែលគេប្រើគេប្រើម៉ោតើស។ ម៉េចបានជាអ្នកឯងនៅតែនិយាយពីអាបញ្ហាហ្នឹង បញ្ហាគឺ [prince] រណឬទ្ធិជាអ្នកប្រើកម្លាំងខ្ញុំ​[មិន]បានកម្លាំងឯណា? ខ្ញុំប្រើកម្លាំងគ្រាន់តែទប់ ឥឡូវលោកឯងអោយខ្ញុំដកថយ ឬអោយខ្ញុំទប់​? ឥឡូវលោកឯងទៅអន្លង់វែងខ្លួនឯងទៅយកក្បាលទៅរងគ្រាប់ខ្លួនឯងទៅ។ You can go to Anlung Veng for shooting by Pol Pot

លោក ប្រ៊ែដ អាដាម ថា គឺលោក ហ៊ុន សែន ទៅ​វិញ​ទេ ដែល​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ទើប​បាន​ធ្វើ​រដ្ឋ​ប្រហារ។ លោក​ថា រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ គឺ​ជា​ការ​បំផ្លាញ​ចោល​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​កើត​ចេញេ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​ក្រោយ​ពេល​ពលរដ្ឋ​កម្ពុជា​ទើប​តែ​បាន​ងើប​ចេញ​ពី​របប​កុម្មុយនិស្ត​ខ្មែរក្រហម និង​របប​គ្រប់គ្រង​ដោយ​កងទ័ព​កុម្មុយនិស្ត​វៀតណាម

សម្រាប់​ពលរដ្ឋ​កម្ពុជា ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) គឺ​ជា​ថ្នាល​សម្រាប់​បណ្តុះ​នូវ​ពន្លក​សេរីភាព​នានា ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ នៅ​ពេល​ក្រោយ​មក

លោក ប៊្រេដអាដាំ ថា កាល​ណា​មនុស្ស​អត់​សេរីភាព​មនុស្ស​ក៏​អស់​សង្ឃឹម​ដែរ ប៉ុន្តែ អ៊ុនតាក់ បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម​ដល់​ប្រជាជាតិ​កម្ពុជា​នៅ​ពេល​នោះ៖ «អ៊ុនតាក់ ខំ​យកសេរីភាព ដែលមិនធ្លាប់មាន មក​ជូនពលរដ្ឋ​ខ្មែរ មាន​ទាំងសេរីភាពព័ត៌មាន សេរីភាពក្នុងការប្រមូល​ផ្តុំ​តវ៉ា សេរីភាពក្នុង​ការបើក​អង្គការសមាគម សិទ្ធិក្នុង​ការបង្កើតគណបក្ស​នយោបាយ​ជាដើម។ អ៊ុនតាក់ ក៏​បាននាំមកនូវការបោះ​ឆ្នោតមួយ​សម្រាប់កម្ពុជា​ដែរ ហើយ​ការ​បោះ​ឆ្នោត​កាល​ណោះ គឺ​អង្គការសហប្រជាជាតិជា​អ្នក​រៀបចំ។ ជាអកុសល រដ្ឋប្រហារឆ្នាំ១៩៩៧ បានទាញប្រទេស​កម្ពុជា ឲ្យដើរបញ្ច្រាស​ទៅ​ក្រោយ ទៅ​យុគសម័យខ្មៅ​ងងឹត​មួយ ដែលមេ​ដឹក​នាំ​ខ្មែរ នាំ​គ្នាដណ្តើម​អំណាច​គ្នា តាមរយៈ​កម្លាំងប្រដាប់អាវុធ និង​អំពើ​ហិង្សា។ ស្ថានភាព​បែប​នេះ ធ្វើឲ្យពលរដ្ឋខ្មែរ​រងទុក្ខយ៉ាងខ្លាំង។ រដ្ឋប្រហារដដែល​នោះ ក៏បានធានាឲ្យលោក ហ៊ុន សែន បន្តក្រាញអំណាចជាមេដឹកនាំ និង​ជាមេបក្សប្រជាជន​កម្ពុជា។ ភ្លាមៗ ក្រោយរដ្ឋប្រហារ លោក ហ៊ុន សែន ចាប់ផ្តើមគ្រប់គ្រង​បក្សទាំង​ស្រុង។ គាត់ចាប់ផ្តើម​បញ្ចូល​មនុស្សរបស់គាត់ ទៅ​ក្នុងជួរមន្រ្តី​ជាន់​ខ្ពស់ក្នុងកងទ័ព និង​នគរបាល​ជាតិ។ គាត់ចាប់​ផ្តើមជម្រុះ​ខ្សែ​លោក ខេង និង​លោក ជា ស៊ីម។ រដ្ឋប្រហារ​នោះ ធ្វើឲ្យ​លោក ហ៊ុន សែន ក្លាយជាបុរសខ្លាំង និង​ជាអ្នកមានអំណាចដឹកនាំតែ​ម្នាក់​ឯងគត់។ ដោយសារតែគាត់ហ៊ានធ្វើរដ្ឋប្រហារ ដោយមិន​ចាំបាច់មាន​ការយល់​ព្រមពីគណបក្សប្រជាជន​កម្ពុជា លោក ហ៊ុន សែន ហ៊ានធ្វើអ្វីស្រេច​តែក្បាល​ចិត្ត។ គាត់បបួលឲ្យមន្រ្តីក្នុង​ជួរ​បក្ស​តតាំង​នឹងគាត់ ប៉ុន្តែ​គ្មាននរណាហ៊ាន​ក្អក​នោះ​ឡើយ។ គ្មានមន្រ្តី​ណា​ហ៊ានឃាត់ទង្វើផ្តាច់ការរបស់លោក ហ៊ុន សែន ឡើយ»

មេធាវីការពារ​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែដ អាដាម បន្ត​ថា បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​នេះ​កន្លង​ទៅ​ជាង ២០​ឆ្នាំ​ក្តី ការ​វែក​មុខ​រក​ជន​ដៃ​ដល់ និង​អ្នក​​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស នៅ​តែ​មាន​សារៈ​សំខាន់​ខ្លាំង ដោយសារ​មាន​មូលហេតុ​ចម្បង​ពីរ​យ៉ាង គឺ​មូលហេតុ​ផ្ទាល់​ខ្លួន​របស់​ជន​រង​គ្រោះ និង​មូលហេតុ​នយោបាយ៖ «បើនិយាយពីរឿង​បុគ្គល​ផ្ទាល់ខ្លួន គឺ​កាល​ណាសមាជិកគ្រួសាររបស់​អ្នក ត្រូវគេចាប់ខ្លួន សម្រាតសម្លៀកបំពាក់ ចាប់វាយខ្នោះ រួចហើយដឹក​ចេញ​ទៅ​ក្រៅ​ក្រុងភ្នំពេញ ក្រោយ​មកក៏​គេបាញ់តម្រង់ក្បាល ដើម្បីសម្លាប់ចោល អ្នក​ច្បាស់ជាចង់រក​យុត្តិធម៌ឲ្យជន​រង​គ្រោះ​នោះ។ អ្នក​ច្បាស់ជាចង់ឲ្យគេធ្វើ​យ៉ាងណាផ្តន្ទាទោសជនដៃ​ដល់ ដែលបាញ់សម្លាប់មនុស្សបែប​នេះ។ ការចង់បានយុត្តិធម៌​បែប​នេះ គឺ​ជា​កត្តាសត្យានុម័ត តាមបែប​ធម្មជាតិរបស់​មនុស្ស​លោក។ កាល​ណោះ ខ្ញុំធ្វើ​ការឲ្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយខ្ញុំខ្លួនឯងហ្នឹង ជា​អ្នកជីក​គាស់​សាកសពជនរង​គ្រោះ​ទាំង​នោះ ដោយផ្ទាល់ដៃ​ថែម​ទៀតផង។ អ្នកដែលគេ​ចាប់ និង​បាញ់​សម្លាប់ចោលទាំង​នោះ អ្នក​ខ្លះគេ​ដឹក​ចេញ​ទៅ​កំពង់ស្ពឺ អ្នក​ខ្លះគេយកទៅសម្លាប់ចោល​នៅ​ជ្រោះ​ពេជ្រនិល។ ខ្ញុំកាយរក​ឃើញសាកសព​មនុស្សប្រុស​ម្នាក់ មាន​ស្លៀក​តែខោ​ខ្លី ដៃជាប់ខ្នោះ​ទាំង​ពីរ និង​មាន​រន្ធគ្រាប់កាំភ្លើងផុងក្នុងលលាដ៏​ក្បាលគាត់។ សាកសព​របស់​គាត់គេ​កាយដី​កប់រាក់ៗ ប៉ុណ្ណោះ។ ខ្ញុំ និង​មន្រ្តីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រកឃើញ​សាកសព​នោះ។ ក្រោយមកទើបយើងកំណត់អត្តសញ្ញាណដឹង​ថា អ្នក​ស្លាប់ជាអ្នកណា»

លោក ប្រ៊ែដ អាដាម បន្តថា រីឯ​ហេតុផល​នយោបាយ​នោះ គឺ​ថា ការ​ស្រេកឃ្លាន​យុត្តិធម៌​ផ្ទាល់​ខ្លួន ក៏​វា​មាន​ភាព​ពាក់ព័ន្ធ​គ្នា​នឹង​យុត្តិធម៌​ក្នុង​សង្គម​ទាំង​មូល​ដែរ ពីព្រោះអ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ នឹង​បន្ត​ធ្វើ​វា​ត​ទៅ​ទៀត កាល​ណា​គ្មាន​នរណា​ហ៊ាន​ចាប់​ទោស​អូស​ដំណើរ​ពួក​គេ​នោះ៖ «មនុស្សរបស់លោក ហ៊ុន សែន ដែលពាក់ព័ន្ធ​ក្នុង​រដ្ឋប្រហារនោះ សុទ្ធតែរួចទោសទាំង​អស់។ មិនតែប៉ុណ្ណោះ ជនដៃ​ដល់ដែល​ជា​ឃាតករសម្លាប់មនុស្សកាល​ណោះ មានច្រើននាក់​ណាស់ ដែលបានឡើងបុណ្យ​ស័ក្តិ ពាក់​ផ្កាយពេញស្មា​ថែម​ទៀតផង។ មិនបាច់ទៅ​មើល​ឯណា​ឆ្ងាយ ក្នុង​នោះ​មានឧត្តមសេនីយ៍ ចាប ភក្តីមួយ​ដែរ។ គាត់ជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធ​តុលាការ ពោល​គឺ​នៅ​ក្រោយរដ្ឋប្រហារ​នោះ។ កាល​ណោះ​គាត់មានឋានៈ​ត្រឹម​តែ​វរៈសេនីយ៍ឯក ឬ​ស័ក្តិ ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវនេះ គាត់ឡើងស័ក្តិដល់ឧត្តមសេនីយ៍ ពាក់​ផ្កាយហើយ។ គាត់ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន។ មិនតែ​ប៉ុណ្ណោះ យើងរកឃើញបន្ថែមទៀតថា នៅ​ឆ្នាំ ២០១៤ កាល​ផ្ទុះបាតុកម្មតវ៉ា​ទ្រង់ទ្រាយធំ​ក្រោយបោះ​ឆ្នោត​ជាតិ គឺ​ក្រុមទាហាន​ក្នុងកងរបស់គាត់ហ្នឹងហើយ ដែលចូល​ដៃ​ក្នុង​ការបង្ក្រាបអ្នកតវ៉ាយ៉ាងហិង្សានោះ។ ដូច្នេះអ្នក​ដែលចូលដៃក្នុង​អំពើហិង្សាក្នុង​រដ្ឋប្រហារកាល​ឆ្នាំ ១៩៩៧ ឥឡូវ​នៅ​តែបន្តអំពើហិង្សាតទៅ​ទៀតរហូត​ដល់ឥឡូវនេះ​ទៀត ដោយគ្មានទោសពៃរ៍​អ្វី​ទាំង​អស់។ យើងត្រូវតែបញ្ចប់វប្បធម៌​និទណ្ឌភាពបែប​នេះ។ យើងត្រូវរួមគ្នាបំបាត់វប្បធម៌នេះចោល មិនត្រូវឲ្យមនុស្សរបស់លោក ហ៊ុន សែន ឡើងចាង ធ្វើអ្វីបំពានបានស្រេច​តែ​នឹងចិត្ត និង​រួចខ្លួនរហូតបែប​នេះ​បាន​ឡើយ»

ទាំង​លោក អំ សំអាត នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) និង​លោក ប្រ៊ែដ អាដាម នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) យល់​ថា ការ​ទាមទាម​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ ពិត​ជា​ពិបាក ប៉ុន្តែ​គេ​មិន​ត្រូវ​អស់​សង្ឃឹម ហើយ​បោះបង់​ចោល​ការ​ទាមទារ​នេះ​ទេ។ លោក ប្រ៊ែដ អាដាមស៍ ថា ការ​រំលឹក និង​ការ​ផ្សាព្វផ្សាយនូវ​អំពើ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​កាល​ទេសៈ​ណា​ក៏​ដោយ វា​មាន​សារៈ​សំខាន់​ណាស់៖ «គ្មាន​អ្វី​ជា​អមតៈ​នោះ​ទេ។ គ្មាន​នរណា​មាន​ភ្នែក​ទិព្វ ឬ​អាច​ព្យាករណ៍​ថា នឹង​មាន​អ្វីកើត​ឡើង​ទៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​សុំ​ជម្រាប​ថា នៅ​ប្រទេស​ភូមា និង​ប្រទេស​ម៉ាឡេស៊ី ប្រហែល​ជា​អ្វីៗ មិន​អាច​​ផ្លាស់​ប្តូរ​ទៅ​រួច ដូច​សព្វថ្ងៃ​នេះ​ឡើយ បើ​កុំ​តែ​ពលរដ្ឋ​ភូមា និង​ម៉ាឡេស៊ី បន្ត​ផ្សាយ​ព័ត៌មាន​ពិត បន្ត​ហ៊ាន​និយាយ​ការ​ពិត​អំពី​ទង្វើ​អាក្រក់​របស់​អ្នក​កាន់​អំណាច បង្ហាញ​មុខ​ជន​រំលោភ​សិទ្ធិមនុស្ស​ ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បន្ត​ធ្វើ​យុទ្ធនាការ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​តវ៉ា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា ប្រទេស​កម្ពុជា នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។ ក៏​ប៉ុន្តែ ខ្ញុំ​ជឿជាក់​ថា ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដល់​ឆ្អឹង នឹង​ចៀស​មិន​ផុត​ពី​ការ​កាត់​ទោស​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន។ ថ្ងៃ​ណា​មួយ អ្នក​ទាំង​នោះ​នឹង​ធ្លាក់​ពី​អំណាច។ ពេល​នោះ រាល់​ការ​តស៊ូមតិ និង​តវ៉ា​របស់​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ការ​ខំប្រឹង​ប្រែង​ផ្តល់​ព័ត៌មាន​ពិត​របស់​អ្នក​សារព័ត៌មាន នឹង​ទទួល​បាន​ផ្លែផ្កា​នៅ​ថ្ងៃ​ណា​មួយ»

លោក ប៊្រែដ អាដាម និយាយ​ថា ការ​សម្លាប់​ពេល​នោះ គឺ​ចូល​ជា​បទឧក្រិដ្ឋ​រំលោភ​ច្បាប់​សង្គ្រាម។ លោក​ថា ប្រសិន​បើ​ការ​បាត់​បង់​ជីវិត​មនុស្ស​ដ៏​ច្រើន​នៅ​ក្នុង​ថ្ងៃ​រដ្ឋ​ប្រហារ​នោះ បណ្ដាល​មក​ពី​ការ​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ ឬ​ក៏​ជា​ការ​សម្លាប់​ដោយ​ភ័ន្តច្រឡំ គេ​អាច​ទទួល​យក​បាន។ ប៉ុន្តែ​លោក​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​ដេញ​តាម​ចាប់ ហើយ​សម្រាត​សំលៀកបំពាក់​ចេញ​ពី​ខ្លួន ចង​មុខចង​ស្លាបសេក ឬ​ដាក់​ខ្នោះ រួច​ប្រើ​កាំភ្លើង​បាញ់​បំបែក​លលាដ៍​ក្បាល ហើយ​កប់​ក្នុង​រណ្ដៅ​រាក់ៗ នោះ​គឺ​ជា​រឿង​មួយ​ដែល​អសីលធម៌ និង​អមនុស្សធម៌​គួរ​ឲ្យ​ស្អប់​ខ្ពើម។

យោង​តាមច្បាប់​អន្តរជាតិ ឧក្រិដ្ឋកម្ម​មួយ​ចំនួន​មិន​មាន​អាជ្ញាយុកាល​ទេ ពោល​ទោះ​ជា​បទល្មើស​នោះ​កន្លង​ផុត​ទៅ​យូរយារ​ប៉ុណ្ណា​ក្តី ក៏​ជន​ល្មើស​មិន​អាច​រួច​ខ្លួន​បាន​ឡើយ ដូចជា ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។

ដោយ​ហេតុ​ថា ឧក្រិដ្ឋកម្ម​ទាំង ៣​ប្រភេទ​នេះ មិន​មាន​អាជ្ញាយុកាល​នេះ​ហើយ ទើប​ផ្ដល់​ជា​មូលដ្ឋាន​ច្បាប់​ដល់​កម្ពុជា ឲ្យ​បង្កើត​បាន​សាលាក្ដី​ខ្មែរ​ក្រហម ដែល​កំពុង​ជំនុំជម្រះ​ទោស​អតីត​មេដឹកនាំ​របប​ខ្មែរក្រហម​នា​ពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​បាន​កន្លង​ផុត​ទៅ​ជាង ៣៩​ឆ្នាំ​ហើយ​ក្តី។ ការ​សម្លាប់​ឈ្លើយ​សឹក ការ​សម្លាប់​មនុស្ស​គ្មាន​អាវុធ​ក្នុង​ដៃ ឬ​ការ​សម្លាប់​ជន​ស៊ីវិល គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ទាក់ទងនឹងការសម្លាប់មនុស្ស​ក្រៅ​ច្បាប់​នូវ​មន្ត្រី​ប៉ូលិស និង​យោធា​រាប់​សិប​នាក់ ដែល​ស្មោះត្រង់​នឹង​នាយករដ្ឋមន្ត្រី​ទី​១ សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ក្នុង​អំឡុង​ពេល​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ នោះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ហៅ​ការ​សម្លាប់​នោះ​ថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ជា​បទល្មើស​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត និង​ផ្តន្ទាទោស​តាម​ច្បាប់ ដើម្បី​ទប់ស្កាត់​អំពើ​និទណ្ឌភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "“សង្គម​ដែល​បំភ្លេច​ចោល​យុត្តិធម៌​នឹង​ត្រូវ​ញាំញី​ដោយ​និទណ្ឌភាព”"

  1. Anonymous says:

    Cambodia and her people in in the cage of Veitcong mafia dictator and his groups since 1979 and after khmer lost blood&flesh a lot then got Parish Accord ‘ but gone back to square one because of a few of leaders who committed crime ‘ specially Prince rannaroth&Hun-sen ‘ theses two must responsibility for killing khmer people and bury Parish Accord ‘. GOD bless all good people’

  2. Anonymous says:

    I do not know what else can I say to all Cambodian but>>>> I’m 100% sour there will be no true peace not even dreaming of prosper as long as HUN SEN in powers. KAM POUCHEA and this unfortunate nation will end if all Cambodian not waking up. GOD bless KAM POUCHEA .