សហភាព​អឺរ៉ុប​បញ្ជូន​គណៈប្រតិភូ​ទៅ​កម្ពុជា​មុននឹង​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ

ដោយ មួង ណារ៉េត
2018-07-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of her Facebook
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of her Facebook


សមាជិកសភា​អឺរ៉ុប​អ្នកស្រី បាបារ៉ា ឡុចប៊ីល័​រ (Babara Lochbihler) សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធើ (Twitter) ថា សហភាព​អឺរ៉ុប​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត រយៈពេល​មួយ​សប្ដាហ៍​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ កក្កដា។ បេសកកម្ម​នេះ​ធ្វើឡើង ដើម្បី​វាយតម្លៃ​ពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ចំពោះ​ទំនិញ​នាំចូល​ពី​កម្ពុជា។ អ្នកស្រី បាបារ៉ា និង​សមាជិកសភា​អឺរ៉ុប ១៧​រូប​ទៀត ក៏បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ពេល​នេះ ហើយ​ទាមទារ​អោយ​មាន​ការ​បង្ហាញ​លទ្ធ​ផល​ជា​សាធារណៈ​ទៅកាន់​ប្រជាពលរដ្ឋ​និង​សភា​អឺរ៉ុប នៅ​ចុង​បញ្ចប់​នៃ​បេសកកម្ម​ស្វែងរក​ការពិត​នោះ​ដើម្បី​ឲ្យ​មាន​តម្លាភាព។

ក្រុម​សមាជិកសភា​អឺរ៉ុប​ចំនួន​១៨​រូប ចាត់​ទុក​ការ​សម្រេច​បញ្ជូន​គណៈប្រតិភូ​ទៅ​ត្រួតពិនិត្យ និង​វាយតម្លៃ ពី​ការ​បំពេញ​កាតព្វកិច្ច របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ពេល​នេះ ថា​ជា «​ជំហាន​វិជ្ជមាន​មួយ» ស្របតាម​សេចក្ដី​សម្រេច នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ស្ដីពី​កម្ពុជា​កាលពី​ចុងខែ​កុម្ភៈ។

ការ​លើកឡើង​របស់​ក្រុម​សមាជិកសភា​អឺរ៉ុប​នេះ ធ្វើឡើង​តាមរយៈ​លិខិត​ចំហ​មួយ​ចុះ​ថ្ងៃ​ទី​៤ ខែ​កក្កដា ផ្ញើ​ទៅកាន់​តំណាង​ជាន់ខ្ពស់ នៃ​សហភាព​អឺរ៉ុប និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ អ្នកស្រី ហ្វេដេរីកា ម៉ូហ្គារីនី (Federica Mogherini) ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ពីរ​រូប​ទៀត​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ មួយ​នេះ។

ក្រុម​សមាជិកសភា​អឺរ៉ុប​ទាំង​១៨​រូប បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត ដ៏​ទាន់​ពេល​វេលា​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដក​ជំនួយ​គ្រប់​រូបភាព​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ហើយ​ពួកគេ​រំពឹង​ថា គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​បុគ្គលិក​ស្ថានទូត នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប នឹង​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​នានា ដែល​អាច​ឲ្យ​របប​លោក​ហ៊ុន សែន យក​ទៅ​បកស្រាយ​ថា សហភាព​អឺរ៉ុប ផ្ដល់​ភាព​ស្របច្បាប់​ណាមួយ ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធើ (Twitter) របស់​លោក​ថា «​វា​ជា​ដំណឹង​ដ៏​ល្អ​ប្រសើរ​មួយ ដែល​ទីបំផុត​សហភាព​អឺរ៉ុប ងើប​តតាំង​ដើម្បី​បើក​ការ​ត្រួតពិនិត្យ​អោយ​បាន​ពេញលេញ នូវ​បរាជ័យ​ដ៏​អាក្រក់​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បំពេញ​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប»។ លោក​បន្ត​ថា ចំណាត់​ការ​នេះ​«​គួរតែ​ជា​ការ​បញ្ជូនសារ​ដាស់តឿន​ដល់​ម្ចាស់​រោងចក្រ​នៅ​របប​ក្រុងភ្នំពេញ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន»

ទោះយ៉ាងណា អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់​ថា ការ​ចាត់​បញ្ជូន​ប្រតិភូ​របស់​សហភាព​អឺរ៉ុប​នេះ​មក​កម្ពុជា ថា​ជា​រឿង​ល្អ​សម្រាប់​របប​លោក ហ៊ុន សែន ទៅវិញ​ទេ ព្រោះ​លោក​អះអាង​ថា នៅ​មានរឿង​ច្រើន​ណាស់ ដែល​សហភាព​អឺរ៉ុប មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ អំពី​បច្ចុប្បន្នភាព​កម្ពុជា ដែល​លោក​អះអាង​ថា មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ដូចជា​ដំណោះស្រាយ​រឿង​ដីធ្លី និង​ការ​យកចិត្តទុកដាក់​លើ​កម្មករ​រោងចក្រ ជាដើម។

លោក​ជឿ​ថា ដំណើរ​បេសកកម្ម​មួយ​នេះ ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​អឺរ៉ុប ហើយ​ជា​ឱកាស​ល្អ របស់​របប​ក្រុងភ្នំពេញ ក្នុង​ការ​ពន្យល់​ដល់​ភាគី​អឺរ៉ុប ឲ្យ​បាន​ជ្រាប​ច្បាស់ អំពី​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ជុំវិញ​ចំណាត់ ការ​ក្នុង​ការ​រម្លាយ​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។ លោក ផៃ ស៊ីផាន បន្តទៀត​ថា លោក​សង្ឃឹមថា សហភាព​អឺរ៉ុប នឹង​មិន​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ បើ​ផ្អែក​ទៅ​លើ​ការ​វាយតម្លៃ​ស្ថានការណ៍​ជាក់ស្ដែង ជាជាង​ការសម្រេច​ណាមួយ ដែល​ឈរ​លើ​ទិដ្ឋភាព​នយោបាយ៖ «អឺរ៉ុប​ធ្វើការ​តាម​គោលការណ៍ និង​នីតិវិធី​របស់​គេ រវាង​ស្ថាប័ន​នីតិ​បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ គឺ​មិនមែន​ឈរ​ទៅលើ​បញ្ហា​នយោបាយ​ទេ គឺ​ឈរ​ទៅលើ​ការអនុវត្ត​គោលការណ៍ និង នីតិវិធី​រវាង​កម្ពុជា និង EU។ ដូច្នេះ ការ​ជួប​ជុំគ្នា​នេះ មិនមែន​ជា​ការ​បង្ហាញ​ភាពជា​ម្ចាស់​របស់ EU មក​លើ​កម្ពុជា​ទេ គឺ​បង្ហាញ​ភាពជា​ដៃគូ ដោយ​យើង​ជជែក​គ្នា ពាក់ព័ន្ធ​នឹង​អ្វី​ដែល​បាន​សន្យា​គ្នា​ជាមួយ EU»

បើ​តាម​អ្វី​ដែល​កម្ពុជា​បាន​សន្យា​ជាមួយ​សហភាព​អឺរ៉ុប មុននឹង​អាច​ទទួល​បានការ​អនុគ្រោះ​ពន្ធ​នេះ គឺ កម្ពុជា​ត្រូវ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ប៉ុន្តែ សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​របបលោក ហ៊ុន សែន ខ្លះ​រួចទៅ​ហើយ ក្រោយ​របប​នេះ បាន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង ធ្វើទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ទណ្ឌកម្ម​ដំបូង​នោះ គឺ​ការ​កាត់ផ្ដាច់​ជំនួយ​ទាំងស្រុង​ដល់​គ..ប។ មិនតែប៉ុណ្ណោះ សហភាព​អឺរ៉ុប​ក៏បាន​ព្រមាន​តាំងពី​ដំបូង ថា​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​របប​ក្រុងភ្នំពេញ មិន​ស្តារ​លទ្ធិប្រជាធិបតេយ្យ ឡើងវិញ​នោះ។

ដោយសារតែ​ការ​ព្រមាន​នេះ របប​លោក ហ៊ុន សែន ក៏បាន​ចាត់​បញ្ចូន​ប្រតិភូ​មួយ​ក្រុម ទៅ​សហភាព​អឺរ៉ុប​ដែរ ពី​ថ្ងៃ​ទី១៨ មិថុនា ដល់​ថ្ងៃទី១ ខែ​កក្កដា ក្នុង​បំណង​បញ្ចុះបញ្ចូល​ស្ថាប័ន​កំពូល​មួយ​នេះ កុំ​អោយ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ​» (Everything-But-Arms Scheme) ចំពោះ​ទំនិញ​នាំចូល​ពី​កម្ពុជា។

ទោះជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង ពី​របប​ក្រុងភ្នំពេញ ក្នុង​ការ​បញ្ជូន​គណៈប្រតិភូ ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​ក៏ដោយ ក៏​មន្ត្រី​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក សម រង្ស៊ី យល់​ថា គ្មាន​ប្រយោជន៍​នោះ​ដែរ ដោយសារតែ​ទំហំ​នៃ​ការរំលោភ​សិទ្ធិ មនុស្ស និង​ប្រជាធិបតេយ្យ មាន​លក្ខណៈ​ធំធេង ដែល​តម្រូវ​ឲ្យ​សហគមន៍​អន្តរជាតិ មិន​អាច​អត់ឱន​ឲ្យ​របប​លោក ហ៊ុន សែន បាន​នោះ​ឡើយ៖ «មាន​គណៈប្រតិភូ​ពី​កម្ពុជា មក​អឺរ៉ុប​ដែរ ប៉ុន្តែ​មក​ជា​ឡប់ឡែ អត់​មាន​នរណា​គេ​ឲ្យ​តម្លៃ ពីព្រោះ​មក​ហ្នឹង គឺ​គ្រាន់តែ​សូត្រ​ការឃោសនា ដូច​អ្វី​ដែល​លោក ហ៊ុន សែន និយាយ​ពី​ស្រុក​ខ្មែរ​មក គេ​ឮ​អស់ហើយ។ អត់​ចូល​ត្រចៀក​ទេ មក​សូត្រ​នៅ​អឺរ៉ុប ក៏​គ្មាន​អ្នកណា​ស្ដាប់​ដែរ​។ តែ​អ្វី​ដែល​សំខាន់ គឺ​គណៈប្រតិភូ​អឺរ៉ុប នឹង​ទៅ​ប្រមូល​ព័ត៌មាន ហើយ​ចង់​ទទួល​ការ​បញ្ជាក់​ថា​តើ​របប​លោក ហ៊ុន សែន បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ មែន​ឬក៏​យ៉ាង​ដូចម្តេច​? ហើយ​បើ​ឃើញ​ថា​ការបោះឆ្នោត អត់​មានការ​ចូលរួម​ពី​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ ដែល​អាច​ដណ្ដើម​យក​ជ័យជំនះ​លើ​គណបក្ស​កាន់អំណាច ហើយ​បើ​ពេលនោះ លោក ហ៊ុន សែន នៅតែ​បញ្ជាក់​ថា មិន​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ការ​បោះឆ្នោត​ទេ ហើយ​បើ​គាត់​នៅតែ​ទទូច បោះឆ្នោត​បែក​ក្លែងក្លាយ បែប​បាយឡុកបាយឡ នោះ​អឺរ៉ុប​នឹង​ចាត់វិធានការ​ហើយ»

តួលេខ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៦​ពាន់​លាន ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ ភាគច្រើន​ជា​ផលិតផល​វាយនភណ្ឌ ស្បែកជើង និង​ផលិតផល​កសិកម្ម។ ប៉ុន្តែ​លក្ខខណ្ឌ​ចម្បង​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​ការ​បំពេញ​កាតព្វកិច្ច​គោរព​សិទ្ធិ​សេរីភាព ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

មួយ​ខែ​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ សភា​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​សម្រេច​មួយ ចុះ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៧ ថ្កោលទោស​របប​ក្រុងភ្នំពេញ​ដោយ​ប្រើ​ភាសា​ធ្ងន់ៗ ជុំវិញ​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជាដើម​នោះ។ លើសពីនេះទៅទៀត សភា​សហភាព​អឺរ៉ុប ក៏បាន​អំពាវនាវ​ឱ្យ​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប និង​ជា​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ អ្នកស្រី ហ្វេដេរីកា ម៉ូហ្គឺរីនី (Federica Mogherini) ប្រើប្រាស់​គ្រប់​វិធានការណ៍​ទាំងអស់​ដែល​មាន ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ធានា​អំពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ឱ្យ​បាន​ខ្ជាប់ខ្ជួន​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា ធ្លាប់​លើកឡើង​ថា របប​លោក ហ៊ុន សែន ពិបាក​នឹង​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម ពី​សហគមន៍​អន្តរជាតិ​បាន​ណាស់ លើកលែងតែ​របប​នេះ ស្តារ​វិបត្តិ​នយោបាយ និង​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន ទៅ​រក​សភាព​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "សហភាព​អឺរ៉ុប​បញ្ជូន​គណៈប្រតិភូ​ទៅ​កម្ពុជា​មុននឹង​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ"

  1. Anonymous says:

    just reminding you>>>>DO or DEI that all. GOD bless Cambodia

  2. Free Cambodia says:

    I said all along that EU does not listen to fake news. Because Rainsy is complaining so EU must pretend to come here. But in reality is that nothing EU can do about it.

  3. Anonymous says:

    Cambodia and her people are in the cage of Veitcong communist dictator wearing democracy shirt ‘. Veitcong mafia dictator did everything to hold the power and benefit for his family and his mafia groups’ so they are the robber since 1997 coup ‘they never respected Parish Accord or democracy ‘ Please don’t accept the fake vote because they are the robber and killers