អ្នក​ធ្វើ​ការងារ​ទាក់ទង​នឹង​ព្រៃឡង់​ថា​​បណ្ឌិត កែម ឡី ជា​អ្នក​ការពារ​ព្រៃ​ដ៏​សកម្ម​និង​ឆ្លាតវៃ

ដោយ ស្ងួន អមរា
2018-07-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បណ្ឌិត កែម ឡី និង​ក្រុម​យុវជន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ព្រៃ​ឡង់ កាល​ពី​ឆ្នាំ​២០១៦។ RFA
បណ្ឌិត កែម ឡី និង​ក្រុម​យុវជន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ព្រៃ​ឡង់ កាល​ពី​ឆ្នាំ​២០១៦។ RFA


អ្នក​ធ្វើ​ការងារ​ទាក់ទង​ព្រៃ​ឡង់​ដែល​ធ្លាប់​ចូល​ព្រៃ​ជាមួយ​លោក​បណ្ឌិត កែម ឡី រំលឹក​ឡើងវិញ​ថា បណ្ឌិត កែម ឡី ជា​អ្នកការពារ​ព្រៃ​ឡង់​យ៉ាងសកម្ម​ម្នាក់។ ពួកគេ​ថា ពេល​លោក​បណ្ឌិត កែម ឡី ចូល​ព្រៃ​ម្តងៗ សិក្សា​លម្អិត​ពី​បញ្ហា និង​ផ្ដល់​នូវ​ដំណោះស្រាយ។

ក្រៅពី​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បី បណ្ឌិត កែម ឡី ក៏​ជា​អ្នកចូលរួម​ការពារ​ព្រៃ​ឡង់​យ៉ាងសកម្ម​ផង​ដែរ។ យុវជន និង​ព្រះសង្ឃ​ដែល​បាន​ចូល​ការពារ​ព្រៃ​ឡង់ ជាមួយ​លោក​បណ្ឌិត កែម ឡី សុទ្ធតែ​លើក​ឡើង​ស្រដៀង​គ្នា​ថា លោក​ជា​សកម្មជន​ព្រៃ​ឡង់​ម្នាក់​ដែល​បាន​ចងក្រង​ឯកសារ​ស្ដីពី​ការ​កាប់ បំផ្លាញ​ព្រៃឡង់។

ព្រះតេជព្រះគុណ អូន ឡុង ជា​ព្រះសង្ឃ​ដែល​សកម្ម​នឹង​កិច្ចការពារ​ព្រៃ​ឡង់​មាន​ថេរដីកា​ឲ្យ​ដឹង​ថា ព្រះអង្គ​ធ្លាប់​បាន​ចូល​ការពារ​ព្រៃ​ឡង់​ជាមួយ​លោក​បណ្ឌិត កែម ឡី ព្រះតេជព្រះគុណ​សង្កេត​ឃើញ​ថា លោក កែម ឡី ពេល​ចូល​ព្រៃ​ម្តងៗ​លោក​តែងតែ​ជួប​ជជែក​ជាមួយ​ពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ អាជ្ញាធរ និង​បណ្ដុះបណ្ដាល​យុទ្ធសាស្ត្រ​ដល់​យុវជន​ឲ្យ​ដឹង​ពី​របៀប​ល្បាត​ព្រៃ។ ព្រះតេជព្រះគុណ​យល់​ថា លោក កែម ឡី ជា​អ្នក​ផ្តល់​ភាព​ក្លាហាន​ដល់​យុវជន​ឲ្យ​ចូលរួម​កិច្ចការពារ​ធនធាន​ធម្មជាតិ។ «»

យុវជន​ម្នាក់​ដែល​ធ្លាប់​ចូលរួម​ការពារ​ព្រៃឡង់​ជាមួយ​លោក កែម ឡី ដែរ​នោះ គឺ​លោក មួង សូនី រំលឹក​ឡើង​វិញ​ឲ្យ​ដឹង​ដែរ​ថា លោក កែម ឡី មាន​គោលបំណង​សិក្សា​ពី​ស្ថានភាព​ព្រៃឡង់ និង​ការ​កាប់​បំផ្លាញ​ព្រៃឡង់។ យុវជន​រូប​នេះ​សង្កេត​ឃើញ​ថា នៅ​ពេល​លោក កែម ឡី ចុះ​ព្រៃឡង់​ម្តងៗ គឺ​លោក​តែង​ស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ប្រថុយ​នឹង​គ្រោះថ្នាក់ ហើយ​ពេល​ទទួល​លទ្ធផល​លោក កែម ឡី បាន​ចងក្រង​ជា​របាយការណ៍ និង​លើក​យក​ករណី​ទាំងនេះ​មក​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​សាធារណជន​ទូទៅ​បាន​ដឹង។ «»

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​តែងតែ​ដឹកនាំ​ព្រះសង្ឃ និង​យុវជន​ចូល​ការពារ​ព្រៃឡង់ មាន​ថេរដីកា​ឲ្យ​ដឹង​ថា លោក​បណ្ឌិត កែម ឡី ខុស​ពី​បញ្ញវន្ត​ផ្សេងទៀត​ព្រោះ​លោក​បណ្ឌិត បាន​ទៅ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​ដល់​ទី​កន្លែង​រួចហើយ ទើប​លោក​បណ្ឌិត​ផ្ដល់​ជា ដំណោះស្រាយ។ ព្រះតេជព្រះគុណ​នៅ​ចងចាំ​ថា ព្រះអង្គ​និង​លោក​បណ្ឌិត កែម ឡី ធ្លាប់​ទៅ​ចង អង្រឹង​សម្រាក​នៅ​តំបន់​ព្រៃឡង់​ក្នុងស្រុក​ថាឡាបរិវាត់ ខេត្ត​ស្ទឹងត្រែង និង​ថែមទាំង​រក​ឃើញ​ថា មានការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ពិតប្រាកដ គឺ​មិនមែន​ពលរដ្ឋ​ធ្វើ​ចម្ការ​វិល​ជុំ​នោះ​ទេ ប៉ុន្តែ​វា​គឺជា ការបំផ្លាញ​ជា​ប្រព័ន្ធ​ដែល​មាន​តួអង្គ​សំខាន់ៗ​គឺ​រដ្ឋាភិបាល ឈ្មួញ​ទុច្ចរិត​ដែល​ងារ​ជា​ឧកញ៉ា និង​អាជ្ញាធរ​នៅ​តំបន់​ព្រៃឡង់។ «»

អ្នកវិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ​លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ក្រោយ​ពី​លោក​បណ្ឌិត កែម ឡី បាន​វិភាគ​របាយការណ៍​របស់​អង្គការ Global Witness ពី​អាណាចក្រ​ជំនួញ​ត្រកូល ហ៊ុន។ សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅឡើយ​បើ​ទោះ​ជា​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ទៅលើ​បុរស​ម្នាក់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ក្តី។ ជា​ញឹកញាប់​លោក កែម ឡី តែង​ចែករំលែក​ចំណេះដឹង និង​ការ​រក​ឃើញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឡង់ ទៅដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។ ក្នុង​នោះ​កាល​ខែ​មិថុនា ឆ្នាំ​២០១៦ លោក​បណ្ឌិត បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ជជែក​ពិភាក្សា​អំពី «​ការ​កាប់​បំផ្លាញ​ព្រៃឡង់​ក្រោម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច​និង​សង្គមកិច្ច។ «»

ការ​ជជែក​នោះ​លោក កែម ឡី បាន​បង្ហាញ​ពី​ការ​រកឃើញ​របស់​លោក​មួយ​គឺ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​តំបន់​ព្រៃឡង់ នៃ​ស្រុក​ថាឡាបរិវាត់ ខេត្ត​ស្ទឹងត្រែង។ លោក​បណ្ឌិត​សង្កេត​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នោះ​មាន​ភាព​មិនប្រក្រតី ព្រោះ​អ្នក​ដែល​ត្រូវ​ទទួល​បាន​ដី​នោះ​មិនមែន​ជា​ពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ។ លោក កែម ឡី ថែមទាំង​ឲ្យ​ដឹង​ទៀត នៅ​ពេល​លោក​ចុះ​ទៅ​ដល់​តំបន់​ព្រៃ​ឡង់​នោះ ព្រៃ​ឡង់​ស្ថិត​ក្នុង​ស្ថានភាព​រងគ្រោះ និង​ប្រឈម​ទៅ​នឹង​ការ​វិនាស​អន្តរាយ​ធ្ងន់ធ្ងរ។ «»

ក្រៅពី​លើកឡើង​ពី​ករណី​កាប់​បំផ្លាញ​ព្រៃ​ក្នុង​ស្រុក​ថាឡាបរិវាត់ លោក កែម ឡី បាន​ផ្ដល់​គំនិត​ដល់​របប​លោក ហ៊ុន សែន ដើម្បី​ការពារ​ព្រៃឡង់​ថា គឺ​ត្រូវ​ប្រគល់​សិទ្ធិ​ការពារ​គ្រប់គ្រង​ទៅ​ឲ្យ​ប្រជា​សហគមន៍ និង​ត្រូវ​បង្កើត​ច្បាប់​មួយ​ដាច់ដោយឡែក​ដាក់ទោស​ធ្ងន់ធ្ងរ​លើ​អ្នក​បំផ្លាញ​ព្រៃឡង់។ លោក​បន្ត​ទៀត​ថា នៅ​ក្នុង​តំបន់​ព្រៃឡង់​គ្មាន​ផ្លូវ​ចេញ​ចូល​ច្រើន​ទេ​ដូច្នេះ​អាជ្ញាធរ ត្រូវតែ​បំពាក់​កាមេរ៉ា​នៅ​ពេល​ចេញចូល​ព្រៃឡង់ និង​មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​ថា បើ​ធ្វើ​បែប​នេះ​សូម្បីតែ​ឈើ​មួយ​ដើម​ក៏​គ្មាន​អ្នកណា​អាច​ដឹក​ចេញពី​ព្រៃឡង់​បាន​ដែរ។ «»

របាយការណ៍​របស់​បណ្ដា​ញ​សហគមន៍​ព្រៃឡង់​បង្ហាញ​ថា ទំហំ​ព្រៃ​ឡង់​បច្ចុប្បន្ន​នៅ​សល់​តែ​ប្រមាណ​៣៦​ម៉ឺន​ហិកតារ ដែល​ពីមុន​នៅ​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ ព្រៃ​ឡង់​គឺ​មាន​ផ្ទៃដី​ទំហំ​ជាង ៦១​ម៉ឺន​ហិកតារ​លាតសន្ធឹង​ចាប់ពី​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ កាលពី​ខែ​មេសា ឆ្នាំ​២០១៥ ក្រោយពី​បាន​ចុះ​ស្រាវជ្រាវ​ដល់​តំបន់​ព្រៃ​ជាមួយ​ក្រុម​យុវជន លោក កែម ឡី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា «​ព្រៃ​ឡង់​កម្ពុជា​ជា​ព្រៃ​ដ៏​មាន តម្លៃ​មហាសាល​នៅ​អាស៊ី និង​នៅ​លើ​ពិភពលោក។ ការ​កាប់​បំផ្លាញ​កំពុង​កើត​មានឡើង​ដ៏ សាហាវ​និង​អសីលធម៌​បំផុត។

ពេល​នេះ​ច្រើន​បំផុត​ព្រៃ​នៅសល់​ប្រហែល​ម្ភៃ​ម៉ឺន​ហិកតារ ដែល​ពីមុន​មាន​ទំហំ ជិត ១​លាន​ហិកតារ។ នេះ​បើ​តាម​របាយការណ៍​របស់ CIA និង World Fact

លោក កែម ឡី ចោទ​សួរ​ថា តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ? តើ​យើង​នៅ​បន្ត​គាំទ្រ​មេដឹកនាំ​ដែល​អសមត្ថភាព​បែបនេះ​ទៀត​ទេ?

ចោទសួរ​រួចហើយ លោក កែម ឡី បាន​ផ្ដល់​ដំណោះស្រាយ​ពីរ​ចំណុច​ដើម្បី​ការពារ​ព្រៃឡង់​ដែល​នៅ​សេសសល់​ទី​១៖ ការ​រួម​គ្នា​រវាង​ពលរដ្ឋ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស ជាពិសេស​យុវជន​គឺជា​មធ្យោបាយ​តែមួយគត់​ដែល​អាច​រក្សា​ធនធានធម្មជាតិ​បាន។ ទី​២៖ សមត្ថភាព​សហគមន៍​ព្រៃឈើ​តាមរយៈ​គាំទ្រ​អ្នកឯកទេស​ទៅ​ស្នាក់នៅ​ទីនោះ​ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​សេដ្ឋកិច្ច សិទ្ធិ​អំណាច​តស៊ូ​មតិ និង​សកម្មភាព​ល្បាត​ព្រៃ​ជាប្រចាំ​ពី​សហគមន៍ និង​យុវជន​សកម្ម។ លោក​បញ្ជាក់​បន្ថែម​ថា ម្នាក់ៗ​ត្រូវតែ​ហ៊ាន​ពលិកម្ម​ទាំង​ធនធាន សមត្ថភាព និង​ជីវិត​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​មួយ​ដែល​មាន​ភាព​ប្រាកដ​និយម​និង​ភាព​ឆ្លាត​វ​។ ទ្រព្យសម្បត្តិ​និង​ឋានៈ​គ្រាន់តែ​ជា​មធ្យោបាយ​រយៈពេល​ខ្លី តែ​ការ​លះបង់ និង​ទង្វើ​ពិតប្រាកដ​ទើប​ជា​លទ្ធផល​ចុងក្រោយ​របស់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles